អាជ្ញាធរ​នឹង​រឹត​បន្តឹង​សន្តិសុខ​អំឡុង ពេល​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា

0:00 / 0:00

អាជ្ញាធរ​នឹង​រឹត​បន្តឹង​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ម្ដុំ​វិមាន​ឯករាជ្យ អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។ អាជ្ញាធរ​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹក​នាំ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ការ​រឹត​បន្តឹង​សន្តិសុខ​នេះ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ខ្លះ​ដែរ ព្រោះ​លោក ហ៊ុន សែន នឹង​អវត្តមាន​ក្នុង​កម្មវិធី​នេះ ដោយ​ជាប់​រវល់​ធ្វើ​ចត្តាឡីស័ក។

អគ្គស្នងការ​រង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា​ថា គោលដៅ​សំខាន់ ដែល​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​នោះ គឺ​នៅ​ម្តុំ​វិមាន​ឯករាជ្យ ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី។ លោក​ថា កង​កម្លាំង​រក្សា​សន្តិសុខ ត្រូវ​បាន​បែងចែក​ទៅ​តាម​ប្រភេទ រួម​មាន កម្លាំង​គ្រប់គ្រង​សភាពការណ៍ កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់ និង​កម្លាំង​បង្ការ​ហានិភ័យ​កើត​ឡើង។

លោក​បញ្ជាក់​ថា ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​មួយ​ចំនួន ត្រូវ​អវត្តមាន​ក្នុង​កម្មវិធី​នេះ​ក៏​ដោយ ក៏​ការ​ពង្រឹង​សន្តិសុខ​នៅ​តែ​ជា​អាទិភាព​ដដែល ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត ដែល​នឹង​បង្ហាញ​វត្តមាន។ មេ​ប៉ូលិស​ជាន់​ខ្ពស់​រូប​នេះ​បន្ថែម​ថា អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​តវ៉ា​ណា​មួយ​នៅ​ជិត​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​នោះ​ទេ៖ « នេះ​អាច​និយាយ​បាន​ថា ជា​អាជ្ញា​សឹក​ក៏​បាន​ដែរ បាន​ន័យ​ថា ជា​អាទិភាព​ខ្ពស់​សម្រាប់​ការ​រៀបចំ​ប្រារព្ធ​ពិធី​របស់​ជាតិ ហើយ​ជាពិសេស មាន​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា ( ព្រះមហាក្សត្រ ) ទៀត អ៊ីចឹង​គាត់​អត់​មក​ឆាឆៅ ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​គេ​បាន​ទេ។ អត់​មាន​មក​តវ៉ា​កន្លែង​គេ​ប្រារព្ធ​ពិធី​បាន​ទេ អា​ហ្នឹង​វា​ខុស​ក្បួន​ខុស​ខ្នាត​ហើយ »

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងអវត្តមានក្នុងពិធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី០៩ វិច្ឆិកា ដើម​សប្ដាហ៍​ក្រោយ​នេះ ព្រោះលោកត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ បន្ទាប់​ពី​លោក​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ ដោយ​មិន​បាន​ពាក់​ម៉ាស់ ជាមួយ​ប្រមុខ​ការ​ទូត​ហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) ដែល​កើត​ជំងឺ​កូវីដ-១៩។ ចំណែក​មន្ត្រី​គ្រាក់ៗ របស់​លោក​ជា​ច្រើន​នាក់​ទៀត ក៏​នឹង​អវត្តមាន​ក្នុង​ពិធី​បុណ្យ​ជាតិ​នេះ​ដូច​គ្នា ព្រោះ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ដូច​លោក ហ៊ុន សែន ដែរ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ជឿ​ថា ការ​ពង្រឹង​សន្តិសុខ​អំឡុង​ពិធី​បុណ្យ​ឯករាជ្យ​នេះ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ខ្លះ​ដែរ។ លោក​ថា របប​ក្រុង​ភ្នំពេញ​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​ក្រោក​ឡើង​តវ៉ា​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ការ​ដឹក​នាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។ ម្យ៉ាងវិញទៀត លោក​ថា លោក ហ៊ុន សែន កំពុង​ប្រឈម​កើត​ជំងឺ​កូវីដ-១៩ ដោយសារ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប្រមុខ​ការ​ទូត​ហុងគ្រី ដូច្នេះ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​រឹត​បន្តឹង​សន្តិសុខ ដើម្បី​កុំ​ឱ្យ​មាន​ការ​រំជើបរំជួល​ប៉ះពាល់​ដល់​អំណាច​លោក ហ៊ុន សែន៖ « ទី​មួយ ប្រជាពលរដ្ឋ​គាត់​កំពុង​តែ​ចង់​តវ៉ា​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ផង ហើយ​ទី​ពីរ ចរន្ត​ផ្ទៃ​ក្នុង​របស់​គាត់​កំពុង​រំជើប​រំជួល​ផង ប្រសិន​បើ​គាត់​ផ្ទុក​ជំងឺ​ហ្នឹង ( កូវីដ - ១៩ ) ហើយ​សុខភាព​គាត់​ធ្លាក់​ខ្សោយ​មែនទែន គឺ​ថា​ផ្ទៃក្នុង​ក៏​បះបោរ ប្រជាពលរដ្ឋ​ក៏​ងើប​តវ៉ា។ អ៊ីចឹង​បាន​ជា​គេ​ត្រូវ​បង្ការ​មុន ទាំង​ផ្ទៃក្នុង ទាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​ប្រជាពលរដ្ឋ »

