ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ច្រានចោល​ចំពោះ​ការចោទប្រកាន់​មក​លើ​ប្ដី​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ

មេធាវី​ការពារ​ក្ដី​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។
មេធាវី​ការពារ​ក្ដី​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ (RFA File)

0:00 / 0:00

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា បដិសេធ​ទទួល​យក​ការចោទប្រកាន់​របស់​តំណាង​អយ្យកា​រថា ប្ដី​លោកស្រី​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ លោកស្រី​ចាត់ទុកថា​ការ​ចោទប្រកាន់​របស់​តុលាការ​នេះ នឹង​អាច​បំផ្លាញ​ដល់​អនាគត​កូន​របស់​លោកស្រី។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា បាន​បើកសវនាការ​លើ​សកម្មជន​បក្ស​ប្រឆាំង លោក រឿន វាសនា និង​លោក វឿង សំណាង ពាក់ព័ន្ធ​នឹង​បទ​ចោទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាមួយនឹង​មួយ​លោក សម រង្ស៉ី និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដទៃ​ទៀត។

ក្រោយ​ចេញ​ពី​សវនាការ​មេធាវី ដែល​ការពារ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ បាន​ឱ្យ​ដឹង​ថា ភស្តុតាង​ដែល​តំណាង​អយ្យការ​ចោទប្រកាន់​ទៅលើ​កូនក្ដី​របស់​លោក​ទាំង​ពីរ​នោះ គឺ​ការ​បង្ហោះ​សារ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជុំវិញ​ការប្រើ​ពាក្យ​វោហារ​សាសន៍​នយោបាយ​រវាង​ថ្នាក់​ដឹក​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ជាមួយ​នឹង​អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិន​នឹង​ការទិញ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប (Cyprus)។

លោក សំ សុគង់ ៖«​ពួកគាត់​ទាំងពីរ​នាក់ បើ​យើង​មើល​ភស្តុតាង​ដូច​មិន​មាន​ការ​ពាក់ព័ន្ធ ដោយសារ​ពួកគាត់​បាន​បដិសេធ​នៅពេល​សួរដេញដោល​ថា អាខោន​ហ្វេសប៊ុក​ដែល​គេ​យក​មក​ចោទប្រកាន់​គាត់​ហ្នឹង គឺជា​អា​ខោន​មួយ​ដែល​អ្នកដទៃ​យក​ទៅ​ប្រើ​របស់​គាត់ ហើយ​ទីពីរ​ខ្ញុំ​គិតថា​អ្វី​ដែល​ជា​ការ​លើកឡើង​ទាក់​នឹង​បញ្ហា​ហ្នឹង យើង​គិតថា​ជា​យើង​ថ្នាក់ដឹកនាំ​នៅ​ក្រៅ​ប្រទេស​គាត់​ធ្វើ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិយោបល់​បែប​វោហារ​សាសន៍​នយោបាយ​ពេលនោះ»។

លោក សំ សុគង់ ថា លោក​នៅតែ​បដិសេធ​ការចោទប្រកាន់​នេះ​ដោយសារតែ​គណនី​ហ្វេសប៊ុក​ដែល​យក​មក​ចោទប្រកាន់​នោះ មិនមែន​ជា​របស់​កូនក្ដី​លោក​នោះ​ទេ។ លោក សំ សុគង់ ស្នើ​ដល់​តុលាការ​ពិនិត្យ​ភស្តុតាង​ឱ្យ​បាន​ជាក់លាក់ និង​ទម្លាក់​ការ​ចោទប្រកាន់​លើ​កូនក្ដី​របស់​លោក​នៅ​ថ្ងៃ​ប្រកាស​សាលក្រម ថ្ងៃទី​៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ។

ជុំវិញ​រឿង​នេះ លោកស្រី ទៀង ចិន្តា ដែល​ត្រូវជា​ប្រពន្ធ អតីត​ចៅសង្កាត់​រង​ទី​២ របស់​គណបក្ស​សង្គ្រោះជាតិ គឺ​លោក លោក វឿង សំណាង បាន​ឱ្យ​ដឹង​ថា លោកស្រី​មិនអាច​ទទួល​យក​បានទេ​ចំពោះ​ការចោទប្រកាន់​ដែល​មិន​ពិត ហើយ​ក្នុង​សវនាការ​ប្ដី​លោកស្រី​ក៏បាន​ស្រែក​អយុត្តិធម៌​ផង​ដែរ។ លោកស្រី ទៀង ចិន្តា បន្ត​ថា មូលហេតុ​ដែល​មិន​អាច​ទទួល​យក​បាន​គឺ​តំណាង​អយ្យការ លោក លឹម ប៊ុនហេង បាន​យក​ភស្តុតាង​ដែល​មិន​ជាក់លាក់​ក្នុង​ទូរស័ព្ទ ក្រោយ​ចាប់ខ្លួន​ប្ដី​លោកស្រី។

