មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពួកគេមិនបានដឹងអំពីគម្រោងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ហើយក៏មិនពាក់ព័ន្ធនឹងរឿងនេះដែរ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសកម្ចាត់អង្គការចាត់តាំង និងគណបក្សនយោបាយណា ដែលចូលរួមក្នុងគម្រោងបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេស។
គណបក្សក្រៅរដ្ឋាភិបាលភ្ញាក់ផ្អើល ហើយបារម្ភខ្លាចមានការលាបពណ៌ និងចោទប្រកាន់លើគណបក្សនយោបាយ ដែលកំពុងធ្វើសកម្មភាពបច្ចុប្បន្ន ទោះបីជា ពួកគេមិនដឹងអំពីគម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនោះក្ដី។
អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែមិថុនា ថា គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ មានរចនាសម្ព័ន្ធរបស់ខ្លួនត្រឹមត្រូវ ស្របទៅតាមលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុង ដែលតម្កល់នៅក្រសួងមហាផ្ទៃ។ លោកភ្ញាក់ផ្អើលចំពោះសាររបស់មេបក្សកាន់អំណាច និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន។
លោក លី សុធារ៉ាយុត្តិ៖ «យើងមិនមានការបារម្ភសាររបស់អតីតនាយករដ្ឋមន្ត្រីទេ ប៉ុន្តែយើងក៏មានបារម្ភខ្លះដែរ ខ្លាចក្រែងមានការលាបពណ៌ពីភាគីម្ខាងណាមួយលាបមកយើងថា យើងជំពាក់វាក់វិនជាមួយអ្នកនេះ អ្នកនោះអីអ៊ីចឹងទៅវាអាចនាំមហន្តរាយដល់យើង។ តែតាមការពិតគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរមានទំនាក់ទំនងជាមួយក្រុមឬក៏ស្ថាប័នខុសច្បាប់ណាមួយឡើយ ផ្ទុយទៅវិញ យើងតាមគោលការណ៍ ហើយនឹងច្បាប់ជាធរមានស្រុកខ្មែរ ហើយធ្វើសកម្មភាពស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរនេះ»។
លោក លី សុធារ៉ាយុត្តិ បន្តថា ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ មិនបានដឹង និងមិនពាក់ព័ន្ធនឹងផែនការណាមួយក៏ដោយ ប៉ុន្តែសាររបស់លោក ហ៊ុន សែន នេះ ក៏ជាសញ្ញាមួយ ប៉ះពាល់ដល់សតិអារម្មណ៍របស់សកម្មជនគណបក្សប្រជាធិបតេយ្យដែរ។
លោកស្នើទៅថ្នាក់ដឹកនាំគណបក្សកាន់អំណាច ឱ្យទម្លាក់ចោលនូវវប្បធម៌ចងអាឃាតគ្នា ហើយបង្កើតទំព័រថ្មីមួយ ជជែកគ្នាត្រង់ទៅត្រង់មក ដោយតម្កល់ផល ប្រយោជន៍ជាតិជាធំ ជាជាងលាបពណ៌និងចោទប្រកាន់គ្នាទៅវិញទៅមក ពីព្រោះសកម្មភាពនេះ មិនផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិឡើយ។
លោក លី សុធារ៉ាយុត្តិ៖ «វានាំឱ្យមានការប្រេះឆាការបែកបាក់នៅក្នុងផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រសម្រាប់គណបក្សសងខាងតែប៉ុណ្ណោះ។ អ៊ីចឹងទេ ស្នើសុំឱ្យអ្នកនយោបាយទាំងអស់នាសម័យនេះ សូមឱ្យតម្កល់ផលប្រយោជន៍ជាតិ ជាធំ ហើយធ្វើសកម្មភាពនយោបាយស្របទៅតាមច្បាប់ ហើយស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលពិភពលោកទទួលស្គាល់ជាពិសេសគឺ អ្វីដែលកម្ពុជាតែនិយាយថា ខ្លួនគោរពតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុ បក្ស»។
រីឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ២៩ ខែមិថុនាថា គណបក្សកម្លាំងជាតិធ្វើសកម្មភាពស្របតាមច្បាប់ ដូច្នេះ ពុំព្រួយបារម្ភចំពោះសាររបស់ប្រធានព្រឹទ្ធសភាឡើយ។ លោកបញ្ជាក់ថា លោកក៏ដូចជា គណបក្សកម្លាំងជាតិ មិនបានដឹងរឿងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ហើយក៏មិនមានទំនាក់ទំនងជាមួយដែរ។
លោកហៅការលើកឡើងរបស់លោក ហ៊ុន សែន ហាក់ដូចជាព្រួយបារម្ភពេក។
លោក រ៉ុង ឈុន៖ «ខ្ញុំគិតថា អ្នកនយោបាយជើងចាស់ គួរតែចាស់ទុំនយោបាយ ជៀសវាងការញើសារបំភិតបំភ័យគំរាមកំហែងម្ដងហើយម្ដងទៀត គួរតែយើងបើកលំហសេរីភាពមានឱកាសមានលទ្ធភាពនយោបាយ ដើម្បីត្រៀមប្រកួតប្រជែងគ្នា នៅថ្ងៃបោះឆ្នោតមកដល់ជៀសវាងប្រើសំនួនវោរហាស័ព្ទគំរាមកំហែង។ អាហ្នឹងជាផ្នែកមួយប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែមិថុនាថា ប្រសិនបើគណបក្សទាំងនោះមិនពាក់ព័ន្ធ គឺអាចធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសបាន ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ លោកថា ការចាត់វិធានការច្បាប់លើគណបក្សនយោបាយណាមួយ លុះត្រាតែបង្ហាញពីទង្វើជាក់ស្ដែង ក្នុងការធ្វើសកម្មភាព។
លោក សុខ ឥសាន៖ «ដូច្នេះ ការបង្ក្រាបរបស់រាជរដ្ឋាភិបាលនៅក្នុងប្រទេសចំពោះរដ្ឋាភិបាលក្រៅគឺជាការត្រឹមត្រូវណាស់អត់មានខុសច្បាប់ អត់មានគំរាមកំហែងអីទេ ថាម៉េចថាទៅ»។
កាលពីថ្ងៃទី២៨ ខែមិថុនា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រកាសកម្ចាត់គណបក្សនយោបាយ និងអង្គការចាត់តាំង ដែលមានទំនាក់ទំនង និងចូលរួមបង្កើតរដ្ឋាភិបាលក្រៅប្រទេស។
លោកណែនាំឱ្យរដ្ឋាភិបាលពិនិត្យលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀត ករណីមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយនោះ។
ប៉ុន្តែអ្នកឃ្លាំមើល ហៅសាររបស់លោក ហ៊ុន សែន នេះ ថា ជាការបង្កើតយុទ្ធសាស្ត្រនិងព្រឹត្តិការណ៍នានា ដើម្បីធ្វើទុក្ខបុកម្នេញសកម្មជនសង្គម សកម្មជននយោបាយ និងសហជីពនៅក្នុងប្រទេស ហើយអ្វីដែលលោក ហ៊ុន សែន ធ្វើនេះ គឺជាការរំលោភទៅលើគោលការណ៍ច្បាប់ គោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។