ពលរដ្ឋ និងអ្នកឃ្លាំមើលលើកឡើងថា ការផ្ទេរអំណាចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅឱ្យកូនហើយងាកទៅកាន់កាប់តំណែងកំពូលក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងព្រះមហាក្សត្រ គឺជាការក្ដោបក្ដាប់អំណាចតត្រកូល មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ និងឈានទៅរករបបផ្ដាច់ការដូចប្រទេសកូរ៉េខាងជើង។
ប្រជាពលរដ្ឋខកចិត្តចំពោះប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែលកំពុងប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសផ្ដាច់ការ ស្ថិតក្រោមការត្រួតត្រារបស់អំណាចគ្រួសារខ្លួនតវង្សត្រកូល តាមរយៈការផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យ លោក ហ៊ុន ម៉ាណែត។
ពលរដ្ឋនៅខេត្តបាត់ដំបង លោកស្រី រួន សម្បត្តិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ កក្កដា ថា លោកស្រីមិនទទួលស្គាល់ការផ្ទេរអំណាចពីឪពុកទៅកូននេះទេ ព្រោះវាជាការបោកប្រាស់ប្រជាពលរដ្ឋដែលបោះឱ្យគណបក្សប្រជាជនកម្ពុជា។ លោកស្រីបន្តថា ប្រសិនបើអ្នកបន្តវេនបក្សកាន់អំណាចមានសមត្ថភាព និងអះអាងថា ការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យមែននោះ លោក ហ៊ុន ម៉ាណែត គួរតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដោយផ្ទាល់ ដោយមិនចាំបាច់នៅពីក្រោយខ្នងចាំស៊ីកេរ្តិ៍ឪពុកនោះទេ។
លោកស្រី រួន សម្បត្តិ៖ «ខ្ញុំមិនសូវស្គាល់គាត់(លោក ហ៊ុន ម៉ាណែត)ដែរ មិនដែលសូវតាមដានហ្វេសប៊ុកគាត់ផង។ បើតាមចំណង់ចំណូលចិត្តខ្ញុំៗ ដូចអត់សូវទទួលស្គាល់ដែរ។ ដល់ពេល(ផ្ទេរអំណាច)ពីឪពុកមកកូនអ៊ីចឹង អ្នកដទៃទៀត គេអត់មានសិទ្ធិមានអី ចង់ធ្វើតំណែងអីអ៊ីចឹង មានតែក្រុមគ្រួសារគាត់»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅរាជធានីភ្នំពេញ លោកស្រី វ៉ាន់ បុប្ផា យល់ឃើញថា លោក ហ៊ុន ម៉ាណែត មិនមែនជានាយករដ្ឋមន្ត្រីស្របច្បាប់នោះទេ ព្រោះតំណែងរបស់លោកបានមកពីឪពុកជាអ្នកលើកបន្តុប ដោយលោកពុំបានឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដោយផ្ទាល់នោះទេ។
លោកស្រី វ៉ាន់ បុប្ផា៖ «យើងដឹងស្រាប់ហើយថា នាយករដ្ឋមន្ត្រីសព្វថ្ងៃគឺគាត់ផ្ដាច់ការតត្រកូលគាត់។ ហើយមិនមែនបន្តតំណែងទេ នេះគឺតត្រកូល ដូចកូរ៉េ(ខាងជើង)អ៊ីចឹង»។
ក្នុងការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិទី៧ នេះ លោក ហ៊ុន ម៉ាណែត គឺជាបេក្ខជនតំណាងរាស្ត្រឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ ខណៈលោក ហ៊ុន សែន ជាឪពុកឈរឈ្មោះនៅមណ្ឌលខេត្តកណ្ដាល។ ទោះយ៉ាងណា លោក ហ៊ុន សែន នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជានៅឡើយ។
បើទោះជា ការផ្ទេរតំណែងក្រោយការបោះឆ្នោតបែបនេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ១១៩ថ្មី ដែលលោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យធ្វើវិសោធនកម្ម កាលពីខែកក្កដា ឆ្នាំ២០២២។
