គណបក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ឱ្យ​បើក​លំហ​ការ​ប្រកួត​ប្រជែង​នយោបាយ ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ពង្រឹង​ឯករាជ្យ​ជាតិ

0:00 / 0:00

គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ដើម្បី​ធានា​ឯករាជ្យ​ភាព​ជាតិ រដ្ឋាភិបាល​គួរ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​សេរី និង​យុត្តិធម៌។ អ្នក​វិភាគ​នយោបាយ និង​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ឡើង​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​គួរ​ពង្រឹង​ភាព​ឯករាជ្យ​ជាតិ ដោយ​យក​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ជាង​បន្ត​ធ្វើ​នយោបាយ​យក​ខ្មែរ​គ្នា​ឯង​ធ្វើ​ជា​សត្រូវ។

គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ប្រសិន​បើ​គ្មាន​ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ទេ​នោះ កម្ពុជា​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​ឯករាជ្យ​ភាព​ជាតិ ក្នុង​ពេល​ខាង​មុខ។

អ្នកនាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ លើក​ឡើង​ថា លោក​គាំទ្រ​ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី៩ វិច្ឆិកា ហើយ​លោក​ក៏​គាំទ្រ​ចំពោះ​ការ​តាំង​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ថា​នឹង​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា ការ​បោះឆ្នោត​ដោយ​គ្មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន ដែល​មាន​អ្នក​គាំទ្រ​ប្រមាណ ២លាន​នាក់​នោះ មិនមែន​ជា​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

លោក គីមសួរ ភីរិទ្ធ៖«គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រជែង​ដ៏​សំខាន់ មាន​សក្ដានុពល មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​២ពាន់នាក់ ត្រូវ​បាន​គេ​បិទ​ឱកាស​មិន​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង អ៊ីចឹង​នេះ តើ​មាន​កន្លែង​ណា​ដែល​យើង​គិត​ថា​វា​សេរី ហើយ​កន្លែង​ណា​គិត​ថា​វា​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ? អ៊ីចឹង​ខ្ញុំ​សុំ​ឱ្យ​រដ្ឋាភិបាល​ហ្នឹង ពិនិត្យ​បើក​ឱកាស​ឱ្យ​គណបក្ស​ទាំង​អស់​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ហើយ​នោះ មាន​លទ្ធភាព​អាច​នឹង​ចូលរួម​ប្រកួត​ប្រជែង ទោះ​បី​មាន​លក្ខណៈ​កំហុស​បច្ចេកទេស បន្តិច​បន្តួច​យ៉ាងណា​ក៏​ដោយ»។

ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា ដើម្បី​ធានា​ឱ្យ​ឯករាជ្យ​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ លោក​នឹង​ដឹក​នាំ​ប្រទេស តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​បញ្ចកោណ ដំណាក់​កាលទី១​ឱ្យ​បាន​ជោគជ័យ។

លោក​ ហ៊ុន ម៉ាណែត៖« ការពារ​សន្តិភាព ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹក​ដី និង​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គម​ជាតិ​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ ទី២ កសាង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដ៏​ជឿនលឿន និង​រឹង​មាំ ដោយ​ផ្អែក​លើ​ច្បាប់ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ប្រកប​ដោយ​ចិរភាព និង​សមធម៌ ប្រជាជន​មាន​ជីវភាព​សម្បូរសប្បាយ សុខដុមរមនា ប្រកប​ដោយ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ និង​មាន​ការ​គោរព​សិទ្ធិមនុស្ស»។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​យ៉ាង​ដូច្នេះ ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំងនៅ​ចំពោះ​មុខ​អង្គ​ព្រះ​មហាក្សត្រ ព្រះ​បាទ​នរោត្តម សីហមុនី នា​ថ្ងៃ​ទី៩ ខែវិច្ឆិកា។ ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​គម្រប់​៧០ឆ្នាំ​នេះ មាន​អ្នក​ចូលរួម​ប្រមាណ​១ម៉ឺននាក់ រួមមាន ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​អង្គ​ទូត​ពី​បណ្ដា​ប្រទេស​នានា និង​សិស្សានុសិស្ស​ផង​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​ភ្ជាប់​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ ដែល​ជា​ស្នា​ព្រះហស្ត​របស់​ព្រះបាទ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​នឹង​ការ​ដឹកនាំ​របស់​លោក និង​ឪពុក​របស់​លោក​នោះ​ឡើយ។ លោក​ថា ដោយសារ​តែ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់​ការ ដើម្បី​ការពារ​អំណាច​គ្រួសារ​របស់​ខ្លួន ដូច្នេះ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ប្រឈម​ការ​បាត់បង់​ឯករាជ្យ​ជាតិ​នោះ​ទេ ប៉ុន្តែ​ជីវភាព​ប្រជាពលរដ្ឋ​ក៏​កាន់​តែ​លំបាក។

