ក្រុមអង្គការសមាគម ដែលធ្វើការលើសិទ្ធិមនុស្ស សិទ្ធិការងារ និងការបោះឆ្នោត ជិត២០ស្ថាប័ន នៅថ្ងៃទី២២ ខែតុលា បានប្រារព្ធខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដោយលើកឡើងពីបញ្ហាការរំលោភសិទ្ធិមនុស្ស ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំង។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។
ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ «លើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ធ្វើឡើងនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ២ពាន់នាក់។
អង្គការជិត២០ស្ថាប័នទាំងនោះរួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) សមាគមបណ្ដាញយុវជនកម្ពុជា (CYN) សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ហៅកាត់ថា ខេស៊ីឡា (KSILA) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ (CENTRAL) ជាដើម។ ក្នុងនោះក៏មានតំណាងមន្ត្រីស្ថានទូត អាមេរិក (USA) អូស្ត្រាលី (Australia) ជប៉ុន (Japan) និងបារាំង (France) ចូលរួមផងដែរ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ លើកឡើងថា បើរដ្ឋាភិបាលអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះមិនត្រឹមតែជួយឱ្យកម្ពុជាបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនោះទេ ប៉ុន្តែក៏អាចជួយដឹកនាំកម្ពុជាឆ្ពោះទៅរកប្រជាធិបតេយ្យពិតប្រាកដផងដែរ។ លោក អាត់ ធន់ កត់សម្គាល់ថា បច្ចុប្បន្ន ការរំលោភសិទ្ធិសហជីព ការចាប់សកម្មជនសហជីពដាក់ពន្ធនាគារ និងរឹតត្បិតសិទ្ធិសហជីពនៅបន្តកើតមាន។
លោក អាត់ ធន់៖ «សុំឱ្យអាជ្ញាធរ ឬក៏តុលាការត្រូវមានតម្លាភាព និងឯករាជ្យបញ្ឈប់ការកាត់ក្ដីដោយយុត្តិធម៌ រងការប្រើអំពើហិង្សា ឬក៏កាត់ទោសព្រហ្មទណ្ឌទៅលើកម្មករនិយោជក ទី៣ត្រូវរៀបចំប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករនិយោជកឱ្យបានគ្រប់គ្នាគ្រប់វិស័យព្រមទាំង រៀបចំរបរសន្តិសុខសង្គមឱ្យបានប័ណ្ណ ប.ស.ស ឱ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ហើយជួយចរចាជាមួយសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដើម្បីរក្សាEBAដើម្បីឱ្យកម្ពុជាមានការនាំចេញដោយសន្តិវិធី»។
ស្រដៀងគ្នានេះដែរ សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា លើកឡើងថា ក្រុមសកម្មជនចលនាមាតាធម្មជាតិ និងយុវជនមួយចំនួនដែលបានអនុវត្តសិទ្ធិស្របតាមច្បាប់ ត្រូវបានអាជ្ញាធរគំរាមកំហែង និងចោទប្រកាន់មកលើក្រុមយុវជនថា ជាក្រុមប្រឆាំងចង់ធ្វើបដិវត្តពណ៌ផ្ដួលរលំរដ្ឋាភិបាលទៅវិញ។ កញ្ញាថា បញ្ហាទាំងអស់នេះបង្ហាញថារដ្ឋាភិបាលមិនបានគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។
កញ្ញា មាន លីសា៖ «ដូច្នេះនេះបានបង្ហាញថា រដ្ឋាភិបាលមិនបានយកស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកជាគោលដើម្បីអនុវត្តច្បាប់សម្រាប់ប្រទេសកម្ពុជាទេមានន័យថាសិទ្ធិមនុស្សដែលយើងប្រើក្នុងនាមយើងជាពលរដ្ឋខ្មែរត្រូវបានគំរាមកំហែងប៉ុន្តែខ្ញុំនៅតែមានចិត្តមោះមុតមានកម្លាំងចិត្តពីយុវជនដែលគាត់នៅតែចូលរួម នៅតែគោរពមនសិការរបស់ពួកយើង»។
