មតិ​ពលរដ្ឋ​ជុំវិញ​ការ​បែងចែក​អាសនៈ​សភា​ឲ្យ​ទៅ​បក្ស​ដែល​ពលរដ្ឋ​មិនបាន​គាំទ្រ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ខែត្រ​ភាគ​ឦសាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម មួយ​ចំនួន​សំដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បែងចែក​អាសនៈ​រដ្ឋសភា របស់​គណបក្ស​សង្គ្រោះជាតិ ទៅ​ឲ្យ​គណបក្ស នយោបាយ ផ្សេង​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ។ ពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក ការ​បែង​ចែង​អាសនៈ​នេះ ជា​ការ​ជាន់​ឈ្លី​រដ្ឋធម្មនុញ្ញ និង​មើលងាយ ដល់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​កន្លះ​នគរ។

ពលរដ្ឋ​រស់នៅ​ខែត្រ​ស្ទឹងត្រែង ក្រចេះ និង​ខែត្រ​មណ្ឌលគិរី យល់​ឃើញ​ស្រដៀង​ៗ​គ្នា​ថា ពួកគេ​មិន​សប្បាយ​ចំពោះ​ការបែងចែក​អាសនៈរដ្ឋសភា​ជាតិ ឲ្យ​បក្ស​នយោបាយ​ផ្សេង ដែល​ពលរដ្ឋ​មិនបាន បោះ ឆ្នោត​គាំទ្រ​នោះ​ទេ។ ពួកគាត់​ចាត់​ទុក​ការបែងចែក​អាសនៈ របស់​រដ្ឋាភិបាល​ថា ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ទាំង​រដ្ឋធម្មនុញ្ញ ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​/​សង្កាត់ និង​ច្បាប់​បោះឆ្នោត។ លើស​ពី​នេះ​ពលរដ្ឋ​ចង់​ឲ្យ​អ្នក​កត់ត្រា​ប្រវត្តិសាស្ត្រ​ជាតិ​កត់ត្រា​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ពី​របៀប​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន ដែល​ប្រើ​អំណាច​ជ្រុលនិយម រំលោភច្បាប់​ធ្ងន់ធ្ងរ និង​មើលងាយ​ឆន្ទៈ​ពលរដ្ឋ​កន្លះ​នគរ។

ពលរដ្ឋ​រស់នៅ​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ពួកគាត់​ព្រួយបារម្ភ​ខ្លាំង​ពី​រលក​នយោបាយ​បច្ចុប្បន្ន​នេះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ ធ្ងន់ធ្ងរ​ដល់​បក្ស​ប្រឆាំង មាន​សំឡេង​គាំទ្រ​ប្រហាក់ប្រហែល​គ្នា។ លើស​ពី​នេះ ការ​បែងចែក​អាសនៈ​រដ្ឋសភា​របស់​បក្ស​ប្រឆាំង ទៅ​ឲ្យ​បក្ស​នយោបាយ​ផ្សេង ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឲ្យ គឺជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ បំពាន​រដ្ឋធម្មនុញ្ញ ក្នុង​បំណង​ក្រាញ់​អំណាច៖ « អត់​ទទួល​ទេ សម្តេច​តេជោ​គាត់​ធ្វើ​ជោរ​ពេក លើសលប់​ពេក​តែ​ឯង ខ្ញុំ​មិន​អាច​ទ​ទួល​បាន។ ធ្វើ​ហ្នឹង​​មិន​សមរម្យ​ហើយ​លួច​របស់​គេ។ គណបក្ស​ផ្សេងៗ ដូច​ហ៊្វុនស៊ិនប៉ិច ម៉ែ​អើយ គេ​ឲ្យ​អាសនៈ​មុខ​រីក​ដូច​គ្រាប់​ជញ្ជាំង​វិហារ តែ​ប្រយ័ត្ន​ចុងក្រោយ​តែ​គេ​ឲ្យ​ហើយ វា​មិន​ខុស​អី​ស៊ី​របស់​គេ តែ​ស៊ី​របស់​គេ​មាន​តម្លៃ​ហើយ អញ​ឲ្យ​របស់​ឯង​ទៅ​ប្រើ ម្ដេច​ក៏​ឯង​ធ្វើ​មិន​ត្រូវ​រឿង​វា​អ៊ីចឹង។ ខ្ញុំ​យល់​ឃើញ​ថា ការ​យក​អាសនៈ​បក្ស​ប្រឆាំង យក​ទៅ​បែងចែក​ឲ្យ​បក្ស​ផ្សេង​ជា​រឿង​យុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ។ អត់​សប្បាយ​ចិត្ត​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​យក​ទៅ​បែងចែក ខ្ញុំ​អត់​ទទួល​ស្គាល់​តំណាងរាស្ត្រ​ដែល​រើស​ក្រោយ​ហ្នឹង​ដែរ »

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បាន​សរសេរ​បង្ហោះ ប្រតិកម្ម​ចំពោះ​ការបែងចែក​អាសនៈ​នេះ។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ Hun Dara សរសេរ​ថា អ្នក​បែង​ចែង​អាសនៈ និង​អ្នក​ទទួល​យក​អាសនៈ​របស់​គេ ដោយ​មិន​មានការ​អនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ​មានន័យថា ប្លន់ ខុសច្បាប់ ដូចនេះ​អ្នក​បែងចែក និង​អ្នកទទួល គឺ​មានទោស​ស្មើគ្នា។

