សង្គមស៊ីវិលបារម្ភកាន់តែខ្លាំង ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ទាប់ពីពិនិត្យឃើញថា រយៈពេល ៦ខែនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនបានផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងនោះឡើយ។ សហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណាក់កាល ៦ខែដំបូង នៃការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១២ សីហាស្អែកនេះ។
សហជីព និងអង្គការមិនមែនរដ្ឋាភិបាល អំពាវនាវយ៉ាងទទូចដល់របបលោក ហ៊ុន សែន ឱ្យងាកមកស្តារស្ថានការណ៍ធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ នៅគ្រាដែលឱសានវាទព្យួរប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុប កាន់តែខិតជិតចូលមកដល់។
ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប លោក រ៉ុង ឈុន កត់សម្គាល់ថា រដ្ឋាភិបាលមិនបានកែប្រែអ្វីជាដុំកំភួនឡើយ ក្នុងរយៈពេល ៦ខែនៃនីតិវិធីត្រួតពិនិត្យ និងវាយតម្លៃស្ថានការណ៍នៅកម្ពុជានេះ។ ផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលបានបន្ថែមការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងលើសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន។ លោកបន្តថា និន្នាការបែបនេះ បង្កជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់សហជីព និងកម្មករ-កម្មការិនី ហេតុដូច្នេះហើយទើបបានជាពួកលោកគ្រោងធ្វើបាតុកម្មទាមទារឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៖ «ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹតបន្តឹង ហើយការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សប្រឆាំងនៅតែបន្ត ដូច្នេះស្ថានភាពដែលកើតកន្លងមកហ្នឹង រដ្ឋាភិបាលមិនបានកែលម្អ។ យើងគិតថា បើរដ្ឋាភិបាលមិនបានកែលម្អទេ បញ្ហា EBA ហ្នឹងនឹងប្រឈមទៅនឹងការបាត់បង់ ដោយសហភាពអឺរ៉ុបនឹងដក ហើយនៅពេលដែលដក ពេលហ្នឹងហើយដែលកម្ពុជាយើងមានផលប៉ះពាល់ធំធេងណាស់»។
សហភាពអឺរ៉ុបនឹងបិទបញ្ចប់នីតិវិធី៦ ខែដំបូង ក្នុងការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅថ្ងៃទី១២ សីហា បន្ទាប់ពីបានប្រកាសជាផ្លូវការពីនីតិវិធីពិចារណាព្យួរប្រព័ន្ធអនុគ្រោះពន្ធ កាលពីថ្ងៃទី១២ កុម្ភៈកន្លងទៅ។ ក្នុងរយៈពេល ៦ខែនេះ សហភាពអឺរ៉ុបបានបញ្ជូនបេសកជនស្វែងរកការពិតមកកម្ពុជាចំនួន ២ដង ដើម្បីពិនិត្យមើលបន្ថែមអំពីស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលធ្លាក់ចុះដុនដាបនៅកម្ពុជា។
