គ.ជ.ប ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤ ជូន​ដល់​ប្រធាន អនុប្រធាន ជំនួយ​ការ​នៃ​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត តំណាង​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរ​ការ​បោះ​ឆ្នោត​ថ្ងៃ​អនាគត។

សម្រាប់​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ថ្លែង​ថា គ.ជ.ប គួរ​ផ្អាក​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤ ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប.ថ្មី បង្កើត​ឡើង​ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ឥត​ប្រយោជន៍។

លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ចូលរួម​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ការ​បណ្ដុះ​បណ្ដាល​នេះ គឺ​មាន​បំណង​បង្កើន​ការ​យល់​ដឹង​ដល់​អ្នក​ពាក់ព័ន្ធ និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤។ លោក​បន្ត​ថា គ.ជ.ប នឹង​បន្ត​សកម្មភាព​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នេះ​ឲ្យ​ស្រប​ទៅ​តាម​បទបញ្ជា និង​នីតិវិធី​បោះ​ឆ្នោត​មិន​ផ្លាស់​ប្ដូរ​ទេ ទោះ​មាន​សង្គម​ស៊ីវិល​ខ្លះ ស្នើ​ឲ្យ​ផ្អាក​សកម្មភាព​នេះ។

នៅ​ក្នុង​ពិធី​បណ្ដុះ​បណ្ដាល ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ក្រសួង​មហាផ្ទៃ ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា លោក អ៊ឹម សួស្តី ឆ្លៀត​ដៀមដាម និង​រិះគន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​បាន​លូក​ដៃ​ចូល​ក្នុង​សកម្មភាព​ការងារ​របស់ គ.ជ.ប។ លោក​បន្ត​ថា ដរាប​ណា​មិន​មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប.ថ្មី មក​ជំនួស គ.ជ.ប ដែល​នៅ​ជា​ធរមាន នឹង​នៅ​តែ​បន្ត​អនុវត្ត​បទបញ្ជា និង​នីតិវិធី​ឲ្យ​ស្រប​តាម​ច្បាប់​បោះ​ឆ្នោត។

លោក អ៊ឹម សួស្តី បាន​ស្នើ​ដល់​យុវជន​គ្រប់​អាយុ​បោះ​ឆ្នោត ឬ​ពលរដ្ឋ​ដទៃ​ទៀត ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​២០១៤ ឲ្យ​បាន​ទាំងអស់​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា នៅ​តាម​ឃុំ​សង្កាត់​រៀងៗ​ខ្លួន។

ទាក់ទិន​បញ្ហា​នេះ សម្រាប់​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​ស្នើ​ឲ្យ គ.ជ.ប ផ្អាក​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤ ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប.ថ្មី ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​កុំ​ឲ្យ​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (Nicfec) មាន​ប្រសាសន៍​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤ នេះ មិន​ចាំបាច់​ទេ ព្រោះ​នាំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ឥត​អំពើ។ លោក​បន្ត​ថា តាម​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក បាន​ព្រមព្រៀង​គ្នា​ថា នឹង​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប.ថ្មី និង​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ។ លោក​បន្ត​ថា គ.ជ.ប នៅ​មាន​ពេល​ច្រើន ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨៖ «បញ្ហា​នេះ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូចជា​សភា គួរ​តែ​សម្រេច​ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកា​ជាតិ។ ហើយ​បើ​ផ្អែក​ទៅ​លើ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ហ្នឹង គឺ​បាន​បង្ហាញ​ជាក់​ហើយ​ថា នឹង​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី»

ចំណែក​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfel) ក៏​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤ គឺ​មិន​ចាំបាច់​ទេ ហើយ​បាន​ស្នើ​ដល់​រដ្ឋសភា មាន​ចំណាត់​ការ​ផ្អាក​សកម្មភាព​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​បញ្ជី​ឈ្មោះ​ឆ្នាំ​២០១៤ ជា​បណ្ដោះអាសន្ន ដើម្បី​កុំ​ឲ្យ​ចាយ​វាយ​ថវិកា​ជាតិ​ឥត​ប្រយោជន៍៖ «គ.ជ.ប អាច​ដែរ គឺ​អាច​ដាក់​សំណួរ​ហ្នឹង​ទៅ​គណបក្ស​ទាំង​ពីរ ថា​តើ​ខ្លួន​គួរ​តែ​បន្ត​ធ្វើ​ទេ បើ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង បក្ស​ទាំង​ពីរ​ថា​ធ្វើ​បញ្ជី​ថ្មី​ហ្នឹង? យើង​អាច​សួរ​នាំ​ដែរ​ថា ស្អី​ទៅ​បញ្ជី​ថ្មី​ហ្នឹង? ព្រោះ​ថា​បញ្ជី​ថ្មី​ហ្នឹង មិន​មែន​មាន​ន័យ​ថា ប្រើ​បញ្ជី​បច្ចុប្បន្ន​ហ្នឹង​ទេ? ព្រោះ​បើ​កាល​ណា​គេ​ធ្វើ​ហ្នឹង គេ​ច្រើន​ប្រើ​ពាក្យ​ថា ធ្វើ​បច្ចុប្បន្ន​ភាព គឺ​គេ​អត់​ប្រើ​ពាក្យ​ធ្វើ​បញ្ជី​ថ្មី​ទេ។ ចឹង​ទៅ យើង​អាច​សួរ​ទៅ​គណបក្ស​ទាំង​ពីរ​ដែរ ដើម្បី​កុំ​ឲ្យ​ចំណាយ​ថវិកា​ខ្ជះខ្ជាយ​ចោល។ ព្រោះ​គេ​ត្រូវ​ធ្វើ​បញ្ជី​ថ្មី ព្រោះ​គណបក្ស​ទាំង​ពីរ​ហ្នឹង បាន​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​បញ្ជី​ថ្មី​ហ្នឹង​ហើយ។ ហើយ​យើង​ស្នើ​ឲ្យ​រដ្ឋសភា​ហ្នឹង ធ្វើ​ជា​អន្តរ​បញ្ញត្តិ​ពិសេស​អ្វី​មួយ ដើម្បី​ឲ្យ គ.ជ.ប ផ្អាក​ការ​ពិនិត្យ និង​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត»

មន្ត្រី គ.ជ.ប បាន​ព្យាករ​ថា អត្រា​ពលរដ្ឋ​ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤ អាច​មាន​អ្នក​បោះ​ឆ្នោត​ថ្មី ឬ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​ជិត ១០​លាន​នាក់ (៩.៩៥១.៩១៥​នាក់)។ នៅ​គ្រា​ចំនួន​អ្នក​បោះ​ឆ្នោត​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មាន​ចំនួន​ជាង ៩​លាន ៧​សែន​នាក់ (៩.៧៣២.៥៣១​នាក់)។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១៤ នេះ អាច​ត្រូវ​ចំណាយ​ថវិកា​ចំនួន ១​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។