អាជ្ញាធរក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែមករា បកស្រាយថា ការឃាត់ខ្លួនប្រធានប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ គឺអាជ្ញាធរបានអនុវត្តតាមនីតិវិធីច្បាប់។ ការបកស្រាយនេះ បន្ទាប់ពីមានការរិះគន់ថា អាជ្ញាធរបានអនុវត្តផ្ទុយពីនីតិវិធី និងឃាត់ខ្លួនមនុស្ស ដោយគ្មានដីកា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ មករា បកស្រាយចំពោះការឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ មករាថា ការឃាត់ខ្លួននោះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចុះថ្ងៃទី១៥ ខែមករា ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងក្លាយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួននេះ អាជ្ញាធរទទួលបានពាក្យបណ្ដឹង ពីដើមបណ្ដឹងចំនួន៣នាក់ ដែលបានប្ដឹងលោក ខឹម ចាន់វណ្ណៈ ពីបទក្លែងបន្លំស្នាមមេដៃ និងហត្ថលេខារបស់ពួកគាត់ ដើម្បីចុះឈ្មោះបញ្ជីបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី៣ របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣ ។
ក្រោយការចាប់ខ្លួន អាជ្ញាធរ បានបញ្ជូនលោក ខឹម ចាន់វណ្ណៈ ទៅកាន់តុលាការដើម្បីបន្តនីតិវិធីនៅថ្ងៃទី១៦ មករា ។
ការបកស្រាយរបស់អាជ្ញាធរនេះ ក្រោយពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៥ មករា បានចេញ សេចក្ដីថ្លែងការណ៍មួយថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ ដែលបានឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ នៅផ្ទះរបស់លោកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយគ្មានដីកា កាលពីរសៀលថ្ងៃដដែលនោះ។ គណបក្សភ្លើងទៀន ចាត់ទុកការឃាត់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងធ្វើឲ្យស្ថានការណ៍កាន់តែអាប់អួរ នៅមុនការបោះឆ្នោតអសកល គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
គណបក្សភ្លើងទៀន បានអំពាវនាវដល់អាជ្ញាធរ ឲ្យដោះលែងលោក ខឹម ចាន់វណ្ណៈឲ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សភ្លើងទៀន ដើម្បីធានាបរិយាកាសល្អនៅមុនការបោះឆ្នោតទាំង២នេះ ។
កាលពីថ្ងៃទី១៥ មករាកន្លងទៅ កូនប្រុសលោក ខឹម ចាន់វណ្ណៈ គឺលោក ខឹម សុវណ្ណមង្គល ប្រាប់វិទ្យុអាស៊ីសេរីថា ការឃាត់ខ្លួនឪពុកលោកនេះ សមត្ថកិច្ចមិនបានបង្ហាញដីកានោះទេ ថែមទាំងដកហូតទូរស័ព្ទរបស់ឪពុកលោក និងក្រុមគ្រួសារថែមទៀត។
យ៉ាងណាលោក ខឹម សុវណ្ណមង្គលប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ មករាថា ម្ដាយរបស់លោក បានទៅមើលឪពុករបស់លោកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ដោយឡែកប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល ដែលកំពុងភៀសខ្លួនទៅប្រទេសថៃថ្លែងថា ការឃាត់ខ្លួនសកម្មជននយោបាយបន្ទាប់មកទើបចេញដីកាតាមក្រោយ មិនមែនជារឿងថ្មីនោះទេ នៅកម្ពុជា។ លោកបន្តថា ទង្វើនេះ បង្ហាញពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត គ្មានអ្វីខុសគ្នាពីឪពុករបស់លោក គឺលោក ហ៊ុន សែន នោះទេ ដែលតែងប្រើពាក្យគំរាមកំហែង លាបពណ៌ និងប្រើប្រាស់តុលាការចោទប្រកាន់អ្នកមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាល ។
លោក ខឹម មុន្នីកុសល៖ «និយាយឲ្យចំទៅការដឹកនាំបច្ចុប្បន្ននេះ វាមិនខុសអំពីរបបខ្មែរក្រហមទេ ។ របបខ្មែរក្រហមប៉ុល ពត គឺគេចាប់មនុស្ស គេសម្លាប់មនុស្សមិនចាំបាច់មានហេតុផលទេ ឲ្យតែមេដឹកនាំរបស់ខ្មែរក្រហមចាត់ទុកថា ជាខ្មាំង ជាសត្រូវ គឺគេអាចសម្លាប់ គេអាចចាប់ចងបានគ្រប់ពេលវេលា មិនចាំបាច់មានហេតុផលអ្វីបន្ថែមយកមកអះអាងនោះទេបាទ»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ទម្រង់ នៃការឃាត់ខ្លួនជនណាម្នាក់មានពីរ គឺករណីបទល្មើសជាក់ស្ដែង និងមិនជាក់ស្ដែង ហើយករណីទាំងពីរនៅពេលអាជ្ញាធរឃាត់ខ្លួន អាជ្ញាធរត្រូវតែប្រាប់ជននោះឲ្យដឹង ពីការចាប់ខ្លួននោះ និងពីបទល្មើស ដែលបុគ្គលនោះបានប្រព្រឹត្ត ។ ចំណែកឯបទល្មើសមិនជាក់ស្ដែងវិញអាជ្ញាធរត្រូវបង្ហាញដីកា និងប្រាប់ពីការឃាត់ខ្លួនឲ្យជនសង្ស័យបានដឹង។ លោកបញ្ជាក់ថា នៅពេលមានដីកាពីតុលាការ តែអាជ្ញាធរមិនបានបង្ហាញដល់ជនសង្ស័យ គឺស្មើនឹង ការឃាត់ខ្លួនដោយគ្មានដីកា។
លោក អំ សំអាត៖ «ទោះបីជាអាជ្ញាធរជាមួយនឹងតុលាការអះអាងថា នេះ ជាការអនុវត្តច្បាប់ក៏ដោយ ក៏ប៉ុន្តែអ្នកជំនាញខាងផ្នែកសិទ្ធិមនុស្សអន្តរជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ អង្គការសហប្រជាជាតិនៅតែយល់ឃើញថា ការចាប់ខ្លួនមួយចំនួនហ្នឹង គឺជាការរំលោភបំពានទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋអីចឹង ហើយបានជាគេលើកឡើងថា ការចាប់ខ្លួន ការឃុំខ្លួនមួយចំនួន វាមើលទៅជារឿង ដែលជាហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់»។
មន្ត្រីបក្សប្រឆាំង និងអ្នកជំនាញសិទ្ធិមនុស្ស ចង់ឃើញរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្ដូររបៀបដឹកនាំឲ្យខុសពីឪពុករបស់លោក ដោយបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសសិទ្ធិនយោបាយ ដើម្បីឲ្យពលរដ្ឋ គ្រប់និន្នាការនយោបាយទាំងអស់ ចូលរួមបម្រើជាតិ ស្របតាមឆន្ទៈពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។