មន្ត្រី​បក្ស​កម្លាំង​ជាតិ​ម្នាក់​នៅ​ក្រុង​ភ្នំពេញ​ ត្រូវ​​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស

0:00 / 0:00

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ​គឺ​លោក ប្រាក់ សីហា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។ ប៉ុន្តែ​គណបក្ស​កម្លាំង​ជាតិ និង​គ្រួសារ​ច្រានចោល​ការ​ចោទប្រកាន់ និង​ចាត់ទុក​ចំណាត់​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​បំបិទ​សំឡេង​ប្រឆាំង ក្រោយ​ពេល​សកម្មជន​រូប​នេះ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​លោក ឃៀង សុណាឌីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ប្រាក់ សីហា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា។ លោក​បញ្ជាក់​ថា ការ​ឃុំខ្លួន​ជនជាប់ចោទ​រូប​នេះ មន្ត្រី​ពន្ធនាគារ​អនុវត្ត​តាម​ដីកា​បង្កាប់​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ​​​ចោទ​ ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»។

លោក ឃៀង សុណាឌីន៖ «បើ​យោង​តាម​ដីកា​ឱ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ជន​ត្រូវ​ចោទ​ឈ្មោះ​ប្រាក់ សីហា នេះ​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ។ ចាប់តាំង​ពី​សមត្ថកិច្ច​បញ្ជូន​ជន​នេះ​​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​មក គឺ​មិន​ទាន់​មាន​គ្រួសារ​សាច់ញាតិ​ណា​ មក​ជួប​ដើម្បី​ស្នើ​សុំ​ជួប​សួរសុខទុក្ខ ជនជាប់​ឃុំ​ឈ្មោះ ប្រាក់ សីហា នេះ​នៅ​ឡើយ»។

ជុំវិញ​រឿង​នេះ ប្រពន្ធ​របស់​លោក ប្រាក់ សីហា គឺ​លោកស្រី ស៊ែម ស្រីមុំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​លោកស្រី​បាន​ដើរ​រក​ប្តី​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​អស់​រយៈពេល​ពីរ​ថ្ងៃ ទើប​ទទួល​ដំណឹង​នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា ថា ​តុលាការ​ក្រុងភ្នំពេញ​បញ្ជូន​ប្តី​របស់​លោកស្រី​ទៅ​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ មន្ត្រី​ពន្ធនាគារ​មិន​ទាន់​អនុញ្ញាត​ឱ្យ​គ្រួសារ​ចូល​សួរសុខទុក្ខ​នៅ​ឡើយ។

លោកស្រី ស៊ែម ស្រីមុំ យល់​ថា ការ​ចោទ​ប្តី​លោកស្រី​ដាក់​ពន្ធនាគារ​រឿង​ប្រមាថ​ព្រះមហាក្សត្រ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ និង​ជា​ការ​ទម្លាក់​កំហុស​ទាំង​អយុត្តិធម៌។ លោកស្រី​ចាត់ទុក​ករណី​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ ពីព្រោះ​មុន​ពេល​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ ដោយសារ​ប្តី​របស់​លោកស្រី​នៅ​រក្សា​ជំហរ​រឹងមាំ​ ដោយ​មិនព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​តាម​ការ​អូសទាញ។ លោកស្រី​ឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ភ្លាម អាជ្ញាធរ​មូលដ្ឋាន​បាន​មក​និយាយ​ឱ្យ​លោកស្រី​ទៅ​លួងលោម​ប្តី​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ​ដើម្បី​រួចខ្លួន។ ប៉ុន្តែ​ លោកស្រី​មិន​ព្រម​ ដោយ​នៅ​គោរព​តាម​ឆន្ទៈ​របស់​ប្តី​ដដែល។ លោកស្រី ស៊ែម ស្រីមុំ ទាមទារ​តុលាការ​​ឱ្យ​ដោះលែង​ប្តី​លោកស្រី​ឱ្យ​​មាន​សេរីភាព​ជួបជុំ​ប្រពន្ធ​កូន និង​ធ្វើ​នយោបាយ​ឡើងវិញ។

លោកស្រី ស៊ែម ស្រីមុំ៖ «ចាប់តាំង​ពី​គេ​ចាប់​បញ្ជូន​ទៅ​ គេ​មិន​បាន​ឱ្យ​ខ្ញុំ​ជួប​ប្តី​ទេ អត់​ឱ្យ​យើង​និយាយ​ជាមួយ​ប្តី​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ទេ។ នេះ​ជា​រឿង​នយោបាយ គាបសង្កត់ សូម្បីតែ​យើង​ទៅណា​ ក៏​គេ​តាម​សម្គាល់ តាម​សង្កេត​ដែរ។ វា​អយុត្តិធម៌​បំផុត ពីព្រោះ​យើង​អត់​បាន​ប្រព្រឹត្ត​តែ​គេ​ចោទ។ ការ​ចាប់ខ្លួន​ប្តី​ខ្ញុំ​នេះ​ ខ្ញុំ​ឈឺចាប់ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ដោះលែង​គាត់​មក​វិញ​មក គាត់​អត់​ខុស​អ្វី​ទេ»។

សមត្ថកិច្ច​ជាច្រើន​នាក់​ បាន​ឃាត់ខ្លួន​មន្ត្រី​គណបក្ស​កម្លាំងជាតិ​លោក ប្រាក់ សីហា អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ក្រៅ​ផ្ទះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៧ ខែវិច្ឆិកា ដោយ​គ្រួសារ​អះអាង​ថា អាជ្ញាធរ​បាន​លាក់បាំង​ព័ត៌មាន និង​មិន​ប្រាប់​ពី​មូលហេតុ​ឱ្យ​គ្រួសារ​បាន​ដឹង​នោះ​ឡើយ។

