មេបក្សប្រឆាំង និងមេបក្សកាន់អំណាច បញ្ចេញសារនយោបាយផ្សេងៗ គ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ មេបក្សប្រឆាំង លោក កឹម សុខា ផ្ញើសារអំពាវនាវឲ្យមានវប្បធម៌សន្ទនាដោះស្រាយជម្លោះនយោបាយ ដើម្បីមានសាមគ្គីភាពជាតិ និងការពារឯករាជ្យជាតិពិតប្រាកដ។ ចំណែកមេដឹកនាំបក្សកាន់អំណាច គឺលោក ហ៊ុន សែន បង្ហោះសារយ៉ាងខ្លីចូលរួមអបអរសាទរទិវាឯករាជ្យជាតិ ដែលជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឆ្លៀតឱកាសបង្ហោះសារដ៏វែងមួយ ចំថ្ងៃបុណ្យឯករាជ្យជាតិថា សាមគ្គីភាពជាតិ នាំមកនូវឯករាជ្យជាតិរឹងមាំ ប៉ុន្តែបែកបាក់សាមគ្គីជាតិ នាំឲ្យប្រទេសជាតិទន់ខ្សោយ ហើយនឹងនាំឲ្យបាត់បង់ឯករាជ្យជាតិ។ លោកថា មិនមែនមានតែវត្ថុអត់វិញ្ញាណទេ ដែលប្រេះស្រាំ ឬបែកបាក់ ហើយអាចនាំឲ្យអ្វីផ្សេងពីខាងក្រៅ ដូចជាទឹកជាដើម អាចបញ្ជ្រាបចូលបាននោះ សូម្បីតែនៅក្នុងក្រុមគ្រួសារ ឬសង្គមមនុស្ស ឬប្រទេសជាតិ បើកាលណាបែកបាក់សាមគ្គីភាពផ្ទៃក្នុង ក៏ផ្តល់ឱកាសឲ្យអ្នកខាងក្រៅងាយចូលមកទាញយកផលប្រយោជន៍ ត្រួតត្រា និង បំផ្លិចបំផ្លាញយើង ជាពិសេស អាចធ្វើឲ្យយើងអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះទៀតផង។
លោក កឹម សុខា យល់ឃើញថា ដើម្បីការពារឯករាជ្យជាតិ លុះត្រាតែរក្សាសាមគ្គីភាពជាតិឲ្យបានរឹងមាំ ហើយរក្សាសាមគ្គីភាពរឹងមាំបាន លុះត្រាតែកាត់បន្ថយមហិច្ឆតាផ្ទាល់ខ្លួន មិនគុំកួនសងសឹក ងាកមករកការអត់ឱនឲ្យគ្នា ចាប់យកការសន្ទនា បោះបង់ចោលការប្រមាថ និងឈប់បង្កជម្លោះមិនលស់ពេល។ មេបក្សប្រឆាំងដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរូបនេះ សរសេរបន្តទៀតថា បើសូម្បីតែរក្សាភាពអត់ធ្មត់ស្ងប់ស្ងាត់ មិនឈ្លោះមិនឆ្លើយ មិនឆ្លង ក៏ដាក់កំហុស ការចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដូចជាប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ ក៏នៅតែដាក់កំហុស នោះមិនអាចកើតមានសាមគ្គីភាពជាតិបានទេ ហើយក៏មិនអាចមានឈ្មោះថា ជាអ្នកទាមទាររក្សាការពារ «ឯករាជ្យជាតិ» ពិតឡើយ។ ចុងក្រោយ លោក កឹម សុខា បួងសួងឲ្យកម្ពុជាមាន ឯករាជ្យជាតិពិត និងឋិតថេរជារៀងរហូត។
ចំណែកមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលកំពុងសម្ងំធ្វើចត្តាឡីស័កនៅក្នុងភូមិគ្រឹះរបស់លោកដើម្បីបញ្ជាក់ថា មានជំងឺកូវីដ ឬអត់នោះ បានបង្ហោះសារនៅលើហ្វេសប៊ុកយ៉ាងខ្លីចូលរួមអបអរសាទរខួបលើកទី៦៧នៃទិវាបុណ្យឯករាជ្យ។ លោក ហ៊ុន សែន ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
ឆ្លើយតបចំពោះសាររបស់លោក កឹម សុខា នោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា ដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិនោះ គឺទាល់តែមានការរួប រួមសាមគ្គីគ្នាធ្លុងមួយ ប៉ុន្តែបច្ចុប្បន្ននេះ លោកអះអាងថា មានគ្រប់លក្ខណៈសម្បត្តិអស់ទៅហើយ ដូច្នេះគ្មានភាពចាំបាច់ក្នុងការសន្ទនានយោបាយឡើងវិញជាមួយគណបក្សប្រឆាំង ដែលលោកចាត់ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់នោះទេ៖ « យើងរាល់ថ្ងៃនេះមានឯកភាពជាតិ មានការស្រុះស្រួលជាតិនៅក្នុងចំណោមប្រជាពលរដ្ឋ ១៦លាននាក់ ដែលសព្វថ្ងៃនេះ កំពុងរស់នៅក្រោមដំបូលសន្តិភាពនៅលើទឹកដីដែលមានក្រឡាផ្ទៃ ១៨១ . ០៣៥គីឡូម៉ែត្រការ៉េ ដូច្នេះវាអត់មានរកាំរកូសអីទេ ក៏ប៉ុន្តែចំពោះក្រុមឧទ្ទាមក្រៅច្បាប់ អង្គការចាត់តាំងនយោបាយ ដែលខុសច្បាប់ គឺអាហ្នឹងមិនអាចឲ្យរាជរដ្ឋាភិបាលទៅសហការ ឬមួយទៅបង្រួបបង្រួមបានទេ » ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ វាយតម្លៃថា សម័យកាលបច្ចុប្បន្ននេះ ប្រជាជាតិខ្មែរ ជាពិសេស អ្នកនយោបាយខ្មែរ កំពុងបែកបាក់ធ្ងន់ធ្ងរ ហើយរបបឯកបក្សរបស់លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសកម្ពុជា ឲ្យស្ថិតក្រោមឥទ្ធិពលបរទេសជាបណ្ដើរ គឺប្រទេសចិន និងប្រទេសវៀតណាម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា សាមគ្គីភាពជាតិ និងឯកភាពជាតិ ដោយគ្មានជម្លោះនយោបាយរ៉ាំរ៉ៃ គឺជាស្នូលនៃឯករាជ្យភាពជាតិ និងធានានូវនិរន្តរភាពយូរអង្វែង។ លោកពន្យល់ថា ការបែកបាក់សាមគ្គីភាពជាតិនោះ គឺមើលទៅលើជម្លោះនយោបាយរវាងបក្សកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំ។ទោះជាយ៉ាងណា លោកយល់ថា ជារឿងល្អដែលអ្នកនយោបាយគ្រប់និន្នាការចង់ឲ្យមានសាមគ្គីភាពជាតិ និងឯករាជ្យជាតិ ហើយលោករំពឹងថា អ្នកនយោបាយខ្មែរទាំងអស់ នឹងវិលទៅសន្ទនានយោបាយជាថ្មីម្តងទៀត ដើម្បីផលប្រយោជន៍និងប្រជាពលរដ្ឋ៖ « ត្រូវតែមានឆន្ទៈ និងស្មារតីធ្វើម៉េចឲ្យមានឯកភាពជាតិ និងសាមគ្គីភាពជាតិ ឲ្យយូរអង្វែងតទៅទៀត ហើយការខ្វែងគំនិតខ្វែងយោបល់គ្នាអីនេះ គឺត្រូវចាត់ទុកថា វាគ្រាន់តែជារឿងធម្មតានៅក្នុងឆាកនយោបាយប្រជាធិបតេយ្យ ដូច្នេះយើងអាចរួបរួមគ្នាជាធ្លុងមួយ ដើម្បីគិតគូរផលប្រយោជន៍ជាតិ កាន់តែល្អប្រសើរថែមទៀត ធ្វើឲ្យប្រទេសយើងកាន់តែរីកចំរើនទៅមុខវែងឆ្ងាយ និងមានមុខមានមាត់នៅលើឆាកអន្តរជាតិ » ។
នៅក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ក្រុមមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានជួបជុំគ្នានៅវិមានឯករាជ្យនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ក្រោមព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍នៃបុណ្យឯករាជ្យជាតិ។ ក្នុងឱកាសនេះដែរ ព្រះមហាក្សត្រពុំបានចេញព្រះរាជសារនយោបាយ និងមិនមានព្រះរាជបន្ទូលអ្វីជាមួយក្រុមមេដឹកនាំរបបក្រុងភ្នំពេញនោះទេ។ ព្រះអង្គ គ្រាន់តែបង្ហាញព្រះរាជវត្តមានចូលអុជភ្លើងជ័យនៅលើវិមានឯករាជ្យ រួចហើយព្រះអង្គយាងត្រឡប់ទៅព្រះបរមរាជវាំងវិញ។
កម្ពុជាបានទទួលឯករាជ្យ ជារដ្ឋអធិបតេយ្យបរិបូរណ៍ ពីសាធារណរដ្ឋបារាំង កាលពីឆ្នាំ១៩៥៣ ក្នុងរាជ្យព្រះបាទ នរោត្តម សីហនុ ក្រោយពេលបារាំងបានដាក់អាណានិគមរយៈពេលជាង ៩០ឆ្នាំចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ស្ថាបនិកទាមទារឯករាជ្យជាតិ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ កាលនៅមានព្រះជន្ម ធ្លាប់មានព្រះរាជបន្ទូលផ្ដាំផ្ញើឱ្យខ្មែរសាមគ្គីគ្នា ដោយព្រះអង្គឈ្វេងយល់ថា ខ្មែរសាមគ្គីគ្នា ប្រែថាខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។