តំណាងអង្គការសង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិឲ្យមានតម្លាភាព និងបង្ហាញរបាយការណ៍ឲ្យសាធារណជនបានដឹងអំពីចំណូលចំណាយថវិកាជាតិឲ្យបានច្បាស់លាស់ដើម្បីលុបបំបាត់អំពើពុករលួយនៅតាមស្ថាប័នរដ្ឋ។
ការទាមទារដូច្នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ នៅថ្ងៃទី១០ កញ្ញា ស្ដីពីតម្លាភាពនៃថវិកាជាតិនិងបទពិសោធន៍នៃការចូលរួមរបស់ប្រជាពលរដ្ឋដែលរៀបចំឡើងដោយវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum)។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការបិទបាំងអំពីចំណូលនិងចំណាយថវិកាជាតិប្រចាំឆ្នាំ នៅតាមស្ថាប័នរដ្ឋនីមួយៗនោះ ជាឱកាសងាយស្រួលឲ្យមន្ត្រីរដ្ឋាភិបាលប្រព្រឹត្តិអំពើពុករលួយ។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ថវិកាជាតិប្រើប្រាស់កន្លងមករបស់រដ្ឋាភិបាលមិនមានតម្លាភាពនោះទេ។ ពួកគាត់ទាមទារឲ្យរដ្ឋាភិបាលលាតត្រងដាងអំពីចំណូលប្រចាំឆ្នាំដែលរកបានមកគ្រប់វិស័យ និងការប្រើប្រាស់ខ្ទង់ចំណាយក៏ត្រូវឲ្យប្រជាពលរដ្ឋបានដឹងវិញដែរ។
ប្រធានអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាពហៅកាត់ថា ឌីភីអេ (DPA) លោក ម៉ម សម្បត្តិ មានប្រសាសន៍ថា ប្រជាពលរដ្ឋបានបង់ពន្ធជូនរដ្ឋ ដូច្នេះ រដ្ឋាភិបាលត្រូវតែឲ្យប្រជាពលរដ្ឋបានដឹងអំពីចំណាយថវិកាជាតិប្រចាំឆ្នាំ ដែលសភាបានអនុម័តឲ្យស្ថាប័នរដ្ឋនីមួយៗប្រើប្រាស់នោះ៖ «លោកមានកាតព្វកិច្ចមួយដែលចង់ឲ្យរដ្ឋហ្នឹងបង្ហាញគណនេយ្យភាពចំពោះខ្លួន ព្រោះរាស្ត្រគាត់បានបង់ពន្ធសព្វសារពើទាំងអស់ជូនរដ្ឋ រួមមានអចលនទ្រព្យ យានយន្ត ផ្ទះសំបែង ដូច្នេះរាស្ត្រក៏ចង់ស្ដាប់ថា លុយទាំងអស់ចាយលើអី អាហ្នឹងជារឿងសំខាន់»។
ថវិកាជាតិដែលសភាអនុម័តប្រើប្រាស់ឆ្នាំ២០១៤ មានជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលថវិកាទាំងនេះស្ថាប័នសំខាន់ៗ ទទួលបានថវិកាច្រើនជាងគេ មានស្ថាប័នសុខាភិបាល ការពារជាតិ អប់រំ និងទីស្ដីការគណៈរដ្ឋមន្ត្រីជាដើម។ ក៏ប៉ុន្តែរបាយការណ៍ប្រើប្រាស់ថវិការបស់ស្ថាប័នរដ្ឋនីមួយៗ ហាក់បីដូចជាអាថ៌កំបាំង ដែលរដ្ឋាភិបាលមិនបានលាតត្រដាងឲ្យសាធារណជនដឹងនោះឡើយ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា លទ្ធផលនៃការអង្កេតជាសាកលឆ្នាំ២០១២ បង្ហាញថា តម្លាភាពថវិការបស់កម្ពុជា នៅមានកម្រិតទាបនៅឡើយ ក្នុងនោះមានថវិកាចំនួន ៤ ក្នុងចំណោមថវិកាសំខាន់ៗទាំង៨ ដែលកំណត់ដោយអង្គការភាពជាដៃគូនៃថវិកាអន្តរជាតិ ហើយកម្ពុជា ទទួលបានពិន្ទុ ១៥ លើ ១០០។ ពិន្ទុនោះមានកម្រិតទាបជាងពិន្ទុតម្លាភាពជាមធ្យមក្នុងតំបន់ស្មើ ៣២ និងក្នុងពិភពលោកស្មើនឹង ៤៣។ ឯកសារព័ត៌មានថវិកាដែលរដ្ឋាភិបាលមិនបានផ្សព្វផ្សាយជាសាធារណៈរួមមាន សេចក្ដីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ របាយការណ៍ហិរញ្ញវត្ថុពាក់កណ្ដាលឆ្នាំជាដើម។
អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ ឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ កញ្ញា នេះ គណៈកម្មការទី២ បានប្រជុំលើកទី១ របស់ខ្លួនអំពីបញ្ហានេះ។ លោកបញ្ជាក់ថា កន្លងមកចំណូលនិងចំណាយថវិកាជាតិមិនបានផ្សព្វផ្សាយជាសាធារណៈទេ។ តែយ៉ាងនេះក្ដី លោកសង្ឃឹមថា គណៈកម្មការនេះនឹងកែប្រែ ហើយនឹងមានការផ្សព្វផ្សាយឲ្យសាធារណជនបានដឹងអំពីករណីនេះ៖ «ជាគោលការណ៍ ហាក់ដូចជាមានកិច្ចព្រមព្រៀងរវាងខ្ញុំនិងប្រធានគណៈកម្មការហើយថា នៅពេលថវិកាជាតិបានមកដល់នៅចុងខែនេះ យ៉ាងហោចណាស់រូបខ្ញុំនឹងថតចម្លងផ្សព្វផ្សាយជូនដល់អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋណាចង់បាន ហើយឲ្យមានវេទិកាកិច្ចប្រជុំរវាងគណៈកម្មការ និងសង្គមស៊ីវិលមួយ ដើម្បីស្ដាប់យោបល់មុននឹងយកសំណើសេចក្ដីព្រាងថវិកា២០១៥ នេះ យកទៅអនុម័តនៅរដ្ឋសភា»។
អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) និងជាជំនួយការផ្នែកច្បាប់ លោក ណៃ វ៉ង់ដា បញ្ជាក់ថា ការប្រើប្រាស់ថវិកាជាតិ និងចំណូលពីធនធានធម្មជាតិផ្សេងៗនោះ កុំថាឡើយប្រជាពលរដ្ឋបានដឹង សូម្បីតែមន្ត្រីរាជការ និងសមាជិកសភាគណបក្សប្រឆាំងក៏មិនដឹងដែរ។
អង្គការសង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបង្កើនថវិកាជាតិឲ្យស្ថាប័នសំខាន់ៗមួយចំនួនទៀត ដូចជាក្រសួងសុខាភិបាល ក្រសួងអប់រំ និងក្រសួងកសិកម្មជាដើម។
លោក សុន ឆ័យ អះអាងថា តាមការស្រាវជ្រាវរបស់លោកកាលពីឆ្នាំ២០១៣ រកឃើញថា ស្ថាប័នដែលប្រព្រឹត្តអំពើពុករលួយខ្លាំងជាគេនោះ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្លួនឯង។ លោកបញ្ជាក់ថា ពន្ធគយនិងពន្ធដារបាត់លុយមិនតិចជាង ៦០០លានដុល្លារទេក្នុង១ឆ្នាំៗ។ បន្ទាប់មកគឺស្ថាប័នសុខាភិបាលជាដើម។
ថវិកាជាតិគឺជាឧបករណ៍ដ៏សំខាន់បំផុតមួយរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន និងមានឥទ្ធិពលលើជាតិប្រចាំថ្ងៃ និងអនាគតរបស់សង្គមទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។