គណបក្ស​កម្លាំង​ជាតិ​ប្រកាស​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន នៅ​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា

0:00 / 0:00

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​ការចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​​ខេត្ត​ស្រុក​ខណ្ឌ​ដើម្បី​​កុំ​ឱ្យ​បែក​សំឡេង​ឆ្នោត។ ទោះ​យ៉ាង​ណា​ក្ដី មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន ឆ្លើយតប​ថា ការ​ជជែក​រឿង​នេះ​ហាក់​ហួស​បន្តិច​ហើយ។

គណបក្ស​កម្លាំង​ជាតិ ផ្ដល់​ជម្រើស​ទៅ​គណបក្ស​ភ្លើង​ទៀន គួរ​ចែក​ភូមិភាគ​គ្នា​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា ក្នុង​ខែ​កុម្ភៈ​ខាងមុខ​។ គណបក្ស​នេះ​ផ្ដល់​សេណារីយោ ចំនួន​៣​សម្រាប់​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​ការចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​​។ សេចក្ដី​សម្រេច​នេះ ចុះ​កាល​ពី​ថ្ងៃ​ទី១៧ ខែធ្នូ តែ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១១ ខែ​មករា ឱ្យ​ដឹង​ថា សេណារីយ៉ូទី១ និង​ទី២ ​គណបក្ស កម្លាំង​ជាតិ ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន ៤ភូមិភាគ ចំណែក​គណបក្ស​ភ្លើង​ទៀន​តាមរយៈ​គណបក្ស​ឆន្ទៈ​ខ្មែរ ចុះ​បញ្ជី​បេក្ខជន​ចំនួន ៤ភូមិភាគ​ដែរ។ សេណារីយ៉ូ​ទី៣ ​គណបក្ស​ភ្លើង​ទៀន​តាមរយៈ​គណបក្ស​ឆន្ទៈ​ខ្មែរ ចុះបញ្ជី​បេក្ខជន​ចំនួន ៥ភូមិភាគ​ តែ ​គណបក្ស កម្លាំង​ជាតិ ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​មក​ត្រឹម​៣ភូមិភាគ​ទេ​ ប៉ុន្តែ នៅ​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺ​គណបក្ស​កម្លាំង​ជាតិ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ ចំណែក​គណបក្ស ភ្លើង​ទៀន តាមរយៈ​គណបក្ស​ឆន្ទៈ​ខ្មែរ ពុំ​ដាក់​បញ្ជី​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​សម្រាប់​ការបោះឆ្នោត​នេះ​ឡើយ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា មុន​ពេល​គណបក្ស​កម្លាំង​ជាតិ បង្ហោះ​សេចក្ដី​សម្រេច​នេះ​ជា​សាធារណៈ​ ​គណបក្ស​កម្លាំង​ជាតិ បាន​ផ្ញើ​លិខិត​នេះ​ទៅឱ្យ​​គណបក្ស​ភ្លើង​ទៀន តាំង​​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ មក​ម្ល៉េះ​តែ​គណបក្ស​ភ្លើង​ទៀន នៅតែ​និយាយ​ដដែលៗ​ថា ទាល់តែ​គណបក្ស​កម្លាំង​ជាតិ​ចូលរួម​​សម្ព័ន្ធ​ភាព​​នយោបាយ​ជាមួយ​ក្រុម​របស់​ខ្លួន​សិន​ទើប​មាន​ការ​ជជែក​គ្នា​លើ​រឿង​នេះ​បាន។ លោក រ៉ុង ឈុន បន្ត​ថា គណបក្ស​កម្លាំង​ជាតិ មិន​ទាន់​មាន​ពេល​សមរម្យ​ដើម្បី​អាច​ចូលរួម​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ជាមួយ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​បី​ផ្សេង​ទៀត​បាន​នៅឡើយ​ទេ​ ហើយ​លោក​ក៏​កត់​សម្គាល់​ឃើញ​ដែរ​ថា សម្ពន្ធភាព​នេះ​​មិន​ទាន់​មាន​រចនាសម្ព័ន្ធ​ជាក់លាក់​នៅឡើយ​ដែរ។ លោក​បញ្ជាក់​ថា ការ​ដែល​គណបក្ស​កម្លាំង​ជាតិ បង្ហាញ​សេណារីយ៉ូ នៅ​ពេល​នេះ​​​ជា​ការ​បង្ហាញ​ជំហរ​ទន់ភ្លន់​ដើម្បី​​ឈ្នះៗ ទាំងអស់​គ្នា។

លោក រ៉ុង ឈុន៖«គណបក្ស​កម្លាំង​ជាតិ យើង​ត្រូវការ​ពេលវេលា​រៀបចំ​ខ្លួន​ហើយ​យើង​ចូល​ក្នុង​កាលៈទេសៈ​ណាមួយ​ដូច្នេះ​មិន​ត្រូវ​យក​សម្ព័ន្ធ​មក​ចង​ យើង​ត្រូវ​ការ​ពេល​វេលា​ណា​មួយ។ យើង​ត្រូវ​ជជែក​កុំ​ឱ្យ​ខាត​ហើយ​បើ​សិន​ចេញ​មិន​រួច​ប្រកួត​គ្នា​គឺថា ចាញ់​ទាំងអស់​គ្នា​ហើយ​អ្នក​ដែល​ឈ្នះ​គឺ​គណបក្ស​កាន់អំណាច»។

