គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហាមឃាត់លោក រ៉ុង ឈុន មិនឱ្យចេញឃោសនាបោះឆ្នោតព្រឹទ្ធសភាជាមួយគណបក្សកម្លាំងជាតិ។ ប៉ុន្តែលោក រ៉ុង ឈុន ចាត់ទុក្ខការសម្រេចរបស់ស្ថាប័នបោះឆ្នោតនេះថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនយោបាយរបស់លោក ដែលចូលរួមសកម្មភាពជាមួយបក្សកម្លាំងជាតិ ខណៈកន្លងទៅតុលាការពុំបានបិទសិទ្ធិនយោបាយរបស់លោកនោះទេ។
គណៈកម្មការរៀបចំការបោះឆ្នោតនៅតាមបណ្ដាខេត្តមួយចំនួន រួមមានខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែកុម្ភៈបានចេញលិខិតជូនដំណឹងមួយដោយមិនអនុញ្ញាតឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចូលរួមក្នុងសកម្មភាពឃោសនា ឬកម្មវិធីជួបជុំសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ នោះទេ។ ស្ថាប័នបោះឆ្នោតថ្នាក់ខេត្តទាំងនោះអះអាងថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស ហើយមិនទាន់មាននីតិសម្បទាឡើងវិញ ក្នុងការធ្វើសកម្មភាពនយោបាយរបស់គណបក្សឡើយ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែកុម្ភៈថា គ.ជ.ប មិនអនុញ្ញាតឱ្យលោក រ៉ុង ឈុន ឃោសនាបោះឆ្នោតព្រឹទ្ធសភា គឺអនុវត្តតាមច្បាប់បោះឆ្នោត។ លោកបន្ថែមថា លិខិតផ្ញើទៅគណបក្សកម្លាំងជាតិធ្វើឡើងក្នុងគោលបំណងក្រើនរំលឹក ដើម្បីឱ្យគណបក្សនយោបាយអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាឱ្យត្រឹមត្រូវ។
លោក ហង្ស ពុទ្ធា៖ «ការធ្វើសកម្មភាពតាមបែបផ្ទៃក្នុងរបស់គាត់ គឺវាជារឿងផ្ទៃក្នុងរបស់គាត់ ប៉ុន្តែការធ្វើសកម្មភាពជាសាធារណៈក្នុងអំឡុងពេលឃោសនា នោះមានន័យថា ជាសកម្មភាពឃោសនាបោះឆ្នោត អ៊ីចឹងបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តលើកឡើងចំណុចនេះ ដើម្បីក្រើនរំលឹក ជាពិសេស មិនចង់ឱ្យមានភាន់ច្រឡំ ចំពោះការអនុវត្តច្បាប់ទៅលើសកម្មភាពរបស់លោក រ៉ុង ឈុន នោះទេ»។
ការលើកឡើងរបស់ស្ថាប័នបោះឆ្នោតនេះ បន្ទាប់ពីលោក រ៉ុង ឈុន ដែលជាទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ បានចូលរួមពីធីសំណេះសំណាលជាមួយអ្នកគាំទ្ររាប់រយនាក់ នៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា។
ឆ្លើយតបរឿងនេះទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងថា លោកមានសិទ្ធិក្នុងការធ្វើសកម្មភាពនយោបាយគ្រប់គ្រាន់ ពីព្រោះកន្លងទៅតុលាការមិនបានដាក់បម្រាម ចំពោះលោកក្នុងការធ្វើសកម្មភាពនយោបាយនោះទេ។ លោកបន្តថា បញ្ហានេះបានធ្វើឱ្យសិទ្ធិសេរីភាពផ្នែកនយោបាយរបស់លោក រងនូវការរឹតត្បិតខ្លាំងក្នុងការធ្វើសកម្មភាពជាមួយគណបក្សកម្លាំងជាតិសម្រាប់ការប្រកួតប្រជែងតាមរយៈការបោះឆ្នោត ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ ការដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ និងជំរុញឱ្យសង្គមមានយុត្តិធម៌ពិតប្រាកដជាដើម។ លោក រ៉ុង ឈុន បញ្ជាក់ថា ទាក់ទងករណី គ.ជ.ប រារាំងលោកមិនឱ្យចេញឃោសនាបោះឆ្នោតនេះលោករង់ចាំអនុវត្តតាមការសម្រេចរបស់គណបក្សក្នុងកិច្ចប្រជុំនៅពេលខាងមុខនេះ។