ក្រោយបញ្ចប់ដំណាក់កាល ៦ខែដំបូងនេះ សហភាពអឺរ៉ុបនឹងចាប់ផ្ដើមដំណាក់កាលទីពីរ ដែលមានរយៈពេល ៣ខែ គឺចាប់ពីខែសីហា ដល់ខែតុលាខាងមុខ។ ដំណាក់កាលនេះ គឺជាពេលវេលាសរសេររបាយការណ៍ និងសរុបលទ្ធផលនៃដំណាក់កាលតាមដាន ៦ខែដំបូង។ បន្ទាប់មក នៅដំណាក់កាលទីបី ចាប់ពីខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងបិទបញ្ចប់នីតិវិធី ១២ខែនេះ រួចសម្រេចចិត្តជាស្ថាពរថា តើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។ បើសហភាពអឺរ៉ុប សម្រេចព្យួរការអនុគ្រោះពន្ធនេះមែន នោះសហភាពអឺរ៉ុប នឹងទុកពេលឱ្យរបបក្រុងភ្នំពេញ ៦ខែទៀត ដើម្បីត្រៀមខ្លួន មុននឹងសេចក្ដីសម្រេចនេះចូលជាធរមាន នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២០ ខាងមុខ។ នៅពេលព្យួរការអនុគ្រោះពន្ធនេះមកដល់ កម្ពុជានឹងត្រូវបង់ពន្ធ ចំពោះការនាំទំនិញចូលទៅលក់នៅទីផ្សារអឺរ៉ុប។
បើត្រូវបង់ពន្ធមែន នោះកម្ពុជានឹងត្រូវខាតបង់ថវិកាជិត ៧០០លានដុល្លារអាមេរិក ចំពោះការនាំចេញផលិតផលទៅលក់នៅទីផ្សារអឺរ៉ុប ហើយពេលនោះ ក្រុមហ៊ុនមួយចំនួនអាចនឹងពិចារណាដកការវិនិយោគរបស់ខ្លួនទៅប្រទេសដទៃ ដែលមានលក្ខខណ្ឌវិនិយោគល្អជាងកម្ពុជា។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការលើកឡើងទាំងឡាយរបស់ក្រុមសង្គមស៊ីវិល គឺជាសិទ្ធិសេរីភាពរបស់ពួកគេ។ លោកបន្តថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហា EBA ដោយយកចិត្តទុកដាក់ជាមួយភាគីសហភាពអឺរ៉ុប ដើម្បីរក្សាបាននូវការអនុគ្រោះពន្ធនេះ។ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលក៏ត្រូវធានានូវការអនុវត្តច្បាប់ ក្នុងនាមជារដ្ឋអធិបតេយ្យដែរ៖ «ចំពោះនីតិវិធី EBA នេះ គឺខាងរដ្ឋាភិបាលបានធ្វើកិច្ចសហការ និងចូលរួមយ៉ាងពេញលេញដោយយកចិត្តទុកដាក់ រួមទាំងមានការជួបពិភាក្សា ការដាក់ជូនរបាយការណ៍ ការបកស្រាយបំភ្លឺទិដ្ឋភាពច្បាប់ ទិដ្ឋភាពសិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នយោបាយ គ្រប់បែបយ៉ាងទាំងអស់ ដើម្បីបញ្ជាក់ថា អ្វីដែលជាការចោទប្រកាន់ពីខាងសង្គមស៊ីវិល ឬក៏ក្រុមដែលមាននិន្នាការប្រឆាំងនោះ វាមិនត្រឹមត្រូវទេ ហើយអ្វីដែលយើងធ្វើ គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការលើកតម្កើងសិទ្ធិសេរីភាព និងនីតិរដ្ឋរបស់កម្ពុជា»។
បន្ថែមពីលើនេះ របបក្រុងភ្នំពេញធ្លាប់អះអាងថា ខ្លួនបានប្រឹងប្រែងពង្រឹងលំហប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងសង្គម ដោយអនុវត្តតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ កាលពីចុងឆ្នាំ២០១៨ កន្លងទៅ។ របបនេះក៏បានបញ្ជាក់ទៅប្រតិភូអឺរ៉ុបថា បញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ និងបញ្ហាដីធ្លីជាដើម មានការវិវឌ្ឍវិជ្ជមានទៅមុខយ៉ាងច្រើន ហើយស្នើសុំសហភាពអឺរ៉ុបឱ្យទទួលស្គាល់សមិទ្ធផលទាំងនេះផង។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល និងសហជីពអះអាងថា ស្ថានការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនៅកម្ពុជា មានការវិវឌ្ឍតិចតួចបំផុត នោះគឺការទម្លាក់ចោលបណ្ដឹងលើថ្នាក់ដឹកនាំសហជីពមួយចំនួន និងការកែប្រែច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ក៏ប៉ុន្តែ ការទាមទាររបស់សហភាពអឺរ៉ុប ឱ្យដោះលែងលោក កឹម សុខា អនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ផ្ដល់អាសនៈក្រុមប្រឹក្សាសង្កាត់ដល់មន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិវិញ និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញនោះ គ្មានដំណើរការទៅមុខឡើយ។
