ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថា ជារឿងអយុត្តិធម៌ ដែលតុលាការភ្ជាប់រូបលោក ទៅនឹងករណីអំពើហិង្សា ក្នុងបាតុកម្មនៅផ្លូវ វេង ស្រេង កាលពីឆ្នាំ២០១៣។ លោក កឹម សុខា លើកឡើងដូច្នេះក្នុងសវនាការជំនុំជម្រះក្ដីសំណុំរឿងក្បត់ជាតិលើកទី៥៥ នៅថ្ងៃទី៧ ខែសីហា។ មេបក្សប្រឆាំងរូបនេះ ក៏រំលឹកទៅតុលាការថា «ការសម្រេចដោយអគតិជាអំពើបាប»។
ការកាត់ក្ដីរបស់តុលាការ ក្នុងសំណុំរឿងលោក កឹម សុខា តុលាការហាក់កំពុងកាត់ ដើម្បីក្ដីបំពេញចិត្តលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយតុលាការនៅតែចោទប្រកាន់ថា លោក កឹម សុខា មានជាប់ទាក់ទងនឹងការបាតុកម្មដដែលនៅផ្លូវ វេង ស្រេង ដែលការចោទប្រកាន់នេះ គឺដូចទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន ដែរ។
មេធាវី និងអ្នកឃ្លាំមើលសវនាការរិះគន់ថា តុលាការហាក់មានចេតនា អូសបន្លាយសំណុំរឿងលោក កឹម សុខា ឲ្យកាន់តែវែងរកទីបញ្ចប់គ្មាន ដោយតុលាការលើកយកអង្គហេតុដដែល មិនពាក់ព័ន្ធ នឹងសំណុំរឿងនេះ មកចោទសួរលោក កឹម សុខា ជាច្រើនសប្ដាហ៍បែបនេះ។
មេធាវីការពារក្ដីលោក កឹម សុខា គឺលោកមេធាវី ផែង ហេង ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់សវនាការថា តំណាងអយ្យការ បានចាក់វីដេអូឈុតខ្លីៗ នៃអំពើហិង្សា ក្នុងបាតុកម្មនៅផ្លូវ វេង ស្រេង និងនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ។ ទោះយ៉ាងណាក្ដី លោកមេធាវីថា ការចាក់វីដេអូនេះ បានធ្វើឲ្យខាតពេលអត់ប្រយោជន៍ ព្រោះមិនជាប់ទាក់ទងនឹងអង្គហេតុ។ លោកថា នៅពេលតំណាងអយ្យការសួរសំណួរដដែលៗ ទាក់ទងអំពើហិង្សានៅផ្លូវ វេង ស្រេង បែបនេះ លោក កឹម សុខា នៅតែរក្សាចម្លើយដដែលដែរ គឺលោកទទួលស្គាល់តែបាតុកម្ម ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ ចំណែកបាតុកម្មក្រៅពីនេះលោក កឹម សុខា មិនដឹងឡើយ៖ « បាតុកម្មទាំងអស់នោះសុទ្ធតែមានសាលក្រមដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសមនុស្សមួយចំនួនរួចហើយ ហើយមិនមានពាក់ព័ន្ធ ឬការទទួលខុសត្រូវរបស់ឯកឧត្ដម កឹម សុខា ដូច្នេះខ្ញុំគិតថា ការលើកយកបាតុកម្ម ដែលបានកាត់ក្ដីរួចហើយ មានសាលក្រមរួចហើយយកមកសួរឡើងគឺគ្រាន់តែរឿងខាតពេលវេលាអត់ប្រយោជន៍ » ។
ចំណែក លោក កឹម សុខា ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី៧ ខែកញ្ញា គឺក្រោយចប់សវនាការនេះដោយលោកបាន អរគុណ មេធាវីការពារក្តី សហការី អ្នកគាំទ្រ និងប្រជាពលរដ្ឋ ដែលតែងតែជួយការពារ លើកទឹកចិត្ត និងផ្ដល់យុត្តិធម៌ដល់លោកដោយបានចូលរួមផ្ទាល់ក្នុងតុលាការ និងតាមដាននៅខាងមុខតុលាការ ទោះបីសវនាការនេះបានអូសបន្លាយរយៈពេលយ៉ាងយូររហូតដល់ជុំទី៥៥ ហើយក៏ដោយ។
លោក កឹម សុខា ថា ការដែលរងភាពអយុត្តិធម៌ ៥ឆ្នាំមកនេះ បានលើកឡើងយកពាក្យពីរឃ្លាថា «ការសម្រេចដោយអគតិ គឺជាអំពើបាប» បន្តទៀតថា «ជួបជុំគ្នាធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរ គឺអំពើជាកុសល»។ មេបក្សប្រឆាំងរូបនេះឲ្យដឹងទៀតថា លោកនឹងចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយពលរដ្ឋនៅតាមវត្តអារាមខ្លះ ក្នុងសប្ដាហ៍ខាងមុខ ទោះលោកមិនទាន់មានសេរីភាពពេញលេញក្ដី។
