សាច់ញាតិបក្សប្រឆាំងចាត់ទុកអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់សមាជិកគ្រួសារពួកគាត់ដោយគ្មានកំហុសយកទៅធ្វើជាចំណាប់ខ្មាំងដោះដូរ គឺជានយោបាយជាសងសឹក និងបំបិទសំឡេងជំទាស់នឹងរដ្ឋាភិបាល។ ពួកគាត់ទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋ និងដោះលែងសមាជិកគ្រួសារឱ្យមានសេរីភាពឡើងវិញ។
សាច់ញាតិ និងសកម្មជនបក្សប្រឆាំងរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសលែងមានច្បាប់ទម្លាប់បែរជាចាប់សមាជិកគ្រួសារពួកគាត់ទៅឃុំដាក់សម្ពាធតាមអំពើចិត្ត។
សមាជិកក្រុមប្រឹក្សាភិបាលចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ លោក ហៃ វណ្ណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែសីហាថា ការណ៍ដែលសមត្ថកិច្ចនៅតែបន្តលាក់បាំងព័ត៌មានពាក់ព័ន្ធការចាប់ខ្លួនប្អូនប្រុសរបស់លោកមកដល់ពេលនេះជាអំពើរំលោភច្បាប់ និងសិទ្ធិមនុស្សធ្ងន់ធ្ងរដែលគ្រួសារលោកមិនអាចទទួលយកបានឡើយ ហើយលោកនឹងប្ដឹងករណីនេះទៅអង្គការសិទ្ធិមនុស្ស និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ស្នើសុំឱ្យជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌។ លោកមើលឃើញថា រដ្ឋាភិបាលចាប់ប្អូនប្រុសរបស់លោកធ្វើជាចំណាប់ខ្មាំង ដោយសារការចងគំនុំគុំកួន និងដាក់សម្ពាធលើរូបលោកឱ្យបន្ធូរបន្ថយការរិះគន់មេដឹកនាំក្រុងភ្នំពេញ តែយ៉ាងណាក្ដី លោកមិនប្ដូរជំហរឡើយ។
លោក ហៃ វណ្ណា៖ «ការចាប់ដោយមិនបង្ហាញយ៉ាងណានោះ គឺធ្វើឱ្យរបបសព្វថ្ងៃមានភាពអាម៉ាស់ទៅវិញទេ ហើយវាអត់មានអ្វីចំណេញទេ ទាំងភាគីគាត់(រដ្ឋាភិបាល)និងភាគីខាងខ្ញុំ បើយើងចង់ឱ្យចំណេញទាំងអស់គ្នា យើងគួរមានការដោះលែងគាត់ ហើយងាកមករួបរួមសាមគ្គីរវាងខ្មែរ និងខ្មែរ និយាយឱ្យចេះស្ដាប់គ្នាទៅ គឺគ្មានអ្នកណាចង់ផ្ដួលរំលំរដ្ឋាភិបាលទេ តែយ៉ាងហោចណាស់ក្នុងនាមរដ្ឋាភិបាលត្រូវស្ដាប់ក្ដីកង្វល់របស់ប្រជាពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ ប្អូនប្រុសមន្ត្រីបក្សភ្លើងឆន្ទៈខ្មែរ នៅខេត្តប៉ៃលិន លោក ស៊ុន ពិសិដ្ឋ គឺលោក ដើង អឿន ប្រាប់ថា បងប្រុសលោក ត្រូវបានសមត្ថកិច្ចឃុំទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន តែមកទល់ពេលនេះសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុចាប់ខ្លួនបងប្រុសលោក និងសកម្មជនពីរនាក់នៅឡើងដែរ។ លោកយល់ថា ការចាប់ខ្លួនពួកគាត់ ដែលជាមន្ត្រីបក្សប្រឆាំងដ៏សកម្មនៅខេត្តប៉ៃលិនពេលនេះ គឺក្នុងគោលបំណងធ្វើទុកបុកម្នេញ បំបាក់ស្មារតីទាំងសកម្មជន និងពលរដ្ឋកុំឱ្យចូលរួមគាំទ្រគណបក្សប្រឆាំងតទៀត។ លោកទាមទារឱ្យអាជ្ញាធរខេត្តប៉ៃលិនដោះលែងពួកគាត់ឱ្យត្រឡប់មកផ្ទះវិញដោយឥតលក្ខខណ្ឌ។
លោក ដើង អឿន៖«បញ្ហានេះ ខ្ញុំមើលទៅលើសពីរឿងគំនុំទៅទៀត។ មកចាប់ទាំងកម្រោល បងប្អូននៅក្បែរៗ ត្រូវបានសមត្ថកិច្ចលោតមកចាប់យកទូរស័ព្ទអ៊ីចឹងទៅ ហើយការចាប់នេះ វាសាហាវពេក ខ្លាំងក្លាពេកហើយ។ ខ្ញុំមិនអាចទទួលយកបានទេ បងខ្ញុំអត់មានកំហុសអ្វីទេ។ ខ្ញុំសុំអំពាវនាវដល់អាជ្ញាធរ មកដល់ម៉ោងនេះហើយ អាជ្ញាធររកកំហុសគាត់អត់ឃើញ សូមដោះលែងមកវិញមក»។
