មន្ត្រី​គ.ជ.ប​រិះគន់​ជំនួយ​អាមេរិក​ឲ្យ​កន្លង​មក​មានតែ​ឡាន​កញ្ចាស់​៤​គ្រឿង

មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​រិះគន់​ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក ឧបត្ថម្ភ​ឲ្យ​គ.ជ.ប កន្លង​មក មិន​មាន​អ្វី​ច្រើន​ទេ គឺ​មានតែ​រថយន្ត​ចាស់ៗ ចំនួន​៤​គ្រឿង​ប៉ុណ្ណោះ។

អគ្គលេខាធិការ​រង​គ.ជ.ប លោក សោម សូរីដា បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ប្រព័ន្ធ​ឃោសនា​ក្នុងស្រុក​មួយ​ចំនួន ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​កាត់ផ្ដាច់​រាល់​ជំនួយ​ទៅកាន់​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត​ទាំងអស់៖ «សូម​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ពេល​មុន​នេះ ផ្តល់​ជំនួយ​ដល់ គ . . ប មានតែ​រថយន្ត​ស៊ីខេន ហេន [second hand] ( រថយន្ត​មួយ​ទឹក ) ៤ គ្រឿង​តែប៉ុណ្ណោះ ដ៏​កញ្ចាស់ គឺ​ម៉ាក​ហ្វត (Ford) ដែល​យើង​យក​មក​ប្រើ​ប្រាស់ សូម​បញ្ជាក់​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មេត្តា​យល់​អំពី​អ្វី​ដែល​យើង​ចង់​ធ្វើ សំខាន់​បំផុត​ការងារ​គ . . ប ធ្វើ​តាម​រដ្ឋធម្មនុញ្ញ»។

ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប​នេះ គឺ​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​កន្លងមក។ កាលពី​ខែ​មេសា ឆ្នាំ​២០១៧ មុន​កាល​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ​សហរដ្ឋអាមេរិក បាន​ផ្ដល់​ជំនួយ​ចំនួន ជិត​២​លាន​ដុល្លារ (១.៨លាន​ដុល្លារ) ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ប៉ុន្តែ ក្រោយ​ពី​គ.ជ.ប បាន​ដកហូត​អាសនៈ​ជិត​ពាក់​កណ្ដាល របស់​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ជាប់ឆ្នោត តាម​ច្បាប់​ដែល​បង្កើត​ដោយ​ឯកបក្ស​របស់​គណបក្ស​កាន់អំណាច សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​កាត់ផ្ដាច់​រាល់​ជំនួយ​ទាំងអស់ ដែល​ធ្លាប់​ផ្ដល់​ទៅ​ឲ្យ​គ.ជ.ប។

សម្រាប់​ការ​បោះឆ្នោត ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខ តាម​បញ្ជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក សោម សូរីដា ឲ្យ​ដឹង​ថា គ.ជ.ប​នឹង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ជាង ៥៣​លាន​ដុល្លារ ដោយ​មិនទាន់​គិត​ពី​ថវិកា​បាន​មក​ពី​ជំនួយ​របស់​ប្រទេស​កុម្មុយនិស្ត​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។