គណបក្សសង្គ្រោះជាតិ ស្នើឱ្យប្រទេសជប៉ុនផ្ដាច់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអំពាវនាវឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែ កក្កដា ខាងមុខនេះ ដោយសារគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត។
ក្រៅពីស្នើឱ្យប្រទេសជប៉ុនផ្ដាច់ជំនួយ និងអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ ដែលមានអាសនៈស្របច្បាប់ក្នុងរដ្ឋសភា និងមានប្រជាពលរដ្ឋគាំទ្រជាង ៣លាននាក់ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការ កុំចូលរួមការបោះឆ្នោត។
នៅក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៤ ខែឧសភា ចេញតែប៉ុន្មានម៉ោង ក្រោយថ្ងៃផុតកំណត់ នៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាតិ គណបក្សសង្គ្រោះជាតិ ចាត់ទុកការមិនទៅបោះឆ្នោត គឺមានន័យថា គាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ត។
នេះជាលើកទីមួយហើយ តាំងតែពីក្រោយការរម្លាយគណបក្សប្រឆាំង កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការ បញ្ជាក់ជំហរអំពាវនាវឱ្យពលរដ្ឋធ្វើពហិការទៅចូលរួមបោះឆ្នោត។ កន្លងមក មានតែប្រធានចលនាសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ប៉ុណ្ណោះ ដែលប្រកាសជំហរបែបនេះជាញឹកញាប់។
ការចុះបញ្ជីគណបក្សនយោបាយ សម្រាប់ចូលរួមប្រកួតប្រជែង ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា នេះ វេលាម៉ោង ៥:៣០ ល្ងាច បន្ទាប់ពីបានបើកទទួលពាក្យអស់រយៈពេល ១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃទី៣០ ខែមេសា រួចមក។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា នៅថ្ងៃចុងក្រោយនេះ មានគណបក្សចំនួន ២០ បានចុះបញ្ជីរួចរាល់ ប៉ុន្តែមានតែគណបក្សចំនួន ៤ប៉ុណ្ណោះ ដែលគ.ជ.ប បានទទួល ស្គាល់ជាផ្លូវការ។ ចំណែកគណបក្សចំនួន ១៦ ទៀត កំពុងតែពិនិត្យឯកសារ។ លោកបន្តថា គ.ជ.ប បានសម្រេច ទុកពេល៥ថ្ងៃទៀត សម្រាប់គណបក្សទាំង ១៦ បំពេញបែបបទបន្ថែម៖ « ថ្ងៃនេះ គឺជាថ្ងៃបិទបញ្ចប់។ ប៉ុន្តែ គណបក្សដែលបានមកចុះហើយ បើសិនជាខ្វះឯកសារអី គឺមានរយៈពេល ៥ថ្ងៃ ដែលតាមនីតិវិធី គឺខាងគាត់ត្រូវយកមកបំពេញឱ្យបានគ្រប់ជ្រុងជ្រោយ។ បើ ៥ថ្ងៃនេះ គាត់បំពេញអត់បាន នោះ គ.ជ.បនឹងចេញលិខិតបដិសេធ » ។
អ្នកនាំពាក្យមួយរូបទៀត របស់គ.ជ.បដែរ គឺលោក ឌឹម សុវណ្ណារុំ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែ ឧសភា ដោយបញ្ជាក់ថា គណបក្សដែលបានបំពេញត្រឹមត្រូវតាមតម្រូវការរបស់គ.ជ.បទើបគ.ជ.បទទួលស្គាល់ជាផ្លូវការ៖ « មានន័យថាម៉េចទទួលស្គាល់ជាផ្លូវការ។ មានន័យថា គណបក្សទាំងនោះបានបំពេញបែបបទត្រឹមត្រូវ។ ឯកសារទាំងអស់ដែលគាត់ដាក់មកត្រឹមត្រូវ។ ក្រុមបច្ចេកទេសពិនិត្យមើល គ្រប់គ្រាន់។ ក្រុមបច្ចេកទេស ក៏បានពិនិត្យមើល ឱ្យមានការកែតម្រូវផងដែរ ប្រសិនបើមានការខ្វះខាត។ ដូច្នេះ គណបក្សទាំងនេះ បានបំពេញលក្ខខណ្ឌទាំង១០ រួចរាល់អស់ហើយ។ (គ.ជ.ប) បានទទួលស្គាល់ចុះបញ្ជីគណបក្សទាំងបួននេះ ជាផ្លូវការ។ ដូច្នេះ គណបក្សនយោបាយទាំងនេះ នឹងត្រៀមទៅប្រកួតប្រជែងការបោះឆ្នោតជាតិ នាពេលខាងមុខ » ។
គណបក្ស៤ ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ដោយគ.ជ.ប ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានដោះលែងពីពន្ធនាគារប៉ុន្មានថ្ងៃ កន្លងទៅនេះ។
គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រហូតមកដល់ពេលនេះ មានចំនួន ៤១ ប៉ុន្តែមិនបានចុះបញ្ជីនៅគ.ជ.ប ទាំងអស់នោះទេ។ ក្នុងចំណោមគណបក្សនយោបាយ ទាំង ៤១ នេះ គឺគ្មានឈ្មោះគណបក្សសង្គ្រោះជាតិទេ ដោយសារតែរបបលោក ហ៊ុន សែន បានរម្លាយគណបក្សនេះចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ និងបានហាមឃាត់សិទ្ធិធ្វើនយោបាយ ចំពោះតំណាងរាស្ត្រជាប់ឆ្នោតទាំង ៥៥រូប និងមន្ត្រីជាន់ខ្ពស់ ដែលជាក្បាលម៉ាស៊ីនបក្សប្រឆាំងនេះសរុប ១១៨រូបឯណោះ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា សម្រាប់គណបក្សផ្សេងទៀត ដែលមិនបានចុះបញ្ជី តាម ការកំណត់របស់ គ.ជ.ប គឺមិនមានឱកាសបានចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា នោះឡើយ។