មិនត្រឹមតែមិនស្ដារស្ថានការណ៍ឡើងវិញនោះទេ របបនេះបានកោះហៅមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានប្រមាណ ១៥០នាក់ ឱ្យចូលឆ្លើយបំភ្លឺរឿងបំពានសាលដីកាតុលាការកំពូល និងចាប់ខ្លួនមនុស្សមួយចំនួនដាក់ពន្ធនាគារថែមទៀត។ ក្រៅពីនេះ របបនេះរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកាន់តែខ្លាំង ដោយមិនអនុញ្ញាតឱ្យមានការជួបប្រជុំ ឬប្រមូលផ្តុំសម្ដែងមតិដោយសន្តិវិធីឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ទោះជារដ្ឋាភិបាលកម្ពុជាប្រឹងបកស្រាយយ៉ាងណាក៏ដោយ ក៏សហភាពអឺរ៉ុបមិនជឿជាក់ដែរ ពីព្រោះស្ថានភាពជាក់ស្ដែង កម្ពុជាកំពុងមានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រជាធិបតេយ្យដើរធាក់ថយក្រោយ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលពិតជាមានបំណងរក្សាការអនុគ្រោះពន្ធ EBA មែន រដ្ឋាភិបាលត្រូវតែស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ លោកបន្ថែមថា បើរដ្ឋាភិបាលនៅតែធ្វើដូចសព្វថ្ងៃ កម្ពុជានឹងចៀសមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ឡើយ៖ «កម្ពុជាយើងហាក់បីដូចជាមិនទាន់មានការខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ ហើយជាពិសេស គឺពាក់ព័ន្ធនឹងការអនុវត្តច្បាប់។ ការអនុវត្តច្បាប់ ជាការអនុវត្តមែនហើយ ប៉ុន្តែបើគេមើលមកទិដ្ឋភាពនៃការអនុវត្តហ្នឹង មើលទៅឃើញថា វាមានលក្ខណៈជានយោបាយច្រើនជាងការអនុវត្តច្បាប់ អាហ្នឹងគឺគេនឹងរិះគន់ ហើយឱ្យមានការកែលម្អហ្នឹង។ ដូចជា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង ការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស ឬក៏អ្នកកាសែតកន្លងមក អាហ្នឹងគឺគេមើលការអនុវត្តជាក់ស្ដែង អ៊ីចឹងអ្វីដែលសំខាន់ មិនមែនការឆ្លើយតបតាមរបាយការណ៍ ឬក៏តាមលិខិតនោះទេ»។
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ថ្លែងប្រាប់សារព័ត៌មានបរទេសកាលពីដើមខែសីហានេះថា សហភាពអឺរ៉ុបមិនផ្លាស់ប្តូរជំហរឡើយជុំវិញបញ្ហា EBA នេះ។
អ្នកស្រីអះអាងជាថ្មីទៀតថា កម្ពុជាអាចទទួលបានការអនុគ្រោះពន្ធ EBA បន្តទៅទៀត លុះត្រាតែរបបក្រុងភ្នំពេញគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារផងដែរ។ អ្នកស្រីបន្ថែមថា របបលោក ហ៊ុន សែន ខ្លួនឯងទេ ដែលជាអ្នករុញសហភាពអឺរ៉ុបឱ្យអនុវត្តនីតិវិធីព្យួរការអនុគ្រោះពន្ធពីកម្ពុជា។ ទោះជាយ៉ាងនេះក្តី អ្នកស្រីបញ្ជាក់ថា បើរបបក្រុងភ្នំពេញព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះ ទណ្ឌកម្មនេះនឹងអាចបញ្ចៀសបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។