កូនប្រុសរបស់សកម្មជនបក្សសង្គ្រោះជាតិម្នាក់ ដែលកំពុងជាប់ឃុំ លោកស្រី ខន ទន កំពុងព្រួយបារម្ភការវិវឌ្ឍអាការៈជំងឺរបស់ម្ដាយ បន្ទាប់ពីលោកបានទទួលដំណឹងថា មន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំ បានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ក្រោយគាត់ធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃនៅក្នុងពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិល យល់ថា រដ្ឋាភិបាលគួរតែដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីទទួលបានការថែទាំ និងព្យាបាលបានដិតដល់ពីក្រុមគ្រួសារ។
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោកស្រី ខន ទន បានធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារមាត់ឃ្មង់ ក្នុងខេត្តត្បូងឃ្មុំជាច្រើនថ្ងៃមកហើយ។
កូនប្រុសរបស់លោកស្រី ខន ទន គឺលោក ស៊ាង ឆៃយ៉ាង ប្រាប់អាស៊ីសេរីថា ម្ដាយរបស់លោកមានជំងឺប្រចាំកាយជាយូរមកហើយ ដែលត្រូវការលេបថ្នាំព្យាបាលជាប្រចាំ ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺកូវីដក្នុងសហគមន៍ជាលើកទី៣ មក មន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យលោកចូលសួរសុខទុក្ខ និងពុំអាចយកសម្ភារៈ និងថ្នាំព្យាបាលជំងឺឱ្យម្ដាយនៅក្នុងពន្ធនាគារបានទេ។ លោកព្រួយបារម្ភពីសុខទុក្ខ និងស្ថានភាពជំងឺម្ដាយយ៉ាងខ្លាំង ក្រោយពេលទទួលដំណឹងថា ម្ដាយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។ លោកបញ្ជាក់ថា មន្ត្រីពន្ធនាគារមិនបានផ្តល់ដំណឹងលម្អិតអំពីអាការៈម្ដាយយ៉ាងណានោះទេ។ កូនប្រុសរបស់សកម្មជនបក្សប្រឆាំងរូបនេះ ស្នើសុំអាជ្ញាធរឱ្យដោះលែងម្ដាយមានសេរីភាពវិញ ដើម្បីជួបជុំនិងទទួលបានការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រួសារ ព្រោះការចាប់ឃុំខ្លួនម្ដាយ គឺជារឿងអយុត្តិធម៌បំផុត៖ «ខ្ញុំមានការព្រួយបារម្ភ ព្រោះអីគាត់នៅក្នុងពន្ធនាគារហ្នឹងអត់មានអ្នកមើលថែ និងអត់មានថ្នាំលេបជាប្រចាំកាយ សូមសំណូមពរឱ្យខាងសមត្ថកិច្ចហ្នឹងដោះលែងគាត់ព្រោះអីគាត់អត់មានកំហុស ណាមួយចាប់ឃុំគាត់អត់បានកាត់ទោស ឬក៏អត់ធ្វើអ្វីត្រឹមត្រូវដែរ គឺឃុំបណ្ដោះអាសន្ន គឺឃុំមនុស្សអត់មានទោសរហូតដល់ពីរខែ»។
លោកស្រី ខន ទន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា។ តុលាការខេត្តត្បូងឃ្មុំចោទប្រកាន់លោកស្រីពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារមាត់ឃ្មង់។ ការចាប់ខ្លួន និងការចោទប្រកាន់នេះ គឺបន្ទាប់ស្ត្រីសកម្មជនបក្សប្រឆាំងវ័យ ៤៨ឆ្នាំរូបនេះ តែងចូលរួមតវ៉ាសម្ដែងមតិជាមួយក្រុមស្ត្រីថ្ងៃសុក្រ ដើម្បីទាមទារឱ្យមានយុត្តិធម៌សង្គម។
