ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញ សម្ដែងការព្រួយបារម្ភ និងបង្ហាញការបាក់ទឹកចិត្តសម្រាប់ការបោះឆ្នោតសកល នៅឆ្នាំ២០១៨ ក្រោយពីបានឮព័ត៌មានថា មេបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងគេហដ្ឋានទាំងកណ្ដាលអធ្រាត្រ។
ការបារម្ភនេះ គឺក្រោយពេលដែលមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរថា គណបក្សនេះនឹងធ្វើពហិការមិនចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខទេ ប្រសិនបើស្ថានការណ៍នយោបាយនៅតែអាក្រក់ខ្លាំងដូចបច្ចុប្បន្ន។ ពួកគាត់បន្តថា បើទោះជាមានការអះអាងថា ការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា មិនប៉ះពាល់ដល់ការបោះឆ្នោតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ឬមន្ត្រីគណៈរដ្ឋមន្ត្រីក៏ដោយ ក៏ពលរដ្ឋខ្លះនៅតែបារម្ភ និងដំអក់ពេលវេលាក្នុងការទៅចុះឈ្មោះបោះឆ្នោត និងកំពុងពិចារណាឡើងវិញថា គួរទៅបោះឆ្នោត ឬទេ ប្រសិនបើវត្តមានមេបក្សប្រឆាំង លោក កឹម សុខា ត្រូវគេឃុំឃាំងក្នុងពន្ធនាគារនៅពេលមានការប្រកួតប្រជែងបោះឆ្នោត នៅឆ្នាំ២០១៨ ពិតមែន។
អ្នករត់រ៉ឺម៉កកង់បីម្នាក់ លោក សេក កង ប្រាប់ថា លោកមានឈ្មោះបោះឆ្នោតរួចហើយ។ ប៉ុន្តែលោកនឹងមិនទៅបោះឆ្នោតឆ្នាំ២០១៨ ទេ ប្រសិនបើគណបក្សប្រឆាំងត្រូវបានគេរំលាយចោល៖ «អត់បាក់ទេ ធម្មតា ចិត្តធម្មតាអត់បាក់ទេ។ ទឹកចិត្តក្លាហានគឺត្រូវបោះឆ្នោតអត់មានថា បាក់ទឹកចិត្តអីទេ។ បើគេរំលាយ (បក្សសង្គ្រោះជាតិ) បោះម៉េចកើតបង! បើគេរំលាយហើយ គេអត់រំលាយយើងអាចទៅបោះបាន»។
ព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម តាំង ឡុង មានថេរដីកាថា ព្រះអង្គទើបមកពីអតីតទឹកដីកម្ពុជា ក្រោមបាន ៧ខែ ហើយកំពុងធ្វើឯកសារដើម្បីយកទៅចុះឈ្មោះបោះឆ្នោត។ ព្រះអង្គមានថេរដីកាបន្តថា បើទោះជានៅពេលព្រះអង្គបានចុះឈ្មោះបោះឆ្នោតហើយក៏ដោយ ក៏ព្រះអង្គចាត់ទុកការបោះឆ្នោត ឆ្នាំ២០១៨ ថាគ្មានន័យ ប្រសិនបើគ្មានវត្តមានមេបក្សប្រឆាំងចូលរួមប្រកួតប្រជែងទេនោះ៖ «មកពីក្រោម (កម្ពុជាក្រោម) យើងស្នេហាជាតិដែរ គេចាប់មេគណបក្សសង្គ្រោះជាតិ អ៊ីចឹងយើងពិបាកចិត្តដែរ។ …នៅតែចុះឈ្មោះបោះឆ្នោត។ ... យើងអត់ អត់បោះ»។
ឯពលរដ្ឋម្នាក់ទៀត រស់នៅក្រុងភ្នំពេញ ឈ្មោះ ឆាយ សង្ឃឹមថា ការបោះឆ្នោតខាងមុខ នឹងមានវត្តមានមេបក្សប្រឆាំង។ លោកកំពុងពិចារណាថា គួរទៅបោះឆ្នោត ឬទេ ប្រសិនបើគ្មានវត្តមានមេបក្សប្រឆាំង លោក កឹម សុខា ចូលរួមប្រកួតនោះ៖ «វាមានន័យថា ធ្វើឲ្យការទុកចិត្តរបស់ប្រជាជន វាអត់ទាន់មាន អ៊ីចឹងបើតាមគំនិតខ្ញុំ គំនិតប្រជាជនផ្សេងៗទៀត ប្រហែលជាគិតមិនខុសគ្នាទេ គឺគេភាគច្រើនមិនអាចទៅបោះឆ្នោតបានទេ ព្រោះអីទៅបោះឆ្នោតយ៉ាងដូចម្ដេច ព្រោះអីវាអត់គណបក្សប្រឆាំងណាដែលដូចថា គណបក្សប្រឆាំងណាដែលមានប្រជាប្រិយភាពខ្លាំង អ៊ីចឹងមានន័យថា មានតែគណបក្សកាន់អំណាចមួយ អ៊ីចឹងមានន័យថា យើងបោះ យើងមិនបោះឆ្នោត អ៊ីចឹងបោះឆ្នោតវាគ្មានន័យអីដែរ»។

