ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​តែងតាំង​កូន​លោក ឱម យ៉ិនទៀង ជា​ឧបការី​ ACU

0:00 / 0:00

កូន​ប្រុស ២​នាក់​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​ឧបការី ឬ​ជំនួយការ​របស់​អង្គភាព​នេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា។ ជុំវិញ​ការ​ដំឡើង​ឋានន្តរសក្ដិ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន កូន​ប្រុស​ទាំង​ពីរ​របស់​លោក ឱម យ៉ិនទៀង នេះ ប្រជាពលរដ្ឋ​មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា។ បើ​ទោះ​បែប​ណា អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ការ​ព្យាយាម​ដំឡើង​មុខងារ​បន្ថែម​ទៀត​នេះ ហើយ​នៅ​ក្នុង​អង្គភាព​តែមួយ​ជាមួយ​ឪពុក​ផង​នោះ គឺ​ជា​ទម្រង់​នៃ​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ។

ការ​បន្ថែម​តួនាទី​ស្ទើរ​មិន​បាន ១៣​ថ្ងៃ​ស្រួល​បួល​នៅ​ឡើយ​ផង​នោះ លោក ឱម យ៉ិនទៀង ដែល​ល្បី​ខាង​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា ដោយ​ចោទ​ថា អាច​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ ហើយ​ជា​មន្ត្រី​ដែល​និយម​បក្ស​ពួក​សែស្រឡាយ​ដែល​ជា​ទម្រង់​មួយ​ឈាន​ទៅ​រក​ការ​រំលោភ​អំណាច។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ព្រះមហាក្សត្រ នរោត្ដម សីហមុនី ព្រះអង្គ​បាន​ឡាយ​ព្រះហស្តលេខា​តែងតាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយ​ការ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចំនួន ១៨​នាក់ មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក។

ក្នុង​ព្រះរាជក្រឹត្យ​នោះ មាន​កូន​ប្រុស​របស់​លោក ឱម យ៉ិនទៀង ២​នាក់​ផង​ដែរ មាន​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធិ និង យ៉ិនទៀង ពុទ្ធិរ៉ា ត្រូវ​បាន​តែងតាំង​ជា​ជំនួយ​ការ​របស់​អង្គភាព​មួយ​នេះ។ ការ​ដំឡើង​ឋានៈ​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​កូនប្រុស​ទាំង​ពីរ​របស់​លោក ឱម យ៉ិនទៀង ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ គឺ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ រិះគន់​ថា ការ​តែងតាំង​កូន​ប្រុស​របស់​ខ្លួន​ជា​ជំនួយ​ការ​នៅ​ក្នុង​អង្គភាព​នេះ អាច​ជា​ផ្នែក​មួយ​នៃ​អំពើ​ពុករលួយ។ ម្យ៉ាង​វិញ​ទៀត ការ​ផ្ដល់​មុខ​តំណែង​នេះ​ទៀត​សោត បង្ហាញ​ថា ស្ថាប័ន​ប្រឆាំង​អំពើ​រលួយ​នេះ មិន​មាន​ភាព​ឯករាជ្យ ជាពិសេស លោក ឱម យ៉ិនទៀង កំពុង​ធ្វើ​ឲ្យ​ស្ថាប័ន​របស់​រដ្ឋ​ដ៏​សំខាន់​មួយ​នេះ ទៅ​ជា​អង្គភាព​ដែល​មាន​បក្ខពួក និង​គ្រួសារ​និយម​ទៅ​វិញ។

សំឡេង​ពលរដ្ឋ៖ «ចំពោះ​ខ្ញុំ​មួយ​ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ គិត​ថា​ពូកែ​បាញ់​កាំភ្លើង​មិន​ដឹង​យក​ធ្វើ​អី​ផ្នែក​អី? ចុះ​ហេតុ​អី​និស្សិត​គេ​​រៀន​ចេះ​ដឹង​មួយ​គគោក​ម៉េច​មិន​ឲ្យ​គេ​ជ្រើសរើស​ទៅ ហេតុ​អី​ខ្សឹបៗ​ដាក់​តែ​កូន​ខ្លួន​ឯង​អ៊ីចឹង? អ៊ីចឹង​ខ្ញុំ​គិត​ថា អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង គឺ​បក្ខពួក​និយម​ហើយ។ ក្នុង​នាម​គាត់​ជា​មន្ត្រី​ប្រឆាំង​អំពើ​ពុករលួយ គាត់​​ពុករលួយ​​ជាង​គេ​ទៀត»