លោក គឹម សុខ៖«ហ៊ុន ម៉ាណែត កុំ​ចេះ​តែ​និយាយ​ពាក្យ​ឯករាជ្យ​ជាតិ​ដោយ​មិន​មើល​ស្ថាន​ភាព​ជាក់​ស្ដែង ឯករាជ្យ​ពិត​ប្រាកដ លុះ​ត្រា​ណា​តែ​រដ្ឋាភិបាល​នោះ ហ៊ាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ខ្លួន ដោយ​ខ្លួន​ឯង។ ការ​សម្រេច​ចិត្ត​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច អប់រំ​វប្បធម៌ ការទូត មិន​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម ឬ​ក៏​នៅ​ក្រោម​ឥទ្ធិពល​ចិន ដូច​ដែល​ឃើញ​សព្វ​ថ្ងៃ​ហ្នឹង បែប​ហ្នឹង​មិន​ឯករាជ្យ​នោះ​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍​ថា ស្ថានភាព​ឯករាជ្យ​ភាព​ជាតិ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​អធិបតេយ្យ​ភាព​ពិត​ប្រាកដ។ លោក​បន្ត​ថា ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​លើក​កម្ពស់​ឯករាជ្យ​ជាតិ លោក ហ៊ុន ម៉ាណែត គួរ​តែ​បើក​លំហ​ប្រជាធិបតេយ្យ និង​អនុវត្ត​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ការ​ធានា​អធិបតេយ្យ​របស់​ខ្លួន ជាជាង​ធ្វើ​នយោបាយ​ការ​បរទេស​លំអៀង​ទៅ​រក​ប្រទេស​ណា​មួយ។

លោក ស្រ៊ុន ស្រ៊ន៖«អ៊ីចឹង​បើ​កាលណា​រដ្ឋាភិបាល​ចង់​ការពារ និង​ធានា​នូវ​ឯករាជភាព គឺ​ត្រូវ​ឱ្យ​ពលរដ្ឋ​ចូល​រួម​ថែរក្សា​ការពារ​នីតិរដ្ឋ ចុង​ក្រោយ​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដើម្បី​ធានា​ដល់​ឯករាជ្យ​របស់​ខ្មែរ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​អព្យាក្រឹត្យ​ភាព​អចិន្ត្រៃយ៍​របស់​ខ្លួន​ដូច​បាន​សន្យា​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​បើ​កាល​ណា​លំអៀង​ទៅ​ចិន នោះ​វៀតណាម​នឹង​លើក​ទ័ព​មក​វាយ ហើយ​វៀតណាម​នឹង​ប្រកាស​ថា មក​សង្គ្រោះ​ខ្មែរ ដូច​ទសវត្ស ៥០ ដល់ ៩០។ អ៊ីចឹង ពេល​ណា​ក៏​វៀតណាម​ថា​មក​រំដោះ​ខ្មែរ​ដែរ ប៉ុន្តែ​រំដោះ​ពេលណា​ក៏​វៀតណាម​មិន​ចេញ​ទៅ​វិញ»។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ធ្វើ​នយោបាយ​ការ​បរទេស​លំអៀង​ទៅ​រក​ប្រទេស​ចិន នឹង​មិន​អាច​នាំ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ភាព​ជាតិ​រឹងមាំ​នោះ​ឡើយ ខណៈ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​បំណុល​វ័ណ្ឌក ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។