សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាចូលរួមការបោះឆ្នោតឃុំសង្កាត់ ដើម្បីជ្រើសរើសតំណាងគណបក្សនយោបាយណាដែលគិតគូរពីផលប្រយោជន៍របស់ពួកគេ។
ស្របពេលដែលការបោះឆ្នោតឃុំសង្កាត់នឹងធ្វើឡើងនៅខែមិថុនាខាងមុខនេះ សមាគមខ្មែរកម្ពុជាក្រោមនៅក្នុងនិងក្រៅប្រទេសជំរុញឲ្យពលរដ្ឋខ្មែរក្រោម ប្រមាណ ១លាននាក់ ដែលកំពុងរស់នៅកម្ពុជាឲ្យចូលរួមដំណើរការបោះឆ្នោត។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ ខែមីនាថា ខ្មែរក្រោមអាចជ្រើសរើសតំណាងរបស់ពួកគេតាមរយៈការបោះឆ្នោត ដើម្បី ជួយដោះស្រាយបញ្ហាពួកគេដែលកំពុងជួបប្រទះ៖ « វាជាសិទ្ធិសេរីភាពរបស់ពួកគាត់ ក្នុងការជ្រើសរើស ពិចារណាទៅលើតំណាងរបស់ពួកគាត់ ពិសេសបក្សណាដែល គាត់យល់ថា បំរើពលរដ្ឋនិងជួយដោះស្រាយបញ្ហាប្រឈមរបស់គាត់»។
លោក សឺន ជុំជួន បន្តទៀតថា បច្ចុប្បន្នខ្មែរក្រោមប្រមាណពី ២០ និង៣០ភាគរយ ក្នុងចំណោម១លាននាក់គ្មានឯកសារដើម្បីអាចចុះឈ្មោះបោះឆ្នោត ដោយសារតែអាជ្ញាធរមូលដ្ឋានបានបង្កការលំបាកមិនផ្តល់អត្តសញ្ញាណប័ណ្ណនិងឯកសារផ្សេងទៀត។ លោក សឺន ជុំជួន ថា ខ្មែរក្រោមត្រូវធ្វើការតស៊ូមតិដើម្បីអាចទទួលបានឯកសារផ្សេងៗដើម្បីអាចចូលរួមការបោះឆ្នោតបាន។ បច្ចុប្បន្ន ខ្មែរក្រោមប្រមាណ១លាននាក់កំពុងរស់នៅកម្ពុជា។ ពួកគេបានចាកចេញពីស្រុកកំណើតដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាមនិងបញ្ហាសេដ្ឋកិច្ច។ ខ្មែរក្រោមប្រមាណ៧លាននាក់កំពុងរស់នៅលើទឹកដីកំណើតសព្វថ្ងៃ។ ពលរដ្ឋខ្មែរក្រោមដែលមករស់នៅកម្ពុជាមិនត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ជាខ្មែរនិងផ្តល់សញ្ជាតិខ្មែរឲ្យនោះទេ ដែលបញ្ហានេះ បណ្តាលឲ្យពួកគេបាត់បង់ផលប្រយោជន៍ផ្សេងៗ និងជួបបញ្ហាសេដ្ឋកិច្ច អប់រំ សុខាភិបាល និងរងការរើសអើងជាដើម។ កន្លងមកមន្រ្តីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថាខ្មែរក្រោមត្រូវបំពេញលក្ខខណ្ឌ័តាមច្បាប់អន្តោរប្រវេសន៍ដើម្បីទទួលបានសិទ្ធិរស់នៅកម្ពុជា នៅពេលដែលពួកគេមកពីកម្ពុជាក្រោមមករស់នៅកម្ពុជា។
ពាក់ព័ន្ធការបោះឆ្នោតនៅពេលខាងមុខនេះ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២មីនាថា សហព័ន្ធខ្មែរកម្ពុជាក្រោមមិនជ្រៀតជ្រែកចូលកិច្ចការងារនយោបាយរបស់កម្ពុជានោះទេប៉ុន្តែព្រះអង្គស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានជួយសម្រួលដល់ពលរដ្ឋខ្មែរក្រោមដើម្បីអាចឲ្យពួកគេចូលរួមការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខ៖ « ពលរដ្ឋខ្មែរដែលកំពុងរស់នៅកម្ពុជាបោះឆ្នោតជ្រើសរើសមេឃុំឬចៅសង្កាត់របស់ខ្លួនដើម្បីបានមេឃុំឬចៅសង្កាត់ល្អក្នុងជួយសម្រួលក្នុង លិខិតស្នាមផ្សេង។ ជាពិសេសយើងមានសិទ្ធិដើម្បីជ្រើសរើសមេដឹកនាំល្អ គិតពីផលប្រយោជន៍ជាតិ មិនរណបបរទេស»។
ស្រដៀងគ្នានេះដែរនាយកសហគមន៍ខ្មែរកម្ពុជាក្រោមនិងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក៏ជំរុញឲ្យខ្មែរក្រោមចូលរួមដំណើរការបោះឆ្នោតហើយជ្រើសរើសគណបក្សណាដែលបំរើផលប្រយោជន៍ខ្មែរទូទៅ៖« ខ្មែរក្រោមដែលរស់នៅកម្ពុជាភាគច្រើន ជាអ្នកគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់យួន ដូច្នោះយើងត្រូវតែជួយការពារដល់ពួកគាត់ឲ្យពួកគាត់អាចចូលរួមគណបក្សណាមួយដែលជួយការពារប្រយោជន៍របស់ពួកគាត់»។
ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ខែមិថុនាខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះឈ្មោះបេក្ខជនគណបក្សនយោបាយជាង៨ម៉ឺននាក់ ក្នុងចំណោម១៧ គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតឃុំសង្កាត់។ គណបក្ស ដែលមានបេក្ខជនចុះឈ្មោះច្រើនជាងគេរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀននិងគណបក្សហ៊ុនស៊ិនប៉ិច។ បេក្ខជន ជាង៨ម៉ឺននាក់នោះនឹងប្រកួតយកតំណែងក្រុមប្រឹក្សាចំនួន មួយម៉ឺនមួយពាន់ ៦រយ ២២ (១១.៦២២) អាសនៈ សម្រាប់១ពាន់៦រយ ហាសិបពីរ(១.៦៥២) ឃុំ សង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។