តំណាង​អយ្យការ​បន្ត​យក​វីដេអូ​ចាស់​​នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​​មក​ចោទ​សួរ​លោក កឹម សុខា​​​

0:00 / 0:00

សវនាការ​លើក​ទី​៥០​នៃ​សំណុំរឿង​ក្បត់ជាតិ​មេ​បក្ស​ប្រឆាំង ​តំណាង​អយ្យការ​បន្ត​​លើក​យក​វីដេអូ​ចាស់​​ៗ នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​កាល​ពី​ឆ្នាំ​២០១៣ មក​ចោទសួរ​លោក កឹម សុខា។​​ អ្នក​ឃ្លាំមើល​សវនាការ​​រិះគន់​ថា​ ការ​យក​អង្គហេតុ​ចាស់​ទាំងនេះ និង​ការ​សួរ​​សំនួរ​ដដែលៗ ​របស់​តុលាការ​​​ពេល​នេះ​ ធ្វើ​ឲ្យ​សវនាការ​នេះ​គ្មាន​ភាព​ជឿនលឿន​ទៅ​មុខ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ និង​ប្រយោជន៍​លោក​ កឹម សុខា។​

​​​​

សវនាការ​លោក កឹម សុខា ​សប្ដាហ៍​នេះ​ ហាក់​គ្មាន​ភាព​ខុស​ប្លែក​ពី​សវនាការ​​លើក​មុន​ៗ ទេ ដោយ​តំណាង​អយ្យការ​មិន​ទាន់​​បង្ហាញ​អង្គហេតុ​ថ្មី​ ទាក់ទង​បទ​ចោទ​ប្រកាន់ ​​នៃ​ទំនាក់ទំនង​សម្ងាត់​រវាង​លោក​ កឹម​ សុខា និង​រដ្ឋ​បរទេស​ណាមួយ មក​បង្ហាញ​​ក្នុង​សវនាការ​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​​​តំណាង​អយ្យការ​​បន្ត​យក​វីដេអូ​ចាស់​នៃ​ការ​ធ្វើបាតុកម្ម​របស់​កម្មករ​រោងចក្រ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កាល​ពី​ឆ្នាំ​២០១៣​ នៅ​ស្ពាន​ស្ទឹងមានជ័យ​ ទាមទារ​ឲ្យ​លោក កឹម សុខា​ ទទួលខុសត្រូវ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ដែល​ឃ្លាំមើល​សវនាការ​នេះ​ លោក​ យី សុខសាន្ត​ កត់​សម្គាល់​ឃើញ​ថា​ សំនួរ​របស់​តំណាង​អយ្យការ​ភាគ​ច្រើន​ជា​សំនួរ​គ្មាន​​ប្រយោជន៍​សម្រាប់​សវនាការ​ និង​ហាក់​ដូច​​ជា​​តុលាការ​មាន​ចេតនា​ពន្យារ​​ពេល​​​សវនាការ​នេះ។ លោក​បន្ត​ថា​ តំណាង​អយ្យការ​បាន​ព្យាយាម​ពង្រីក​បញ្ហា​ ដោយ​ច្បិច​យក​វីដេអូ​នៃ​ការ​ធ្វើ​បាតុកម្ម​នានា​ កាល​ពី​ជាង​ ៩​ឆ្នាំ​មុន​ ឲ្យ​លោក​ កឹម​ សុខា​ ទទួល​ខុស​ត្រូវ​ បើ​ទោះ​លោក​ កឹម​ សុខា​ អះអាង​ដដែលៗ ​ថា​ លោក​ទទួល​​ខុស​ត្រូវ​តែ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក៏​ដោយចុះ៖ « ទាញ​មក​ចេះ​ភ្ជាប់​ណា ចំណុច​ហ្នឹង​ហើយ​ ដែល​ហាក់​ដូច​ជា​ យើង​មិន​បង្រួម​បញ្ហា​ ដើម្បី​ដោះស្រាយ​សុខសាន្ត​ បែរ​ជា​ពង្រីក​បញ្ហា។​ ចំណុច​ហ្នឹង​ហើយ ​ហើយ​ការ​ពង្រីក​បញ្ហា ​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​គាត់​អត់​ព្រម​រហូត​ ចេះ​តែ​មាន​ការ​អូស​បន្លាយ​​រហូត​ដល់​​សវនាការ​ទី​៥០​ ​ដោយសារ​តែ​រឿង​ពង្រីក​បញ្ហា​នេះ​ឯង »

សវនាការ​លើក​នេះ​ ក្រុម​មេធាវី​លោក​ កឹម​ សុខា​ មិន​បាន​​ផ្ដល់​សម្ភាស​ឲ្យ​អ្នក​សារព័ត៌មាន​​នោះ​ទេ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា បាន​ទេ ​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា។ ​ចំណែក​អ្នកគាំទ្រ​​លោក​ កឹម​ សុខា ប្រមាណ​ ១០០​នាក់​ នៅ​តែ​បន្ត​ឃ្លាំមើល​សវនាការ​នេះ​នៅ​មុខ​តុលាការ។​ ក្រៅ​ពី​នេះ​ ក៏​មាន​តំណាង​ស្ថានទូត​បរទេស និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​​​តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​អ្នក​សារព័ត៌មាន​ផង​ដែរ។ ដោយ​ឡែក​សមត្ថកិច្ច​បាន​រឹត​បន្តឹង​សន្តិសុខ​​​ដូច​រាល់​ដង​ដែរ។

