អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ត្រជាក់ តែ​ព្រះអង្គ​មិន​ទាន់​បាន​ព្យាយាម​សម្រប​សម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ

អតីត​មន្ត្រី​ជាន់ខ្ពស់ នៃ​គណបក្សហ៊្វុនស៊ិនប៉ិច និង​ក៏​ជា​មនុស្ស​ស្និទ្ធ​នឹង​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​លោក ប៉ែន សង្ហា លើក​ឡើង​ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មាន​គុណ​សម្បត្តិ​ជា​ច្រើន ដោយ​ព្រះអង្គ​បាន​​ព្យាយាម​បំពេញ​តួនាទី​តាម​​រដ្ឋធម្មនុញ្ញ គឺ​ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ តែ​មិន​កាន់​អំណាច​ ហើយ​ព្រះអង្គ​​​ក៏​​​ជា​ព្រះមហាក្សត្រ​ដែល​មាន​ព្រះទ័យ​ត្រជាក់​​​​ និង​តែង​បង្ហាញ​ស្នាម​ញញឹម​ទៅ​កាន់​​ប្រជារាស្ត្រ​របស់​ព្រះអង្គ។

ការ​កត់​សម្គាល់​របស់​លោក ប៉ែន សង្ហា ដូច​នេះ​ធ្វើ​ឡើង​ក្នុង​ខួប ២០​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​នៅថ្ងៃទី២០ តុលា។

ទោះ​ជា​យ៉ាង​ណា​ លោក ប៉ែន សង្ហា ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​មិន​ទាន់​​ព្យាយាម​​​​សម្រប​សម្រួល​វិបត្តិ​នយោបាយ​ដូច​បិតា​ព្រះអង្គ​ គឺ​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​នៅ​ឡើយ ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ។ លោក​ថា ក្នុង​​រយៈពេល​ដែល​ ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ្យសម្បត្តិ​​​​​​មាន​វិបត្តិ​នយោបាយ​កាន់​តែ​បែក​បាក់ ដោយ​គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់​មធ្យោបាយ​គ្រប់​យ៉ាង ដើម្បី​កម្ទេច​បក្ស​ប្រឆាំង​​ ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​បន្ត​រត់​ភៀស​ខ្លួន​ និង​ជាប់​ពន្ធនាគារ​ជា​ដើម។

លោក ប៉ែន សង្ហា៖«នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ភាព​ប្រទូសរ៉ាយ​​ដែល​មាន​ភាព​ឡើង​ក្ដៅ​​​ខ្លាំង​​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ ព្រះអង្គ​មិន​មាន​ព្រះរាជ​ឥទ្ធិពល​​ច្រើន​​​នៅ​ក្នុង​ក្របខ័ណ្ឌ​​អ្នក​នយោបាយ បញ្ហា​គឺ​នៅ​ត្រង់​ថា អ្នក​នយោបាយ​​មិន​បាន​ថ្វាយ​ការ​គោរព​​​ក៏​ពេញលេញ​​ ដើម្បី​ឱ្យ​ព្រះអង្គ​បំពេញ​​​​ព្រះរាជ​តួនាទី ជា​អាជ្ញាកណ្ដាល​ ព្រះរាជ​តួនាទី​ជា​​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ»។

ចំណែក អ្នក​ធ្វើ​អធិប្បាយ​ពី​បញ្ហា​នយោបាយ និង​សង្គម លោក គឹម សុខ លើក​ឡើង​ថា ក្នុង​រយៈ​ពេល​​ពីរ​ទសវត្ស​​មក​នេះ អតីត​នាយក​រដ្ឋមន្ត្រី​ លោក​ ហ៊ុន សែន បាន​រារាំង​​​ និង​ជា​អ្នក​ឃ្លាំ​មើល​​​ព្រះមហាក្សត្រ មិន​ឱ្យ​​ព្រះអង្គ​អាច​បំពេញ​​ព្រះរាជ​តួនាទី​ដោយ​ឯករាជ្យ​បាន​ដូច​ជា​ការ​​បង្រួបបង្រួម​ជាតិ ដោះស្រាយ​វិបត្តិ​នយោបាយ​ និង​​បង្ខំ​ឱ្យ​ព្រះអង្គ​​​ចេញ​ព្រះរាជក្រឹត្យ​ដែល​បម្រើ​ដល់​ក្រុម​គ្រួសារ​​ និង​បក្ខពួក​លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោក គឹម សុខ រំពឹង​ថា សម្ដេច​​ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​អាច​មាន​ព្រះរាជ​តួនាទី​ដោយ​ឯករាជ្យ​បាន​ ប្រសិន​បើ​​​របប​នយោបាយ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

លោក គឹម សុខ៖«ដូច​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​ហ្នឹង​ ព្រះអង្គ​ក៏​ជា​អ្នក​ទោស​របស់​ លោក​ ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែរ ពីព្រោះ​ឃុំ​ព្រះអង្គ​​មិន​ឱ្យ​បំពេញ​ព្រះ​រាជកិច្ច​​​​តាម​ខ្លឹម​សារ​រដ្ឋធម្មនុញ្ញ តាម​បំណង​ប្រាថ្នា​ប្រជារាស្ត្រ​ខ្មែរ ដែល​ចង់​ឃើញ​ព្រះភក្ត្រ ព្រះអង្គ ចង់​ឃើញ​ការ​បំពេញ​ព្រះ​រាជកិច្ច​របស់​ព្រះអង្គ»។

បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​នេះ តែង​ថ្លែង​ប្ដេជ្ញា​ការពារ​ឱ្យ​ខាង​តែ​បាន​នូវ​របប​រាជា​និយម​នៅ​កម្ពុជា​ក្តី។

កាល​ពី​ឆ្នាំ២០០៥ ប្រធាន​គណបក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​រម្លាយ​របប​រាជានិយម​នៅ​កម្ពុជា​ចោល ប្រសិន​បើ​ព្រះមហាក្សត្រ​បច្ចុប្បន្ន មិន​ព្រម​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។