តុលាការ​ផ្ដន្ទាទោស​សកម្មជន​និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​៣៧​នាក់ ៥ និង ៧ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់

សាលាដំបូង​រាជធានី​ភ្នំពេញ​​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ​​បាន​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​​​លើ​សកម្មជន​និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​​ចំនួន​៣៧​នាក់​ ដាក់​​ពន្ធនាគារ​ម្នាក់​ៗចន្លោះ​ពី​៥​ឆ្នាំ​ ទៅ ​៧ឆ្នាំ ​​ក្រោម​បទ​ចោទ​ប្រកាន់​​រួម​គំនិត​ក្បត់។ ​ជន​ជាប់​ឃុំ​​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ​ជា​រឿង​អយុត្តិធម៌​និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េត គន្ធា បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ៣៧នាក់ ក្នុង​នោះ​មាន ១១នាក់ ឲ្យ​ជាប់​ពន្ធនាគារ ៧ឆ្នាំ និង ២៥​នាក់​ផ្សង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ប៉ុន្តែ​មាន​សកម្មជន​ពីរ​នាក់​ត្រូវ​បាន​តុលាការ​ព្យួរ​ទោស ហើយ​ម្នាក់​ទៀត តម្រូវ​ឲ្យ​អនុវត្ត​ទោស ១ខែ ក្នុង​ពន្ធនាគារ។ ចំណែក​សកម្មជន​ម្នាក់​ទៀត ដែល​រស់​នៅ​ប្រទេស​កូរ៉េខាងត្បូង គឺ​លោក ម៉ាត់ វណ្ណី ត្រូវ​បាន​តុលាការ​លើក​លែង​ការ​ចោទប្រកាន់។ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ៣៧នាក់​នោះ មាន​សកម្មជន ៣នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ហើយ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ​នោះ គឺ មាន លោក គង់ ម៉ាស់ លោក ខាន់ ប៊ុនផេង និង លោក វឿង សំណាង។ តុលាការ​ចោទប្រកាន់​ពួកគាត់​ពី​បទ​រួមគំនិតក្បត់​ពាក់ព័ន្ធ​នឹង​រឿង​គម្រោង​ការ​វិល​ចូល​ស្រុក​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០២១។

សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​ទាំង ៣នាក់ ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ភ្លាមៗ ក្រោយ​ពី​តុលាការ​ប្រកាស​សាលក្រម។ ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន ១១នាក់​ផ្សេង​ទៀត តុលាការកាត់​ក្ដី​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ម្នាក់ ៧ឆ្នាំ និង​ទោស​បន្ថែម​​​ដោយ​ដក​សិទ្ធិ​បោះ​​ឆ្នោត និង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​រយៈពេល​៧​ឆ្នាំ។ អ្នក​ទាំង​នោះ​មាន​ជាអាទិ៍​ លោក សម រង្ស៊ី អ្នកស្រី​ មូរ សុខហួរ លោក អេង ឆៃ អ៊ាង លោក ម៉ែន សុថាវរិន្ទ និង​មនុស្ស​ចំនួន​ទៀត​ ដែល​ភាគ​ច្រើន​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​​ពី​បទ​រួម​គំនិត​ក្បត់។

ជន​ជាប់​​ឃុំ​​ទាំង​៣នាក់​ថ្លែង​នៅ​ចំពោះ​មុខ​តុលាការ​ថា ​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​ លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ថ្លែង​ទាំង​ទឹក​ភ្នែក​​ថា​​​ ប្ដី​របស់​លោក​ស្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​២​នាក់​ផ្សេង​នៅ​តែ​អះអាង​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។ លោក​ស្រី​ថា ចាប់​ពី​ពេល​នេះ​តទៅ​គ្រួសារ​លោក​ស្រី​នឹង​មាន​ជីវភាព​កាន់​តែ​ក្រីក្រ​លំបាក​ ព្រោះ​គ្មាន​ប្ដី​​ដែល​ជា​មនុស្ស​បង្គោល​ក្នុង​គ្រួសារ ជួយ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព។

លោកស្រី ទៀង ចិន្តា៖«អយុត្តិធម៌​ណាស់​គ្មាន​ភស្តុតាង​អី​ទេ ហើយ​កាត់​ទោស​ដល់​ទៅ​៥​ឆ្នាំ​អត់​មាន​សម្រួល​អី​សោះ​​ខ្ញុំ​ទទួល​យក​មិន​មាន​ទេ​ជា​គ្រួសារ​។ រាល់​ថ្ងៃ​ហ្នឹង​​ខ្ញុំ​ប្រឈម​ខ្លាំង​ណាស់​ ខ្ញុំ​តែ​ម្នាក់​ឯង​រក​លុយ​​ចិញ្ចឹម​កូន​​ចិញ្ចឹម​​ប្ដី​ក្នុង​ពន្ធនាគារ​ហើយ​នៅ​បង់​ធនាគារ​​ទៀត​ ខ្ញុំ​ម្នាក់​ឯង​ ខ្ញុំ​រត់​ម៉េច​រួច​ ខ្ញុំ​រត់​មិន​រួច​ទេ»។

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង លោក ឡោ ជុនធី វិញ​លោក​មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​​ប្រឆាំង​នឹង​​ការ​សម្រេច​របស់​​តុលាការ​ជាន់​ទាប​​មួយ​នេះ​ទៅ​សាលាឧទ្ធរណ៍​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

