សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បង្កើត​កម្លាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0:00 / 0:00

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ប្រទេស​ជប៉ុន (Japan) និង​ប្រទេស​ថៃ (Thailand) នាំគ្នា​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២២ ខែតុលា។ ពួកគាត់​ប្ដេជ្ញា​រួបរួម​សាមគ្គី​គ្នា ដើម្បី​ជំរុញ​ទៅ​សហគមន៍​អន្តរជាតិ ឱ្យ​ជួយ​រក​ដំណោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

ដូច​រាល់​ឆ្នាំ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយសមុទ្រ និង​ក្រុម​សង្គម​ស៊ីវិល​ឯករាជ្យ បាន​ធ្វើ​សកម្មភាព​ជួបជុំ​ផ្សេងៗ​គ្នា ដើម្បី​ប្រារព្ធ​ខួប និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ពេញលេញ ដើម្បី​ជា​ប្រយោជន៍​ពិតប្រាកដ​សម្រាប់​ប្រជាជាតិ​កម្ពុជា​គ្រប់​ជំនាន់​។ ការ​ប្រារព្ធ​ខួប​៣២​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​មិនមែន​ជា​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ រីករាយ​នោះ​ទេ ព្រោះ​ពួកគាត់ កំពុង​បារម្ភ​អំពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ធ្វើ​ឲ្យ​ជាតិខ្មែរ​បែកបាក់ និង​ការ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​អាក្រក់​ឡើងវិញ។

«ជយោ ២៣​តុលា​!នេះ​ហើយ​ជា​សំឡេង​នៃ​ក្តី​សង្ឃឹម​ដែល យើង​ទាំងអស់​គ្នា​ផ្តល់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក ដែល​កំពុង​វេទនា​ឈឺចាប់»។

ផ្តើម​ចេញ​ពី​ប្រទេស​អូស្ត្រាលី អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឬ​ហៅថា អង្គការ​២៣ តុលា បាន​រៀបចំ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​តុលា ក្នុង​វត្ត​ពុទ្ធរង្សី ក្រុង​មែលប៊ន (Melbourne)​។ ពិធី​នេះ មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​អូស្ត្រាលី តំណាង​អង្គការ​ពាក់ព័ន្ធ ព្រមទាំង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ភ្លើងទៀន ព្រមទាំង​ពលរដ្ឋ​ប្រមាណ​១​រយ​(១០០)​នាក់​។ ក្រៅពី​រំលឹក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ អង្គការ​២៣ តុលា ក៏​ធ្វើ​បុណ្យផ្កា​រ៉ៃ​អង្គាស​ប្រាក់​សម្រាប់​ជួយឧបត្ថម្ភ​ការសិក្សា​របស់​កុមារ​ខ្មែរ​ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ផង​ដែរ។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស លោក អ៊ិន ណាត ថ្លែង​ថា ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ដើរ​ប្រាសចាក​ច្រើន​ពី​គោលការណ៍​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ដោយសារ​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បន្ត​ធ្វើទុក្ខបុកម្នេញ និង​បង្ក្រាប​ឥត​ឈប់ឈរ​ទៅ​លើ​គណបក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល សហជីព និង​សកម្មជន​បរិស្ថាន​ជាដើម ហើយ​រៀបការ​បោះឆ្នោត​ក្លែងក្លាយ ដើម្បី​ផ្ទេរ​អំណាច​ពី ឪពុក​ទៅ​កូន។ លោក អ៊ិន ណាត បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​លោក ហ៊ុន ម៉ាណែត មាន​សេចក្តី​ក្លាហាន​ដោះស្រាយ​វិបត្តិ​នយោបាយ សង្គម សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ស្ដារ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​លោក​សេរី។

លោក អ៊ិន ណាត៖ «យើង​សូម​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ខ្ជាប់ខ្ជួន មានតែ​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ​ទេ ដែល​អាច​នាំមក​នូវ​ការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី ឯករាជ្យ និង​ការ​មិន​រំលោភ​ឈ្លានពាន​ពី​បរទេស ការ​អភិវឌ្ឍ​ប្រទេស​ដែល​មាន​និរន្ត​ភាព​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​សូម​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ អ្នក​ទោស​នយោបាយ មាន​ដូចជា​លោក កឹម សុខា កញ្ញា សេងធារី កញ្ញា ឈឹម ស៊ីថរ លោក ថាច់ សេដ្ឋា ជា​បន្ទាន់​និង​ឥតលក្ខខណ្ឌ»។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ បន្ថែម​ថា អង្គការ​របស់​លោក កំពុង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា​រួម​ទាំង​អង្គការ Save Cambodia ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​បញ្ជូន​មេធាវី​ទៅ​អង្គការ​សហប្រជាជាតិ និង​ជំរុញ​ទៅ​សហគមន៍​អន្តរជាតិ ដែល​ជា​ប្រទេស​ហត្ថលេខី ឲ្យ​លើក​យក​កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​មួយ​នេះ​មក​ដោះស្រាយ​ជម្លោះ​នយោបាយ នៅ​កម្ពុជា​ជាថ្មី​ម្តង​ទៀត។

