លោក ហ៊ុន សែន បង្ហោះ​វីដេអូ​ពលរដ្ឋ​ក្រៅ​ស្រុក​គាំទ្រ​កូន​ខ្លួន​ទៅ​អាមេរិក​ដើម្បី «បន្លំ​ភ្នែក​អន្តរជាតិ»

មន្ត្រី​គណបក្សប្រឆាំង​លើកឡើង​ថា អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន កំពុង​កៀរគរ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឱ្យ​គាំទ្រ​កូន​របស់​លោក​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ។ ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​ឃ្លីប​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​នៅ​ក្រៅ​ប្រទេស​ប្រកាស​រង់ចាំ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​ប្រជុំ​នៅ​សហរដ្ឋអាមេរិក​នៅ​ចុង​សប្ដាហ៍​នេះ។

មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ធ្វើ​ប្រជាភិថុតិ​បោកប្រាស់​សហគមន៍​អន្តរជាតិ ដើម្បី​បិទបាំង​អំពើអាក្រក់​របស់​គ្រួសារ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ម៉េង សុធារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ កញ្ញា ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​រង់ចាំ​ទទួល លោក ហ៊ុន ម៉ាណែត ពុំ​មែន​កើត​ចេញ​ពី​ចិត្ត​របស់​ខ្លួន​នោះ​ទេ។ លោក​ចាត់ទុក​ការ​ដែល​លោក ហ៊ុន សែន បង្ហោះ​វីដេអូ​ឃ្លិប​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រកាស​រង់ចាំ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត គឺជា​ការសម្ដែង​ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ឱ្យ​មើល​ឃើញថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​គាំទ្រ​កូនប្រុស​របស់​លោក។

លោក ម៉េង សុធារ៉ា៖ «យើង​ដឹង​ស្រាប់​ហើយ​គណបក្ស​ប្រជាជន​ជា​គណបក្ស​មួយ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ​អីចឹង គាត់​មានលទ្ធភាព​ក្នុង​ការជួល​មនុស្ស ឬក៏​ជួល​យន្តហោះ​ដឹក​អ្នក​ដែល​គាំទ្រ​លោក ហ៊ុន ម៉ាណែត នឹង​ឱ្យមក​ចូលរួម​គាំទ្រ​នៅមុខ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញ​អន្តរជាតិ​ថា លោក ហ៊ុន ម៉ាណែត មាន​អ្នកគាំទ្រ​ច្រើន។ អីចឹង​អ្វី​ដែល​យើង​មើលឃើញ​ជាក់ស្ដែង​គឺ​ប្រទេស​ទាំងអស់​នឹង​អត់​មាន​ខ្វល់​រឿង​លោក ហ៊ុន ម៉ាណែត ឬ​លោក ហ៊ុន សែន កៀរគរ​មនុស្ស​ទេ។គេ​គ្រាន់តែ​លើក​អំពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​សិទ្ធ​សេរីភាព​សារព័ត៌មាន និង​ដោះលែង​សកម្មជន​នយោបាយ»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​ឃ្លិប​លើ​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram)​របស់​លោក​ដោយ​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា (CANADA) និង​សហរដ្ឋអាមេរិក​(USA)​ជាច្រើន​នាក់​ប្រកាស​រង់ចាំ​ស្វាគមន៍ លោក ហ៊ុន ណែត នៅ​សហរដ្ឋអាមេរិក​នា​ចុង​សប្ដាហ៍​នេះ។ ក្នុង​វីដេអូ​ឃ្លីប​បង្ហាញ​ថា ពលរដ្ឋ​ខ្លះ​មាន​មតិ​ជា​ក្រុម​និង​ខ្លះទៀត​មាន​មតិ​ជា​លក្ខណៈ​គ្រួសារ​ថា​ពួកគេ​ស្រលាញ់​និង​គាំទ្រ​លោក ហ៊ុន ម៉ាណែត និង​រង់ចាំ​ស្វាគមន៍​លោក​ចូលរួម​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក (New York) សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២២ ខែកញ្ញា។ ជាមួយ​គ្នា​នេះ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​កាណាដា​មួយចំនួន​ក៏បាន​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​លើ​ទឹកដី​អាមេរិក​នេះ​ដែរ។

hunsen_telegram.jpg
លោក ហ៊ុន សែន ចែកចាយវីដេអូតាមតេឡេក្រាម (Telegram) ពីសកម្មភាពខ្មែរនៅបរទេសចេញវីដេអូគាំទ្រលោក ហ៊ុន ម៉ាណែត។ Photo Screenshot