ការលើកឡើងរបស់ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះគឺដោយសារពួកគាត់សង្កេតឃើញថា រដ្ឋាភិបាលមិនបានគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ។ ពោលគឺសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលមានដូចជាសិទ្ធិសេរីភាពការជួបជុំជាសាធារណៈ ការបញ្ចេញមតិ និងសិទ្ធិនយោបាយជាពិសេសសិទ្ធិទទួលបានព័ត៌មានជាដើម មិនត្រូវបានដែលរដ្ឋាភិបាលអនុវត្តមិនទេ។ ផ្ទុយទៅវិញបែរជា ចាប់សកម្មជននយោបាយ សកម្មជនសង្គម ការបិទសារព័ត៌មានឯករាជ្យ ការប្រើអំពើហិង្សាលើក្រុមអ្នកតវ៉ាក្នុងគ្រាដែលពួកគាត់ប្រើប្រាស់សិទ្ធិទាមទាររកយុត្តិធម៌ដោយស្របតាមច្បាប់។
ក្រៅពីនេះក្រុមអង្គការសង្គមស៊ីវិល ក៏បានចេញសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃដដែលនេះដើម្បីស្នើឱ្យរដ្ឋាភិបាលគោរពតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទៅទីក្រុងប៉ារីសចំនួន៦ចំណុច។ ចំណុចទី១ស្នើឱ្យបញ្ឈប់ការចោទប្រកាន់លើអ្នកនយោបាយ ដោយងាកមកបង្រួបបង្រួមជាតិឡើងវិញ ។ ចំណុចទី២ និងទី៣ ស្នើឱ្យរដ្ឋាភិបាលមានកែទម្រង់ច្បាប់ ការបោះឆ្នោតដោយត្រឹមត្រូវសេរី និងយុត្តិធម៌ និងដើម្បីធានាដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ។ ចំណុចទី៤ រដ្ឋាភិបាលគួរតែបើកលំហសេរីភាព និងបញ្ឈប់ការយាយីលើដែលអ្នកប្រើប្រាស់សិទ្ធិការពារបរិស្ថាន ។ ចំណែកទី៥ និងទី៦ ស្នើដល់ម្ចាស់ហត្ថលេខីទាំងអស់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមស្មារតីកិច្ចព្រមព្រៀងក្នុងការធានាដល់សេរីភាពសារព័ត៌មាន ដើម្បីឆ្លើយតបតាមតម្រូវការអភិវឌ្ឍសង្គមប្រកបដោយចិរភាព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានឈ្មោះជាផ្លូវការថា កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា នាំឱ្យមានការឯកភាពគ្នារវាងគូទំនាស់ទាំង៤ភាគី ដើម្បីបញ្ចប់សង្គ្រាម រក្សាសន្តិភាព បង្រួបបង្រួមជាតិ ស្ដារប្រទេសកម្ពុជាឡើងវិញ ធានាឱ្យមានការគោរព ការពារ និងបំពេញកាតព្វកិច្ចខាងសិទ្ធិមនុស្ស ព្រមទាំងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី។
កន្លងមករដ្ឋាភិបាលដែលដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែងបានដើរបញ្ច្រាសខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ដោយប្រើប្រព័ន្ធតុលាការធ្វើជាអាវុធដើម្បីរម្លាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧ ផាត់ចោលគណបក្សភ្លើងទៀនមិនឱ្យចូលរួមបោះឆ្នោត និងចាប់សកម្មជនបក្សប្រឆាំងរាប់សិបនាក់ដាក់ពន្ធនាគារ និងបង្ខំឱ្យចុះចូលជាមួយបក្សកាន់អំណាចដើម្បីជាថ្នូរប្ដូរយកសេរីភាពជាដើម។ ជាងនេះទៅ លោក ហ៊ុន សែន និងមន្ត្រីរបស់លោកមួយចំនួនតែង បាននាំគ្នាបកស្រាយថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយនេះបាន «ស្លាប់បាត់ទៅហើយ» ដែលបញ្ហានេះត្រូវបានក្រុមយុវជន និងអង្គការសង្គមស៊ីវិល ចាត់ទុកថា ជាការបកស្រាយផ្ទុយពីការពិត។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលថ្មីគួរតែលុបបំបាត់បក្ខពួកនិយម និងក្រុមគ្រួសារនិយមហើយងាកមកគិតគូរពីផលប្រយោជន៍ជាតិជាធំ ដើម្បីធ្វើឱ្យកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។