ឆ្លើយតប​រឿង​នេះ អតីត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​លោក​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ព្រឹទ្ធសភា ឱ្យ​​គណបក្ស​ឆន្ទៈ​ខ្មែរ ប្រាប់​ថា លោក​មិន​សូវ​យល់​ពី​យុទ្ធសាស្ត្រ ឬ​សេណារីយ៉ូ​របស់​គណបក្ស​កម្លាំង​ជាតិ​នៅ​ពេល​នេះ​ឡើយ​។ ទោះ​យ៉ាង​ណា លោក​ថា សំណើ​របស់​គណបក្ស​កម្លាំង​ជាតិ​នៅ​ពេល​នេះ ហាក់​យឹត​ពេល​ទៅ​ហើយ​ ព្រោះ​គណបក្ស​ភ្លើង​ទៀន តាម​រយៈ​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ដាក់​បញ្ជី​បេក្ខជន​គ្រប់​ភូមិភាគ​រួចហើយ។ ទោះ​បែប​នេះ លោក​ថា ជំហរ​របស់​លោក​ផ្ទាល់ លោក​នៅ​តែ​យល់​ថា គណបក្ស​ទាំងពីរ​នៅតែ​ជជែក​គ្នា​បាន​ដដែល។ លោក សុន ឆ័យ ចង់​ឃើញ​គណបក្ស​កម្លាំង​ជាតិ គួរ​គិតគូរ​ពី​ផែនការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ វិញ​ល្អ​ជាង​។

លោក សុន ឆ័យ៖«ខាង​បេក្ខជន​ដែល​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន ដូចជា​មិន​បារម្ភ​ទេ ដោយសារ​គណបក្ស​ភ្លើង​ទៀន នៅ​គ្រប់គ្រង​​រចនាសម្ព័ន្ធ​និង​អង្គ​បោះ​ឆ្នោត។ ខ្ញុំ​ថា គណបក្ស​កម្លាំង​ជាតិ​គួរ​គិត​ទៅដល់​ឆ្នាំ២០២៧ វិញ»។

គណបក្ស​ភ្លើង​ទៀន បាន​ចង​សម្ពន្ធភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កែ​ទម្រង់​កម្ពុជា។ គណបក្ស​ភ្លើងទៀន ក៏​បាន​ផ្ដល់​សិទ្ធិ​ទៅ​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជំនួស​ខ្លួន។ ចាប់​តាំង​ពី​ពេល​នោះ​ដែរ មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​ក៏​ចេញ​ទៅ​បង្កើត​គណបក្ស​កម្លាំង​ជាតិ ​និង​បាន​សម្រេច​ចូលរួម​ការ​បោះឆ្នោត​អសកល​ទាំងពីរ​នោះ​ដែរ។ ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ ជា​ការ​បោះឆ្នោត​អសកល ហើយ​អង្គ​បោះឆ្នោត​គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស។ សព្វថ្ងៃ​គណបក្ស​នយោបាយ ដែល​មាន​អង្គ​បោះឆ្នោត​នេះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន និង​មួយ​ចំនួន​តួច​ទៀត​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

នាយក​ប្រតិបត្តិ​អង្គការ ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើក​ឡើង​ថា គណបក្ស​ពីរ​ដណ្ដើម​អង្គ​បោះឆ្នោត​តែមួយ​ដូច្នេះ នឹង​ធ្វើ​ឱ្យ​សំឡេង​ឆ្នោត​ថយ​ចុះ​ ហើយ​អាច​ធ្វើ​ឱ្យ​គណបក្ស​ទាំងពីរ​ប្រឈម​​បាត់បង់​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា។ លោក​បន្ត​ថា បើ​ទោះ​ជា​អង្គ​បោះ​ឆ្នោត​របស់​គណបក្ស​ទាំងពីរ​នេះ មក​ពី​គណបក្ស​ភ្លើង​ទៀន​ក្ដី ប៉ុន្តែ​មិន​ប្រាកដ​ថា អង្គ​បោះ​ឆ្នោត​ទាំង​អស់ នឹង​បោះឆ្នោត​ជូន​គណបក្ស​ឆន្ទៈ​ខ្មែរ​តែ​មួយ​ទេ ដូច្នេះ​អ្នក​ជំនាញ​កិច្ចការ​បោះ​ឆ្នោត​រូប​នេះ ចង់​ឃើញ​ថា គណបក្ស​ជួប​ជជែក​រក​ដំណោះស្រាយ​។

លោក សំ គន្ធាមី៖«យើង​មិន​ដឹង​ថា ក្នុង​គណបក្ស​ពីរ​ហ្នឹង​អ្នកណា​មាន​ប្រជាប្រិយ​ជាង​ដែល​អាច​ទាញ​សន្លឹក​ឆ្នោត​ពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​របស់​ភ្លើង​ទៀន​បាន​ច្រើន​ទេ​ណា»។

ការបោះឆ្នោត​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ខាងមុខ ដោយ​មាន​គណបក្ស​ចំនួន​៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ​ គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។