ក្រុម​ទីប្រឹក្សា​សភា​កម្ពុជា​ រៀប​ចំ​គម្រោង​ទៅ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ប្រទេស​ចិន

0:00 / 0:00

រដ្ឋសភា​កម្ពុជា​គ្រោង​​បង្កើត​កម្មវិធី​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​ ទៅ​​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ នៃ​អនាគត​រវាង​សភា​កម្ពុជា និងចិន​ នៅ​ថ្ងៃ​អនាគត។​

រដ្ឋសភា​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​កាល​ពី​ថ្ងៃ​ទី ១៩​ មករា​​ថា​ ការ​បង្កើត​កម្ម​វិធី​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​នេះ​ គឺ​តាម​រយៈ​​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ ដល់​ក្រុម​ទី​ប្រឹក្សា​រដ្ឋសភាកម្ពុជា​ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ និង​ទេព​កោសល្យ​ ក៏​ដូច​ជា​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ វិជ្ជាជីវៈ​ដល់​ក្រុម​ការងារ​ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ក្នុង​កិច្ច​ខិត​ខំ​ពង្រឹង​សមត្ថភាព​ ក្នុង​ការ​ត្រៀម​រៀប​ចំ​ខ្លួន​ ដើម្បី​ជួយ​ជ្រោមជ្រែង​កិច្ច​សហប្រតិបត្តិ​ការ​សភា​កម្ពុជា-ចិន​ នៅ​ថ្ងៃ​អនាគត។​

សេចក្តី​ប្រកាស​​របស់​រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ឡើង ​ក្រោយ​ពី​ជំនួប​រវាង​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​កម្ពុជា​ ជាមួយ​នឹង​លោក ​​លី ចាន់ស៊ូ​ ប្រធាន​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ កាល​ពី​ថ្ងៃ​ទី១៨​ មករា​កន្លង​ទៅ​នេះ​។​

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ​កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ ហើយ​នឹង​បន្ត​រក្សា​ទំនាក់​ទំនង​សភា​កម្ពុជា-ចិន​ ឱ្យ​កាន់​តែ​មាន​ភាព​រឹងមាំ​ថែម​ទៀត។​

​​​លោក​​ លី ចាន់ស៊ូ​ ប្រធាន​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ មាន​ប្រសាសន៍​ថា​ ចិន​បាន​ត្រៀម​ខ្លួន​ជួយ​កម្ពុជា​​គ្រប់​កាលៈទេសៈ​ ដើម្បី​លើក​កម្ពស់​​​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា។​

មេដឹក​នាំ​គណបក្ស​ប្រឆាំង ​គឺ​លោក​ សម រង្ស៊ី​ បាន​អះអាង​ផ្ទុយ​ពី​ការ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​កម្ពុជា​។​

លោក​ សម រង្ស៊ី​ ថ្លែង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែលគេ​គ្រោង​ធ្វើ​ឡើង​នេះ ​គ្មាន​បាន​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​ទេ។​ លោក​ថា​ រដ្ឋសភា​កម្ពុជា​ និង​ចិន​កំពុង​សំដែង​ល្ខោន​ ដើម្បី​កុហក​ពលរដ្ឋ​កម្ពុជា​ អំពី​វត្ត​មាន​ជនជាតិ​ចិន​ ​និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា៖«​ ខ្ញុំ​ជឿ​ថា​ នេះ​ជា​ឆាក​ល្ខោន​ គឺ​គ្រាន់​តែ​រៀប​ចំ​ឱ្យ​តែ​ល្អ​មើល​។ ទស្សនកិច្ច​ទៅ​មក​ស្អី​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ ទឹក​ចិត្តប្រជា​រាស្ត្រ​ខ្មែរ។​ ប្រជារាស្ត្រ​អត់​សប្បាយ​ចិត្ត​ទេ​ ឃើញ​ចិន​​មក​ពេញ​ទឹក​​ពេញ​ដី​​នៅ​ស្រុក​ខ្មែរ​។ ចិន​ធ្វើ​អាណា​និគម​និយម​​មក​លើ​ប្រទេស​កម្ពុជា​ មក​បំផ្លាញ​ធនធាន​ធម្មជាតិ​យើង​ មក​ប្លន់​ដី​ធ្លី​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​ឥឡូវ​នេះ​ មើល​ងាយ​ខ្មែរ​។​ កន្លែង​ណា​ចិន​មក​បោះ​ទី​តាំង​ ចាត់​ទុក​ខ្មែរ​​យើង​ហ្នឹង ​ដូច​ជា​ខ្ញុំ​កញ្ជះ​វា​។​ ដូច្នេះ​ប្រជារាស្ត្រ​ខ្មែរ​​អត់​សប្បាយ​ចិត្ត​ទេ​ ទោះ​ជា ​ហេង​ សំរិន ទៅ​ស្រុក​ចិន​ ១​ពាន់​​ដង​ទៀត ​ក៏​មិន​ប្រែប្រួល​ដល់​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​ដែរ »

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ ​បណ្ឌិត​ សេង សារី​ មាន​ប្រសាសន៍​ថា​ លោក​មើល​ឃើញ​ថា​ ការ​បង្កើត​កម្ម​វិធី​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​ ដើម្បី​​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​​ទៅ​កាន់​ប្រទេស​ចិន​នេះ​ គឺ​ជា​រឿង​ល្អ​។​ ប៉ុន្តែ​លោក​ជំរុញ​​ភាគី​កម្ពុជា​ថា គួរ​តែ​បង្កើត​កម្មវិធី​សិក្សា​នេះ​ ជា​មួយ​ប្រទេស​លោក​ខាង​លិច​ផង​ដែរ​ ជា​ពិសេស ​សហរដ្ឋ​​អាមេរិក៖ «ប៉ុន្តែ​បើ​ក្នុង​ករណី​ ដែល​កម្ពុជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទស​ចិន​ ហើយ​បែរ​ខ្នង​ដាក់​ប្រទេស​អ្នក​កាន់​លទ្ធិប្រជាធិបតេយ្យ​ ជា​ពិសេសប្រទេស​មហាអំណាចមួយ​ចំនួនដូច​ជាសហរដ្ឋ​អាមេរិក​ សហគមន៍​ អឺ​រ៉ុប​ អី​ហ្នឹង​ វា​ជា​រឿង​មួយ​ដែល​អាច​កម្ពុជា នឹង​ប្រឈម​មុខ​បញ្ហា​ការ​ទូត​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត »

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋសភា​លោក​ ឡេង ប៉េងឡុង​ តែ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។​ តែ​ទោះ​ជា​យ៉ាង​ណាក្ដី​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បាន​បញ្ជាក់​ថា​ កម្ពុជា-ចិន​ បន្ត​អនុវត្ត​កម្មវិធី​គោល​នយោបាយ​បរទេស​ជាមួយ​គ្នា​ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ភាព​ជោគជ័យ​ ក្នុង​ការ​កសាង​​សហគមន៍​ ដែល​មាន​ជោគ​វាសនា​រួម​សម្រាប់​មនុស្ស​ជាតិ៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។