សកម្មជន​សិទ្ធិមនុស្ស និង​ដីធ្លី​នៅ​សហគមន៍​បឹងកក លោក ចាន់ ពុទ្ធិស័ក្តិ ដែល​ទើប​ភៀសខ្លួន​មក​រស់នៅ​ប្រទេស​អូស្ត្រាលី រៀបរាប់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ មិនមែន​សម្រាប់​តែ​ភាគី​ខ្មែរ​ណាមួយ​ទេ តែ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល។ ប៉ុន្តែ​លោក​សោកស្តាយ​ដែល​រដ្ឋាភិបាល​កម្ពុជា មិនបាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ពេញលេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​រងគ្រោះ រស់នៅ​គ្មាន​សិទ្ធិ​សេរីភាព និង​បែកបាក់​ជាតិ ហើយ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជ្យ​ភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។

លោក ចាន់ ពុទ្ធិស័ក្តិ៖ «កម្ពុជា បាន​បាត់បង់​អស់ហើយ បាត់បង់ ភាព​ឯករាជ្យ អធិបតេយ្យ ចិន យួន មក​ធ្វើ​អាណានិគម​ពេញ បង្កចលាចល ពេញ​ស្រុក​ខ្មែរ ។ ការ​បោះឆ្នោត​គ្មាន​សេរី និង​យុត្តិធម៌ ការ​បំពាន​សិទ្ធិ​ដីធ្លី បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន បិទ​សិទ្ធិ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ ចំណាកស្រុក ជាច្រើន​ម៉ឺន​នាក់។ កម្ពុជា​បច្ចុប្បន្ន​នេះ កំពុងតែ​ធ្លាក់​ក្នុង​ភាព​ទុរ្ភិក្ស​ធ្ងន់ធ្ងរ»។

គិត​មក​ដល់​ពេល​នេះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ មាន​អាយុកាល​៣២ ឆ្នាំ​ហើយ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ បាន​ជួយ​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ដាច់​ដោច​ដោយសារ​សង្គ្រាម ទៅជា​ប្រទេស​ដែល​មាន​ដំណើរការ​អភិវឌ្ឍ​ល្អ ចាក់គ្រឹះ​សន្តិភាព នាំ​មក​នូវ​ប្រជាធិបតេយ្យ ការ​ឯកភាព​ជាតិ និង​បង្រួបបង្រួម​ជាតិ ព្រមទាំង​សេដ្ឋកិច្ច​ទីផ្សារសេរី។ លើស​ពី​នេះ​ទៀត កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក៏​ជា​ឯកសារ​ដ៏​មាន​សារសំខាន់​ជា​អន្តរជាតិ​ក្នុង​ទិសដៅ​ការពារ​អធិបតេយ្យភាព ឯករាជ្យ​ភាព អព្យាក្រឹតភាព និង​បូរណភាព​ទឹកដី​កម្ពុជា សម្រាប់​ខ្មែរ​គ្រប់​ជំនាន់​។​បើ​ទោះបីជា​បែបនេះ​ក្តី រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បាន​រង​ការ​រិះគន់​ថា ព្យាយាម​លុបបំបាត់​កិច្ចព្រមព្រៀង​នេះ ព្រោះ​ពួក​លោក​កំពុង​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក តាក ម៉េងហ៊ាង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី បន្ត​សាមគ្គី​គ្នា និង​រក្សា​ទឹកចិត្ត​ដ៏​ក្តៅ​គគុក​នេះ​ជំរុញ និង​រំលឹក​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​នៅក្នុង​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​ធ្វើ​អ្វីមួយ ឬ​ដើរ​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ឡើងវិញ​ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី បាន​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា និង​ជំនួយ​ដល់​វិស័យ​យោធា​ក្នុង​មួយឆ្នាំៗ​ប្រមាណ​ជាង​១​រយ​(១០០)​លាន​ដុល្លារ ដែល​គិត​មក​ទល់​ពេល​នេះ​សរុប​ជាង ១​ពាន់​(១.០០០) លាន​ដុល្លារ​ទៅ​ហើយ​។ លោក​ថា ថវិកា​ជំនួយ​ទាំងនេះ​មួយ​ចំណែក​បាន​មក​ពី​ការ​បង់ពន្ធ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ដូច្នេះ​រដ្ឋាភិបាល​អូស្ត្រាលី មាន​តួនាទី​សំខាន់ ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក តាក ម៉េងហ៊ាង៖ «តួនាទី​របស់​អូស្ត្រាលី គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​យើង​ក៏​ត្រូវ​រំលឹក​រដ្ឋាភិបាល​អូស្ត្រាលី​នៅក្នុង​ខែ​៣(​មីនា​)​ខាងមុខនេះ ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​។ សហគមន៍​របស់​យើង តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ តើ​យើង​គិតគូរ​អ្វីខ្លះ​ដើម្បី​រំលឹក​ទៅដល់​រដ្ឋាភិបាល​អូស្ត្រាលី អំពី​តួនាទី​របស់​គាត់ ដើម្បី​រំលឹក​ទៅដល់​របប​បច្ចុប្បន្ន​ឲ្យ​មានការ​គោរព​នូវ​សិទ្ធិមនុស្ស ឲ្យ​មាន​ការ​ការពារ»។

