អ្នកជំនាញកសិកម្ម លោក នី ណាក់ ខកចិត្ត ដែលរយៈពេលជាង ១ខែមកនេះ អាជ្ញាធរនៅតែមិនអាចវែកមុខរកជនដៃដល់ ដែលវាយលោកឱ្យមានរបួស យកមកផ្ដន្ទាទោសតាមច្បាប់បាននៅឡើយ។ មន្ត្រីសង្គមស៊ីវិលកត់សំគាល់ថា អាជ្ញាធរហាក់ធ្វើការយឺតយ៉ាវ ចំពោះករណីលោក នី ណាក់ ដែលផ្ទុយពីរឿងឧក្រិដ្ឋជនមួយចំនួន ពាក់ព័ន្ធនឹងអ្នកមានលុយ មានអំណាច អាជ្ញាធរបែរជាចាត់វិធានការបានភ្លាមៗ។
អ្នកជំនាញកសិកម្មដែលតែងចេញមុខរិះគន់ចំៗ អំពីភាពអសកម្មរបស់មន្ត្រីរដ្ឋាភិបាល លោក នី ណាក់ អស់ជំនឿលើសមត្ថកិច្ចថា អាចនឹងផ្ដល់យុត្តិធម៌ជូនរូបលោក និងក្រុមគ្រួសារ។
លោក នី ណាក់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ តុលា ថា មកដល់ពេលនេះ សមត្ថកិច្ចនៅតែមិនមានតម្រុយពីក្រុមជនល្មើសដែលព្រួតវាយលោកស្ទើរស្លាប់ ស្ទើររស់នៅឡើយទេ។ លោកបន្តថា ប្រសិនបើសមត្ថកិច្ចពិតជាស្វះស្វែងរកជនល្មើសមែននោះ វាមិនពិបាកនោះទេពីព្រោះភស្តុតាងទាំងអស់មាននៅនឹងកាមេរ៉ាសុវត្ថិភាព ប៉ុន្តែលោកថានេះគឺជាចេតនារបស់អាជ្ញាធរមិនចង់រកយុត្តិធម៌ជូនលោក។
លោក នី ណាក់៖ «អ៊ីចឹងរឿងនេះ គឺជាអំពើនៃនិទ្ទណ្ឌភាពមួយ ដែលតែងតែកើតមានជាប្រចាំក្នុងបរិបទ នៃការដឹកនាំរបស់រដ្ឋាភិបាលទាំងអាណត្តិមុន និងអាណត្តិនេះ ហើយខ្ញុំនៅតែគិតថា អំពើឃាតកម្ម ឬក៏អំពើវាយដំហិង្សា ក៏ការប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកប្រឆាំង និងអ្នករិះគន់នៅតែមានបន្តទៅទៀតអ៊ីចឹង ដោយសារថា ចំណាត់ការរបស់តុលាការ ចំណាត់ការរបស់អាជ្ញាធរ គ្រាន់តែធ្វើឡើងឱ្យមហាជនស្ងប់ចិត្តតែប៉ុណ្ណឹង»។
កាលពីថ្ងៃទី១២ ខែកញ្ញា ជនមិនស្គាល់មុខមួយក្រុមបានជិះម៉ូតូបុកម៉ូតូលោក នី ណាក់ ឱ្យដួល នៅពេលលោក និងប្រពន្ធរបស់លោកកំពុងធ្វើដំណើរចេញពីម្ដុំវត្តចំពុះក្អែកសំដៅទៅផ្ទះ។ ក្រោយពីម៉ូតូរបស់លោក នី ណាក់ ដួលហើយនោះ មនុស្សប្រុសស្លៀកពាក់ខ្មៅ៤នាក់ មានពាក់មួកឃ្លុបបិទមុខជិត ក្នុងចំណោម ៨នាក់ បានស្ទុះដោះមួកសុវត្ថិភាពចេញពីក្បាលរបស់លោក នី ណាក់ និងបានសម្រុកវាយសន្ធាប់លើក្បាល លោកដោយដែកថ្នាំងអំពៅ បណ្ដាលឱ្យបែកក្បាលជាច្រើនកន្លែង ឈាមស្រោចខ្លួន និងសន្លប់នៅនឹងកន្លែង។
