មន្ត្រីបក្សប្រឆាំងរិះគន់តុលាការខេត្តប៉ៃលិនថា ចាប់សកម្មជននយោបាយបក្សប្រឆាំងយកទៅធ្វើទុក្ខបុកម្នេញ និងដាក់សម្ពាធដើម្បីបម្រើនយោបាយរបស់លោក ហ៊ុន សែន។ ការលើកឡើងនេះ គឺបន្ទាប់ពីតុលាការនៅខេត្តប៉ៃលិនដោះលែងសកម្មជនបក្សប្រឆាំងពីរនាក់ ដោយសារតែពួកគេចុះចូលបក្សកាន់អំណាច។
មន្ត្រីបក្សជំទាស់ចាត់ទុកការយកប្រព័ន្ធតុលាការទៅគាបសង្កត់លើសមាជិកខ្លួនឱ្យប្តូរជំហរ ជាថ្នូរនឹងសេរីភាពថាជានយោបាយស្មោគគ្រោក ដែលត្រូវបញ្ឈប់ជាបន្ទាន់។
អតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិនដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ខឹម មុន្នីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែវិច្ឆិកា ថាអតីតមន្រ្តីគណបក្សប្រឆាំងដែលលើកដៃសារភាពទាំងខ្លួនមិនបានប្រព្រឹត្តកំហុស គឺដោយសារពួកគាត់មានបញ្ហាសុខភាពនៅក្នុងពន្ធនាគារ និងចង់រក្សាសុវត្ថិភាព។ លោកបញ្ជាក់ថា បញ្ហានេះបង្ហាញឱ្យឃើញស្ថាប័នតុលាការជាឧបករណ៍របស់លោក ហ៊ុន សែន ប្រើក្នុងគោលដៅកម្ចាត់សំឡេងប្រឆាំងនៅមូលដ្ឋាន។ ទោះជាយ៉ាងណា លោក ខឹម មុន្នីកុសល កោតសរសើរចំពោះសកម្មជនភាគច្រើនដែលបន្តស្មារតីស៊ូទ្រាំនឹងការធ្វើទុក្ខបុកម្នេញដោយមិនព្រមចុះចាញ់ការគំរាមកំហែង ឬការដាក់សម្ពាធរបស់អំណាចគ្រួសារត្រកូលហ៊ុន។
លោក ខឹម មុន្នីកុសល៖ «នៅក្នុងស្ថាប័នជាតិហ្នឹង វាលែងជាស្ថាប័នបម្រើជាតិហើយ ដូចជាស្ថាប័នតុលាការ អាជ្ញាធរអីហ្នឹងជាស្ថាប័នបម្រើឱ្យបុគ្គលផ្តាច់ការ ជាពិសេសអតីតនាយករដ្ឋមន្រ្តីហ៊ុន សែន ហ្នឹងហើយ។ លោក ស៊ុន ពិសិដ្ឋ អត់មានកំហុសអ្វីទេ សូមឱ្យអាជ្ញាធរហ្នឹង ដោះលែងគាត់ជាបន្ទាន់ឱ្យគាត់មានសេរីភាពជួបជុំក្រុមគ្រួសារ និងអាចរស់នៅបានដូចពលរដ្ឋធម្មតាដែរ»។
ការលើកឡើងនេះ គឺក្រោយពេលសាលាដំបូងខេត្តប៉ៃលិនបានដោះលែងមន្រ្តីគណបក្សជំទាស់ពីរនាក់ជាបន្តបន្ទាប់ រួមមានអតីមន្រ្តីគណបក្សឆន្ទៈខ្មែរលោក ឡោ ធន និងអតីតមន្រ្តីគណបក្សភ្លើងទៀនលោក មាស កុល បន្ទាប់ពីពួកគាត់ធ្វើវីដេអូទម្លាក់កំហុសលើខ្លួនឯង និងវាយប្រហារលើមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ហើយប្រកាសចុះចូលជាមួយបក្សកាន់អំណាច កាលពីដើមខែវិច្ឆិកា។ ប៉ុន្តែតុលាការខេត្តប៉ៃលិនមិនបានយកករណីដែលនៅក្នុងសំណុំរឿងដូចៗគ្នានោះទៅអនុវត្តបែបនេះលើមន្រ្តីបក្សឆន្ទៈខ្មែរលោក ស៊ុន ពិសិដ្ឋ ដែលនៅរក្សាជំហររឹងមាំជាមួយគណបក្សជំទាស់នោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការខេត្តប៉ៃលិន លោក ពិន សុខុម និងប្រធានអង្គភាពអ្នកនំាពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មើលឃើញថា ការដោះលែងអ្នកជាប់ឃុំជាអ្នកនយោបាយបក្សប្រឆាំង ដែលប្រកាសចុះចូលជាមួយបក្សកាន់អំណាច ហើយបន្តឃុំខ្លួនអ្នកមិនព្រមចុះចូលនោះ ត្រូវបានសហគមន៍អន្តរជាតិរិះគន់ដោយចាត់ទុកការចាប់ខ្លួន និងការចោទប្រកាន់លើជនជាប់ចោទទាំងនោះជារឿងនយោបាយដោយមិនមែនជាការអនុវត្តច្បាប់នោះទេ។ លោកអំពាវនាវដល់អ្នកនយោបាយគ្រប់ភាគី គួរងាកមកដោះស្រាយបញ្ចប់ជម្លោះដោយសន្តិវិធី ពីព្រោះការយកប្រព័ន្ធតុលាការចាប់ចងអ្នកនយោបាយ ដាក់សម្ពាធក្រោមរូបភាពណាមួយមិនមែនជាដំណោះស្រាយទេ ផ្ទុយទៅវិញជាតិនឹងខាតបង់ផលប្រយោជន៍ថែមទៀត។
លោក យិន ម៉េងលី៖«មានការធ្វើវីដេអូចុះចូលបានឱ្យនៅក្រៅឃុំ មួយទៀតមិនធ្វើវីដេអូចុះចូលមិនឱ្យនៅក្រៅឃុំ អ៊ីចឹងដោះលែងឱ្យនៅក្រៅឃុំទាំងអស់គ្នាសិនទៅ ហើយយើងរង់ចាំនីតិវិធីរបស់តុលាការនៅក្រៅឃុំទាំងអស់គ្នាទៅ នោះបានគេមើលឃើញថាវាស្មើភាពគ្នា»។
សមត្ថកិច្ចខេត្តប៉ៃលិនបានចាប់ខ្លួន មន្ត្រីគណបក្សឆន្ទៈខ្មែរ ចំនួន២នាក់ គឺលោក ឡោ ធន់ និងលោក ស៊ុន ពិសិដ្ឋ ព្រមទាំងប្រធានប្រតិបត្តិបក្សភ្លើងទៀនម្នាក់នៅ ស្រុកសាលាក្រៅ គឺលោក មាស កុល កាលពីយប់ថ្ងៃទី១៧ ខែសីហា អំឡុងពេលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដាក់កម្លាំងសមត្ថកិច្ចបង្ក្រាបអ្នកទាំងឡាយណាដែលហ៊ានចេញធ្វើបាតុកម្ម ប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ តុលាការខេត្តប៉ៃលិនបានចោទប្រកាន់មន្រ្តីបក្សប្រឆាំងទាំងនោះពីបទ«រួមគំនិតត្បត់»។
ប៉ុន្តែគ្រួសារមន្រ្តីបក្សប្រឆាំង រួមទាំងក្រុមអង្គការសិទ្ធិមនុស្សចាត់ទុកបទចោទរបស់តុលាការនេះក្លែងក្លាយ ពីព្រោះតុលាការគ្មានភស្តុតាងបញ្ជាក់ថា ជនជាប់ចោទពាក់ព័ន្ធរឿងផ្តួលរំលំរដ្ឋាភិបាលអ្វីនោះឡើយ។ ពួកគាត់មើលឃើញចំណាត់ការនេះ ជាយុទ្ធនាការរបស់មេដឹកនាំក្រុងភ្នំពេញ ដើម្បីគំរាមកំហែង បង្រ្កាបលើសំឡេងប្រឆាំង ហើយទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាពពលរដ្ឋ ដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ ព្រមទាំងកែទម្រង់ប្រព័ន្ធតុលាការឱ្យប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។