ប្រធានព្រឹទ្ធសភានិងជាមេបក្សកាន់អំណាច លោក ហ៊ុន សែន លោកនៅតែស្រឡាញ់ឯកសណ្ឋាននាយករដ្ឋមន្ត្រីព្រោះធ្លាប់ស្លៀកពាក់វាយូរមកហើយដូច្នេះលោកសុំគ្រងឯកសណ្ឋាននេះទៅចូលរួមខួប២០ឆ្នាំនៃរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ។ អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងរិះគន់ថាការណ៍ដែលលោក ហ៊ុន សែន ស្លៀកពាក់ឬគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីខុសតួនាទីបែបនេះជាការមិនផ្ដល់តម្លៃឱ្យនាយករដ្ឋមន្ត្រីផ្លូវការមែនទែនគឺលោក ហ៊ុន ម៉ាណែត និងព្រះរាជពិធីរបស់ព្រះមហាក្សត្រ។
អ្នកសង្កេតការណ៍រិះគន់ថា លោក ហ៊ុន សែន នៅតែមិនដាច់អាល័យតួនាទីនាយករដ្ឋមន្ត្រីដោយលោកបានពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្របើទោះជាលោកអស់មុខតំណែងនេះជាង ១ឆ្នាំមកហើយក្ដី។មន្ត្រីបក្សកាន់អំណាចថ្លែងការពារលោក ហ៊ុន សែន ថា ការគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីមិនខុសទាស់អ្វីទេព្រោះលោក ហ៊ុន សែន បានប្រកាសជាសាធារណៈឱ្យដឹងជាមុនហើយ។
អ្នកសិក្សាច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើកឡើងថា ទាំងនេះជាការបង្ហាញពីឥរិយាបថមិនឱ្យតម្លៃពិធីផ្លូវការរបស់ជាតិនៃព្រះមហាក្សត្រនិងជាការមើលងាយមើលស្រាលទៅនឹងនាយករដ្ឋមន្ត្រីដែលជាកូនប្រុសរបស់ខ្លួន។លោករំលឹកថាកាលពីប៉ុន្មានឆ្នាំមុន លោក ហ៊ុន សែន បានពាក់វ៉ែនតាខ្មៅឈរថតក្នុងពិធីផ្លូវការជាមួយអង្គព្រះមហាក្សត្រថ្ងៃនេះលោកពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រីទាំងដែលលោកជាប្រធានព្រឹទ្ធសភា។
លោក វ៉ន់ ចាន់ឡូត៖ «ការបង្ហាញនូវឥរិយាបថខ្លះការគោរព និងឱ្យតម្លៃទៅដល់ពិធីផ្លូវការរបស់ជាតិរបស់ព្រះមហាក្សត្រ ជាប្រធានព្រឹទ្ធសភា គួរតែនូវឯកសណ្ឋានប្រធានព្រឹទ្ធសភា ពុំគួរប្រើឯកសណ្ឋាននាយករដ្ឋមន្ត្រីទេ ហើយមួយទៀត ជាការមើលងាយមើលស្រាលទៅនឹងសមត្ថភាពកូនប្រុសរបស់ខ្លួនឯងដែលកំពុងតែកាន់តួនាទីជានាយករដ្ឋមន្ត្រី»។
ប្រតិកម្មនេះធ្វើឡើងក្រោយពេលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ខែតុលា ថាលោកសុំពិធីការពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រីមិនពាក់ឯកសណ្ឋានប្រធានព្រឹទ្ធសភាទេក្នុងការចូលរួមខួប២០ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ។អតីតនាយករដ្ឋមន្ត្រីរូបនេះលើកហេតុផលថាព្រោះឯកសណ្ឋាននាយករដ្ឋមន្ត្រីលោកធ្លាប់ពាក់យូរឆ្នាំហើយ។
ព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីនៅថ្ងៃទី២៩ខែតុលាដែលជាថ្ងៃទី២នេះ ក៏មានការចូលរួមថ្វាយព្រះពរ ពីប្រធានរដ្ឋសភាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិផ្សេងទៀត។
ទាក់ទងរឿងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថាបើទោះជាលោក ហ៊ុន សែន ពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រីក្ដីក៏មិនខុសទាស់អីដែរ ព្រោះលោកប្រកាសជាសាធារណៈឱ្យដឹងរួចហើយ។លោកបន្តថា ប្រសិនបើលោកហ៊ុន សែន លួចស្លៀកពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមពិធីនេះទើបជាការខុសឆ្គង។
លោក សុខ ឥសាន៖ «ឥឡូវបើគាត់(លោក ហ៊ុន សែន)សុំជាសាធារណៈហើយមានខុសទាស់អី កុំឱ្យតែស្លៀកចែវចូលវាំងហ្នឹងវាខុស»។
មន្ត្រីរាជការឬប្រមុខស្ថាប័នរបស់ជាតិនៅពេលចូលរួមពិធីផ្លូវការរបស់ជាតិតែងមានឯកសណ្ឋានស្លៀកពាក់ទៅតាមមុខដំណែងនិងស្ថាប័នរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា រិះគន់ថានេះការបង្ហាញថា លោក ហ៊ុនសែន នៅតែមិនដាច់អាល័យតួនាទីនាយករដ្ឋមន្ត្រីបើទោះកូនប្រុសរបស់ខ្លួនបានធ្វើជានាយករដ្ឋមន្ត្រីជំនួសលោកក្ដី។លោកយល់ថា លោក ហ៊ុន សែន នៅតែដឹកនាំរដ្ឋាភិបាលនៅពីក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមិនផ្ដល់តម្លៃឱ្យលោក ហ៊ុន ម៉ាណែត។
លោក ម៉ន ផល្លា៖ «ខ្ញុំយល់ថា ពិធីការទាំងអស់នោះមិនមានអ្នកណាហ៊ានក្អកជាមួយលោក ហ៊ុន សែន ព្រោះលោក ហ៊ុន សែន គឺជាបុគ្គលដែលចិត្តឆេវឆាវហើយគាត់ធ្លាប់មានបាតដៃប្រឡាក់ឈាមផង បច្ចុប្បន្នកូនរបស់គាត់គ្រាន់តែជានិមិត្តរូបទេ តាមពិតគឺគាត់ទេដែលជាអ្នកបញ្ជានៅក្នុងក្របខ័ណ្ឌរបស់រដ្ឋាភិបាល»។
ត្បិតលោក ហ៊ុន សែនបានផ្ទេរដំណែងនាយករដ្ឋមន្ត្រីទៅកូនរបស់លោកជាងមួយឆ្នាំហើយក្ដីក៏លោកនៅតែបង្ហាញសកម្មភាពលូកដៃចូលការងារនាយករដ្ឋមន្ត្រីដូចជាការបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបបក្សប្រឆាំងបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនពលរដ្ឋបញ្ជាឱ្យតុលាការចោទប្រកាន់លើសកម្មជនសង្គមនិងលូកដៃចូលជ្រៅក្នុងកិច្ចការរបស់នាយករដ្ឋមន្ត្រីជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។