ក្នុង​អំឡុង​ទសវត្ស​ទី​៩០ ប្រទេស​អូស្ត្រាលី ធ្លាប់​ដើរតួ​សំខាន់​ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​យល់​ថា មូល​ហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា ហ៊ាន​បំពាន​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដោយសារ​មាន​ចិន​ជា​ខ្នងបង្អែក ខណៈ​សហគមន៍​អន្តរជាតិ រួម​ទាំង​អូស្ត្រាលី​ជាដើម មាន​ចំណាត់ការ​តិចតួច​នៅឡើយ ហើយ​មិនទាន់​កាត់ផ្ដាច់​ជំនួយ​ជាដើម។

នៅ​ឯ​ប្រទេស​ជប៉ុន​ឯណោះ​វិញ យុវជន និង​ពលរដ្ឋ​ខ្មែរ​ជិត​១​រយ (១០០)​នាក់ ក៏បាន​ជួបជុំគ្នា​រំលឹក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ដែរ ដោយ​ពួកគាត់​លើក​បដា និង​ផ្ញើ​សារ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ហើយ​ដោះលែង​អ្នក​ទោស​នយោបាយ​ឡើងវិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន អ្នកស្រី ម៉ូរី បូរ៉ា ថ្លែង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវតែ​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​និយាយ និង​ទាមទារ ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ។

អ្នកស្រី ម៉ូរី បូរ៉ា៖ «យើង​ឃើញថា រដ្ឋាភិបាល​សព្វថ្ងៃ​នេះ អត់​បាន​ដឹកនាំ​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទេ។ យើង​សុំ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​គ្រប់​ទីកន្លែង​ទាំងអស់ ត្រូវតែ​និយាយ​ថា តើ​យើង​រាល់ថ្ងៃ​នេះ មាន​បញ្ហា​អី យើង​ជួប​លំបាក​អី ត្រូវ​ឲ្យ​ប្រទេស​ចុះ​ហត្ថលេខី តាមដាន​និង​ស្រាវជ្រាវ​មើល​ថា តើ​រដ្ឋាភិបាល​គោរព​នូវ​សិទ្ធិ​សញ្ញា​ដែល​បាន​ចែង​ដែរឬទេ​?ទាល់តែ​យើង ទាំងអស់គ្នា​ទាមទារ និង​តស៊ូ»។

ងាក​ទៅ​មើល​ប្រទេស​ថៃ​វិញ សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សង្គម សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី ព្រះសង្ឃ និង​ពលករ​ខ្មែរ​រាប់​សិប​នាក់ ក៏បាន​ប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ដែរ។

ប្រធាន​យុវជន​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ​លោក ថន ចន្ថា លើកឡើង​ក្នុង​ពិធី​នោះ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ គឺ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ អាច​ទាញ​យក​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ដូចជា ការ​អភិវឌ្ឍ​ជឿនលឿន មាន​អ្នក​វិនិយោគ​ល្អៗ​មក​រក​ស៊ី​នៅ​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​ខ្មែរ នឹង​មិន​រង​ទុក្ខវេទនា​ដោយ​ធ្វើ​ចំណាកស្រុក​មក​ក្រៅប្រទេស ឬ​ភៀសខ្លួន​បែកបាក់​ព្រាត់ប្រាស​ក្រុម​គ្រួសារ​ឡើយ។

លោក ថន ចន្ថា៖ «យើង​អត់​ចង់​ឲ្យ​បងប្អូន​ខ្មែរ​របស់​យើង យើង​អត់​ចង់​ឲ្យ​កូនចៅ​ខ្មែរ​របស់​យើង វេទនា​ដូច​យើង​ទេ ។ យើង​អត់​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់ ក្រោយ​រស់នៅ​អត់​សុខ​ស្រួល​ដូច​យើង​ទេ មិនអាច​រក​ចំណូល​បាន​សមរម្យ​ចិញ្ចឹមជីវិត ក្នុង​ប្រទេស​កម្ពុជា​បាន ហើយ​មក​រស់នៅ​ស្រុក​គេ​រាប់​លាន​នាក់​ទេ»។

កន្លងមក មិនមែន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ប្រទេស​ហត្ថលេខី​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក (USA) អូស្ត្រាលី (AU) បារាំង (France) អង់គ្លេស (England) និង​ជប៉ុន (Japan) ជាដើម ក៏​មើលឃើញ​និង​វាយតម្លៃ ថា រដ្ឋាភិបាល​កម្ពុជា មិនទាន់​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​។ ប្រទេស​ទាំងនេះ តែង​ប្រកាស​ជំហរ​ថា នឹង​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ការ​អភិវឌ្ឍ ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។