ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ស្នើឱ្យតុលាការកំណត់ពេលវេលាជាក់លាក់ ដើម្បីប្រកាសសាលក្រម ក្នុងសំណុំរឿងប្ដីរបស់លោកស្រី ដោយលោកស្រីថា ការពន្យារពេលប្រកាសសាលក្រមរបស់តុលាការ ជាការដាក់សម្ពាធផ្លូវចិត្តលើគ្រួសារ។ ការទទូចនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ លើកពេលប្រកាសសាលក្រមសំណុំរឿងប្ដីលោកស្រី តាំងពីខែសីហា មកដល់សព្វថ្ងៃ។
ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ គឺលោកស្រី សុខ ស៊ីណែត ប្រាប់វិទ្យុ អាស៊ីសេរី នៅថ្ងៃទី២០ ខែតុលា ថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសំណុំរឿងប្ដីរបស់លោកស្រី កាលពីចុងខែកក្កដា ឆ្នាំ២០២៤ និងត្រូវប្រកាសសាលក្រមនៅថ្ងៃទី២២ ខែសីហា ប៉ុន្តែថ្ងៃនោះ តុលាការសម្រេចលើកពេលប្រកាសសាលក្រមវិញ។ លោកស្រីថា ចាប់តាំងពីខែសីហា ដល់ខែតុលា នេះ លោកស្រីមិនទាន់ទទួលដំណឹងអំពីការសម្រេចរបស់តុលាការនៅឡើយទេ ខណៈប្ដីរបស់លោកស្រីជាប់ពន្ធនាគារជាង ៩ខែមកហើយ។
លោកស្រី សុខ ស៊ីណែត៖ «ការដែលមិនដឹងថា គេត្រូវដាក់ទណ្ឌគាត់ប៉ុន្មានខែ ប៉ុន្មានឆ្នាំអ៊ីចឹងហ្នឹង វាធ្វើឱ្យយើងនឹងមានសម្ពាធផ្លូវចិត្ត។ យើងអត់ដឹងថា យើងអត់ដឹងថា គេត្រូវដាក់គាត់ប៉ុន្មានខែ ប៉ុន្មានឆ្នាំអ៊ីចឹង យើងចង់ដឹងថា តើគាត់មានទោសប៉ុន្មានខែ ប៉ុន្មានឆ្នាំបើបានដឹងអ៊ីចឹង យើងស្រួលធ្វើចិត្តវិញ ដល់ពេលអ៊ីចឹងវាឱ្យច្របូកច្របល់រងសម្ពាធផ្លូវចិត្ត»។
ចំណែកឯរឿងជនមិនស្គាល់មុខ ដែលប្រព្រឹត្តអំពើហិង្សាលើប្ដីរបស់លោកស្រីវិញ លោកស្រី សុខ ស៊ីណែត ថា ជាង ១ឆ្នាំមកនេះ លោកស្រីមិនបានទទួលព័ត៌មានពីសមត្ថកិច្ចនៅឡើយដែរថា តើក្រុមជនមិនស្គាល់មុខទាំងនោះ ដែលបានវាយដំប៉ុនប៉ងសម្លាប់ប្ដីរបស់គាត់ ជាអ្នកណា? លោកស្រីថា សំណុំរឿងនេះ គឺស្ងាត់ឈឹង។ លោកស្រីទាមទាររដ្ឋាភិបាល និងតុលាការ ឱ្យដោះលែងប្ដីរបស់លោកស្រីឱ្យនៅក្រៅឃុំ ដើម្បីឱ្យគាត់បានព្យាបាលជំងឺ និងអាចធ្វើការជួយប្រជាពលរដ្ឋ។
ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី២០ ខែតុលា ដោយសារទូរស័ព្ទចូល តែគ្មានអ្នកទទួល។
កាលពីថ្ងៃទី៥ ខែមករា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានសម្រេចឃុំខ្លួនអ្នកជំនាញកសិកម្ម និងជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម លោក នី ណាក់ នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ក្រោមបណ្ដឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោក នី ណាក់ រឿងកាត់ដី ៩១ហិកតា នៅខេត្តកំពត ឱ្យទៅបុគ្គលឈ្មោះ ហេង សួរ។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ដែលជាបុគ្គលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទាមទារសំណងជំងឺចិត្តពីលោក នី ណាក់ រហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក។
