អ្នកវិភាគនយោបាយនិងសង្គមលើកឡើងដូចគ្នា ថា នេះជាពេលវេលាសមស្របមួយដែលកម្លាំងអ្នកប្រជាធិបតេយ្យ រួមទាំងគណបក្សសង្គ្រោះជាតផង ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ដោយបញ្ឈប់ការឈ្លោះប្រកែកគ្នា និងវាយប្រហារគ្នាជាសាធារណៈ។
ការលើកឡើងរបស់អ្នកវិភាគនយោបាយទាំងនេះ បន្ទាប់ពីប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង បានផ្ដួចផ្ដើមគំនិត បង្កើតរណសិរ្សរួបរួម ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជា ក្រោយដែលគ្មានសង្ឃឹមថា គណបក្សសង្គ្រោះជាតិ អាចរស់ឡើងវិញ និងអាចចូលរួមការបោះឆ្នោតនៅកម្ពុជា។
អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ ថា លោកគាំទ្រគំនិតផ្ដួចផ្ដើមរបស់ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន។ អ្នកវិភាគនយោបាយនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ ដែលរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ លើកហេតុផលថា គណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងបានវិញទេ ដូចនេះ អ្នកប្រជាធិបតេយ្យ ត្រូវតែរួបរួមកម្លាំងធំ រវាងក្រុមលោក សម រង្ស៊ី និងលោក កឹម សុខា នាកាលៈទេសៈនេះ៖ «គណបក្សប្រជាជនមិនឱ្យគណបក្សសង្គ្រោះជាតិ មកវិញទេ ដូចនេះ ត្រូវតែមានកម្លាំងរួបរួមនយោបាយធំ ដែល លោក សម រង្ស៊ី និងលោក កឹម សុខា ជាបង្គោល។ កម្លាំងនយោបាយនេះ មិនចាំបាច់មាន លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំផ្ទាល់ទេ គឺគេមិនឱ្យដឹកនាំទេ។ ដូចនេះត្រូវផលិតកម្លាំងនយោបាយដែលចេញពីសម រង្ស៊ី និងកឹម សុខា ដែលមានសក្ដានុពលនយោបាយទៅប្រកួតប្រជែង។ ទោះបីថាមិនឈ្នះបោះឆ្នោតលើកក្រោយក៏ដោយ តែកម្លាំងវាកើន»។
ទោះបីជាយល់ស្រប ចំពោះគំនិតផ្ដួចផ្ដើមនេះក៏ដោយ ទាំងលោក គឹម សុខ និងលោកបណ្ឌិត មាស នី មានប្រសាសន៍ ក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី៨ ខែឧសភា ពួកលោក មិនពេញចិត្តចំពោះឈ្មោះ រណសិរ្សរួបរួម ដើម្បីស្ដារប្រជាធិបតេយ្យ ដោយសារតែឈ្មោះ រណសិរ្ស ជាឈ្មោះរសើប និងហាក់មានបង្កប់អត្ថន័យថា ជាការប្រើកម្លាំងក្នុងចលនាអ្វីមួយដើម្បីផ្ដួលរំលំរបបលោក ហ៊ុន សែន។ អ្នកវិភាគនយោបាយទាំងពីររូបនេះ ពេញចិត្តការដាក់ឈ្មោះថា សម្ព័ន្ធកម្លាំងចលកប្រជាធិបតេយ្យកម្ពុជាទៅវិញ។ ទោះជាយ៉ាងណាលោកទាំងពីរថា គឺអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងក្រុមអ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះ និងត្រូវយកពេលវេលាជជែកពិភាក្សាគ្នា និងត្រូវបង្កើតប្រព័ន្ធគ្រប់គ្រងឱ្យបានល្អត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងសហគមន៍អន្តរជាតិផងដែរ។
បន្ថែមពីការលើកឡើងនេះ អ្នកវិភាគនយោបាយនិងសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ផងដែរថា ក្រុមអ្នកប្រជាធិបតេយ្យ ត្រូវតែរិះរកមធ្យោបាយ ពង្រឹងកម្លាំងរបស់ខ្លួនឱ្យបានខ្លាំងរឹងមាំ ដើម្បីទប់ទល់ប្រឆាំងនឹងគណបក្សកាន់អំណាចដែលកំពុងពង្រឹងកម្លាំងរបស់ខ្លួនគ្រប់បែបយ៉ាង ក្នុងការអាចបន្តការដឹកនាំប្រទេសតទៅមុខទៀត ទោះបីជាមានការរិះគន់ ពីការដឹកនាំបែបឯកបក្សក៏ដោយ។