អាជីវករលក់ដូរនៅរាជធានីភ្នំពេញ លោកស្រី ហុង អាន បារម្ភពីការផ្ទេរអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅឱ្យកូន ដែលអាចបង្កើតឱ្យមានរបបសន្តតិវង្ស ឬការផ្ទេរអំណាចតពូជដូចប្រទេសកូរ៉េខាងជើង (North Korea) ដែរ។ លោកស្រីបន្តថា ការផ្ទេរអំណាចតពូជបែបនេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារត្រកូល «ហ៊ុន» ដែលមានកូនធ្វើជានាយករដ្ឋមន្ត្រី ចំណែកឪពុកគ្រប់គ្រងលើស្ថាប័នព្រះមហាក្សត្រ ហើយរបបគ្រប់គ្រងបែបនេះ នឹងធ្វើឱ្យមានអំពើពុករលួយ និងគម្លាតកាន់តែឆ្ងាយរវាងអ្នកមាន និងអ្នកក្រជាដើម។
លោកស្រី ហុង អាន៖ «ហើយរឿងដែលគ្រោះថ្នាក់ធំបំផុតហ្នឹង គឺអំណាចនៅលើ ហ៊ុន ម៉ាណែត ផង នៅលើ ហ៊ុន សែន ផង។ អ៊ីចឹងមានន័យថា មន្ត្រីដែលនៅក្នុងជួរគណបក្សប្រជាជនហ្នឹង គ្រាន់តែជាមន្ត្រីទីងមោង មន្ត្រីខ្យល់ មន្ត្រីខ្មោចប៉ុណ្ណឹងទេ វាអត់មានន័យអ្វីទេ។ ការតស៊ូលះបង់របស់គាត់កន្លងមក ទាំងព្រះមហាក្សត្រហ្នឹង គ្រាន់តែថាគេបន្តក់ឱ្យរស់ៗកំដរតែជីវិតហ្នឹងឯង។ មុខតំណែងតួនាទី ប្រទេសជាតិខ្មែរទាំងមូលហ្នឹងក្លាយទៅជាក្រុមហ៊ុនរបស់«ត្រកូលហ៊ុន»អស់រលីងហើយ»។
រីឯពលរដ្ឋនៅខេត្តប៉ៃលិន លោក ហ៊ុល សៅ មើលឃើញថា ការផ្ទេរអំណាចជាលក្ខណៈឈុតធំរបស់គ្រួសារមន្ត្រីធំៗក្នុងជួរគណបក្សប្រជាជនកម្ពុជា នេះ គឺជាដំណើរការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងឆ្ពោះទៅរករបបផ្ដាច់ការគ្រួសារនិយម។ លោកយល់ថា ការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឱ្យកូនប្រុសនេះ មិនមែនជាការលះបង់ដើម្បីប្រទេសជាតិដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែជាការលះបង់ដើម្បីគ្រួសារ ខណៈដែលលោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ មិនបានចូលនិវត្តន៍ឡើយ ហើយបែរជាឆ្លៀតជ្រៀតជ្រែកអំណាចក្នុងស្ថាប័នព្រះមហាក្សត្រដើម្បីពង្រឹងអំណាចគ្រួសារលោកទៅវិញ។
លោក ហ៊ុល សៅ៖ «បន្តិចទៀតគឺលែងមានព្រះរាជាណាចក្រកម្ពុជាហើយ គឺព្រះរាជអាណាចក្រត្រកូលហ៊ុន តែម្ដង»។
ក្រោយការបោះឆ្នោតមិនដល់មួយសប្ដាហ៍ផងនោះ លោក ហ៊ុន សែន បានបង្ហោះសារវីដេអូមួយកាលពីថ្ងៃទី២៦ កក្កដា ដោយប្រកាសថា លោកនឹងលែងបន្តធ្វើជានាយករដ្ឋមន្ត្រីចាប់ពីអាណត្តិនេះតទៅ ដោយផ្ទេរតំណែងទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ សីហា ខាងមុខ។ មេដឹកនាំគ្រប់គ្រងអំណាចជិត ៤០ឆ្នាំរូបនេះឱ្យដឹងថា លោកនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ និងថែមទាំងត្រូវតែងតាំងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានសិទ្ធិសម្រេចកិច្ចការជំនួសព្រះអង្គបានទៀតផង។
សកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្ស កញ្ញា សូ មេត្តា ថា ការផ្ទេរ និងគ្រប់គ្រងអំណាចតវង្សត្រកូល បែបនេះ គឺមិនស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ ដែលត្រូវការការផ្លាស់ប្ដូរមេដឹកនាំដែលជាអ្នកមានសមត្ថភាពពិតប្រាកដ តែផ្ទុយទៅវិញ វានឹងធ្វើឱ្យអំពើពុករលួយ បក្សពួកនិយម របបផ្ដាច់ការ និងវិបត្តិនយោបាយកាន់តែរីករាលដាល។ កញ្ញាបន្តថា ការផ្ទេរអំណាចបែបនេះ នឹងមិនធ្វើឱ្យស្ថានភាពនយោបាយ សេរីភាពបញ្ចេញមតិ និងប្រជាធិបតេយ្យនៅកម្ពុជាល្អប្រសើរនោះឡើយ ទោះលោក ហ៊ុន ម៉ាណែត ធ្លាប់ទទួលបានការសិក្សានៅប្រទេសលោកសេរីក្ដី ព្រោះអនាគតនាយករដ្ឋមន្ត្រីរូបនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ដែលជាមេដឹកនាំផ្ដាច់ការ។