អ្នកគាំទ្រ​លោក​ កឹម​ សុខា​ ម្នាក់​លោក​ ហ៊ុន កុសល រិះគន់​ថា​ តុលាការ​បាន​ព្យាយាម​សួរ​ជាន់​លោក​ កឹម​ សុខា ដើម្បី​ចង់​បាន​ចម្លើយ។​ លោក​យល់ថា​ សំណុំរឿង​​នេះ​ បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ​ ​មិន​ដឹង​ថា​ សវនាការ​​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ៖ «​ លោក​ កឹម​ សុខា​ គាត់​បាន​ឆ្លើយ​សំណួរ​​ហ្នឹង​ទៅ​កាន់​តុលាការ​យ៉ាង​ក្បោះក្បាយ​រួច​ហើយ​ ប៉ុន្តែ​ នេះ​ជា​តាក់ទិច​​​ (Tactic) ដែល​គេ​​ព្យាយាម​ជាន់​លោក​ប្រធាន​ កឹម​ សុខា​ ដើម្បី​យក​ចម្លើយ​ណា​ តែ​យ៉ាងណា​ក៏​ដោយ​ ភាព​ស្មោះត្រង់​ សុចរិតភាព​ មិន​អាច​លុប​បំបាត់​បានទេ »

ទាក់ទង​ការ​លើកឡើង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ឆ្លើយ​តប​ពី​​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន​ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​។ ទោះ​យ៉ាងណា​ លោក​ សុខ​ ឥសាន តែង​និយាយ​ដដែល​ៗ ​ថា​ ករណី​លោក​ កឹម​ សុខា​ កំពុង​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​តុលាការ​ ហើយ​ក៏​គ្មាន​ការ​ចរចា​ណាមួយ​រំលោភ​កិច្ចការ​តុលាការ​បាន​ដែរ​។ គិត​មក​ដល់​ពេល​នេះ លោក​ កឹម ​សុខា បាន​បាត់បង់​សិទ្ធិ​សេរីភាព​​ជិត ​៥​ឆ្នាំ​ហើយ​ ក្រោយ​​រដ្ឋាភិបាល​​លោក​ ហ៊ុន​ សែន​ បាន​ចោទ​ប្រកាន់​ថា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ​ឃុបឃិត​​ជាមួយ​រដ្ឋ​បរទេស ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។​

អ្នកវិភាគ​នយោបាយ​ លោក​ គឹម សុខ យល់​ថា​ រដ្ឋាភិបាល ហ៊ុន សែន ​កំពុង​ប្រើប្រាស់​តុលាការ​ពន្យារ​ពេល​ការ​ធ្វើ​នយោបាយ​របស់​លោក​ កឹម សុខា ព្រោះ​ខ្លាច​ពេល​លោក​ កឹម សុខា មាន​សិទ្ធិ​ធ្វើ​នយោបាយ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផែនការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក​ ហ៊ុន ម៉ាណែត។ លោក​យល់​ថា ប្រសិន​នៅ​ពេល​ខាង​មុខ​ មាន​ការរិះគន់​លើ​ការ​កាត់​ក្ដី​របស់​តុលាការ​ក្រុង​ភ្នំពេញ​ខ្លាំង​ពី​មហាជន​ លោក​ ហ៊ុន សែន អាច​នឹង​ប្ដូរ​​ចៅក្រម​ ឬ​ព្រះ​រាជអាជ្ញា​ ​ប៉ុន្តែ​សវនាការ​នៅតែ​អូស​បន្លាយ​ដដែល​៖ ​«គេ​ចង់​ឲ្យ​លោក​ កឹម​ សុខា ទ្រាំ​លែង​បាន​នឹង​សវនាការ​ហ្នឹង​ ហើយ​ងាក​​ទៅ​ពិចារណា​ ​នូវ​អ្វី​ដែល​លោក​ ហ៊ុន​ សែន​ សង្កត់​លោក​ កឹម ​សុខា​ ធ្វើ​តាម​លោក​ ហ៊ុន សែន ជំរុញ​ឲ្យ​លោក​ កឹម​ សុខា សារភាព​នូវ​អ្វី​ ដែល​គាត់​មិន​បាន​ធ្វើ​ទាល់តែសោះ​ ប៉ុន្តែ​ទទួល​នូវ​កំហុស​តាម​គេ​ចង់​បាន»។

សវនាការ​លោក​ កឹម​ សុខា ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​ថា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ជាប់​ទាក់ទង​នឹង​ ការ​ធ្វើ​បាតុកម្ម​ទាមទារ​​ប្រាក់​ឈ្មួល​របស់​កម្មករ​រោងចក្រ​នៅ​​ផ្លូវ ​វេង ស្រេង បាតុកម្ម​ហិង្សា​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់​នៅ​ស្ពាន​ក្បាល​ថ្នល់​ និង​បាតុកម្ម​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ។ តុលាការ​នឹង​បន្ត​សវនាការ​នេះ នៅ​ថ្ងៃ​ទី៣​ ខែ​សីហា​​​​​សប្ដាហ៍​ក្រោយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។