លោកបណ្ឌិត មាស នី សង្កត់ធ្ងន់ថា ក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏មានភាពរកាំរកូសមិនត្រូវគ្នាដែរ ប៉ុន្តែគេមិនឈ្លោះគ្នា ឬវាយប្រហារគ្នា ជាសាធារណៈនោះទេ។ អាស្រ័យហេតុនេះ លោក បណ្ឌិត ផ្តល់ដំបូន្មានថា ក្រុមអ្នកប្រជាធិបតេយ្យ មុនសម្រេចរួមគ្នាចូលសង្វៀនប្រយុទ្ធ ត្រូវពង្រឹងគោលនយោបាយរួបរួមគ្នាឱ្យបានច្បាស់លាស់ និងបញ្ឈប់នូវការប្រឆាំងគ្នា ទៅវិញទៅមក ទោះបីទស្សនៈនយោបាយខុសគ្នាក៏ដោយ៖ «ការចងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យនេះ គឺជារឿងសំខាន់មួយ តែរឿងសំខាន់ជាងនេះ ពីរបៀបដែលត្រូវធ្វើ ។ ទី១ គឺចាប់ផ្ដើមព្យាបាលជំងឺមិនទុកចិត្តគ្នា ធ្វើម៉េចឱ្យទុកចិត្តគ្នា ហើយទី២ គឺជំងឺអត់វិន័យ វាសំខាន់ណាស់។ បើពួកគាត់គិតថា ធ្វើការប្រឆាំងរបបផ្ដាច់ការ និងគ្មានវិន័យខ្លួនឯង មានប៉ុន្មានចេញមកទាំងអស់ ហ្មឹងវាបង្ហាញពីចំណុចទន់ខ្សោយ»។
ទាំងលោក បណ្ឌិត មាស នី និងលោក គឹម សុខ ប្រៀបធៀបការបង្កើតសម្ព័ន្ធក្រុមអ្នកប្រជាធិបតេយ្យ ដូចជាការសង់ផ្ទះ។ ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការនៃរបបលោក ហ៊ុន សែន រំលាយហើយ ហើយមេដឹកនាំនៃគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នៅតែសង្ឃឹមថា គណបក្សខ្លួនអាចរស់ឡើងវិញ គឺពិតជាទៅមិនរួចទេ។
លោក គឹម សុខ ពន្យល់អំពីភាពខុសគ្នានៃការសង់ផ្ទះ និងការបង្កើនពង្រឹងប្រព័ន្ធដឹកនាំក្នុងគណបក្សនយោបាយយ៉ាងដូចនេះ៖ «ផ្ទះសង់ពីឈើគឺគ្មានវិញ្ញាណទេ តែចលនានយោបាយសង់មនុស្ស ស្ថាបនាមនុស្ស និងបណ្ដុះមនុស្ស មនុស្សមានមនសិការ ដូចនេះមិនងាយដួលទេ។ បើប្រៀបធៀបផ្ទះ គេយកផ្ទះយើង យើងទារមកវិញ ហើយគេមិនឱ្យវិញទេ។ ដូចនេះរឿងនយោបាយវាខុសគ្នា។ តែកម្លាំងនយោបាយអាចខ្លាំងជាងមុន ឱ្យតែលោក សម រង្ស៊ី លោក កឹម សុខា ចេញមុខ ខ្ញុំហ៊ានធានាថា ខ្លាំងជាងមុន»។
ចំណែកលោក បណ្ឌិត មាស នី វិញ មានប្រសាសន៍ ថា មុនការបង្កើតគណបក្សថ្មីណាមួយ ក្រុមអ្នកប្រជាធិបតេយ្យ ត្រូវពង្រឹងប្រព័ន្ធគ្រប់គ្រង ឱ្យបានល្អទាំង នៅថ្នាក់លើ និងនៅតាមមូលដ្ឋាន ពីព្រោះយ៉ាងហោចណាស់ ក៏គេត្រូវការប្រើពេលវេលា យ៉ាងតិចក៏ពីរឆ្នាំដែរ។ លោកមានប្រសាសន៍ប្រៀបធៀបទៅនឹងគម្រោងការសង់ផ្ទះយ៉ាងដូច្នេះ៖ «ធម្មតា ការសង់ផ្ទះ មុននឹងរៀបគម្រោង យើងត្រូវការឈើដឹកស័ង្កសី ប្រមូលដែកគោលអីចឹង។ បើយើងរង់ចាំច្បាប់ គេថា ធ្វើមិនបានទេ ដោយសារច្បាប់អញ្ចេះ អញ្ចោះ គឺធ្វើអត់បានទេ បានន័យថា យើងអត់បានតស៊ូមតិទេ។ យើងដឹងហើយថា នៅក្រោមច្បាប់សព្វថ្ងៃ គឺអត់ធ្វើអីបានទេ មានតែរង់ចាំដើមឈើដួលរំលំ ទើបនាំគ្នាទៅអារឈើនោះតែម្ដង»។
ទោះជាជាក្នុងហេតុផលណាក៏ដោយ លោក បណ្ឌិត មាស នី និងលោក គឹម សុខ លើកឡើងដូចគ្នាថា ដើម្បីឱ្យក្រុមអ្នកប្រជាធិបតេយ្យ ទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងក្លាពីប្រជាពលរដ្ឋ ដូចជាគណបក្សសង្គ្រោះជាតិ ទាំងលោក សម រង្សី និងលោក លោក កឹម សុខា ត្រូវតែប្រមែប្រមូលកម្លាំងចលកអ្នកប្រជាធិបតេយ្យទាំងអស់ ឱ្យរួបរួមគ្នាឡើងវិញ បំភ្លេចពីទស្សនៈយល់ឃើញខុសគ្នា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។