នៅមិនដល់ ២ខែទៀតទេ ដែលកម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥។ ខុសប្លែកពីអាណត្តិមុនៗ ការបោះឆ្នោតមូលដ្ឋានលើកនេះ គ្មានប្រទេសនិយមប្រជាធិបតេយ្យណាមួយផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើយ។ អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតថា ការណ៍នេះឆ្លុះបញ្ចាំងថា កម្ពុជានៅតែពុំទាន់កែលំអស្ថានភាពប្រជាធិបតេយ្យដូចតាមការចង់ឃើញពីក្រុមប្រទេសម្ចាស់ជំនួយ។
ខុសពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទីបួនកាលពីឆ្នាំ២០១៧ កន្លងទៅ ការបោះឆ្នោតឃុំសង្កាត់លើកនេះ គ.ជ.ប ពុំទទួលបានជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ ឬសម្ភារៈណាមួយពីសហគមន៍អន្តរជាតិឡើយ។
អ្នកឃ្លាំមើលកិច្ចការបោះឆ្នោត និងជានាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សម គន្ធាមី យល់ថា ការសម្រេចមិនផ្តល់ជំនួយរបស់សហគមន៍អន្តរជាតិដល់ គ.ជ.ប បែបនេះ ឆ្លុះបញ្ចាំងថា បញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមិនទាន់កែលម្អនៅឡើយ៖ « វាអត់មានអីប្លែកទេ តាំងពី ២០១៨ ពីព្រោះ EU [ សហភាពអឺរ៉ុប ] គេអត់ជួយ ធ្លាប់ជួយដូចខាងជប៉ុនអី ... ខាងប្រទេសប្រជាធិបតេយ្យ ពីព្រោះអីគេចង់ឱ្យយើងកែទម្រង់ រៀបចំប្រជាធិបតេយ្យឱ្យមានគណបក្សចម្រុះអីឡើងវិញ។ អ៊ីចឹងហើយបានជាគេអត់ជួយយើង ព្រោះគេសូមឱ្យយើងកែទម្រង់ ដើម្បីឱ្យដំណើរការប្រជាធិបតេយ្យនៅស្រុកខ្មែរ វាដំណើរការដូចមុនកាលពី២០១៧ អ៊ីចឹង »។
កម្ពុជាគ្រោងរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។ ការបោះឆ្នោតនេះ មានគណបក្សចំនួន ១៧ ចូលរួម ក៏ប៉ុន្តែ នៅតែពុំមានវត្តមានរបស់គណបក្សប្រឆាំងធំជាងគេគឺ គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរម្លាយចោលកាលពីចុងឆ្នាំ២០១៧។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា សម្រាប់ការរៀបចំការបោះឆ្នោតឃុំសង្កាត់លើកនេះ គ.ជ.ប ទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលប្រមាណជាង ៤០លានដុល្លារ តែពុំទទួលបានជំនួយឧបត្ថម្ភពីប្រទេសម្ចាស់ជំនួយណាមួយទេ។ លោកបញ្ជាក់ថា បើទោះបីជាគ្មានជំនួយបរទេសក៏ដោយ ក៏ច្បាប់តម្រូវឱ្យ គ.ជ.ប ត្រូវតែរៀបចំការបោះឆ្នោតដោយខានពុំបាន៖ « មិនទាន់ឃើញមានការផ្តល់ថវិកា។ សូមជម្រាបថា ការអនុវត្តច្បាប់គឺ ត្រូវតែធ្វើដោយខានពុំបាន។ ច្បាប់ចែង ៥ឆ្នាំឱ្យមានការបោះឆ្នោតម្ដងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជ្រើសរើសតំណាងរាស្ត្រ។ អ៊ីចឹង វាប្រៀបបាននឹងការណ៍ ដែលមាតាត្រូវសម្រាលកូន តែដល់ ៩ខែ ១០ថ្ងៃហើយគឺ ត្រូវតែសម្រាល។ អ៊ីចឹង មិននិយាយទៅដល់ការមានលុយ ការជួយ ឬមិនជួយអីទេ »។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បញ្ជាក់ថា បច្ចុប្បន្នមានតែប្រទេសជប៉ុនមួយទេ ដែលផ្តល់អ្នកជំនាញការផ្នែកអប់រំ មកធ្វើការជាប្រចាំជាមួយស្ថាប័ន គ.ជ.ប។ លោកថា ក្រៅពីនេះ គ.ជ.ប ក៏ពុំទទួលបានជំនួយពីប្រទេសចិន ឬប្រទេសដទៃទៀតឡើយ។
អ្នកនាំពាក្យស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រាប់ វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា ប្រទេសជប៉ុនពុំបានផ្តល់ជំនួយជាសម្ភារៈណាមួយសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះទេ។ អ្នកនាំពាក្យរូបនោះពន្យល់ថា ជំនួយឧបត្ថម្ភរបស់ជប៉ុនមានកម្រិតត្រឹមតែការដាក់អ្នកជំនាញការជប៉ុនម្នាក់ ដែលបច្ចុប្បន្នកំពុងធ្វើការជាមួយ គ.ជ.ប ភ្នាក់ងារពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់ការអប់រំដល់អ្នកបោះឆ្នោត ដែលអ្នកជំនាញការជប៉ុនរូបនោះបានធ្វើការចាប់តាំងពីឆ្នាំកន្លងទៅមកម្ល៉េះ។ គិតរហូតមកទល់ពេលនេះ ជប៉ុនក៏មិនមានផែនការបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតឃុំសង្កាត់នេះដែរ។ អ្នកនាំពាក្យស្ថានទូតជប៉ុនប្រចាំកម្ពុជា កត់សម្គាល់ថា ភាគីជប៉ុនសង្ឃឹមថា ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ នឹងប្រព្រឹត្តទៅតាមរបៀបមួយ ដែលមានឆ្លុះបញ្ចាំងពីសំឡេងចម្រុះក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
