ការ​​ចូលរួម​​ទិញ​​​ប័ណ្ណ​ដើម្បី​​​ទិញ​​នាឡិកា​​លោក​ សម​ រង្ស៊ី​ ចាប់​​ផ្ដើម​​ហើយ​​

0:00 / 0:00

​អ្នក​ចូលរួម​ទិញ​​ប័ណ្ណ​នាឡិកា​លោក សម​ រង្ស៊ី​ ​ ​ត្រូវ​ចំណាយ​ប្រាក់​ ៥ ​ដុល្លារ​​សម្រាប់​ទិញ​ប័ណ្ណ​មួយ​សន្លឹក ​​ហើយបុគ្គល​ម្នាក់​មាន​សិទ្ធិ​ទិញ​ប័ណ្ណ​លើស​ពី​មួយ​​​​ដោយពេល​ទិញ​​ប័ណ្ណនោះ​​រួច​ហើយ​ ​អ្នក​ទិញនឹង​​ទទួល​បាន​លេខ​សម្គាល់​ដែលលេខសម្គាល់នោះ​នឹង​ត្រូវ​លោក​ សម​ រង្ស៊ី​ ចាប់​​​​ឆ្នោត​​​រក​អ្នក​ដែល​ត្រូវ​​​ទទួល​បាន​នាឡិកា​​ម៉ាក​​កាស្យូ​​ (Casio) ​របស់​លោក។

​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ​​និយាយ​ថា​ ​​ការ​ទិញ​ប័ណ្ណ​នាឡិកា​​ជា​កាយវិការ​​ដ៏​ថ្លៃ​ថ្លា​និង​ជា​​និមិត្ត​រូប​​នៃ​ការ​បរិច្ចាគ​​​​​ចេញ​​ពី​បុគ្គល​ម្នាក់​ៗ​​​ក្នុង​ការ​​ចូល​រួម​ចំណែក​​​ថវិកា​​​ជួយ​ពលរដ្ឋ​ក្រីក្រ​​នៅ​កម្ពុជា​​​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋ​កិច្ច​ធ្ងន់ធ្ងរ​និង​ខ្វះ​ខាត​ស្បៀង​អាហារ​ព្រោះ​​ជំងឺ​កូវីដ១៩​។​ លោក​ សម​ រង្ស៊ី​ ​ក៏​ឆ្លៀត​​ឌឺ ដង​ទៅ​លោក ហ៊ុន​ សែន​ ដែល​ពាក់​នាឡិកា​រាប់​លាន​ដុល្លារ​​គួរ​មាន​ការ​អៀន​ខ្មាស់​​​​​​ដែល​បង្អួត​នាឡិកា​ថ្លៃ​កប់​ពពក ​​ខណៈ​ពលរដ្ឋ​របស់​ខ្លួន​កំពុង​​ដាច់​បាយ​៖ «នាឡិកា​លោក​ ហ៊ុន​ សែន​ មួយ​គ្រឿង​ៗ​មិន​ខ្មាស់​ទេ​ ? យើង​បាន​ហឺហា​​ ពាក់​នាឡិកា​​តម្លៃ​រាប់​លាន​ដុល្លារ​ទៅ​សប្បាយ​ណាស់​ទៅ​អី ? មោទនភាព​ណាស់​ទៅ​អី ?​ ដែល​​​ប្រជារាស្ត្រ​កំពុង​ដាច់​បាយ»។

លោក​ សម រង្ស៊ី​ ហៅ​ការ​ចូលរួម​បរិច្ចាគ​ថវិកា​នេះ​ជា​យុទ្ធនាការ​ប័ណ្ណ​នាឡិកា​ សម​ រង្ស៊ី​។​ លោក​ឱ្យ​ដឹង​ថា​ ​​​អ្នក​​រៀប​ចំ​កម្មវិធី​នឹង​ផ្ញើ​លេខ​ប័ណ្ណ​​ទៅ​អ្នក​ទិញ​​ដើម្បី​ចូល​​រួម​ចាប់​ឆ្នោត​ផ្សង​​សំណាង​​​ទទួល​បាន​​​​នាឡិការបស់លោក ​ដែល​​​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ ខែ​មិថុនា​​ខាង​មុខ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា ដែល​ទទួលបន្ទុក​រៀប​ចំ​កម្មវិធី​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា ​​ថ្ងៃ​ទី​១​ នៃ​យុទ្ធនាការ​នេះ​ឃើញ​មាន​អ្នក​ចូលរួម​ទិញ​ប័ណ្ណ​នេះច្រើន​ ប៉ុន្តែ​​មិន​ទាន់​ទទួល​បាន​តួលេខ​រួម​​នៅ​ឡើយ​ ដោយ​លោក​គ្រាន់​តែ​​ដឹង​ថា​ នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ​បាន​លក់​​ប័ណ្ណអស់​​ចំនួន​ពាក់​កណ្ដាល​ទៅ​ហើយ​។​ ​អ្នក​រៀប​ចំ​កម្មវិធី​រូប​នេះ​ ស្នើ​ទៅ​ពលរដ្ឋ​​រស់នៅ​ប្រទេស​នានា​ចូល​រួម​គាំទ្រ​យុទ្ធនាការ​មនុស្ស​ធម៌​មួយ​នេះ​៖ «សូម​ឱ្យ​បង​ប្អូន​​ដែល​រស់​នៅ​គ្រប់​ទ្វីប​​ទាំង​អស់​ក្រៅ​ប្រទេស​ក៏​ដោយ ក្នុង​ប្រទេស​ក៏​ដោយ​​​ ទំនាក់​ទំនង​​យើង​មាន​បណ្ដាញ​ហ្វេសប៊ុក​​យើង​ ឬក៏​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ក៏​បាន​​សូម​បង​ប្អូន​ជួយ​ជាវ»។

ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ តោ និមល​ សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា​ លោក​និង​ប្រពន្ធ​បាន​ជាវ​ប័ណ្ណ​នេះ​រួច​ហើយ​។​ លោក​ថា​​ ការ​​បរិច្ចាគ​ថវិកា​ប្រាំ​ដុល្លារ​​នេះ​ប្រសើរ​​ជាង​លោក​ ហ៊ុន​ សែន​ ពាក់​នាឡិកា​តម្លៃ ​​​៤លាន​ដុល្លារ​​​ បាន​​ពី​ការ​ប្លន់លុយ​​ពលរដ្ឋ​ក្រីក្រ​។​

យុទ្ធនាការជាវ​នាឡិកា​លោក សម រង្ស៊ី ធ្វើឡើងក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​កំពុងខ្វះ​ស្បៀងអាហារ​ ខណៈរដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​ខ្ទប់​តំបន់​មួយ​ចំនួនដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​។

ទោះ​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ ​និយាយ​ថា​ បើ​​លោក​ សម​ រង្ស៊ី​ មាន​ចិត្ត​ចង់​ជួយ​ពលរដ្ឋ​មែន​នោះ​ មិន​ចាំ​បាច់​លក់​នាឡិកា​​ទេ​ ​គឺ​​​យក​លុយ​ពី​គម្រោង​ធ្វើ​ទូរទស្សន៍​ព្រះ​អាទិត្យ​និង​លុយ​ពី​ការ​កៀរគរ​នៃ​យុទ្ធនាការ​ថ្ងៃ​៩ ​វិច្ឆិកា​ មកជួយ​ពលរដ្ឋ​បាន​ទាន់​ពេល​។​ ​អ្នក​នាំ​ពាក្យ​ដដែល​ ចោទ​ប្រកាន់​ថា​ នៅពេល​លោក​ សម​ រង្ស៊ី​ ​ប្រមូល​លុយ​ពី​ការ​លក់​​ប័ណ្ណ​នាឡិកា​​ ​រួច​ហើយ​នឹង​យក​លុយ​ដើរ​ស៊ី​ចាយ​​សប្បាយ​ពីរ​នាក់​ប្រពន្ធ​នៅ​ស្រុក​បារាំង៖ «ឥឡូវ​មាន​​លុយ​​មាន​​នៅ​​ដៃ​​យក​​ចាយ​​សិន​មក​​​ឱ្យ​ទាន់​សភាព​ការណ៍​ ចាំ​បាច់​យក​នាឡិកា​ប្រាំ​ដុល្លារ​មក​​អន្ទាក់​អី​ ​គ្រាន់​តែ​ធ្វើ​នុយ​ទេតើ ហ្នឹង​សរុប​មក​វិញ​​ជា​ល្បែង​បោក​ប្រាស់»។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី ធ្លាប់​លើក​ឡើង​ថា​ អ្វី​ដែល​លោក សម រង្ស៊ី ធ្វើ​នេះ​ជា​តិចនិកបង្កប់​ដោយ​វិធី​បញ្ឈឺ​ចិត្ត​ជំរុញ​ទៅ​រដ្ឋាភិបាលលោក ហ៊ុន សែន​គិតគូរ​បន្ថែម​ទៀត​ដល់​ការ​ផ្ដល់​ស្បៀងអាហារ​ឲ្យ​ពលរដ្ឋ។

បណ្ដាញ​ព័ត៌មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះថា វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយកាលពី​ចុងឆ្នាំ​២០២០​ ថា លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីនៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០​លាន​រៀល ឬ​​ប្រមាណ ២៥.០០០ដុល្លារ​​​អាមេរិក​ នោះបែរ​ជា​មាន​នាឡិកា​ដៃ​ប្រណិត​ជាច្រើន​គ្រឿងក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។​

ឆ្លើយ​តប​ការ​ចោទ​របស់​លោក សុខ ឥសាន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា និយាយ​ថា​​ ពេល​​ប្រមូលថវិកា​បានលោកនឹង​ស្នើ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បង្ក​ភាព​ងាយ​ស្រួល​ឱ្យ​​ក្រុម​​ការងារ​លោក​អាច​​យក​លុយ​ជួយ​ពលរដ្ឋ​​​​​ គឺ​គ្រប់​គ្រាន់​​អាច​ដឹង​ការ​ពិត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។