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ តែង​តាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១៨​នាក់។ Screenshot
ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ តែង​តាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១៨​នាក់។ Screenshot (Screenshot)

បើ​ទោះ​ជា​បែប​ណា ការ​តែងតាំង​កូន​ប្រុស​ទាំង ២​នៅ​​ពេល​នេះ ជា​ជំនួយការ​របស់​លោក ឱម យ៉ិនទៀង សម្រាប់​បម្រើ​ការ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បន្ថែម​លើ​មុខងារ​សព្វថ្ងៃ​ វា​ពុំ​មែន​ជា​រឿង​ចៃដន្យ​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា កន្លង​ទៅ​នេះ អ្នក​ទាំង​ពីរ​ក្នុង​ចំណោម​មនុស្ស​ទាំង ១៨​នាក់​នោះ គឺ​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ដែល​ជា​កូនបង្កើត​របស់​លោក ឱម យ៉ិនទៀង ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

បច្ចុប្បន្ន​កូន​ប្រុស​ទាំង​ពីរ​របស់​លោក ឱម យ៉ិនទៀង ក៏​កំពុង​បម្រើការ​ក្នុង​ក្របខ័ណ្ឌ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ ខណៈ​ដែល​មាន​ព្រះរាជក្រឹត្យ​ផ្ដល់​តួនាទី​បន្ថែម​លើ​មុខងារ​សព្វថ្ងៃ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

នៅ​ក្នុង​របាយការណ៍​ដែល​ត្រូវ​គេ​ផ្សព្វផ្សាយ​​ជា​សាធារណៈ បាន​បង្ហាញ​ថា លោក យ៉ិនទៀង ពុទ្ធិរិទ្ធ គឺ​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ថ្នាក់​ឧត្ដមសេនីយ៍ទោ​ផ្កាយ​២ បម្រើការ​នៅ​កង​យោធពល​ខេមរភូមិន្ទ​ទទួល​បន្ទុក​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ផង​ដែរ។ ដោយ​ឡែក លោក យ៉ិនទៀង ពុទ្ធិរ៉ា វិញ មាន​ឋានន្តរសក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី ផ្កាយ​១ នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ ដូច​គ្នា។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក ឱម យ៉ិនទៀង នេះ គឺ​តែងតាំង​ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍ ដោយ​ព្រះរាជក្រឹត្យ​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១១។

បើ​ទោះ​ជា​មាន​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​បែប​នេះ​ក៏​ដោយ​ចុះ លោក ឱម យ៉ិនទៀង និយាយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​ហៅ​ការ​រិះគន់​នេះ​ថា លោក​អាច​នឹង​មាន​ប្រតិកម្ម​វិញ​នៅ​ពេល​ណា​មួយ​ប្រឆាំង​ការ​រិះគន់​ដែល​ពុំ​មាន​មូលដ្ឋាន​ទាំង​នេះ។ ជាង​នេះ​ទៀត លោក ឱម យ៉ិនទៀង ថ្លែង​ការពារ​ថា ការ​តែងតាំង​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​នេះ ដោយសារ​ពួក​​គេ​គឺ​មាន​ជំនាញ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​​ទទួល​ខុស​ត្រូវ​តួនាទី​នេះ។ លោក ឱម យ៉ិនទៀង បើក​ចំហ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​តួនាទី​នេះ បើ​មាន​សមត្ថភាព ជាពិសេស គឺ​ការ​ចេះ​បាញ់​កាំភ្លើង។