ដោយឡែក សម្រាប់ជំហររបស់សហរដ្ឋអាមេរិកវិញ ដែលបានផ្ដាច់ជំនួយដល់ស្ថាប័ន គ.ជ.ប តាំងពីក្រោយការរម្លាយគណបក្សសង្គ្រោះជាតិមក អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ប្រាប់ វិទ្យុអាស៊ីសេរីថា សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភអំពីការធ្លាក់ចុះផ្នែកសិទ្ធិមនុស្ស និងការទន់ខ្សោយនៃស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកនាំពាក្យស្ថានទូតអាមេរិក អ្នកនាង ស្តេហ្វានី អារហ្សាត (Stephanie Arzate) បញ្ជាក់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា សហរដ្ឋអាមេរិកគាំទ្រប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាននានា។ មន្ត្រីនាំពាក្យស្ថានទូតអាមេរិករូបនេះ បន្តថា សហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យកម្ពុជារៀបចំដំណើរការបោះឆ្នោតមួយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនយោបាយ និងដែលប្រជាពលរដ្ឋកម្ពុជាអាចអនុវត្តសិទ្ធិនយោបាយរបស់ពួកគេ។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំជំហររបស់គណៈកម្មការអឺរ៉ុប ជុំវិញការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានេះ ក៏ប៉ុន្តែ ពុំទទួលបានការឆ្លើយតប។ យ៉ាងណាក៏ដោយ តំណាងសហភាពអឺរ៉ុប បានលើកឡើងនៅក្នុងកិច្ចប្រជុំអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីចុងខែមីនាថា សហភាពអឺរ៉ុបអំពាវនាវដល់កម្ពុជាធានាថា ការបោះឆ្នោតខាងមុខនេះធ្វើឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៖ « សហភាពអឺរ៉ុបអំពាវនាវឱ្យកម្ពុជាគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្ស ជាពិសេស ទាក់ទងនឹងការរឹតត្បិតលំហសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។ សហភាពអឺរ៉ុប ក៏អំពាវនាវឱ្យកម្ពុជាទម្លាក់ចោលបទចោទប្រឆាំងនឹងលោក កឹម សុខា ផងដែរ។ អាជ្ញាធរកម្ពុជាត្រូវចាត់រាល់វិធានការចាំបាច់ទាំងឡាយ ដើម្បីលើកកម្ពស់ឱ្យមានការចូលរួមពីគ្រប់ភាគីនៅក្នុងឆាកនយោបាយ ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការធានានូវការបោះឆ្នោតដោយសេរី យុត្តិធម៌ និងប្រកបដោយតម្លាភាពនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ »។
ទន្ទឹមនឹងការអំពាវនាវរបស់សហភាពអឺរ៉ុបនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាបន (Vitit Muntarbhorn) បានរាយការណ៍ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើន ជាពិសេស ក្នុងពេលដែលការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតមកដល់។ លោកក៏នៅតែមានកង្វល់ជុំវិញការបិទលំហពលរដ្ឋ និងនយោបាយ ព្រមទាំងសវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារជាដើម។ លោកបញ្ជាក់ថា វិញ្ញាសាដ៏ចម្បងដែលគេនៅរង់ចាំមើលសម្រាប់ឆ្នាំនេះ គឺថា តើការរៀបចំការបោះឆ្នោតឃុំសង្កាត់នាខែមិថុនាខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដូចតាមការសន្យានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពី ៣០ឆ្នាំមុនដែរឬទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។