លោក ឡោ ជុនធី៖«ទៅ​តាម​ហ្នឹង​ហើយ​តែ​ឥឡូវ​យើង​ត្រៀម​នីតិ​វិធី​បន្ត​ទៀត​សម្រាប់​ប្ដឹង​ឧទ្ធរណ៍​។ យើង​ធ្វើ​ម៉េច​អាហ្នឹង​វា​ទៅ​តាម​នីតិ​វិធី​ដែល​គេ​បើក​អោយ​ យើង​អត់​មាន​ជម្រើស​ មាន​តែ​ជម្រើស​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណឹង​ឯង»។

អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​លោក គង់ ម៉ាស់ នៅ​ភ្នំពេញ និង​ចាប់​ខ្លួន​លោក ខាន់ ប៊ុនផេង នៅ​ខេត្ត​បាត់ដំបង ក្នុង​ថ្ងៃ​តែមួយ កាល​ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ហើយ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ លោក គង់ ម៉ាស់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ពីរ​ដង​ទាំង​លើក​នេះ គឺ​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ។ ចំណែក​លោក ខាន់ ប៊ុនផេង គឺ​ជា​អតីត​ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​សង្កាត់​ព្រែក​ព្រះស្ដេច ខេត្ត​បាត់ដំបង។ រីឯ​លោក វឿង សំណាង ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​កាល​ពីថ្ងៃទី៩ តុលា​ឆ្នាំ​២០២១។

សំណុំ​រឿង​នេះ​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ មន្ត្រី​ស្ថានទូត​ប្រទេស​សេរី​លោក​ខាង​លិច​មួយ​ចំនួន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា។ ចំណែក​នៅ​ខាង​ក្រៅ​តុលាការ​វិញ​មាន​ការ​ដាក់​ពង្រាយ​សមត្ថកិច្ច​ជាង ៣០​នាក់ ការពារ​សន្តិសុខ​​យ៉ាង​តឹងរ៉ឹង​នៅ​ជុំវិញ​បរិវេណ​តុលាការ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា នៅ​តែ​មើល​ឃើញ​ថា សកម្មជន​គណបក្ស​ប្រឆាំង​ទាំងនោះ​គ្មាន​កំហុស​ដូច​ការ​ប្រកាន់​របស់​តុលាការ​​នោះ​ទេ ពី​ព្រោះ​លោក​ថា សកម្មភាព​របស់​ពួកគេ​គ្រាន់​តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​ បង្ហាញ​អំពី​ជំនឿ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​​អនុញ្ញាត​ដោយ​រដ្ឋធម្មនុញ្ញ​ ដូច្នេះ​តុលាការ​មិន​គួរ​​ផ្ដន្ទាទោស ធ្ងន់ធ្ងរ​​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នោះ​ឡើយ។

លោក នី សុខា៖ «នៅ​ក្នុង​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​សិទ្ធិ​ទាំង​អស់​ហ្នឹង​ជា​សិទ្ធិ​ស្របច្បាប់​មិន​មែន​ជា​សិទ្ធិ​អី​ខុស​ច្បាប់​ទេ​។ ដូច្នេះ​​យើង​យក​បញ្ហា​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ ដែល​សិទ្ធិ​បញ្ចេញ​មតិ​សិទ្ធិ​​បង្ហាញ​ទស្សនៈ​មិន​ស្រប​ទៅ​នឹង​រដ្ឋាភិបាល​អី​ហ្នឹង​ទៅ​ដាក់​ទោស​​ដាក់​ទណ្ឌ​ខ្ញុំ​ថា​អានេះ​មិន​ឆ្លុះ​បញ្ចាំ​ពី​ដំណើរ​ការ​នៃ​ប្រទេស​មួយ​ប្រកាន់​នូវ​​គោលការណ៍​សេរី​ពហុបក្ស​ហ្នឹង​ទេ​បាទ»។

រហូត​​មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់ មាន​សកម្មជន និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​១០០​នាក់ ហើយ​ដែល​ត្រូវ​​បាន​តុលាការ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ ៣​កន្លះ​ ៥​ឆ្នាំ​ ៧​ឆ្នាំ​ និង​១០​ឆ្នាំក្នុង​បទ​ចោទ​ប្រកាន់​ដូច​ៗ​គ្នា គឺ​ពី​បទ​រួម​គំនិត​ក្បត់ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​អាទិ៍ និង​ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បង្គាប់​ ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ស្រុក​របស់​លោក សម រម្ស៊ី កាល​ពី​ចុង​ឆ្នាំ​២០១៩ និង​គម្រោង​វិល​ចូល​ស្រុក​របស់​អ្នកស្រី មូរ សុខហួរ កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០២១។

ថ្មីៗ​នេះ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joseph R. Biden) បាន​ថ្លែង​សារ​ដ៏​កម្រ​ទល់​មុខ​លោក ហ៊ុន សែន ស្នើ​ឱ្យ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​វិញ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​អើពើ​នឹង​ការ​ស្នើ​សុំ​​របស់​ប្រធានាធិបតី​អាមេរិក​នោះ​ទេ​ ហើយ​បាន​ផ្គើន​នឹង​​​សំណើ​របស់​អាមេរិក​ ដោយ​​ចាប់​បាន​ខ្លួន​​​មេ​ដឹក​នាំ​សហជីព ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាការ​​​ថែម​ទៀត។

​មន្ត្រី​សង្គម​ស៊ីវិល លោក នី សុខា យល់​ថា ​ការ​ធ្វើ​បែប​នេះ​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​កម្ពុជា​ឡើយ។ ផ្ទុយ​ទៅ​វិញ​កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​ប្រទេស​​សេរី​លោក​ខាង​លិច ​ដែល​អាច​​នឹង​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​​ដោយ​តែ​ទណ្ឌកម្ម​ទាំង​នេះ​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។