លោក រ៉ុង ឈុន៖ «ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ រដ្ឋាភិបាលត្រូវបើកចិត្តឱ្យទូលាយ ចំពោះអ្នកនយោបាយ ប្រជាពលរដ្ឋ សង្គមស៊ីវិលក្ដី ត្រូវផ្ដល់ជូន(សិទ្ធិសេរីភាព)ឱ្យបានពេញលេញ ដើម្បីទទួលបានការស្វាគមន៍ពីសហគមន៍ជាតិ និងអន្តរជាតិហើយ ហើយបើសិនយើងនៅតែយកវិធានការរឹតត្បិត ឬរឹតបន្តឹងលើសេរីភាពរបស់ពលរដ្ឋ ក៏ដូចជា អ្នកនយោបាយនឹងត្រូវទទួលការថ្កោលទោសពីអន្តរជាតិ ហើយអ្នកដែលទទួលរងផលប៉ះពាល់គឺកម្មករ និងប្រជាពលរដ្ឋខ្មែរ»។
គណៈកម្មការជាតិរៀបចំការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០២៣ ធ្លាប់បានចេញលិខិតជូនដំណឹងដោយមិនអនុញ្ញាតលោក រ៉ុង ឈុន ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រខេត្តកណ្តាលក្រោមហេតុផលថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ។
ក្រោយពេលគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតនៅពេលខាងមុខបាន លោក រ៉ុង ឈុន បានលាលែងតំណែងពីអនុប្រធានគណបក្សភ្លើងទៀន ដើម្បីទៅដឹកនាំគណបក្សកម្លាំងជាតិវិញ ប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃ រួមទាំងក្រសួងយុត្តិធម៌ផង គំរាមកំហែងជាបន្តបន្ទាប់ក្រោមហេតុផលថា លោកមិនទាន់មាននីតិសម្បទាដដែល។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ចាប់តាំងពីរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ សិទ្ធិនយោបាយរបស់ពលរដ្ឋបានរួមតូចគួរឱ្យព្រួយបារម្ភ។
លោក កន សាវាង្ស៖ «សិទ្ធិនយោបាយ ឬដំណើរការនៃការបោះឆ្នោតដំណើរការដោយសេរី យុត្តិធម៌ហ្នឹង គឺថា សិទ្ធិនយោបាយក៏មានរឹតបន្តឹងដែរ សំខាន់ឱ្យភាគីពាក់ព័ន្ធហ្នឹង ជាពិសេស រដ្ឋាភិបាលដែលទទួលខុសពិនិត្យមើលលើការវិសោធនកម្មច្បាប់ គួរតែវិសោធនកម្មច្បាប់នេះឡើងវិញ ជាពិសេសមាត្រា៦ថ្មី២ហ្នឹង ដែលចំណុចនេះនិយាយពាក់ព័ន្ធទណ្ឌិត ឬអ្នកដែលមិនទាន់ស្តារនីតិសម្បទាឡើងវិញនេះ ជារឿងមួយសំខាន់»។
លោក រ៉ុង ឈុន ធ្លាប់ធ្វើជាសមាជិក គ.ជ.ប និងជាប្រធានសហព័ន្ធសហជីពកម្ពុជា ហើយបានចេញមុខការពារបូរណភាពទឹកដីប្រទេសកម្ពុជា។ លោកត្រូវបានតុលាការ ដែលស្ថិតនៅក្រោមបង្គាប់បញ្ជារបស់លោក ហ៊ុន សែន កាត់ទោសដាក់ពន្ធនាគារចំនួនពីរដង ពាក់ព័ន្ធរឿងព្រំដែនកម្ពុជាវៀតណាម។ កាលពីខែកក្កដា ឆ្នាំ២០២០ តុលាការបានផ្ដន្ទាទោស លោក រ៉ុង ឈុន រយៈពេល ២ឆ្នាំម្ដងទៀត ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាប់ និងជាធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ប៉ុន្តែលោក រ៉ុង ឈុន បានជាប់នៅក្នុងពន្ធនាគាររយៈពេល ១៥ខែ តុលាការក៏ដោះលែងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ចំណែកទោសដែលនៅសល់ ត្រូវព្យួរ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។