ក្នុងឱកាសខួប ៣ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងនេះចាត់ទុកថា ជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ជនផ្ដាច់ការទាំងស្រុង។ គណបក្សនេះនៅតែទាមទារឱ្យមានការបើកផ្លូវឱ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាចថា មិនអាចទៅរួចទេ ប៉ុន្តែបើមន្ត្រីគណបក្សនេះចង់ធ្វើនយោបាយអាចដាក់ពាក្យស្នើសុំធ្វើនយោបាយឡើងវិញបាន។
គណបក្សសង្គ្រោះជាតិលើកឡើងថា ៣ឆ្នាំកន្លងទៅនេះ របបលោក ហ៊ុន សែន បានប្រើប្រាស់អំណាចផ្ដាច់មុខគ្មានដែនកំណត់ ធ្វើការគាប់សង្កត់ បិទសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបង្ក្រាបកាន់តែខ្លាំងលើព្រះសង្ឃ សកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន អ្នកសារព័ត៌មាន ជាដើម។ សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងខួប ៣ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ លើកឡើងទៀតថា របបលោក ហ៊ុន សែន ធ្វើឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋជាបន្តបន្ទាប់ ជាពិសេស គឺបាត់បង់ប្រព័ន្ធអនុគ្រោះ EBA ២០ភាគរយការបាត់បង់អព្យាក្រឹតភាព និងបូរភាពទឹកដីជាដើម។
ក្នុងថ្ងៃខួប ៣ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិនេះដែរ ក្រុមយុវជនដែលជាសកម្មជនគណបក្សនេះមួយចំនួន បាននាំគ្នាទៅជួបជុំនៅមុខទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យរារាំង។ សកម្មជនគណបក្សសង្គ្រោះជាតិសង្គ្រោះជាតិ លោក គង់ ម៉ាស់ ឱ្យអាស៊ីសេរីដឹងថា សមត្ថកកិច្ចចម្រុះប្រមាណ ៦០នាក់ដាក់កម្លាំងយាមនិងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅមុខទីស្នាក់ការគណបក្ស។ លោកថា គ្រាន់តែក្រុមលោកអង្គុយផឹកកាហ្វេនៅទីនោះក៏ត្រូវសមត្ថកិច្ចតាមដាន ហើយក៏សន្តិសុខខណ្ឌបានជិះម៉ូតូតាមបម្រុងនឹងចាប់ខ្លួនយុវជនក្រុមលោកម្នាក់ តែមិនបានសម្រេច ដោយសារយុវជននោះរត់ចូលក្នុងផ្ទះពលរដ្ឋ៖ «បង្ហាញឱ្យកាន់ច្បាស់ថា ការរំលាយនេះដោយសារពួកគាត់ទាំងបង្ខំរំលាយនេះគិតថា សង្គ្រោះជាតិអត់រលាយទេបើសិនគាត់គិតសង្គ្រោះជាតិរលាយ ហើយក៏អត់មានបារម្ភដល់ថ្នាក់ដាក់កម្លាំងចម្រុះរាប់សិបនៅមុខទីស្នាក់ការទេ»។
តុលាការកំពូលនៃរបបក្រុងភ្នំពេញបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបំណងរបស់លោក ហ៊ុន សែន ដោយចោទប្រធានគណបក្សប្រឆាំងនេះគឺ លោក កឹម សុខា ថា ក្បត់ជាតិ។ តុលាការកំពូល ក៏បានហាមឃាត់សិទ្ធិថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងដដែលៗ ថា គណបក្សមិនអាចរស់ឡើងវិញទេ ព្រោះគណបក្សនេះបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។ លោកថា បើមន្រ្តីគណបក្សនេះចង់ធ្វើនយោបាយត្រូវតែដាក់សុំសិទ្ធិធ្វើនយោបាយ ។ លោកអះអាងទៀតថា ក្រោយរំលាយគណបក្សនេះគ្មានវិបត្តិនយោបាយឡើយ៖ «បើចង់រស់បានមានតែតាមរយៈអតីតមន្ត្រីក្នុងចំណោម ១១៨នាក់ ដែលបាត់បង់នីតិសម្បទាធ្វើនយោបាយ គឺសាមីខ្លួនម្នាក់ៗ ដាក់ពាក្យតាមនីតិវិធីទៅក្រសួងមហាផ្ទៃ ដើម្បីសុំព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។ ដូច្នេះបាត់នៅក្នុងនៅក្នុងដៃរបស់លោកអ្នក»។