លោក នី ណាក់ គ្រោងនឹងទៅប្រទេសថៃ ដើម្បីពិនិត្យពីស្ថានភាពសុខភាពរបស់លោកម្ដងទៀត ពីព្រោះដៃខាងស្ដាំរបស់លោកមិនទាន់អាចចាប់កាន់របស់ធ្ងន់ និងខ្នងដៃមានសភាពហើម។ ចំណែកឯក្បាលរបស់លោកវិញ នៅតែឈឺត្រង់កន្លងថ្នេរដេរនៅឡើយ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា លោក ស្វាយ ដារ៉ា និង ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៥ ខែតុលា។ ក៏ប៉ុន្តែអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ធ្លាប់បានលើកឡើងថា ករណីអំពើហិង្សាលើលោក នី ណាក់ នេះ គឺជាអំពើហិង្សាមានស្ថានទម្ងន់ទោស ហើយអាចមានចេតនាចង់យកទ្រព្យសម្បត្តិ ខណៈលោក នី ណាក់ អះអាងថា អំពើហិង្សាដែលកើតមានលើរូបលោក និងប្រពន្ធរបស់លោក មិនមែនក្នុងគោលបំណងប្លន់នោះទេ ប៉ុន្តែគឺជាការប៉ុនប៉ងសម្លាប់ ឬបំបាក់ស្មារតីរបស់លោកទៅវិញទេ។
ទាក់ទងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួរតែពន្លឿននីតិវិធីស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីបញ្ចៀសការរិះគន់ថាអាជ្ញាធរអនុវត្តស្តង់ដារពីរទៅលើតែសកម្មជនសង្គម និងសកម្មជននយោបាយ។ លោកបន្តថា ការអនុវត្តច្បាប់ដែលគ្មានតម្លាភាពនឹងធ្វើឱ្យមានអំពើនិទ្ទណ្ឌភាពកាន់តែច្រើននៅក្នុងសង្គមកម្ពុជា។
លោក អំ សំអាត៖ «អាជ្ញាធរដែលពាក់ព័ន្ធហ្នឹង គឺត្រូវតែបង្ហាញពីតម្លាភាពក្នុងការស៊ើបអង្កេត ហើយស្វែងរកជនដៃដល់ហ្នឹង យកមកអនុវត្តតាមផ្លូវច្បាប់ ទី១ ដើម្បីធានាសុវត្ថិភាព និងយុត្តិធម៌នៅក្នុងសង្គម។ ទី២ ដើម្បីកុំឱ្យមានការចោទប្រកាន់ថា ជាការបំបាក់ស្មារតីនៃអ្នកបញ្ចេញមតិនៅក្នុងសង្គមជាតិ»។
គិតមកទល់ពេលនេះ សកម្មជននយោបាយបក្សប្រឆាំង និងសកម្មជនសង្គម ដែលជាជនរងគ្រោះនៃអំពើលួចវាយប្រហារពីជនមិនស្គាល់មុខ បានកើនឡើងដល់ចំនួនមាន ៥០នាក់ហើយ។ ប៉ុន្តែករណីវាយប្រហារទាំងអស់នេះ អាជ្ញាធរមិនបានចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសនោះទេសូម្បីតែមួយករណី។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដោយសារតែអាជ្ញាធរហាក់មិនយកចិត្តទុកដាក់ស្វែងរកជនល្មើសយកមកចាត់វិធានការតាមផ្លូវច្បាប់ ទើបករណីហិង្សាលើសកម្មជនសង្គម និងនយោបាយបន្តកើតឡើងជាឥតឈប់ឈរ ខណៈជនរងគ្រោះបន្តទទួលរងនូវភាពអយុត្តិធម៌ និងរស់នៅក្នុងសភាពភ័យខ្លាចជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។