លោក​បន្ត​ថា ក្រៅ​ពី​ចេះ​ភាសា​បរទេស និង​ជំនាញ​ស៊ើបអង្កេត​ហើយ ឯកទេស​ចេះ​បាញ់​កាំភ្លើង​នេះ គឺ​ជា​សមត្ថភាព​ដ៏​ពិសេស​មួយ របស់​កូន​ប្រុស​ខ្លួន ដែល​ជា​ធនធាន​ដ៏​កម្រ៖ «ឥឡូវ​បាញ់​ស៊ីប បាញ់​ឲ្យ​ត្រង់​ជាង​វា ហើយ​អូន​កុំ​គិត​ណា ដើម្បី​បាញ់​ត្រង់​មួយ​កម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​ពេល​គេ​ចាប់​ចំណុច​មួយ គឺ​អត់​ត្រូវការ ២​គ្រាប់​ទេ ព្រោះ​កំពុង​ភ្ជង់​ចំណាប់​ខ្មាំង​អ៊ីចឹង។ អូន​ឯង​បាញ់​ផាំង​មួយ​ខុស​គឺ​គ្រាប់​នៅ​​មាន​ផាំង​សម្លាប់។ គេ​ត្រូវការ​កម្លាំង​មួយ​ដែល​បាញ់​តែមួយ​គ្រាប់​ត្រូវ​ក្បាល​ស្លាប់​ដើម្បី​ជួយ​មនុស្ស»

ឆ្លើយ​តប​រឿង​នេះ អ្នក​វិភាគ​សង្គម​លោក កែម ឡី យល់​ឃើញ​ថា វា​គួរ​ឲ្យ​​អស់​សំណើច​ដែល​មក​ដល់​ពេល​នេះ​ទៅ​ហើយ យក​ការ​ចេះ​ដឹង​រឿង​បាញ់​កាំភ្លើង​មក​អួតអាង។ លោក​បន្ត​ថា ការ​និយាយ​បែប​នេះ​របស់​លោក ឱម យ៉ិនទៀង ទំនង​ចង់​បញ្ជាក់​ពី​អំណាច និង​ឥទ្ធិពល​ច្រើន​ជាង៖ «ទាក់ទង​នឹង​ភាសា ខ្ញុំ​គិត​ថា ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិន​រឿង​បាញ់​កាំភ្លើង​រឿង​អី​​ទេ ពីព្រោះ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាច​ស្នើ​​សុំ​កងកម្លាំង​​ប្រដាប់​អាវុធ​​ដែល​គេ​រៀន​សូត្រ​បាន​រាប់​ឆ្នាំ​ហើយ»

ការ​តែងតាំង​សាច់ញាតិ កូន​បង្កើត និង​សែស្រឡាយ​ដទៃ​ទៀត ក្នុង​ជួរ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ ស្ទើរ​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ។ បញ្ហា​នេះ​ដោយ​រាប់​ចាប់​តាំង​ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន ក្រសួង មន្ទីរ និង​រហូត​ដល់​ថ្នាក់​កំពូល។ វប្បធម៌​ធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង​​នេះ បាន​បង្កើត​ទៅ​ជា​ប្រព័ន្ធ​ដ៏​ស្មុគស្មាញ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​ក៏​ងាយ​នឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ថែម​ទៀត​ផង។ ព្រោះ​តែ​មូលហេតុ​នេះ​​ហើយ ទើប​មន្ត្រី​ធំៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល បាន​ព្យាយាម​ភ្ជាប់​សាច់​ឈាម​គ្នា ឬ​ដន្លង​នឹង​គ្នា តាម​រយៈ​អាពាហ៍ពិពាហ៍​ជា​ហែហូរ​កន្លង​មក​នេះ។

ក្រសួង​សំខាន់ៗ​របស់​ជាតិ និង​មន្ទីរ​មួយ​ចំនួន ក្រៅ​ពី​ប្រព្រឹត្ត​អំពើ​​ពុករលួយ ជា​ប្រព័ន្ធ​ហើយ ថែម​ទាំង​ព្យាយាម​តែងតាំង​សាច់ញាតិ និង​កូនបង្កើត​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា និង​ជា​ជំនួយ​ការ​ក៏​មាន​ដែរ។ ក្រៅ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​រង​ការ​រិះគន់​នៅ​ពេល​នេះ​ថា តែងតាំង​កូន​បង្កើត​ធ្វើ​ជំនួយការ​ហើយ​នោះ ដោយ​ឡែក​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត ក៏​មាន​ទម្រង់​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។