ទោះយ៉ាងណាសហគមន៍អន្តរជាតិនៅតែបន្តឲ្យតម្លៃ មេដឹកនាំគណបក្សប្រឆាំង និងមិនទទួលស្គាល់ដីការំលាយគណបក្សប្រឆាំងរបស់តុលាការរបបក្រុងភ្នំពេញ ក្រៅពីនេះសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌជាបន្តបន្ទាប់លើរបបក្រុងភ្នំពេញ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានថ្លែងតាមហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ព្រោះលោក ហ៊ុន សែន ដឹងថា គាត់នឹងចាញ់ការបោះឆ្នោត ឆ្នាំ២០១៨។ ទោះយ៉ាងណាលោក សម រង្ស៊ី ចាត់ទុកថា ការរំលាយគណបក្សនេះ គឺមានតែនៅលើក្រដាសប៉ុណ្ណោះ លោកនៅតែទាមទារឱ្យមានការបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិដំណើរឡើងវិញ ផ្ដល់តំណែង និងប្រាក់ខែដល់សមាជិកក្រុមប្រឹក្សាទាំង ៥០០៧នាក់។ លោក សម រង្ស៊ី ក៏អះអាងថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិកលោកលោក ចូ បៃដិន (Joe Biden) នឹងចាត់វិធានការយ៉ាងម៉ឺងមាត់បង្ខំឱ្យរបបលោក ហ៊ុន សែន ឱ្យទម្លាក់ចោលការចោទលើលោក កឹម សុខា ពីព្រោះរបបលោក ហ៊ុន សែន ចោទប្រកាន់ថា លោក កឹម សុខា បានចូលដៃជាមួយសហរដ្ឋអាមេរិកប្រព្រឹត្តអំពើមិនគប្បីនោះ គឺប៉ះពាល់ដល់សហរដ្ឋអាមេរិក៖ «លេសដែលលោក ហ៊ុន សែន បានលើកឡើងដែលរំលាយគណបក្សសង្គ្រោះជាតិលើក្រដាសនេះ គឺចោទប្រកាន់ថា លោក កឹម សុខា បានក្បត់ជាតិ លោក កឹម សុខា បានចូលដៃជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរបបគាត់។ ការចោទប្រកាន់នេះ គឺគ្មានអ្នកជឿទាល់តែសោះ ព្រោះលោក កឹម សុខា ជាអ្នកប្រជាធិបតេយ្យ ជាមនុស្សអហិង្សា ដែលប្រើតែវិធីអហិង្សា ដើម្បីសម្រេចគោលដៅរបស់គាត់ និងគោលដៅរបស់គណបក្សសង្គ្រោះជាតិ»។
អ្នកវិភាគនយោបាយជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ផ្ដល់បទសម្ភាសក្នុងកម្មវិធីផ្សាយអាស៊ីសេរីថា ទោះគណបក្សសរង្គោះជាតិត្រូវតុលាការរំលាយក្ដី ប៉ុន្តែលោកសង្កេតឃើញថា ទឹកចិត្តគាំទ្ររបស់ពលរដ្ឋលើគណបក្សនេះនៅតែមានដដែល។ លោកបន្តទៀតថា ដោយសារការរំលាយគណបក្សសង្គ្រោះជាតិដែលធ្វើឱ្យគ្មានសំឡេងប្រឆាំងនៅក្នុងសភា បានធ្វើឱ្យរដ្ឋាភិបាលរត់ទៅពឹងពាក់ និងបម្រើផលប្រយោជន៍ចិនកាន់តែខ្លាំងទៅៗ។ លោក ព្រួយបារម្ភថា នឹងអាចធ្វើឱ្យកម្ពុជា បាត់បង់ឯករាជ្យ អព្យាក្រឹតភាព និងបូរភាពទឹកដីនៅពេលខាងមុខ៖ « ការរំលាយណឹងជាកត្តាមួយអត់មានពីណាទប់មានអំណាចនយោបាយខ្លះដែរ បើសិនជាក្នុងសភាបើកបញ្ហាហ្នឹងក្នុងសភាជជែកគ្នាទៅតាំងពីរឿងធ្វើព្រំដែនជាមួយវៀតណាមក៏អ៊ីចឹងដែរ គណបក្សណាដែលចេញមុខតតាំងអត់ » ។
លោក សម រង្ស៊ី អះអាងថា គណបក្សសង្គ្រោះជាតិនៅតែធ្វើសកម្មភាពមមាញឹកដើម្បីទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិក្នុងគោលបំណងឱ្យអ្នកប្រជាធិបតេយ្យដូចគ្នាជួយគាំទ្រការតស៊ូរបស់អ្នកប្រជាធិបតេយ្យកម្ពុជា។ លោករំពឹងថា ព្រឹត្តិការណ៍ពិភពលោកជាពិសេសតំបន់អាស៊ីភាគអាគ្នេយ៍នឹងជំរុញឱ្យមានការផ្លាស់ប្ដូរនៅកម្ពុជាតាមបែបទប្រជាធិបតេយ្យដោយសន្តិវិធី ដូចដែលពលរដ្ឋខ្មែររង់ចាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។