មេឃុំសិរីមានជ័យជាប់ឆ្នោតគណបក្សសង្គ្រោះជាតិស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្ដីបារម្ភនេះ បន្ទាប់ពីប៉ូលិសស្រុកសំពៅលូនទូរស័ព្ទសាកសួរជាច្រើនលើកដោយសារពួកគាត់ជួបជុំសកម្មជនគណបក្សខ្លួននៅក្នុងមូលដ្ឋានថ្លែងសារបង្ហោះក្នុងហ្វេសប៊ុកព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសគឺពលរដ្ឋក្រីក្រនៅតាមជនបទ។
មន្ត្រីគណបក្សប្រឆាំងស្រុកសំពៅលូនលោក អ៊ិន ហម ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣១ កក្កដាថា ស្រាប់តែមន្ត្រីប៉ូលិសផ្នែកសន្តិសុខស្រុកសំពៅលូន គឺលោក ទិត សំរស់ ទូរស័ព្ទមកសាកសួរលោកអំពីចំនួនមនុស្សដែលជួបជុំថ្លែងសារព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA។ លោកបន្តថា សមត្ថកិច្ចសាកសួរចំនួនអ្នកចូលរួមលើបញ្ហានេះមកម្ដងហើយម្ដងទៀតតាំងពីថ្ងៃទី៣០ ដល់ព្រឹកថ្ងៃទី៣១ កក្កដា ក៏នៅតែសួរទៀត ដោយមិនដឹងមូលហេតុអ្វីនោះទេ។ មេឃុំសិរីមានជ័យជាប់ឆ្នោតគណបក្សប្រឆាំងរួបនេះ បន្តថា ពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះប៉ូលិសស្រុកនេះបានតាមដានសកម្មភាពរបស់លោក និងសកម្មជននៅតាមព្រំដែនមួយចំនួនទៀតរៀងរាល់ថ្ងៃ និងបានប៉ះពាល់ដល់ការរស់នៅនិងការដើរហើររបស់ពួកគាត់៖ «ការធ្វើនេះខ្ញុំធ្វើក្នុងនាមពលរដ្ឋអត់មានក្នុងនាមគណបក្សនយោបាយណាទេ។ អីចឹងខ្ញុំព្រឺរងាដែរ ត្រង់ថាម្ដងហើយម្ដងទៀត បើគិតជាដងវិញ សូម្បីតែខ្ញុំទៅធ្វើបុណ្យបងស្លាប់នៅភ្នំពេញថ្មីៗនេះ ក៏គេតាមសួរខ្ញុំរហូតដែរ។ ព្រោះផ្ទះខ្ញុំនៅជិតផ្ទះមេឃុំផង ផ្ទះមេភូមិផង ដល់បាត់ខ្ញុំអីចឹងទៅប្រហែលគេផ្ដល់ដំណឹងទៅប៉ូលិសនឹងហើយ » ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីប៉ូលិសផ្នែកសន្តិសុខ លោក ទិត សំរស់ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកពិតជាបានទូរស័ព្ទសាកសួរសកម្មជនបក្សប្រឆាំងប្រាកដមែន។ ទោះជាយ៉ាងណាលោកមិនប្រាប់ពីមូលហេតុដែលសាកសួរនោះទេ៖ «ចង់ដឹងចំនួនមនុស្សដែលចូលរួម ដែលគាត់ធ្វើសកម្មភាពនេះ។ ឥឡូវសូមបងតេទៅលោកអធិការរងបន្តិចទៅចាំគាត់បកស្រាបបន្ថែម ខ្ញុំមិនអាចបកស្រាយបានច្បាស់ទេ » ។
ចំណែកអធិការរងស្រុកសំពៅលូនទទួលបន្ទុកផ្នែកសន្តិសុខលោក ទឹម វិឆៃ មានប្រសាសន៍ថាលោកមិនបានបញ្ជាមន្ត្រីប៉ូលិសទៅសាកសួរសកម្មជនបក្សប្រឆាំងរឿងបង្ហោះសារនោះទេ៖ «ចាំមើលខ្ញុំឆ្លងទៅលោកអធិការសិន ថាមានកម្លាំងយើងទៅសួរអត់ តែដោយសារខ្ញុំទទួលការងារផែនសន្តិសុខ តែខ្ញុំអត់បានឱ្យកម្លាំងណាទៅសួរទេ » ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិនម៉េងលី លើកឡើងថា ប្រជាពលរដ្ឋជួបជុំថ្លែងសារការព្រួយបារម្ភអំពីការផ្ដាច់អនុគ្រោះពន្ធ EBA បង្ហោះក្នុងហ្វេសប៊ុក (Face book) គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដោយមិនខុសច្បាប់ឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចាត់ទុកទង្វើរបស់ប៉ូលិសដែលទូរស័ព្ទសាកសួរពលរដ្ឋថា ជាការគំរាមកំហែង បិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋទៅវិញទេ៖ «ចំណុចសំខាន់នៅក្នុងរឿងនេះ គឺអាជ្ញាធរនិងសមត្ថកិច្ចទេមានការព្រួយបារម្ភ ហើយដាក់ការតាមដានរហូតគ្រប់សកម្មភាពឱ្យតែមានការជួបជុំ ជាពិសេសសកម្មជនគណបក្សសង្គ្រោះជាតិ។ អីចឹងវាធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញដោយច្បាប់អន្តរជាតិ ដែលកម្ពុជាជាហត្ថលេខីនោះ » ។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងបានប្ដូរយុទ្ធសាស្ត្រ ក្នុងការសម្ដែងមតិរបស់ខ្លួន ដោយប្ដូរពីការជួបជុំគ្នាហូបនំបញ្ចុកទៅជាការប្រមូលផ្ដុំគ្នាថ្លែងសារព្រួយបារម្ភអំពីសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA វិញ។ ទន្ទឹមគ្នានេះអាជ្ញាធរមូលដ្ឋានក៏បានដាក់កម្លាំងតាមដាន និងសាកសួរដល់សកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។ កាលពីថ្ងៃទី២៩ កក្កដា អាជ្ញាធរឃុំបវេលចំនួន ២នាក់ចូលទៅសាកសួរសមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ម៉ក់ យ៉ាន ដល់ផ្ទះ ដោយសារតែលោកជួបជុំគ្នាថ្លែងសារព្រួយបារម្ភពីការផ្ដាច់ការអនុគ្រោះ EBA។ សកម្មជនទាំងនោះ អះអាងថា បើទោះបីជាមានគំរាមកំហែងយ៉ាងនេះក្ដី ក៏មិនអាចបំបែកសាមគ្គីភាពរបស់ពួកគាត់បានដែរ ព្រោះពួកគាត់យល់ថា ការធ្វើបែបនេះគ្មានកំហុស ហើយសកម្មជននៅតាមមូលដ្ឋាននឹងជួបជុំគ្នាសម្ដែងមតិជាបន្តបន្ទាប់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។