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២០ កញ្ញា។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​ទៅ​អ្នកនាំពាក្យ​រដ្ឋាភិបាល​វិញ។

កន្លងទៅ​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ដើរ​កៀរគរ​មនុស្ស​គ្រប់ទិសទី​ទាំង​អ្នក​សិក្សា​មន្ត្រី​ការទូត ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​វិនិយោគទុន​នៅ​កម្ពុជា​និង​អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​រដ្ឋាភិបាល​ឱ្យទៅ​ស្វាគមន៍​លោក ហ៊ុន សែន ក្នុង​ពេល​ចេញទៅ​ប្រជុំ​នៅ​ក្រៅ​ស្រុក​ម្ដងៗ​។ កាលពី​ឆ្នាំ​២០២២ ក្នុង​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​បាន​យក​ស្បែកជើង​គប់​សំដៅ​ទៅ​កាន់​លោក ហ៊ុន សែន នៅ​លើ​ទឹកដី​អាមេរិក ដោយសារ​ខឹង​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ។

ជុំវិញ​រឿង​នេះ​អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម លោក លី ចាត់ដារ៉ាវុត យល់ឃើញ​ថា ការ​ចេញ​វីដេអូ​ឃ្លីប​នេះ ជា​រឿង​ដដែលៗ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​ដែល​តែង​បង្កើត​ឡើង ដើម្បី​ឱ្យ​សាធារណជន​មើល​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ល្អ​ដាច់​គេ​។ យ៉ាងណា​លោក​ថា ការ​ធ្វើ​បែបនេះ​នឹង​មិន​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​កម្ពុជា​ឡើយ។

លោក លី ចាត់ដារ៉ាវុត៖ «មេដឹកនាំ​យើង​គួរតែ​ឈប់​ផ្ដោត​ទៅលើ​ការបង្កើត​វប្បធម៌​ដែល​មន្ត្រី​ឬ​សកម្មជន​គណបក្ស​អី​ត្រូវ​ចេញ​សារ​គាំទ្រ​លើកជើង​ហែហម​អីចឹង​ទេ។ យើង​ផ្ដោត​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​សង្គម បញ្ហា​ការ​យក​គយ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច បញ្ហា​កម្មករ​អត់​មាន​ការងារ​ធ្វើ ហើយ​បញ្ហា​សង្គម​ជាច្រើន​ទៀត​ដែល​ត្រូវការ​ដោះស្រាយ។ យើង​ទាមទារ​ឱ្យ​មេដឹកនាំ​ហ្នឹង​មាន​យុទ្ធសាស្ត្រ​ច្បាប់​លាស់​មាន​ការ​អនុវត្ត​គោលនយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ ឱ្យ​ថ្នាក់ក្រោម​នឹង​គាំទ្រ​មេដឹកនាំ​តាមរយៈ​ការ​អនុវត្ត​គោលនយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ​ជួយ​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ ជីវភាព​ពលរដ្ឋ​ហ្នឹង​ឱ្យ​រស់នៅ​បាន​ល្អ​ប្រសើរ នោះ​ប្រជាពលរដ្ឋ​នឹង​គាំទ្រ​យើង​ដោយ​ឯកឯង​ហើយ»។

កន្លង​ទៅ​របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បាន​រក​ឃើញ​ថា កម្ពុជា​ពូកែ​ខាង​រំលោភ​ច្បាប់​។ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ផ្នែក​នីតិរដ្ឋ ឬ​គោរព​ច្បាប់​ស្ទើរតែ​នៅ​បាត​តារាង​គឺ​នៅ​លេខ ១៣៩ ក្នុង​ចំណោម​១៤០​ប្រទេស ក្នុង​ឆ្នាំ​២០២២​។ របាយការណ៍​នេះ​បាន​បង្ហាញ​កត្តា​ចម្បងៗ​ចំនួន​៨ សម្រាប់​ដំណើរការ​ដាក់​សន្ទស្សន៍​នីតិរដ្ឋ ក្នុង​នោះ​មាន​ដូចជា ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុបបំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើកទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណី និង​យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ ដែល​កម្ពុជា​សុទ្ធតែ​ទទួល​បាន​ពិន្ទុ​ទាប​ទាំងអស់។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើកឡើង​ថា បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន បារម្ភ​ខ្លាច​លោក ហ៊ុន ម៉ាណែត រង​ភាព​អាម៉ាស់​ដូច​លោក​ដែរ​នៅ​លើ​ទឹកដី​អាមេរិក​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។