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនប្អូនប្រុសបង្កើតលោក ហៃ វណ្ណា ឈ្មោះ ហៃ វណ្ណនិត នៅច្រកព្រំដែនប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៦ ខែសីហា។ ព័ត៌មានចុងក្រោយ ដែលអាស៊ីសេរីទទួលបាន កាលពីយប់ថ្ងៃទី១៧ ខែសីហាបានឲ្យដឹងថាប្អូនប្រុសលោក ហៃ វណ្ណា ត្រូវសមត្ថកិច្ចចាប់ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននេះបន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាឪពុកនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន សែន ខឹងសម្បារ និងបានបញ្ជាឲ្យអាជ្ញាធរត្រូវស្វែងរកក្រុមគ្រួសាររបស់លោក ហៃ វណ្ណា ដែលរស់នៅប្រទេសកម្ពុជា។
ក្រៅពីសមត្ថកិច្ចក៏បានចាប់ខ្លួនមន្ត្រីបក្សប្រឆាំងចំនួន ៣នាក់បន្ថែមទៀត នៅខេត្តបៃលិន កាលពីយប់ថ្ងៃទី១៧ ខែសីហា ដោយគ្មានមូលហេតុ និងគ្មានដីកា។ រួមមានបេក្ខជនក្រុមប្រឹក្សាខេត្តប៉ៃលិន មកពីគណបក្សឆន្ទៈខ្មែរ ចំនួន ២នាក់ គឺលោក ឡោ ធន់ លោក ស៊ុន ពិសិដ្ឋ និងប្រធានប្រតិបត្តិបក្សភ្លើងទៀនឃុំស្ទឹងកាច់ ស្រុកសាលាក្រៅម្នាក់ទៀត គឺលោក មាស កុល បន្ទាប់ពីរដ្ឋាភិបាលរបស់ត្រកូល ហ៊ុន ដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេសបង្ក្រាបអ្នកទាំងឡាយណា ដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១៩ ខែសីហា។ ចំណែកស្នងការនគរបាលខេត្តប៉ៃលិនលោក សេង សុគន្ធ ក៏បានអាចទាក់ទងបានដែរ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មើលឃើញថា បើសមត្ថកិច្ចចាប់មនុស្សក្នុងបទល្មើសនេះមិនជាក់ស្ដែង ដោយមិនបានបង្ហាញដីកាចាប់ខ្លួន ឬមិនប្រាប់ពីមូលហេតុនៃការចាប់ខ្លួន គឺជាការអនុវត្តខុសនីតិវិធី និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោក យិន ម៉េងលី ប្រាប់ថាសង្គមស៊ីវិលការពារសិទ្ធិមនុស្សព្រួយបារម្ភជាខ្លាំងនៅពេលទទួលព័ត៌មានជាបន្តបន្ទាប់អំពីករណីសមត្ថកិច្ចចាប់ខ្លួនសកម្មជននយោបាយ យុវជន និងពលរដ្ឋមួយចំនួនមិនអនុលោមតាមច្បាប់ នៅអំឡុងពេលអាជ្ញាធរចាត់ការលើអ្នកចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
លោក យិន ម៉េងលី៖ «ការចាប់ខ្លួន ត្រូវមានបទល្មើសកើតឡើងសិន ហើយបន្ទាប់មកបានគេស្វែងរក តើអ្នកណាប្រព្រឹត្តបទល្មើស អាហ្នឹងជាគោលការណ៍គឺគេអត់ទៅចាប់មនុស្សទៅរកបទល្មើសទេ គេត្រូវរកបទល្មើសសិនថា តើអ្នកហ្នឹងប្រព្រឹត្តបទល្មើសអ្វី ក្រោយមានបទល្មើសកើតឡើង មានច្បាប់ចែងហើយទើបគេទៅចាប់មនុស្សហ្នឹង ហើយត្រូវប្រាប់ពីមូលហេតុ ប្រាប់ក្រុមគ្រួសារឱ្យបានដឹងតើចាប់យកទៅណា ឃុំនៅឯណាបាទ នេះវាហាក់បីដូចជា គ្រួសារដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកំពុងជ្រួលច្របល់ពេញហ្នឹងទាំងអស់»។
ផែនការបង្ក្រាបលើពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានអ្នកឃ្លាំមើលថាជាឆាកល្ខោករបស់លោក ហ៊ុន សែន រៀបចំឡើងដើម្បីលុបព្រឹត្តិការណ៍ និងទប់ស្កាត់ការងើបតវ៉ារបស់ពលរដ្ឋរឿងបញ្ហាទឹកដី រួមទាំងឆ្លៀតឱកាសនេះឆ្មក់ចាប់សកម្មជនសង្គម និងសកម្មជននយោបាយ ដើម្បីកម្ទេចគណបក្សប្រឆាំង និងអ្នករិះគន់ចេញពីកម្ពុជាតាមការចង់បានរបស់លោក ហ៊ុន សែន កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។