ក្រោយជាប់ឃុំនៅពន្ធនាគារព្រៃសមួយរយៈពេលខ្លីលោក នី ណាក់ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាមរហូតមកដល់សព្វថ្ងៃនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែតុលា ថា តុលាការ គួរកំណត់កាល បរិច្ឆេទឱ្យបានឆាប់ ក្នុងការប្រកាសសាលក្រម ដើម្បីបង្ហាញពីការអនុវត្តស្មើភាពគ្នា ចំពោះមុខច្បាប់។ លោកថា ការពន្យារពេលប្រកាសសាលក្រម ប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់ជនត្រូវចោទ។
លោក អំ សំអាត៖ «វាជាភាពអយុត្តិធម៌មួយសម្រាប់គាត់ហើយ នៅពេលអាជ្ញាធរចោទប្រកាន់ ឬក៏តុលាការចោទប្រកាន់គាត់ហើយធ្វើការឃុំខ្លួនគាត់ ពីបទល្មើសញុះញង់អី ប៉ុន្តែនៅពេលជនដៃដល់ប្រព្រឹត្តនូវអំពើហិង្សាធ្ងន់ធ្ងរសម្រាប់គាត់ ប៉ុន្តែមកទល់ពេលនេះ រកមិនទាន់ឃើញជនដៃដល់ ឬក៏ជនដែលប្រព្រឹត្តនៅឡើយ។ វាហាក់ដូចជាភាពអយុត្តិធម៌សម្រាប់គាត់ហ្នឹង វាធ្ងន់ធ្ងរ»។
ពាក់ព័ន្ធនឹងការប្រើហិង្សារបស់ជនដៃដល់លើលោក នី ណាក់ វិញ លោក អំ សំអាត យល់ថា ការរកមិនឃើញក្រុមជនដៃដល់ ដើម្បីយកមកឱ្យអនុវត្តទោសតាមច្បាប់ ក៏ជាការបង្ហាញពីការគំរាមកំហែងសិទ្ធិសេរីភាពបញ្ចេញមតិ ពីព្រោះការវាយដំលើលោក នី ណាក់ កន្លងមក ត្រូវបានសហគមន៍អន្តរជាតិសន្និដ្ឋានថា ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គមរបស់លោក។
លោក នី ណាក់ ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ឱ្យជាប់ពន្ធនាគារ ១៨ខែ ម្ដងរួចហើយ ពីបទ «ញុះញង់ឱ្យមានការរើសអើង និងការប្រមាថជាសាធារណៈ» ចំពោះការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ទាក់ទងនឹង ការទិញម៉ាស់ពាក់ឱ្យមាន់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
នៅមុនពេលជាប់ពន្ធនាគារជាលើកទី២ លោក នី ណាក់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានក្រុមជនមិនស្គាល់មុខ ប្រដាប់ដោយដំបងដែកព្រួតគ្នាវាយទាំងកណ្ដាលថ្ងៃ ក្នុងទីក្រុងភ្នំពេញ បណ្ដាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង។ មកដល់ពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយ សមត្ថកិច្ចក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនទាន់ចាប់ខ្លួនជនល្មើស មកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ ប៉ុន្តែ ជាក់ស្ដែង គឺលោក នី ណាក់ ជាជនរងគ្រោះ ដែលត្រូវគេវាយដំស្ទើរតែអស់ជីវិត កំពុងដេកក្នុងគុកត្រពាំងផ្លុងទៅវិញ។
កន្លងទៅ សហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថា ការឃុំខ្លួនអ្នកជំនាញកសិកម្ម លោក នី ណាក់ គឺជាការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធ ទៅលើអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល។ ពួកគាត់ថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងពីការគ្រប់គ្រងប្រទេសជាតិ តាមគន្លងផ្ដាច់ការរបស់លោក ហ៊ុន សែន ជាឪពុកដែរ ដែលប្រើគ្រប់វិធីក្ដៅ ដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។