ប៉ូលិស​ដោះលែងសកម្មជន​បក្សប្រឆាំង​​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​វិញ​ហើយ​ បន្ទាប់​ពី​​ឃុំ​ខ្លួន​អស់​មួយ​យប់

0:00 / 0:00

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ថ្មពួក លោក រ័ត្ន សុធី វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី១០ ធ្នូ បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន​លោក​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អស់​មួយ​យប់។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក មាជ សុវណ្ណារ៉ា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១០ ធ្នូ​ថា ប៉ូលិស​នៅ​នាយកដ្ឋាន​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​សាកសួរ​លោក រ័ត្ន សុធី អំពី​ការ​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក ក៏​ប៉ុន្តែ​លោក​មិន​ដឹង​ខ្លឹម​សារ​អ្វី​នោះ​ទេ។ លោក​ប្រាប់​ថា ប៉ូលិស​បាន​ដោះ​លែង​លោក រ័ត្ន សុធី វិញ នៅរសៀលថ្ងៃទី១០ ធ្នូ ប៉ុន្តែ​បាន​​​ដាក់​សកម្មជន​រូប​នេះ ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ របស់​អាជ្ញាធរ​ និង​ហាម​ឃាត់​មិន​​ឱ្យ​​​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស។ លោក​ចាត់​ទុក​រឿង​នេះ​ ថា ជា​អំពី​អយុត្តិធម៌ និង​ជា​ការ​គំរាមកំហែង​បំបាក់​ស្មារតី​​សកម្មជន​គណបក្ស​ប្រឆាំង៖ «ដល់​អីចឹង​ខ្ញុំ​មើល​ឃើញ​ថា អានេះ​ជា​ការ​គំរាម​កំហែង​បំភិតបំភ័យ ចង់​បង្ហាញ​ថា ឱ្យ​សកម្មជន​នយោបាយ​​បក្ស​ប្រឆាំង​ដទៃ​ទៀត មាន​ការ​ខ្លាច​រអា វា​ជា​រឿង​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ សមត្ថកិច្ច​គួរ​​តែ​ត្រូវ​ដឹង​ថា​អ្នក​ណា ដែល​បង្ក​បញ្ហា​អ្នក​ណា​ដែល​មិន​បង្ក​បញ្ហា យើង​មិន​ត្រូវ​ចាប់​ដោយ​គ្មាន​ហេតុផល​តាម​តែ​អំពើ​ចិត្ត ហើយ​យើង​ទៅ​បាន​មក​ដោះ​លែង​គេ។ អា​ហ្នឹង​វា​ធ្វើ​ឱ្យ​គេ​ខាត​ពេល​វេលា​ ធ្វើ​ឱ្យ​គេ​ហ្នឹង​មាន​វិប្បដិសារី​អ្វី ដែល​គេ​មិន​បាន​ធ្វើ​ខុស »

លោក មាជ សុវណ្ណារ៉ា ឱ្យ​ដឹង​ថា ក្រោយ​ពី​ដោះ​លែង លោក រ័ត្ន សុធី បន្ត​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​មួយ​យប់ ហើយ​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី១១ ធ្នូ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក រ័ត្ន សុធី ដើម្បី​សាកសួរ​អំពី​ករណី​អាជ្ញាធរ​ចាប់​ខ្លួន​លោក​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ធ្នូ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ថ្ម​ពួក លោក រ័ត្ន សុធី ត្រូវ​បាន​ប៉ូលិស​​ខេត្ត​បន្ទាយមានជ័យ​ សហការ​ជា​មួយ​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន​​នៅ​ស្រុក​ថ្ម​ពួក កាល​ពី​ម៉ោង ៣រសៀល​ថ្ងៃ​ទី៩ ធ្នូ និង​បាន​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ឯ​ក្រុង​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ​ បន្ទាប់​ពី​​លោក រ័ត្ន សុធី បាន​​សរសេរ​​​សារ​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា ​សូម​ឱ្យ​ប្រជាពលរដ្ឋ​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​​នៅ​ថ្ងៃ​ទី៤ មករា​ឆ្នាំ២០២១ ខាង​មុខ។ ថ្ងៃ​ទី៤ មករា ឆ្នាំ២០២១ នោះ គឺ​ជា​ពេល​វេលា ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​វិល​ត្រឡប់​ទៅ​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​តតាំង​ក្តី​នៅ​តុលាការ។ លោក រ័ត្ន សុធី សរសេរ​បន្ថែម​ថា សូម​ឱ្យ​ពលរដ្ឋ​ចូល​រួម​​បញ្ចេញ​មតិ​ និង​រិះគន់​អ្នក​ប្រកួត ដើម្បី​ស្ថាបនា​ទាំង​អស់​គ្នា។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លោក​ ឆាយ គឹមខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១០ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