ចំណែកព្រះចៅអធិការវត្តសាមគ្គីរង្សី ស្ថិតនៅខណ្ឌមានជ័យ ក្រុងភ្នំពេញ ព្រះនាម ថាច់ ហាសំអាង បានជំរុញឲ្យព្រះសង្ឃខ្មែរក្រោម ដែលគង់នៅក្នុងវត្តមួយនេះ ទៅចុះឈ្មោះ និងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់អង្គ។ ទោះជាព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តខ្លះ មានការបាក់ទឹកចិត្តនៅពេលឮមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំងក៏ពិតមែន ក៏ព្រះអង្គអំពាវនាវឲ្យព្រះសង្ឃ និងពលរដ្ឋនៅក្រៅប្រទេសទៅចុះឈ្មោះសម្រាប់បោះឆ្នោតឆ្នាំ២០១៨ ដែរ។
ព្រះអង្គ ថាច់ ហាសំអាង៖ «សូមឲ្យប្រជាជនខ្មែរកុំបាក់ទឹកចិត្ត បើញាតិញោមនៅក្រៅប្រទេស ញាតិញោមអាចចូលមកស្រុកខ្មែរ បានមកបោះឆ្នោត អញ្ជើញមកកុំនៅក្រៅប្រទេស។ ... ហើយសំខាន់ណាស់ដើម្បីឈានទៅរកការផ្លាស់ប្ដូរ បក្សមួយទៅបក្សមួយ គឺសំខាន់បំផុតស្នាមមេដៃជ្រលក់បោះឆ្នោតហ្នឹងហើយ។ សូមញាតិញោមកុំជេរច្រើន កុំជេរច្រើនជាងធ្វើសកម្មភាព ញាតិញោមត្រូវតែធ្វើសកម្មភាពឲ្យបានច្រើនជាងជេរ បានន័យថាម៉េច ញាតិញោមត្រូវតែអញ្ជើញមកបោះឆ្នោតជាដាច់ខាត កុំជេរតែនៅថៃ កុំជេរតែនៅកូរ៉េ កុំជេរតែនៅក្រៅប្រទេស។ អ៊ីចឹងអញ្ជើញមក ជិះយន្តហោះមក»។
ករណីពលរដ្ឋបាក់ទឹកចិត្ត និងប្ដេជ្ញាមិនទៅបោះឆ្នោតនេះ អង្គការសង្គមស៊ីវិលធ្វើការផ្នែកបោះឆ្នោតក៏មានការព្រួយបារម្ភអំពីរឿងនេះដែរ ខណៈដែល គ.ជ.ប ថា នេះគឺជាសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ សង្គមស៊ីវិលធ្វើការផ្នែកបោះឆ្នោត បានបង្កើនការផ្សព្វផ្សាយ និងអប់រំពលរដ្ឋអំពីការទៅចុះឈ្មោះបោះឆ្នោត។ ឯ គ.ជ.ប វិញ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចឲ្យទៅពិនិត្យមើលបញ្ជីឈ្មោះ ឯអ្នកមិនទាន់បានចុះឈ្មោះឲ្យទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលកំពុងបំពេញបេសកកម្មធ្វើការ និងកំពុងសិក្សាឲ្យមកចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ-សង្កាត់ និងតាមភូមិក្នុងប្រទេសកម្ពុជា ហើយគ្មានការចុះឈ្មោះនៅក្រៅប្រទេសទេ ហើយយកការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះនេះ មានរយៈពេល ៧០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។