ពលរដ្ឋ​ខ្មែរ​ដាក់​ញត្តិ​តាម​ស្ថាន​ទូត​បរទេស​នៅ​ក្រុងបាងកក ដើម្បីជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​ស្នាក់​នៅ​ប្រទេស​ថៃ ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត​បរទេស នៅ​ទីក្រុងបាងកក (Bangkok) ឱ្យ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា បណ្ដា​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ក្នុង​កិច្ច​ព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​តួនាទី​សំខាន់ ក្នុង​ការ​ធានា​ស្ថិរភាព​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង ពលករ​ខ្មែរ និង​សកម្មជន​សិទ្ធិមនុស្ស​ជិត ២០នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​តាម​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នៅ​ក្នុង​ទីក្រុង​បាងកក (Bangkok) ចំនួន ៦ប្រទេស កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ទាំង​នោះ ឱ្យ​ជំរុញ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​ដើម្បី​ផ្សះផ្សា​ជាតិ ។

សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ខេត្តកោះកុង គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ (Thailand) លោក ឆន សុខឃឿន ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី២៤ ខែតុលា​ថា មន្ត្រី​ស្ថានទូត​ចំនួន​៦ប្រទេស ដែល​រួម​មាន​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) សឹង្ហបុរី (Singapore) ជប៉ុន (Japan) អូស្ត្រាលី (Australia) ជា​ដើម បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា។ លោក​បន្ថែម​ថា គោល​បំណង​សំខាន់​ក្នុង​ការ​ដាក់​ញត្តិ​នៅ​តាម​បណ្ដា​ស្ថានទូត នៃ​ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស​នេះ គឺ​ស្នើ​ឱ្យ​បណ្ដា​ប្រទេស​ទាំងនេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត លើក​កម្ពស់​ស្មារតី​នៃ​កិច្ចព្រមព្រៀង តាម​រយៈ​ការ​បើក​លំហ​ប្រជាធិបតេយ្យ និង​បញ្ឈប់​ការ​គំរាម​កំហែង​លើ​សកម្មជន​នយោបាយ​សិទ្ធិមនុស្ស។

លោក ឆន សុខឃឿន៖«ពេល​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស គោរព​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ប្រាកដ​ណាស់ គឺ​មិន​មាន​ពលករ​ចំណាក​ស្រុក ក៏​ដូចជា​អំពើ​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ សកម្មជន​នយោបាយ​ភៀស​ខ្លួន​ចូល​ប្រទេស​ថៃ ក៏​ដូច​ប្រទេស​នានា​ហ្នឹង គឺ​ប្រាកដ​ជា​មាន​ឱកាស​ក្នុង​ការ​ត្រឡប់ ទៅ​ចូលរួម​ចាប់​ដៃ ជាមួយ​រដ្ឋាភិបាល និង​ដឹកនាំ កសាង​ប្រទេស​ជាមួយ​គ្នា»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ ខែតុលា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ សម្ព័ន្ធ​ភាព​ដៃគូ​ដើម្បី​ការ​អភិវឌ្ឍ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ (CPDD) លោក សុន ពេញ យល់​ឃើញ​ថា បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ចុះ​ហត្ថាលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាមដាន និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​លំហ​ប្រជាធិបតេយ្យ ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើភាព និង​ការ​គោរព​សិទ្ធិមនុស្ស។ លោក​បន្ថែម​ថា ការ​លើក​កម្ពស់​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ត្រឹមតែ​អាច​នាំ​មក​នូវ​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ។

លោក សុន ពេញ៖«យើង​អំពាវនាវ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហ្នឹង​គឺ មេត្តា​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​ឃ្លាំមើល និង​ការ​អនុវត្ត​អំពី​ប្រសិទ្ធភាព​កិច្ច​ព្រមព្រៀង​ហ្នឹង។ ពិត​ណាស់​កម្ពុជា​បាន​បញ្ចូល​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ការ​អស់​សុពលភាព នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ ហើយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស វា​នៅ​ជា​និរន្ត បើ​ទោះបីជា​យ៉ាង​ម៉េច​ក៏​ដោយ វា​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា ដែល​អាច​មាន​កិច្ច​ព្រមព្រៀង ដើម្បី​ធានា​នូវ​ស្ថិរភាព​នយោបាយ ក៏​ដូចជា ការ​ធានា​បាន​នូវ​គ្រឹះ​នៃ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ»។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បំផ្លាញ​ស្ទើរ​តែ​ស្រុង តាម​រយៈ​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ និង​បក្ខពួក​និយម។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី​ឱ្យ​ទៅ​ប្រទេស​ជិត​ខាង​ផង​ដែរ តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ក្នុង​ការ​បោះ​បង្គោល​ព្រំ​ដែន​គោក និង​ទឹក ជាមួយ​ប្រទេស​វៀតណាម ដែល​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ថៃ​បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ទឹក​ដី​ថៃ គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​ចំនួន ៥ផ្សេង​ទៀត តាម​ពេល​វេលា​ដែល​បាន​កំណត់​ជាមួយ​មន្ត្រី​ស្ថានទូត​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។ ស្ថាន​ទូត​ទាំង​នោះ​រួមមាន ស្ថាន​ទូត​ប្រទេស​បារាំង (France) សហរដ្ឋ​អាមេរិក (United States) និង​អាល្លឺម៉ង់ (Germany) ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។