ពលរដ្ឋ សកម្មជនគណបក្សប្រឆាំង និងសង្គមស៊ីវិលថា របបក្រុងភ្នំពេញ នៅតែបន្តបំបិទសិទ្ធសេរីភាពធ្ងន់ធ្ងរ ពេញខួប ១ឆ្នាំ ក្រោយព្រឹត្តិការណ៍បោះឆ្នោត អាណត្តិទី៦ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ។ មន្ត្រីរបបក្រុងភ្នំពេញ បដិសេធការលើកឡើងនេះ ហើយអះអាងថា របបក្រុងភ្នំពេញ បានផ្ដល់សិទ្ធិពេញទីឲ្យពលរដ្ឋ។
ខួប១ឆ្នាំ នៃព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយ ពលរដ្ឋនៅតែរងគំនាបសិទ្ធិសេរីភាពដដែល។ យុវជន និង មន្ត្រីបក្សប្រឆាំងនៅតាមមូលដ្ឋាន ថា ពួកគាត់រងគ្រោះ កាន់តែធ្ងន់ ក្នុងរយៈពេល១ឆ្នាំនេះ បើហ៊ានជជែកគ្នា រឿងនយោបាយ ឬរិះគន់របបក្រុងភ្នំពេញ។
យុវជនរស់នៅខេត្តកំពង់ធំម្នាក់ លោក ឆាយ ចែង ថា ពលរដ្ឋរស់នៅតាមភូមិ ឃុំ គ្មានឱកាសបានជជែករឿងនយោបាយទេ មួយឆ្នាំមកនេះ។ លោកថា សូម្បីការតាមដានព័ត៌មាន ស្ដាប់វិទ្យុ ជជែកគ្នាតាមតូបលក់កាហ្វេ ឬជួបប្រជុំគ្នា សុទ្ធតែរងការឃ្លាំមើល ទាំងអស់។ លោកថា ១ឆ្នាំ ក្រោយការបោះឆ្នោតក្លែងក្លាយរួច យុវជនរស់នៅស្រុកស្រែចម្ការ កាន់តែចាកឆ្ងាយពីនយោបាយ ហើយពួកគេបារម្ភជានិច្ច នៅពេលនិយាយរឿងនយោបាយ៖ «»
ចំណែកមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានវិញ លោក អ៊ុត ជឿន ជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រាប់ថា មន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់កំពូល ដល់សកម្មជនមូលដ្ឋាន សុទ្ធតែរងការគំរាម ព្រមានធ្ងន់ធ្ងរ រយៈពេល១ឆ្នាំ ក្រោយការបោះឆ្នោតមកនេះ។ លោក អ៊ុត ជឿន ថា ទោះរងការគំរាម តែមន្ត្រីមូលដ្ឋាននៅស្រុកមោងឫស្សី គ្មាននរណាម្នាក់ បាក់ស្បាតទេ។ លោកថា ការគំរាមកាន់តែខ្លាំង នឹងធ្វើឲ្យសកម្មជនកាន់តែរឹងមាំ៖ «»
របបក្រុងភ្នំពេញ បានជម្នះបង្កើតព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយមួយ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។ នៅមុនការបោះឆ្នោតនោះ ជាងកន្លះឆ្នាំ របបក្រុងភ្នំពេញ បានបង្កើនការធ្វើទុក្ខបុកម្នេញ អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ ដោយបណ្ដេញអង្គការអន្តរជាតិ អែន.ឌី.អាយ (NDI) ចាប់ខ្លួនប្រធានគណបក្សប្រឆាំង បិទសារព័ត៌មានឯករាជ្យ ចាប់ខ្លួនអតីតអ្នកសារព័ត៌មាន រំលាយគណបក្សប្រឆាំង បិទសិទ្ធិថ្នាក់ដឹកនាំបក្សប្រឆាំងមិនឲ្យធ្វើនយោបាយ និងតម្រូវឲ្យសង្គមស៊ីវិល សុំច្បាប់មុនចុះជួបពលរដ្ឋជាដើម។ ក្នុងការបោះឆ្នោតក្លែងក្លាយ ឆ្នាំ២០១៨ នោះ គណបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន ក្តោបយកអាសនៈទាំងអស់ក្នុងរដ្ឋសភា ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរភូមិឃុំ ដែលបានដើរគំរាមពលរដ្ឋ ឲ្យត្រូវតែចេញទៅបោះឆ្នោត។
ក្នុងរយៈពេល ១ឆ្នាំ នៃការបោះឆ្នោតមកនេះ របបក្រុងភ្នំពេញ បានបង្កើនការចាប់ខ្លួន អ្នករិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក កាន់តែច្រើន។ មន្ត្រី និងសកម្មជនបក្សប្រឆាំង តាមមូលដ្ឋាន ក៏កាន់តែច្រើន ត្រូវរងការចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងបទចោទប្រកាន់ថា ញុះញង់ ជេរប្រមាថ ឬចូលកាន់កាប់ដីរដ្ឋជាដើម។ មន្ត្រីបក្សកាន់អំណាច កាន់តែបង្កើនយុទ្ធនាការគំរាមកំហែងពលរដ្ឋមិនឲ្យនិយាយរឿងនយោបាយ។
