សកម្មជនគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ថ្កោលទោសតុលាការខេត្តនេះ ដែលបានផ្ដន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ក្រោមបទចោទ រួមគំនិតក្បត់។ មន្ត្រីសិទ្ធិមនុស្សយល់ថា ដំណើរការក្តីនេះ ធ្វើឡើងដោយមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ប្រកាសបដិសេធសាលក្រមរបស់តុលាការខេត្តប៉ៃលិន ដែលផ្ដន្ទាទោសពួកគេកាលពីពេលថ្មីៗ នេះ។ ពួកគេថា តុលាការសម្រេចបែបនេះ ពុំឈរលើគោលការណ៍ច្បាប់នោះទេ តែធ្វើឡើងតាមបញ្ជារបស់បក្សកាន់អំណាច ។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន អ្នកស្រី វ៉ែន ដារ៉ា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៩ មករាថា តុលាការមិនបានបញ្ជូនដីកា ឬផ្តល់ដំណឹងជាមុនអំពីសវនាការជំនុំជម្រះនេះទេ ស្រាប់តែចេញសាលក្រមផ្ដន្ទាទោសអ្នកស្រីទៅវិញ។ អ្នកស្រីចាត់ទុក ការកាត់ក្តីបែបនេះ មិនមែនជាការអនុវត្តច្បាប់ពិតប្រាកដនោះទេ តែជាការបំពានច្បាប់ និងជារឿងនយោបាយសុទ្ធសាធ។ អ្នកស្រីប្តេជ្ញាថា នឹងបន្តនីតិវិធីតាមផ្លូវច្បាប់បន្តទៀត ដោយមិននៅស្ងៀមនោះទេ ទោះបីជាអ្នកស្រីអស់ជំនឿលើតុលាការនេះក៏ដោយ៖ « យើងដឹងថា តុលាការហ្នឹងមិនឯករាជ្យ ហាឡើងគេនិយាយពីយើងហ្នឹងថា អត់គោរពច្បាប់ អត់អី តែសួរថា ពួកគាត់ដែលគោរពច្បាប់ទេ ? ហើយដែល ពួកគាត់ ដែលធ្វើតាមច្បាប់ទេ ? ដោយការកាត់ទោស គេទាំង បំពាន កាត់ទោសដោយអយុត្តិធម៌ កាត់ទោសដោយគ្មានម្ចាស់គេដឹង បានទទួលដីកា បានទទួលសំណុំរឿងអីបន្តិចចឹង ហើយសួរថា ពួកគាត់ធ្វើហ្នឹងត្រូវច្បាប់ទេ។ អ៊ីចឹង គឺថា រឿងនេះ គឺសុទ្ធតែរឿងនយោបាយទាំងអស់ » ។
ដូចគ្នានេះដែរ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៅឃុំស្ទឹងកាច់ លោក ឈុន សុទ្ធី ថ្លែងថា លោកមិនទទួលយកការសម្រេចរបស់តុលាការនេះទេ ហើយប្រកាសថ្កោលទោសទង្វើបំពានច្បាប់បែបនេះរបស់តុលាការខេត្តប៉ៃលិន៖ « រឿងនេះ គឺបានន័យថា គេលួចកាត់ក្តីៗ មិនមែនគេកាត់ក្តីដោយយុត្តិធម៌ ឈរទៅលើគោលការណ៍របស់តុលាការជាតិមួយទេ។ គេធ្វើតុលាការហ្នឹង គេធ្វើរបៀបលួចលាក់ ព្រោះពួកខ្ញុំទាំងអស់គ្នាមានផ្ទះ មានសម្បែង មានដី មានធ្លីអីនៅប៉ៃលិនទាំងអស់ ហើយមានសាច់ញាតិបងប្អូនអីនៅប៉ៃលិនទាំងអស់ ហេតុអីក៏តុលាការ ឬក៏ព្រះ រាជអាជ្ញាហ្នឹង មិនយកដីកាទៅជូនដំណឹងដល់សាច់ញាតិបងប្អូនខ្ញុំនៅស្រុក នៅផ្ទះហ្នឹង ? អ៊ីចឹងខ្ញុំអត់ទទួលយកបានទេ » ។
កាលពីថ្ងៃទី៨ មករា តុលាការខេត្តប៉ៃលិនបានសម្រេចផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ៥រូប ពីបទរួមគំនិតក្បត់។ ក្នុងនោះ សកម្មជន ៤រូប ដែលមានអ្នកស្រី វ៉ែន ដារ៉ា និងលោក ឈុន សុទ្ធី ផង ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ និងចេញដីកាតាមចាប់ខ្លួនពួកគេមកផ្ដន្ទាទោស។ រីឯសកម្មជនមួយរូបទៀត តុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែត្រូវព្យួរទោស ដោយសារលោកមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ។
មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិលោក សំ សុគង់ ឱ្យដឹងថា តុលាការខេត្តប៉ៃលិនពិតជាផ្ដន្ទាទោសកូនក្តីរបស់លោកទាំង៥ នាក់ពិតប្រាកដមែន ប៉ុន្តែលោកមិនទាន់ទទួលបានសាលក្រមនេះពីតុលាការនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី៩ មករា។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យតុលាការខេត្តប៉ៃលិន ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី៩ មករា។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា តុលាការត្រូវកោះហៅសកម្មជនបក្សប្រឆាំងទាំងនោះឲ្យចូលសវនាការ ដើម្បីតតាំងក្តីនៅចំពោះមុខច្បាប់។ លោកបន្តថា ការកាត់ក្ដី និងចេញសាលក្រមដោយអាថ៌កំបាំងបែបនេះ គឺជារឿងមិនត្រឹមត្រូវតាមនីតិវិធីច្បាប់នោះទេ៖ « យើងមិនអាចយកប្រព័ន្ធតុលាការមកដោះស្រាយរឿងហ្នឹងឲ្យមានយុត្តិធម៌ បានទេ ពីព្រោះរឿងនេះ វាពាក់ព័ន្ធទៅហ្នឹងកត្តានយោបាយ ទាក់ទងទៅហ្នឹងរឿងជំលោះនយោបាយ។ ដូច្នេះហើយ ដើម្បីឲ្យមានការដោះស្រាយបញ្ហាហ្នឹងឲ្យបានស្រួលបួលឲ្យមានភាពឯកភាពជាតិឲ្យបានត្រឹមត្រូវ គឺថា មានតែបញ្ហាសម្រុះសម្រួលខាងនយោបាយរវាងគណបក្សធំៗ ហ្នឹងទេ គណបក្សរវាងគណបក្សកាន់អំណាច និងគណបក្សអតីតគណបក្សប្រឆាំងនេះទេ ដើម្បីឲ្យរកភាពស្រុះស្រួលខាងនយោបាយ គឺមានតែផ្លូវចរចាខាងនយោបាយទេ យើងមិនអាចយកប្រព័ន្ធតុលាការមកធ្វើការសម្រេចនៅក្នុងរឿងហេតុនយោបាយនេះបានទេ » ។
តុលាការរបបលោក ហ៊ុន សែន បានចាប់ផ្ដើមលើកយកសំណុំរឿងមន្ត្រីបក្សប្រឆាំងពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់នេះ យកមកជំនុំជម្រះ និងចេញសាលក្រមជាបន្តបន្ទាប់ ក្រោយពេលក្រុមមេដឹកនាំបក្សសង្គ្រោះជាតិប្រកាសវិលចូលស្រុកវិញជាថ្មីម្ដងទៀត។ កាលពីអំឡុងឆ្នាំ២០២០ តុលាការខេត្តត្បូងឃ្មុំ បានផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង ៧នាក់ឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ៧ឆ្នាំ។ ចំណែកនៅខេត្តកំពតវិញ តុលាការបានកាត់ទោសសកម្មជនបក្សប្រឆាំងម្នាក់ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ។ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានរិះគន់ចំណាត់ការលើមន្ត្រីបក្សប្រឆាំងទាំងនេះថា ជារឿងនយោបាយ និងទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ក្រាបលើសកម្មជននយោបាយ និងប្រជាពលរដ្ឋបែបនេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។