មេ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​នៅ​ប្រទេស​ជប៉ុន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ

0:00 / 0:00

មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន​អំពាវនាវ​ដល់​ពលករ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​ជប៉ុន ត្រៀម​ខ្លួន​ក្នុង​ការ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាង​មុខ ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ថា បាតុកម្ម​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ដល់​របប​ក្រុង​ភ្នំពេញ​នោះ​ទេ។

មេដឹកនាំបាតុកម្មប្រឆាំង​របប​ក្រុង​ភ្នំពេញ នៅ​ប្រទេស​ជប៉ុន​ អះអាង​ថា ការ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាង​មុខ​នេះ គឺ​ជា​ការ​តស៊ូ​មតិ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា និង​ជា​ការ​ជំរុញ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា​ជួយ​ជ្រោមជ្រែង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា បង្ហោះ​វីដេអូ​តាម​បណ្តាញ​ហ្វេសប៊ុក​ថ្ងៃ​ទី៤ ខែ​សីហា ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ ដែល​គ្រោង​ចូល​រួម​បាតុកម្ម​នេះ ឲ្យ​ត្រៀម​ឆ័ត្រ ទឹក និង​ម្ហូប​អាហារ​មក​ជាមួយ​ផង ក្នុង​ពេល​ធ្វើ​បាតុកម្ម​នេះ។ លោក​ឲ្យ​ដឹង​ទៀត​ថា តាម​គម្រោង​បាតុកម្ម​នេះ ​ចាប់​ផ្តើម​ពី​ម៉ោង ១០ព្រឹក​ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ ដែល​ជា​ការ​ធ្វើ​វេទិកា​សាធារណៈ ចំណែក​នៅ​ពេល​រសៀល ក្រុម​បាតុករ​នឹង​ដើរ​ហែ​ក្បួន​ពី​ម៉ោង ២ ដល់​ម៉ោង ៣រសៀល៖ «ដោយសារ​ការ​ធ្វើ​បាតុកម្ម​ហ្នឹង យើង​ធ្វើ​ចំ​ពេល​រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន អ៊ីចឹង​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​គ្រោង​ចូលរួម​យក​ទឹក​មក​ជាមួយ ដោយសារ​ក្រុម​ការងារ​ខ្វះខាត​ថវិកា​មិន​មាន​ថវិកា​គ្រប់គ្រាន់​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​ជូន​បង​ប្អូន សូម​ឲ្យ​បង​ប្អូន​ត្រៀម​ខ្លួន​យក​អាហារ​រៀងៗ ខ្លួន​មក»

លោក ហៃ វណ្ណា ស្នើសុំ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ទាំង​អស់ ចូលរួម​ការ​តវ៉ា​នេះ​ឲ្យ​បាន​ច្រើន​​​​​​ កុះ​ករ ដើម្បី​ទាមទារ​តម្លៃ​ពិត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​សារ​ប្រាប់​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ មេ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​រូប​នេះ សង្កត់​ធ្ងន់​ថា ពលករ​ខ្មែរ ឬ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ត្រូវ​គិត​ថា ពួក​គេ​មក​រស់​នៅ​ទីនេះ ដើម្បី​ធ្វើ​ការ​បាន​លុយ​ផ្ញើ​ទៅ​ឪពុកម្តាយ​នៅ​ស្រុក​កំណើត​តែ​មួយ​មុខ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ ពួក​គេ​ត្រូវ​នាំ​គ្នា​ធ្វើ​ការ​ទាមទារ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​បន្ថែម​ទៀត៖ «ប្រសិន​បើ​បង​ប្អូន​នៅ​តែ​គិត​ថា ចង់​មាន​ការ​ផ្លាស់​ប្តូរ ចង់​ឲ្យ​សង្គម​ជាតិ​យើង​មាន​ការ​រីក​ចំរើន​ពិត​ប្រាកដ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​បង​ប្អូន​ត្រូវ​តែ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ មិន​មែន​ត្រឹម​តែ​ទទួល​បាន​ការ​ផ្តល់​សេវាកម្ម​ល្អៗ ពី​មន្រ្តី​ទូត​ខ្មែរ​នៅ​ប្រទេស​ហ្នឹង មិន​អាច​ធ្វើ​ឲ្យ​មាន​អ្វី​ល្អៗ នៅ​កម្ពុជា​ទេ។ អ៊ីចឹង បើ​សិន​ជា​យើង​ចង់​ឲ្យ​ការ​ប្រសើរ​ឡើង​នៅ​កម្ពុជា យើង​ត្រូវ​តែ​បន្ត​តស៊ូ​មតិ​ទាំង​អស់​គ្នា ហើយ​ត្រូវ​សហការណ៍​គ្នា​ជាមួយ​អ្នក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ជប៉ុន»

នេះមិនមែនជាលើកទីមួយទេ ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ដែល​ភាគ​ច្រើន​ជា​យុវជន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​ក្រុង​ភ្នំពេញ ដោយសារ​ពួក​​គេ​មិន​​ពេញចិត្ត​​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងប់ធ្ងរ និង​របៀប​ដឹក​នាំ​ប្រទេស​លម្អៀង​ជ្រុល​នឹង​រក​​ប្រទេស​កុម្មុយនិស្ត​ចិន​របស់​ក្រុម​លោក ហ៊ុន សែន។ អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា បាតុកម្ម​នេះ​នឹង​ធ្វើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បាក់​មុខ​នៅ​លើ​ឆាក​អន្តរជាតិ។

ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា បាតុកម្ម​នេះ​គ្មាន​ឥទ្ធិ​ពល​អ្វី​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ លោក​នៅ​តែ​ថ្លែង​ការពារ​ដដែលៗ ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹក​នាំ របស់​​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​មាន​សន្តិភាព​ពេញលេញ ហើយ​ចំពោះ​រូប​លោក​ផ្ទាល់ កំពុង​វាយ​កូន​ហ្គោល​យ៉ាង​សប្បាយ​ចិត្ត៖ «រឿង​លោក ហៃ វណ្ណា ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ធ្វើ​ច្រើន​ដង​មក​ហើយ អត់​បាន​ការ​អី​ទាំង​អស់ យើង​មិន​មាន​ការ​ចាប់​អារម្មណ៍​អី​ទេ គាត់​ធ្វើ​អី​ក៏​ធ្វើ​ទៅ »

ទោះបីជា​របបក្រុងភ្នំពេញ​កំពុង​ប្រកាស​ក្តែងៗ ថា ខ្លូន​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ណា​ក្តី ក៏​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុង​ដាក់​ទណ្ឌ​ជា​បណ្តើៗ ហើយ​លើក្រុម​មេ​ដឹក​នាំ របប​នេះ ដោយសារ​តែ​ទង្វើ​​​រំលោភ​សិទ្ធិ និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​របស់​ពួក​គេ។

ទន្ទឹម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត តែង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ ដើម្បី​​ទាមទារ​ឲ្យ​របប​នេះ ស្តារ​ប្រជាធិបតេយ្យ និង​រៀបចំ​ការ​បោះ​ឆ្នោតឡើងវិញ​ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។