ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប កាលពីថ្ងៃទី២៨ ខែមីនាម្សិលមិញ បានសម្រេចលុបបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានឈ្មោះបេក្ខជនសរុប ១០នាក់ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា និងបេក្ខជនម្នាក់ចេញពីបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន។
សេចក្ដីប្រកាសរបស់ គ.ជ.ប បញ្ជាក់ថា បេក្ខជន ១០នាក់ក្នុងបញ្ជីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនោះត្រូវប្ដឹងថា ពុំបានបំពេញឯកសារដោយផ្ទាល់ដៃ។ ដូចគ្នានេះដែរ បេក្ខជនលេខរៀង ១៣ នៃគណបក្សភ្លើងទៀនឈ្មោះ គង់ ឡេង ភេទស្រី ក៏ត្រូវលុបចេញពីបញ្ជីដោយរងបណ្ដឹងថាមិនបានបំពេញឯកសារដោយផ្ទាល់ដៃដែរ។
គ.ជ.ប បញ្ជាក់ថា ក្រុមប្រឹក្សាជំនុំជម្រះអះអាងថា សេចក្ដីសម្រេចបែបនេះធ្វើឡើងបន្ទាប់ពីបានស្ដាប់ការបំភ្លឺរបស់មេធាវី ពិនិត្យពិចារណាគ្រប់អង្គហេតុ និងបានពិភាក្សាស្របតាមច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនេះ។ ការសម្រេចនេះជាការសម្រេចបិទផ្លូវតវ៉ា។
ក្នុងថ្ងៃដដែលនោះ គ.ជ.ប ក៏បានសម្រេចមិនចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ គឺរក្សាតាមការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនេះទុកជាបានការដដែល។
ទាក់ទងនឹងការដោះស្រាយបណ្ដឹងនេះដែរ នៅថ្ងៃទី២៩ ខែមីនានេះ គ.ជ.ប នឹងបើកសវនាការជំនុំជម្រះសំណុំរឿងចំនួន៦ ដែលទាក់ទងនឹង៖ បណ្ដឹងសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដឹងចំនួន២ ដែលជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀននៅសង្កាត់ផ្សារធំថ្មីទី៣ ក្នុងរាជធានីភ្នំពេញ និងបណ្ដឹងចំនួន ២ទៀត ដែលជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនគណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារធំថ្មីទី៣ ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។