លោក ប្រាក់ សីហា អាយុ​ ៤០ឆ្នាំ ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ លោក​ធ្លាប់​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​រង​ទី២ ក្នុង​សង្កាត់​កំបូល មក​ពី​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ២០១៧ ហើយ​លោក ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​​ចាប់ខ្លួន​គំរាម​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​គាំទ្រ​គណបក្សប្រឆាំង កាល​អំឡុង​ឆ្នាំ២០១៨ ​ដែរ។ លើស​ពី​នេះ​ទៅទៀត លោក​ត្រូវ​ជន​មិនស្គាល់មុខ​មួយ​ក្រុម​លួច​វាយ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​បាក់ធ្មេញ បែក​មាត់ ដេរ​ ១០ថ្នេរ នៅ​ម្តុំ​ស្កុប​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២១។ ហេតុការណ៍​ពេលនោះ​ កើតឡើង​ក្រោយពេល​សកម្មជន​រូប​នេះ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ ចំណែក​សមត្ថកិច្ច​វិញ ​មក​ទល់​ពេលនេះ​ មិនទាន់​វែកមុខ​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស និង​ផ្តល់​យុត្តិធម៌​ដល់​លោក ប្រាក់ សីហា នៅ​ឡើយ​ទេ​។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន ចាត់ទុក​ការ​ចាប់ខ្លួន​លោក ប្រាក់ សីហា មិន​ឆ្លុះបញ្ចាំង​ការពិត និង​ជា​សារ​ថ្មី​មួយ​ក្នុង​ការ​បំភិតបំភ័យ គំរាមកំហែង លើ​សកម្មជន​បក្ស​កម្លាំងជាតិ​ផ្សេង​ទៀត។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​មានសមត្ថកិច្ច​ឱ្យ​ដោះលែង​សកម្មជន​រូប​នេះ​ឱ្យ​មាន​សេរីភាព ព្រមទាំង​បញ្ឈប់​ការ​ចាប់ខ្លួន​សកម្មជន​របស់​គណបក្ស​កម្លាំងជាតិ​ ដែល​គ្មាន​កំហុស​បន្ត​ទៀត។

លោក រ៉ុង ឈុន៖ «ការ​ចាប់ខ្លួន​មនុស្ស​ដែល​គ្មាន​កំហុស ខ្ញុំ​គិត​ថា ត្រូវតែ​បញ្ឈប់​ទៅ ហើយ​យើង​ងាក​មក​ប្រកួតប្រជែង​គ្នា ​តាមរយៈ​ការបោះឆ្នោត​មួយ​ត្រឹមត្រូវ យុត្តិធម៌ ដោយ​ជៀសវាង​ការ​ប្រើប្រាស់​ដោយ​ចាប់បង្ខំ​បែប​ហ្នឹង វា​អត់​មាន​ផល​ចំណេញ​សម្រាប់​កម្ពុជា​ទេ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) លោក យិន ម៉េងលី កត់សម្គាល់​ថា​ការ​អនុវត្តច្បាប់​ហាក់​មិន​ស្មើភាព​គ្នា រវាង​សកម្មជន​ដែល​រក្សា​ស្មារតី​តស៊ូ​ជាមួយ​បក្សជំទាស់​ត្រូវ​រង​ការចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ ចំណែក​អ្នក​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទទួល​បាន​ការ​ដោះលែង​ឱ្យ​នៅ​ឃុំ​ជា​បន្តបន្ទាប់។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បារម្ភ​ថា ការ​ចាប់ខ្លួន និង​បទ​ចោទ​លើ​សកម្មជន​នយោបាយ​ឥត​ឈប់ឈរ​មក​នេះ នឹង​ធ្វើ​ឱ្យ​អ្នកនយោបាយ​ជំទាស់​ពិបាក ក្នុង​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដែល​បញ្ហា​នេះ​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​រិះគន់​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ថែម​ទៀត។

លោក យិន ម៉េងលី៖ «គេ​ (សហគមន៍​ជាតិ និង​អន្តរជាតិ)​សង្កេតឃើញ​ថា វា​ជា​ចរិត​នយោបាយ ហើយ​ដើម្បី​ឱ្យ​ស្ថានភាព​នយោបាយ​បាន​ធូរស្រាល​វិញ អ្នកនយោបាយ​គួរតែ​ស្វះស្វែង ការចរចា សម្រុះសម្រួល​គ្នា ដើម្បី​បើក​លំហ​សេរីភាព​ផ្នែក​នយោបាយ​នេះ ដើម្បី​ឱ្យ​ប្រទេស​យើង​ហ្នឹង​ទទួល​មុខមាត់​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ»។

មក​ទល់​ពេល​នេះ ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន អ្នករិះគន់​រដ្ឋាភិបាល និង​មន្ត្រី​គណបក្សប្រឆាំង បាន​កើនឡើង​ដល់​ចំនួន​ជិត ១០០នាក់​ហើយ ប៉ុន្តែ​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ ចាត់ទុក​ការ​ចាប់ខ្លួន​ទាំងនេះ គ្រាន់តែ​ជា​រូបភាព​នយោបាយ។ គណបក្សប្រឆាំង និង​មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់​លើ​សំឡេង​ប្រឆាំង ហើយ​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ​វិញ​ជាបន្ទាន់ និង​ឥតលក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។