ក្រៅពីករណីនេះ ក្រុមគ្រួសារសាច់ញាតិរបស់សកម្មជនបក្សប្រឆាំងផ្សេងទៀតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដែរនោះ ពួកគេ ក៏កំពុងព្រួយបារម្ភអំពីអ្នកជាប់ឃុំនយោបាយជួបការលំបាកជាច្រើនដូចជារស់នៅក្នុងស្ថានភាពចង្អៀតណែន មិនមានចំណីអាហារហូបចុកគ្រប់គ្រាន់ ខ្វះអនាម័យ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងលោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា ថ្លែងថា មន្ត្រីពន្ធនាគារ បានអញ្ញាតឱ្យពួកលោកស្រី យកម្ហូបអាហារ សម្ភារៈផ្ញើប្ដីនៅក្នុងពន្ធនាគារបានវិញហើយ នៅថ្ងៃទី២៩ មីនា ប៉ុន្តែសម្ភារៈទាំងនោះត្រូវផ្ញើតាមរយៈមន្ត្រីពន្ធនាគារ។ ជាមួយគ្នានេះដែរ លោកស្រីស្នើឱ្យមន្ត្រី ពន្ធនាគារជួយរកមធ្យោបាយសម្របសម្រួល ឱ្យលោកស្រី អាចទំនាក់ទំនង និងសួរសុខទុក្ខគ្រួសារផងដែរ៖ «ខ្ញុំចង់សុំឱ្យមានទូរស័ព្ទដើម្បីទំនាក់ទំនងមកពួកខ្ញុំចង់ដឹក ឮសួរសុខទុក្ខគាត់ តើខាងក្នុងនោះយ៉ាងមិច ? គាត់ក៏ចង់ដឹងសុខទុក្ខពួកខ្ញុំ ហើយខ្ញុំចង់ដឹងសុខទុក្ខគាត់ដែរ គាត់ចេះព្រួយបារម្ភក្រុមគ្រួសារគាត់ កូនគាត់ ប្រពន្ធគាត់ ចៅគាត់ រឿងអីខ្ញុំមិនចេះបារម្ភក្រុមគ្រួសារខ្ញុំដូចគ្នា គាត់មានអាសូរដល់ទ្រូងជាប្រពន្ធ ទ្រូងជាម្ដាយ ជាភរិយាទេ រាល់ថ្ងៃដើរតួជាប្រុសផង ម្ដាយផង ឪពុកផង វេទនាចង់ងាប់ហើយ សួរគាត់មានគិតអត់ថាប្រជារាស្ត្រវេទនាប៉ុណ្ណាទេ រាល់ថ្ងៃហ្នឹង»។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការអនុញ្ញាតឱ្យក្រុមគ្រួសារអ្នកជាប់អាចយកសម្ភារៈ ចូលក្នុងពន្ធនាគារជាផ្នែកមួយជួយដល់អ្នកជាប់ឃុំទទួលបានសម្ភារៈ ថ្នាំពេទ្យ ម្ហូបអាហារគ្រាប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាព ព្រមទាំងជួយកាត់បន្ថយការឈឺស្កាត់ ព្រោះម្ហូបអាហារនៅក្នុងពន្ធនាគារពុំមានជីវជាតិគ្រប់គ្រាន់សម្រាប់អ្នកជាប់ឃុំនោះទេ។ លោកថា មន្ត្រីពន្ធនាគារគួររកមធ្យោបាយសមស្របបន្ថែមទៀតដូចជាដំឡើងប្រព័ន្ធទូរស័ព្ទ ដើម្បីពួកគាត់អាចនិយាយសួរសុខទុក្ខគ្នា។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះទទូចឱ្យតុលាការពិនិត្យមើលសំណុំរឿងណា ដែលចាំបាច់ដើម្បីអាចអនុញ្ញាតឱ្យពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីពួកគាត់អាចជួបជុំគ្រួសារ ហើយអ្នកមានជំងឺទទួលបានការព្យាបាលត្រឹមត្រូវ៖ «អ្នកជំនាញសិទ្ធិមនុស្សថា ការអនុវត្តន៍ច្បាប់នេះ ប្រាសចាកអំពីមូលដ្ឋាននៃសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាយើងបានទទួលស្គាល់ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ អ៊ីចឹងក្នុងករណីទាំងនេះ យើងឃើញថារហូតមកដល់ឥឡូវ បញ្ហាយើងគិតជាសកលជាបញ្ហាកូវីដ - ១៩ តែអ្វីដែលជាសំខាន់ គឺប៉ះពាល់ដល់សេរីភាព នៃសិទ្ធិរបស់គាត់ដែលជាប់ឃុំបន្តទៀត»។
ចាប់តាំងពីអំឡុងឆ្នាំ២០២០ រហូតដល់ខែចុងខែកុម្ភៈ ឆ្នាំ២០២១ នេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីបក្សសង្រ្គោះជាតិ អ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិលជិត ៨០នាក់ហើយ ដោយសារការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ តុលាការ បានចោទ ប្រកាន់ពួកគេពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ទោះជាយ៉ាងណា សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកករណីនេះ ជារឿងនយោបាយ និងទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនទាំងនេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។