មន្ត្រីគណបក្សប្រឆាំងរិះគន់មេបញ្ជាការកងអង្គរក្ស លោក ហ៊ុន សែន គឺ លោក ហ៊ីង ប៊ុនហៀង ដែលវាយប្រហារមកលើអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាលថា ជាការផ្គាប់ចិត្តគ្រួសារលោក ហ៊ុន សែន ដើម្បីរក្សាអំណាចរបស់ខ្លួនទៅមុខទៀត។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី លោក ហ៊ីង ប៊ុនហៀង បានចាត់ទុកក្រុមបក្សប្រឆាំងជាក្រុមជ្រុលនិយម និងអគតិដែលមើលមិនឃើញអំពើល្អកងអង្គរក្សរបស់លោក។
មន្ត្រីគណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ទង្វើរបស់មន្ត្រីជាន់ខ្ពស់កងទ័ពរដ្ឋាភិបាលឯកបក្សនេះ ជាការធ្វើឱ្យខ្មែរកាន់តែបែកបាក់សាមគ្គីជាតិ។
មន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ម៉េង សុធារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ កញ្ញា ថា ការលើកឡើងរបស់ លោក ហ៊ីង ប៊ុនហៀង មិនសមថា លោកជាមេដឹកនាំកងទ័ពកម្ពុជាម្នាក់ដែលបានប្រាក់ខែពីការប្រមូលពន្ធពីប្រជាពលរដ្ឋនោះទេ។ លោកចាត់ទុកមេទាហានជាន់ខ្ពស់នៃរដ្ឋាភិបាលឯកបក្សរូបនេះថា ជាមេឧក្រិដ្ឋជនដែលតែងប្រើអំណាចរបស់ខ្លួនវាយធ្វើបាបអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។
លោក ម៉េង សុធារ៉ា៖ «ជាក់ស្ដែងយើងគិតទៅ កងអង្គរក្សដែលបានទៅត្រួតពិនិត្យបង្គោលព្រំដែនទេ ទៅការពារប្រជាពលរដ្ឋដែលទៅមើលព្រំដែនពីការរំលោភបំពានពីវៀតណាមទេ គឺអត់មានទេ។ មានតែចាំបង្ក្រាបចាំទប់ស្កាត់កុំឱ្យគេទៅមើលបង្គោលព្រំដែន អ៊ីចឹងជាការសំដែងសុទ្ធិតែម្ដងមិនអាចចាត់ទុកថាជាអ្នកស្នេហាជាតិទេ។ ហើយជាក់ស្ដែងកងអង្គរក្សនេះឯងជាអ្នករំលោភបំពានទៅលើបទឧក្រិដ្ឋនានាដូចជាករណីជួលរថយន្តទៅឱ្យជនជាតិចិនប្រព្រឹត្តបទល្មើសផ្សេងអីហ្នឹងជាដើម។ នឹងឬជាការស្នេហាជាតិរបស់កងអង្គរក្ស?»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងនេះ បន្ទាប់ពីមេបញ្ជាការដ្ឋានកងអង្គរក្សរបស់លោក ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង បានផ្ដល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ដែលសិទ្ធនឹងរដ្ឋាភិបាលនៅចំពោះមុខនាយទាហានជាច្រើននាក់នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៥ កញ្ញា ដោយវាយប្រហារមកលើក្រុមបក្សប្រឆាំងថា ជាក្រុមអគតិជ្រុលនិយមនិងជាក្រុមអាសិរពិស ដែលមើលមិនឃើញពីទង្វើល្អកងអង្គរក្សរបស់លោក។ លោក ហ៊ីង ប៊ុនហៀង អះអាងថា កងអង្គរក្សក្រោមការដឹកនាំរបស់លោក ធ្វើការងារដើម្បីផលប្រយោជន៍ជាតិ ដោយពុំមែនការពារតែលោក ហ៊ុន សែន និងក្រុមគ្រួសារ ដូចដែលក្រុមប្រឆាំងចោទប្រកាន់នោះទេ។
លោក ហ៊ីង ប៊ុនហៀង៖ «ខ្ញុំសុំបញ្ជាក់ជូននេះ គឺជាយោបល់ជាសំដីរបស់ក្រុមពួកជ្រុលនិយម ពួកអគតិនិងក្រុមពួកអាសិរពិសទេ។ ការពិតបញ្ជាការដ្ឋានអង្គរក្សបង្កើតឡើងដោយអនុក្រឹត្យនេះ គឺថាសំដៅធានាការពារសន្តិសុខជូនប្រជាពលរដ្ឋ ការពារភ្ញៀវ ជាតិនិងអន្តរជាតិ ដែលមានវត្តមានមកបំពេញបេសកកម្មលើទឹកដីកម្ពុជា»។
ជុំវិញរឿងនេះអ្នកសិក្សាផ្នែកច្បាប់និងជាអ្នកតាមដានស្ថានការណ៍សង្គម លោក លី ចាន់ដារាវុត មើលឃើញថា កងអង្គរក្សក្រោមការដឹកនាំរបស់លោក ហ៊ីង ប៊ុនហៀង នេះ បំពេញការងារ ដើម្បីការពារផលប្រយោជន៍គ្រួសារលោក ហ៊ុន សែន ច្រើនជាងបម្រើប្រយោជន៍ជាតិ។ លោកចាត់ទុកការលើកឡើងរបស់មេទ័ពរូបនេះថា ជាការធ្វើឱ្យខ្មែរបែកបាក់សាមគ្គីជាតិ។
លោក លី ចាន់ដារាវុត៖ «គាត់ធ្វើយ៉ាងម៉េចដើម្បីឱ្យតែមេរបស់គាត់សប្បាយចិត្ត គាត់មិនសូវខ្វាយខ្វល់អំពីអារម្មណ៍របស់ពលរដ្ឋ អំពីឯកភាពជាតិ។ ហើយខ្ញុំយល់ថា សម្ដីដែលគាត់និយាយនេះនឹងធ្វើប្រទេសជាតិនឹងកាន់តែបែកបាក់ប្រេះស្រាំ ហើយកាន់តែមើលមុខគ្នាលែងចំ។ ហើយវាបញ្ជាក់ពីជំហររបស់គាត់ដែរថា ប្រសិនជាមាននរណាម្នាក់ ទោះបីអហិង្សាក្ដី ទោះបីតាមរយៈការបោះឆ្នោតក្ដីឱ្យតែប៉ះពាល់ទៅដល់តំណែងគណបក្សប្រជាជនគឺលោក ហ៊ីង ប៊ុនហៀង នឹងមិនរារែកទេក្នុងបង្ក្រាប»។
លោក ហ៊ីង ប៊ុនហៀង ត្រូវបានសហរដ្ឋអាមេរិក ដាក់ក្នុងបញ្ជីខ្មៅ នៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ក្រោមច្បាប់ គ្លូប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) ដោយសារតែការចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ សហរដ្ឋអាមេរិករកឃើញថា លោក ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងអំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ ក្នុងហេតុការណ៍វាយបង្ក្រាបបណ្តេញបាតុករគាំទ្របក្សប្រឆាំងចេញពីទីលានប្រជាធិបតេយ្យ និងអំពើហិង្សាវាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូប នៅមុខរដ្ឋសភា នៅឆ្នាំ២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសជនជាតិអាមេរិកមួយរូបផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។