មន្ត្រី​សិទ្ធិមនុស្ស​បន្ត​ស្នើ​សាលាឧទ្ធរណ៍​ពន្លឿន​វិធី និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​កញ្ញា សេង ធារី

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​តុលាការ​ពន្លឿន​សំណុំ​រឿង កញ្ញា សេង ធារី ដែល​ជាប់​គាំង​ជាង ១​ឆ្នាំ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ ដើម្បី​ផ្តល់​យុត្តិធម៌ និង​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ពួកគេ​យល់ថា​ការ​អូស​បន្លាយ​សំណុំ​រឿង​នេះ​នៅ​សាលាឧទ្ធរណ៍​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាប់ចោទ។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ​គួរ​ពន្លឿន​នីតិវិធី និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​លើ​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ ដោយ​គ្រាន់តែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ធានា​ដោយ​ច្បាប់​ជាតិ​និង​អន្តរជាតិ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់សម្គាល់​ថា ដំណើរការ​សំណុំរឿង​របស់​សកម្មជន​សិទ្ធិមនុស្ស ឬ​សកម្មជន​ផ្សេងទៀត​អាច​ដំណើរការ​លឿន ឬ​យឺត​អាស្រ័យ​បរិយាកាស​នយោបាយ​រវាង​គណបក្សប្រឆាំង​និង​បក្ស​កាន់អំណាច​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​។ ប៉ុន្តែ​លោក​មើលឃើញ​ថា ស្ថានភាព​នយោបាយ​តានតឹង​ដូច​សព្វថ្ងៃ​នេះ​វាសនា​របស់​អ្នក​ជាប់​ទាំងនោះ​នឹង​បន្ត​ជាប់​ពន្ធនាគារ ហើយ​ពួកគេ​ក៏​មិនសូវ​ទទួល​បាន​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់ និង​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។

លោក នី សុខា៖ «សំណុំ​គួរតែ​បាន​ស៊ើបអង្កេត​បាន​ពេញលេញ ឬ​បាន​ស៊ើប​មូល​ក្នុង​ដំណាក់កាល​នៃ​ការស៊ើបអង្កេត​របស់​សាលាដំបូង ដូច្នេះ​មូលហេតុ​អ្វី​បានទេ​សាលាឧទ្ធរណ៍​មាន​ពន្យារពេល មានការ​អូស​បន្លាយ​ពេល​វេលា​នៅក្នុង​ការ​បើ​សា​វនា​ការ​ចំពោះ​ករណី​កញ្ញា សេង ធារី នេះ​ជា​រឿង​មួយ​ដែល​វា​កំពុង​មាន​ការរំលោភ​លើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​មួយ​ដោយ​យុត្តិធម៌​ឆាប់រហ័ស ឬក៏​ទទួល​បាន​យុត្តិធម៌»។

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នៅខាង​មុខ​តុលាការ​ក្រុងភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​កញ្ញា​ជាប់ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ​ចោទ​រួមគំនិត​ក្បត់​ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។ មួយថ្ងៃ​បន្ទាប់មក​តុលាការ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​នៅ​ឆ្ងាយ​ពី​បងប្អូន​និង​មិត្តភក្ដិ​ជាដើម​។ ប៉ុន្តែ​កាល​ពី​ថ្ងៃទី​២៣ ខែ​កញ្ញា អាជ្ញាធរ​បាន​ផ្ទេរ​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ក្នុង​រាជធានី​ភ្នំពេញ​វិញ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក​ផ្ទួនៗ​គ្នា​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​លើ​ទឹកដី​អាមេរិក។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ប្លង់ សំណាង និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សាកសួរ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា​ទោះបី​នីតិវិធី​មិនបាន​កំណត់​ថេរវេលា​ជាក់លាក់​ទាក់ទង​នឹង​ការ​បើក​សវនាការ​ក្រោយ​ប្តឹង​ជំទាស់​សាលក្រម​សាលាដំបូង នៅ​សាលាឧទ្ធរណ៍​យ៉ាងណា​ក្តី តែ​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​ទទួលស្គាល់​នោះ​តម្រូវ​ឱ្យ​សវនាការ​នៅ​តុលាការ​ត្រូវ​ធ្វើ​ឡើ​ង​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​ជន​ជាប់ចោទ។

លោក អំ សំអាត៖ «ខ្ញុំ​យល់​ឃើញ​ថា ករណីនេះ​គួរតែ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ​នៃ​លំហ​សេរី​ភាពជា​មូលដ្ឋាន និង​លំហ​សេរីភាព​ផ្នែក​នយោបាយ​ហ្នឹង​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​របស់​យើង​មាន​ឆន្ទៈ​ក្នុង​ការ​កែ​លម្អ ឬ​ដោះស្រាយ​លើ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ផង​នោះ​បាទ»។

កាល​ពី​ពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ថ្មី​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​វិញ​ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់​អាច​ចូលរួម​បាន​ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ ហើយ​ដោះលែង សកម្មជន​នយោបាយ រួម​ទាំង​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ​-​ខ្មែរ​អាមេរិកកាំង គឺ​កញ្ញា សេង ធារី ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។