កញ្ញា សូ មេត្តា៖ «វាជាគំរូអាក្រក់មែនទែន ការផ្ទេរអំណាចនេះ វាជាគំរូអាក្រក់ទៅដល់ក្នុងតំបន់អាស៊ីរបស់យើង ហើយវានឹងប៉ះពាល់ទៅដល់ប្រទេសលោកសេរី ហើយពិភពលោកទាំងមូលគេនឹងសើចចំអកប្រទេសកម្ពុជា ដែលមិនមានការបោះឆ្នោតត្រឹមត្រូវជ្រើសរើសតំណាងរាស្ត្រ ហើយតែងតាំងកូនបង្កើតខ្លួនឯងហ្នឹងឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រី ទាំងដែលយើងមិនទាន់ដឹងថាសមត្ថភាពគាត់(លោក ហ៊ុន ម៉ាណែត)មានលទ្ធភាពប៉ុណ្ណាក្នុងការបម្រើរាស្ត្រ បម្រើប្រទេសជាតិ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៧ កក្កដា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញថា ការដែលលោក ហ៊ុន សែន តែងតាំងខ្លួនឯងធ្វើជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ បន្ទាប់ពីផ្ទេរអំណាចឱ្យទៅកូនប្រុស គឺលោក ហ៊ុន ម៉ាណែត នេះ ព្រោះលោក ហ៊ុន សែន ហាក់ដឹងខ្លួនថា ត្រកូលហ៊ុន នឹងត្រូវប្រឈមមុខនឹងជម្លោះផ្ទៃក្នុង នៅក្នុងបក្ស និងការដាក់ទណ្ឌកម្មពីប្រទេសលោកសេរី។ លោក ម៉ែន ណាត យល់ឃើញថា ទោះបីជាលោក ហ៊ុន សែន លែងធ្វើជានាយករដ្ឋមន្ត្រីក្ដី ក៏លោក ហ៊ុន សែន នៅតែគ្រប់គ្រងកម្ពុជា ដោយប្រើប្រាស់តួនាទី ជាសមាជិកសភាតំណាងរាស្ត្រខេត្តកណ្ដាល ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា ដែលដណ្ដើមពីលោក សាយ ឈុំ។
លោក ម៉ែន ណាត៖ «សូម្បីតែតំណែងដែលឪពុកគាត់ប្រកាសឱ្យជាដើមហ្នឹង ឪពុកគាត់មិនហ៊ានឱ្យ ហ៊ុន ម៉ាណែត ហ្នឹង ឈរឈ្មោះជានាយករដ្ឋមន្ត្រីដោយផ្ទាល់ផង ដោយសារវាមានបញ្ហាផ្ទៃក្នុង ព្រោះបញ្ហាផ្ទៃក្នុងរបស់គាត់ហ្នឹង វាមិនឯកភាពគ្នា។ អ៊ីចឹងបានលោក ហ៊ុន សែន ឈរខ្លួនឯង អាហ្នឹងទីមួយ។ ហើយទីពីរ បើឱ្យ ហ៊ុន ម៉ាណែត ឈរ បើអត់មានបញ្ហាផ្ទៃក្នុង ក៏ ហ៊ុន ម៉ាណែត អត់មានសមត្ថភាពនយោបាយដែរ វាអាចធ្វើឱ្យមានការបែកបាក់ប្រេះឆាចិត្តគំនិតនៅក្នុងជួរអ្នកគាំទ្រគណបក្សប្រជាជន ជាពិសេសមន្ត្រីជាន់ខ្ពស់»។
ទន្ទឹមនឹងការលះបង់តំណែងនាយករដ្ឋមន្ត្រីឱ្យទៅកូន លោក ហ៊ុន សែន មិនបានដើរចេញតែម្នាក់ឯងនោះទេ ពោលគឺលោកបានប្រកាសឱ្យអ្នកនយោបាយចាស់វស្សា របស់គណបក្សប្រជាជន ដែលមានតួនាទីនៅតាមក្រសួងសំខាន់ៗ ដូចជា ប្រធានរដ្ឋសភា លោក ហេង សំរិន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន ជាដើម លះបង់តំណែងរបស់ពួកគេដែរ។ មកទល់ពេលនេះ មន្ត្រីធំៗទាំងនោះនៅមិនទាន់មានប្រតិកម្មណាមួយចំពោះការសម្រេចរបស់លោក ហ៊ុន សែន នោះទេ។
ពលរដ្ឋលើកឡើងថា ការសម្រេចចិត្តផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឱ្យកូន និងផ្លាស់ប្ដូរតួនាទីមន្ត្រីធំៗក្នុងជួរបក្ស គឺជាប្រកួតប្រជែងដណ្ដើមអំណាចគ្នា របស់មន្ត្រីគណបក្សកាន់អំណាច ដោយមិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។