ចំណែក​ហ្វេសបុក ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សរសេរ​ថា៖ អាត្មា​សូម​ប្រកាស​មិន​ទទួលស្គាល់​តំណាង​ចោរ​ហារយ​ប្លន់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ តែ​អាត្មា​ទទួលស្គាល់​ពេញទំហឹង​ថា ពួក​នេះ​ជា​តំណាង​ឱ្យ​ក្រុម​ប្រវត្តិសាស្ត្រ​បំផ្លាញ​ជាតិខ្មែរ។ រីឯ​ហ្វេសបុក​ឈ្មោះ Vanna សរសេរ​ថា ច្បាប់​អ្វីៗ​ក៏​ជា​ច្បាប់ ចែក​អាសនៈ​គ្នា​ក៏​ជា​ច្បាប់ ច្បាប់​ប្លន់​គេ​ក៏​នៅ​ក្រោម​ច្បាប់ ចេះ​ធ្វើ​ចោរ​យូរៗ​ទៅ​ស្ទាត់ជំនាញ អាច​ធ្វើ​ចោរ​ស្រប​ច្បាប់​បាន​ទៀត។

ឆ្លើយតប​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​បែង​អាសនៈ​នេះ គឺ​ផ្អែក​តាម​ច្បាប់​ត្រឹមត្រូវ បើ​អាសនៈ​តំណាងរាស្ត្រ​អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ រីឯ​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់ ដោយ​មិន​អាច​ផ្អែកលើ​មតិ​ពលរដ្ឋ ១០​នាក់ លម្អៀង​ខាង នយោបាយ​ណាមួយ​នោះ​ទេ៖ « មិន​អាច​រក​មតិ​បងប្អូន​ដែល​ចេះ​តែ​លើកឡើង​ទៅ​តាម​ការ​យល់​ឃើញ ខាង​នយោបាយ​យ៉ាងម៉េចៗទេ ហើយ​យើង​មិន​អាច​យក​មតិ​មនុស្ស ១០នាក់​ធ្វើ​អ៊ីចឹង។ មាន​តែ​យក​គោលការណ៍​ច្បាប់​ទេ ហើយ​រដ្ឋ​យើង​ជា​រដ្ឋ​ឯករាជ​អធិបតេយ្យ យើង​ធ្វើ​អី​គឺ​គោរព​តាមច្បាប់ »

រដ្ឋធម្មនុញ្ញ​មាត្រា ៧៦​ចែងថា រដ្ឋសភា​មាន​សមាជិក​យ៉ាងតិច ១២០​រូប។ តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​សកល ដោយ​សេរី ស្មើភាព ដោយ​ចំពោះ និង​តាម​នីតិវិធី​ជ្រើសរើស​ឆ្នោត​ជាតិ​សម្ងាត់។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ គឺ​ធ្វើ​ឡើង​តាមរយៈ​ពលរដ្ឋ ពុំ​មែន​ចាត់​តាំង ដោយ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​បុគ្គល​ផ្សេង​យក​អាសនៈ​របស់​បក្ស​ផ្សេង​មក​ចែក​ឲ្យ​បក្ស​នយោបាយ ណាមួយ​ទៀត​នោះ គឺជា​ទង្វើ​ក្បត់​ឆន្ទៈ​ពលរដ្ឋ។

លោក​ថា អ្នក​នយោបាយ​គួរតែ​យល់​អារម្មណ៍​ពលរដ្ឋ​ដែល​ជ្រើសរើស​តំណាង​របស់​ខ្លួន ក្នុង​រដ្ឋសភា និង​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់ តាមរយៈ​ការ​បោះឆ្នោត ក៏ប៉ុន្តែ បែរជា​តំណាង​របស់​ខ្លួន​ត្រូវ​បាន​គេ​បណ្ដេញ​ទៅវិញ៖ « ការ​វាយ​តម្លៃ​របស់​គាត់ គាត់​អាច​មាន​សិទ្ធិ។ មិន​អាច​មាន​ប្រសាសន៍ ១០នាក់ មិន​អាច​មាន​ន័យ​ចឹង​ទេ មនុស្ស​ជាង ៣លាន់នាក់ មួយ​បញ្ចេញ​មតិ តែ​មួយ​មិន​បញ្ចេញ​មតិ។ គួរតែ​យល់​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ តែ​អារម្មណ៍​របស់​គាត់​យ៉ាងម៉េច »

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ថ្មីៗ​នេះ បាន​សម្រេច​យក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ពលរដ្ឋ​បោះឆ្នោត​អោយ​ចំនួន ៥៥ ទៅ​បែងចែក​អោយ​គណបក្ស​តូចៗ​មិន​ជាប់ ឆ្នោត​ចំនួន​៣ និង​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​ពលរដ្ឋ​សម្ដែង​កង្វល់​ថា តំណាងរាស្ត្រ​ថ្មី ដែល​គេ​លើក​បន្តុប​នេះ គ្មាន​សមត្ថភាព​តម្រង់​ទិស​រដ្ឋាភិបាល ពី​ចំណុច​ខ្វះខាត​ឲ្យ​ប្រសើរ​ឡើយ រួមមាន​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់​ជាតិ ដល់​ក្រោម​ជាតិ ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​អំពើពុករលួយ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។