កូន​ប្រុស​បង្កើត​របស់​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្មីៗ​នេះ​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ក្នុង​ក្របខ័ណ្ឌ​យោធា​នេះ ដោយ​ព្រះរាជក្រឹត្យ​ដែរ។ កូន​ប្រុស ២​នាក់​របស់​លោក ទៀត បាញ់ គឺ​លោក ទៀ សីហា តែងតាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា និង​លោក ទៀ សុរៈឆ័យ តែងតាំង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ដែរ​នោះ គឺ​មាន​ឋានៈ​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី​ផ្កាយ​១ ដូច​គ្នា ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ។ ការ​ដំឡើង​ឋានៈ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ស្មើ​នឹង​ប្រធាន​នាយកដ្ឋាន និង​អគ្គនាយក​នេះ ក្នុង​ចំណោម​មនុស្ស ២​នាក់​ថែម​ទៀត​នោះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា គឺ​ជា​ការ​ផ្ដល់​សិទ្ធិ និង​តួនាទី​មិន​បាន​ស្មើ​ភាព​គ្នា​នៅ​ក្នុង​សង្គម​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ផ្ដល់​អំណាច​តែ​ទៅ​លើ​មនុស្ស​មួយ​ក្រុម ដោយ​សំដៅ​ទៅ​លើ​តែ​កូន​អ្នក​ធំ​បែប​នេះ គឺ​ងាយ​នឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ជា​សញ្ញា​នៃ​ការ​រំលោភ​អំណាច​ថែម​ទៀត​ផង។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មើល​ឃើញ​ថា ការ​ព្យាយាម​ផ្ដល់​តួនាទី​ឲ្យ​តែ​សែស្រឡាយ និង​សាច់ញាតិ​របស់​ខ្លួន​ដូច​នេះ ដោយ​បំភ្លេច​ចោល​អ្នក​ដែល​មាន​សមត្ថភាព​មិន​ខុស​ពី​ចង់​ក្ដោបក្ដាប់​ឲ្យ​ប្រទេស​នេះ ស្ថិត​ក្នុង​អំណាច​របស់​ខ្លួន​ឡើយ ជាពិសេស​នោះ ប្រទេស​នេះ​នឹង​រក​ភាព​រុងរឿង និង​រីក​លូតលាស់​មិន​ឃើញ​ឡើយ៖ «បើ​សិន​ជា​យើង​រវល់​តែ​ដាក់​កូន​ដាក់​ចៅ​យើង​នៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ យើង​បាន​បាត់បង់​ធនធាន​មនុស្ស​ល្អៗ ដែល​គ្មាន​សែស្រឡាយ​សាច់ឈាម​គឺ​យើង​មិន​អាច​មាន​ឱកាស​នឹង​កសាង​ប្រទេស​មួយ​ដែល​មាន​ការ​រីកចម្រើន​លឿន​ទេ»

យ៉ាង​នេះ​ក្ដី​លោក ឱម យ៉ិនទៀង បើក​ចំហ​ក្នុង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​រូប​លោក ប្រសិន​បើ​រក​ឃើញ​ថា ការ​តែងតាំង ឬ​ក៏​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​ត្រឹមត្រូវ និង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់៖ «ដាក់​ពាក្យ​ប្ដឹង​មក​យើង​ខ្ញុំ​រង់​ចាំ​ដោះស្រាយ​ជូន។ យើង​នឹង​ពិនិត្យ​ជូន​លើ​បញ្ហា​ហ្នឹង ប៉ុន្តែ​កុំ​ដើរ​បំផើម​គេ​ចោល»

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​មជ្ឈដ្ឋាន​នានា ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​អង្គភាព​នេះ​ចាត់​វិធានការ​ប្រឆាំង​អ្នក​ការពារ​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង ក្រោម​ហេតុផល​ប្រព្រឹត្ត​អំពើ​ពុករលួយ។ អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ គឺ​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​កម្ចាត់​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។