ថ្វីបើ ក្រោយបោះឆ្នោតបានប៉ុន្មានខែ លោក ហ៊ុន សែន មេដឹកនាំរបបឯកបក្ស បានបញ្ជាឲ្យបើកសិទ្ធិសេរីភាពខ្លះ ដូចជា ដោះលែងអ្នកទោសមនសិការមួយចំនួន អនុញ្ញាតឲ្យសង្គមស៊ីវិលលែងសុំច្បាប់ទៅជួបពលរដ្ឋ កែប្រែច្បាប់ ឲ្យមន្ត្រីបក្សប្រឆាំងសុំសិទ្ធិធ្វើនយោបាយ និងបើកឲ្យសារព័ត៌មានឯករាជ្យ បើកការិយាល័យក្នុងស្រុកឡើងវិញ តែពលរដ្ឋ និងសង្គមស៊ីវិលថា មានតែនៅលើក្រដាសប៉ុណ្ណោះ។
អ្នករត់រម៉កកង់បីនៅរាជធានីភ្នំពេញម្នាក់ លោក ប៉ា សុខរស់ ប្រាប់ថា ពេញ ១ឆ្នាំ នៃការបោះឆ្នោតនេះ ក្រុមអ្នករត់ម៉ូតូឌុប និងរម៉កកង់បី គ្មានហ៊ាននិយាយរឿងនយោបាយ នៅចំណត (បេន) ចាំម៉ូយ និងហាងកាហ្វេ ដូចមុនទៀតឡើយ។ លោកថា សិទ្ធិសេរីភាព និយាយរឿងនយោបាយឥឡូវ បានតែជាមួយមនុស្សស្និទ្ធគ្នាប៉ុណ្ណោះ។ ចំណែកស្ថានភាពប្រាក់ចំណូលវិញ លោកថា ក្រុមម៉ូតូឌុប កង់បី ក៏មិនខុសពីអ្នកលក់ដូរកំប៉ិចកំប៉ុកដែរ គឺចំណូលធ្លាក់ចុះខ្លាំង ជាងមុនការបោះឆ្នោតទៅទៀត៖ «»
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងថា សិទ្ធិ សេរីភាព គ្មានការធ្លាក់ចុះ រឹតត្បិតអ្វីទាំងអស់។ លោក ផៃ ស៊ីផាន ថា លោកជំរុញឲ្យពលរដ្ឋ និយាយរឿងនយោបាយ បញ្ចេញមតិគ្រប់បែបយ៉ាង រួមទាំងការរិះគន់ តិះតៀនរដ្ឋាភិបាល លើកលែងការជេរប្រមាថ និងបង្កើតព័ត៌មានក្លែងក្លាយ។ ជាទម្លាប់របស់លោក លោកតែងតែអះអាងថា អ្វីដែលរដ្ឋាភិបាលបានធ្វើ សុទ្ធតែជាការអនុវត្តច្បាប់ និងគោរពលទ្ធិប្រជាធិបតេយ្យ៖ «»
បើទោះរបបក្រុងភ្នំពេញអះអាងដូច្នេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា គ្មានភាពប្រសើរឡើងវិញទេ ក្រោយការបោះឆ្នោត១ឆ្នាំមកនេះ។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិ សេរីភាពរូបនេះ កត់សម្គាល់ថា ស្ថានភាពសិទ្ធិសេរីភាព ១ឆ្នាំក្រោយការបោះឆ្នោតឆ្នាំ២០១៨ គឺគ្មានលក្ខណៈប្រសើរ ដូចគ្នានឹងមុនការបោះឆ្នោតឆ្នាំ២០១៨ ដែរ។ លោក ស៊ឹង សែនករុណា យល់ថា រដ្ឋាភិបាលបានកែប្រែស្ថានភាពសិទ្ធិមនុស្ស ក្នុងក្រដាស តែសកម្មភាព គ្មានការកែប្រែឡើយ ព្រោះស្ថានភាពការរំលោភសិទ្ធិសេរីភាពពលរដ្ឋ នៅតែបន្តកើងឡើងដដែល៖ «»
ក្នុងខួប ១ឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានថ្លែងសារប្រាប់ពលរដ្ឋដែរ តាមរយៈហ្វេសប៊ុករបស់លោក។ លោក សម រង្ស៊ី លើកឡើងថា របប លោក ហ៊ុន សែន បង្កើតដោយខុសច្បាប់ និងក្បត់ជាតិមួយឆ្នាំហើយ។ លោកថ្លែងសារឲ្យពលរដ្ឋបន្តថ្កោលទោស កុំទទួលស្គាល់របបលោក ហ៊ុន សែន និងអំពាវនាវឲ្យពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ងើបឡើងតស៊ូប្រឆាំង ទម្លាក់លោក ហ៊ុន សែន ចេញពីអំណាច នៅឆ្នាំ២០១៩៖ «»
លោក សម រង្ស៊ី ប្រកាសថា នឹងមិនអនុញ្ញាតឲ្យរបបលោក ហ៊ុន សែន បន្តកាន់កាប់អំណាចខុសច្បាប់លើសពីឆ្នាំ២០១៩ ឡើយ។ លោកថា នឹងវិលទៅកម្ពុជាវិញ ដើម្បីដឹកនាំកម្លាំងតវ៉ា ប្រឆាំង លោក ហ៊ុន សែន ឲ្យទាល់តែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។