លោកស្រី ទៀង ចិន្តា៖ «ខ្ញុំ​មិនអាច​ទទួល​យក​បានទេ នេះ​គឺជា​រឿង​អយុត្តិធម៌​ខ្លាំង​បំផុត ដោយសារ​គាត់​អត់​បាន​ធ្វើ​អី​ខុស​ហើយ គ្រាន់តែ​យក​ឯកសារ​ចេញ​ពី​ក្នុង​ទូរស័ព្ទ ហើយ​ក្នុង​ទូរស័ព្ទ​ហ្នឹង​យើង​ធ្វើ​ឯកសារ​ម៉េច​ក៏​បាន​ដែរ ហើយ​យក​ទូរស័ព្ទ​ហ្នឹង​មក​ថា ជា​រឿង​ខុសច្បាប់ ខ្ញុំ​អត់​ដឹង អត់​យល់​ថា​ខុសច្បាប់​ត្រង់ណា គេ​ចោទ​គាត់​អ៊ីចឹង»។

លោកស្រី ទៀង ចិន្តា ថា​ការ​ចោទ​ជា​លើក​ទី​ពីរ​ដែល​អាច​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​១០ ឆ្នាំ មក​លើ​ប្ដី​ទាំង​គ្មាន​កំហុស អាច​នឹង​បំផ្លាញ​ដល់​អនាគត​កូនស្រី​ជា​មិនខាន​។ លោកស្រី ទៀង ចិន្តា ជឿជាក់ សកម្មភាព​នយោបាយ​ប្ដី​លោកស្រី​កន្លង​ដើម្បី​ពលរដ្ឋ និង​លើកស្ទួយ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

លោកស្រី ទៀង ចិន្តា៖ «ឪពុក​គាត់​ដាក់​ខ្នោះ​អ៊ីចឹង អារម្មណ៍​គាត់​ដិតដាម​តែ​រឿង​ប៉ុណ្ណឹង គាត់​និយាយ​តែ​រឿង​ប៉ុណ្ណឹង​ដដែលៗ​។ ពិតជា​បារម្ភ​សម្រាប់​កូន​ខ្ញុំ​ក្នុង​ការ​រៀនសូត្រ​ក៏​អត់​មានលទ្ធភាព​ឱ្យ​គាត់​រៀន ហើយ​ភាព​កក់ក្ដៅ​ពី​ឪពុក​ក៏​អត់​មាន​ឱ្យ​គាត់ ហើយ​អ៊ីចឹង​ធម្មតា​ក្មេង​បាត់បង់​ភាព​កក់ក្ដៅ ហើយ​ស្មារតី​ក្នុង​ការ​រៀនសូត្រ​ក៏​អត់​សូវ​បាន​ល្អ​ដែរ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​លោក ប្លង់ សុផល ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​។ វិទ្យុ​អាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង លោក រឿន វាសនា បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

អាជ្ញាធរ​ថៃ​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ចាប់​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក វឿន វាសនា និង​លោក វឿង សំណាង ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៩ តុលា ឆ្នាំ​២០២១​។ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែធ្នូ ឆ្នាំ​២០២២ បាន​ផ្ដន្ទាទោស​លោក វឿង សំណាង ព្រមទាំង​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​៣៧​នាក់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ ៧​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់​ពាក់ព័ន្ធ​នឹង​រឿង​គម្រោង​ការ​វិល​ចូល​ស្រុក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីដើម​ខែ​មករា ឆ្នាំ​២០២១។

ចំណែក​លោក វឿន វាសនា ហៅ ក្រញូង​ព្រៃឡង់​វិញ តុលាការ​បាន​ផ្ដន្ទាទោស​លោក​ពី​បទ «​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ប៉ុន្តែ​ក្រោយមក​លោក​បាន​សុំទោស​លោក ហ៊ុន សែន រួច​លោក ហ៊ុន សែន ក៏បាន​អន្តរាគមន៍​ឱ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ដល់​រូបលោក។ បច្ចុប្បន្ន លោក វឿន វាសនា បាន​សម្រេច​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាថ្មី​ម្ដង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។