សវនាការលើកទី៥៥ នេះក៏មិនខុសលើកមុនៗ ដែរ គឺនៅក្នុងបន្ទប់សវនាការ មានតំណាងអង្គការសហប្រជាជាតិ តំណាងស្ថានទូតប្រទេសលោកសេរី និងមន្ត្រីអង្គការសង្គមស៊ីវិលតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់។ ចំណែកនៅក្រៅរបងតុលាការ មានសមត្ថកិច្ចប្រមាណ ២០នាក់ ឈរឃ្លាំមើល ហើយអ្នកគាំទ្រលោក កឹម សុខា ដែលឈរត្រៀបត្រានៅមុខតុលាការប្រមាណ ១០០នាក់។
អ្នកគាំទ្រលោក កឹម សុខា ម្នាក់ គឺលោក ជា ស្រេង រិះគន់ថា សវនាការមានចរិតនយោបាយ និងមិនអាចផ្ដល់យុត្តិធម៌ឲ្យលោក កឹម សុខា បាននោះឡើយ។ លោក ជា ស្រេង ចង់ឃើញសហគមន៍អន្តរជាតិ គួរមានការអន្តរាគមន៍បន្ថែមទៀត ដើម្បីជំរុញទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យឆាប់វិលចូលតុចរចាដោះស្រាយបញ្ហានេះ៖ « បើសិនមិនមានសម្ពាធនៃអន្តរជាតិលេងខ្លាំង ប្រហែលស្ថានការណ៍ហ្នឹងមានការចរចានយោបាយដំណើរការបានហើយ បើថា នៅតែប្រេតៗ អ៊ីចឹងទេ គាត់ ( តុលាការ ) ធ្វើដើម្បីពន្យារពេលទេ » ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែអះអាងដដែលថា សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃតុលាការ៖ « បាទការយល់ឃើញខុសគ្នា គាត់ស្រែកថា រឿងនយោបាយជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែ រឿងជាក់ស្ដែងនៅក្នុងដៃតុលាការទៅហើយ ឥឡូវរឿងនយោបាយម៉េចទៀត » ។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក លោក យី សុខសាន្ត ដែលតាមដានដំណើររឿងនេះសង្កេតឃើញថា បាតុកម្មនៅផ្លូវ វេង ស្រេង ជាទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មកររោងចក្រ ដែលមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយនោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ការបោះឆ្នោតឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ គួរមានដោះស្រាយផ្នែកនយោបាយ ដើម្បីបញ្ចប់សំណុំរឿងនេះ៖ « តាមការកត់សម្គាល់ក្នុងនាមយើងសង្គមស៊ីវិល ដែលយើងតាមដានរឿងនេះដែរ វារឿងនយោបាយ ហើយហាក់ដូចជាអូសបន្លាយពេលវេលា ឬក៏ជាការពន្យារពេល ហើយលោក កឹម សុខា ខ្លួនឯងគាត់ថា ការសួរគាត់ដដែលៗ គឺជាការពន្យារពេល » ។
លោក កឹម សុខា បានបាត់បង់សិទ្ធិសេរីភាព ជាង ៥ឆ្នាំមកហើយ ព្រោះរដ្ឋាភិបាល លោក ហ៊ុន សែន បានចោទប្រកាន់ថា មេបក្សប្រឆាំងរូបនេះថា ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ តុលាការនឹងបន្តសវនាការនេះនៅថ្ងៃពុធសប្ដាហ៍ក្រោយ គឺនៅថ្ងៃទី១៤ ខែកញ្ញា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ជាថ្មីម្ដងទៀត កាលពីចុងខែសីហា ថា លោក កឹម សុខា ជាប់ទាក់ទងនឹងការធ្វើបាតុកម្មនៅផ្លូវ វេង ស្រេង ដូចជា ការលួចផ្ដល់នំប៉័ងឲ្យក្រុមបាតុកម្មនៅម៉ោង ៣ទៀបភ្លឺជាដើម។ លោកថា ការទាមទារការផ្លាស់ប្ដូរក្រោយការបោះឆ្នោតជាការផ្ដួលរំលំរដ្ឋាភិបាល។ ទោះយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ អាចជិះឥទ្ធិពលដល់តុលាការក្នុងការសម្រេចក្ដីលើករណីលោក កឹម សុខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។