លោក រ័ត្ន សុធី ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​បង្ហោះ​សារ​លើ​ហ្វេសប៊ុក រិះគន់​រដ្ឋាភិបាល​ជាបន្តបន្ទាប់។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ចាប់​ខ្លួន​លោក​ចំនួន ២លើក​រួច​មក​ហើយ។ ដោយ​លើក​ចុង​ក្រោយ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ចែក​កូន​ត្រី​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី១៤ កក្កដា ឆ្នាំ២០២០ ថា សំណាង​ហើយ​លោក រ័ត្ន សុធី ​ដែល​លោក​មិន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន។ លោក ហ៊ុន សែន លើកឡើង​បែបនេះ ដោយ​សារ​នៅ​ពេល​នោះ ​ លោក​ រ័ត្ន សុធី រិះគន់​ថា រដ្ឋាភិបាល​​យក​ប្រាក់​ជំនួយ​ពី​សហភាព​អឺរ៉ុប បើក​ឱ្យ​ប្រជាពលរដ្ឋ​​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ។

ទាក់ទងរឿងនេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា​ មាន​ប្រសាសន៍​ថា ​ការ​បង្ហោះ​សារ​បែប​នេះ​មិន​ខុស​ច្បាប់​ឡើយ ពីព្រោះ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​រដ្ឋធម្មនុញ្ញ។ លោក​ហៅ​ការ​ចាប់​ខ្លួន ហើយ​ដោះលែង​វិញ​នេះ​ថា បំភិតបំភ័យ​ផ្នែក​នយោបាយ៖ «អីចឹង​ចង់​ទទួល​ឱ្យ​ខាង​រដ្ឋាភិបាល​ពិចារណា ឬ​ក៏​ខាង​សមត្ថកិច្ច​និង​អ្នក​ដែល​អនុវត្ត​ច្បាប់​ហ្នឹង​ សូម​ពិនិត្យ​មើល​ទៅ​ការ​ប្រព្រឹត្ត​ជន ដែល​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ហ្នឹង​ឡើង​វិញ ព្រោះ​អា​ហ្នឹង​ ការ​ដែល​ចេះ​តែ​បក​ស្រាយ​យល់​ឃើញ​ហ្នឹង​វា​ធ្វើ​ឱ្យ​រង​គ្រោះ​ឬ​ធ្វើ​ឱ្យ​បាត់បង់​នូវ​សិទ្ធិ​សេរីភាព ឬ​ក៏​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​​រស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ »

គិត​ពី​ចុង​ឆ្នាំ២០១៩ រហូត​ដល់​ចុង​ឆ្នាំ២០២០ នេះ អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០០នាក់ ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ខ្លះ​ទៀត​កំពុង​ជាប់​ពន្ធនាគារ​នៅឡើយ។ ក្រៅ​ពី​នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​សង្គម និង​បរិស្ថាន ព្រះសង្ឃ​ខ្មែរ​ថាវរៈ ​យុវជន និង​ពលរដ្ឋ យ៉ាង​ហោច​ណាស់​ជិត ២០នាក់ ដាក់​ពន្ធនាគារ​ដោយ​ចោទ​ពួក​គេ​ពី​បទ​ញុះញង់ ក្រោយ​ពី​ពួក​គេ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល និង​ប្រមូល​ផ្តុំ​គ្នា​ទាម​ទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម។

អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ផង បាន​ថ្កោល​ទោស​នឹង​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ ហើយ​បើក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ជួប​ជុំ​សម្ដែង​មតិ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។