ការបាត់បង់ឱកាស ដោយសារតែការមិនព្រមផ្ដល់នីតិសម្បទាឱ្យគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សនេះ អាចចូលរួមក្នុងជីវភាពនយោបាយឡើងវិញ ដើម្បីអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ទៅខាងមុខ ដូច្នេះគណបក្សសង្គ្រោះជាតិ បានថ្កោលទោសរបបលោក ហ៊ុន សែន និងគ.ជ.ប ព្រោះបានដកជម្រើសរបស់ពលរដ្ឋខ្មែរម្ចាស់ឆ្នោត និងបង្ហាញច្បាស់ថា ការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ គឺជាការបោះឆ្នោតក្លែងក្លាយ មិនឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ និងជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រៅពីគណបក្សសង្គ្រោះជាតិ មានគណបក្សនយោបាយចំនួន ៥ផ្សេងទៀត បានប្រកាសធ្វើពហិការ ចូលរួមការបោះឆ្នោតខាងមុខនេះទេ។ គណបក្សដែលប្រកាសមិនចូលរួម ការបោះឆ្នោតទាំងនោះ រួមមាន គណបក្សអំណាចខ្មែរ គណបក្សភ្លើងទៀន (ដែលកើតចេញពីគណបក្ស សម រង្ស៊ី) គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សសិទ្ធិមនុស្ស (របស់លោក កឹម សុខា កាលពីមុន) និងគណបក្សជាតិនិយម។ មូលហេតុនៃការប្រកាសធ្វើពហិការនេះ រួមមាន ការចោទប្រកាន់ថា គ.ជ.ប មិនឯករាជ្យ ហើយ ធ្វើការមិនបានល្អ និងស្ថានភាពនយោបាយច្របូកច្របល់ គ្មានការដោះស្រាយ ឬបើចូលរួមបោះឆ្នោត គឺគ្រាន់តែមកលម្អឆាកល្ខោន ឱ្យរបបផ្ដាច់ការរៀបចំការបោះឆ្នោតក្លែងក្លាយ ដើម្បីបន្តកាន់អំណាច របស់ខ្លួនតែប៉ុណ្ណោះជាដើម។
ទោះបីជាកាលបរិច្ឆេទឈប់ចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត បានបិទបញ្ចប់កាលពីថ្ងៃទី១៤ ខែឧសភា ទៅហើយក្តី សង្គមស៊ីវិលនៅតែអំពាវនាវឱ្យគ.ជ.ប និងរបបលោក ហ៊ុន សែន បើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ព្រោះបើគ្មានវត្តមានគណបក្សប្រឆាំងនេះ លទ្ធផលឆ្នោតនឹងគ្មានការ ទទួលស្គាល់ជាផ្លូវការឡើយ ទោះបីជាមានគណបក្សនយោបាយតូចៗចូលរួម ច្រើនយ៉ាងក្តី។
មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការ ខុមហ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ការទុកពេល ៥ថ្ងៃសម្រាប់គណបក្ស ដែលបានចុះ(បញ្ជី) តែមិនទាន់បំពេញឯកសារគ្រប់គ្រាន់នេះ គឺមិនមែនជារឿងថ្មី និងគ្មានបញ្ហាឡើយ ប៉ុន្តែលោកសម្គាល់ឃើញថា គណបក្សដែលបានចុះបញ្ជីទាំងនេះ មិនមានកម្លាំង ស្មើជាមួយគណបក្សកាន់អំណាចនោះឡើយ៖ « យើងមិនធ្វើការវាយតម្លៃ និងសន្និដ្ឋានបន្តទៀតទេ គ្រាន់តែឱ្យតម្លៃការសន្និដ្ឋានមួយ ត្រង់ចំណុចថា គណបក្សដែលធ្វើការប្រកួតប្រជែង ក្នុងការចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ មកត្រឹមថ្ងៃដែលបានប្រកាសនេះ គឺថាគ្មានគណបក្សណាមួយ ដែលមានកម្លាំងអាចប្រកួតប្រជែងស្មើនឹងគណបក្សកាន់អំណាចទេ។ នេះគឺអ្វីដែលយើងមើលឃើញ » ។
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា គ.ជ.ប គួរតែធ្វើអ្វី ដែលខ្លួនអាចធ្វើទៅបាន ដើម្បីអនុញ្ញាតឱ្យគ្រប់គណបក្សនយោបាយទាំងអស់ អាចចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ព្រោះពលរដ្ឋមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ និងសិទ្ធិសម្រេចជ្រើសរើសមេដឹកនាំ ទៅតាមការពេញចិត្តរបស់ខ្លួន។
សហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផង សុទ្ធតែបានព្រមានរបបលោក ហ៊ុន សែន រួចទៅហើយថា នឹងមិនទទួលស្គាល់ការបោះឆ្នោតជាតិខាងមុខនេះទេ បើមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតខាងមុខនេះ៕