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ លោក ឆាយ គឹមខឿន បដិសេធ​ថា នេះ​គ្រាន់​តែ​ជា​ការ​យ​ល់​ឃើញ​ផ្ទាល់​ខ្លួន ក្នុង​បំណង​មិន​ល្អ​ប៉ុណ្ណោះ៖ « ទាញ​ហេតុផល​អ៊ីចេះ​អ៊ីចុះ អា​ហ្នឹង​សុទ្ធតែ​ជា​ទស្សនៈ​មួយ​អត្តនោម័តិ ទស្សនៈ​មាន​ចេតនា​មិន​ល្អ​ហើយ បំពុល​បរិយាកាស​សង្គម​ហើយ។ បញ្ចេញ​ទស្សនៈ​អ៊ីចឹង កុំ​និយាយ​សិទ្ធិ​សេរីភាព​ណា អត់​ត្រូវ​ទេ ព្រោះ​អា​ហ្នឹង​ជា​ចេតនា។ កាល​ណា​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ទូទៅ​របស់​សង្គម​ហើយ គេ​អនុវត្ត​តាម​វិធាន​ច្បាប់​ហើយ »

ទាក់ទង​នឹង​រឿង​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​ដែរ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​អះអាង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា​ថា អាជ្ញាធរ​បាន​គិតគូរ និង​វាយ​តម្លៃ​រួច​ហើយ​ថា នឹង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា អាជ្ញាធរ​នៅ​តែ​បង្ការ​ទប់​ស្កាត់​ឧបាយកល​របស់​ក្រុម​ដែល​លោក​ហៅ​ថា​ជា ជន​អគតិ​ចង់​បំផ្លាញ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នេះ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ឃួង ស្រេង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ថា តើ​ក្រុម​ជន​អគតិ​នោះ​ជា​អ្នក​ណា​ឱ្យ​ពិត​ប្រាកដ ប៉ុន្តែ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ។ ចំណែក អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ម៉េត មាសភក្តី វិញ មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី៥ វិច្ឆិកា។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា អាជ្ញាធរ​ច្រើន​តែ​វិនិច្ឆ័យ​ទុក​ជា​មុន ចំពោះ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ថា ជា​បទ​ល្មើស ឬ​ជា​សកម្មភាព​ដែល​ត្រូវ​ទប់​ស្កាត់​ឱ្យ​ខាង​តែ​បាន។ លោក​ថា ការ​វិនិច្ឆ័យ​ទុក​ជា​មុន​ទាំង​នោះ ជា​រឿង​មិន​សម​ហេតុផល និង​មិន​ត្រឹមត្រូវ​ឡើយ ហើយ​បណ្ដាល​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ទៅ​វិញ៖ « រឿង​ទាំង​អស់​នេះ វា​មិន​មែន​ជា​រឿង​វិនិច្ឆ័យ​មួយ​មាន​ភាព​ត្រឹមត្រូវ​អ្វី​ទេ គឺ​វា​ជា​ការ​វិនិច្ឆ័យ​មួយ ដែល​ភ្ជាប់​ទៅ​ដោយ​និន្នាការ​នយោបាយ ហើយ​ចេះ​តែ​ធ្វើ​ការ​សម្រេច ឬ​ក៏​ធ្វើ​ការ​គិត​ទុក​ជា​មុន​ដោយ​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​ឱ្យ​បាន​ត្រឹមត្រូវ »

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​តែង​បង្ក្រាប​ជា​ញឹកញាប់​ទៅ​លើ​ពលរដ្ឋ​ដែល​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម។ ករណី​ថ្មី​ចុង​ក្រោយ គឺ​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់​ខ្លួន​ពលរដ្ឋ​ជា​ច្រើន​នាក់ ដាក់​ពន្ធនាគារ អំឡុង​ខួប ២៩ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។

ការ​បង្ក្រាប​របស់​អាជ្ញាធរ​ជា​ហូរហែ​មក​នោះ ច្រើន​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ ជា​ពិសេស ក្រុម​ស្ត្រី រង​របួស​ធ្ងន់​ស្រាល ហើយ​អាជ្ញាធរ ឬ​កង​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស​តាម​ច្បាប់​នោះ​ទេ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង សុទ្ធតែ​ទាមទារ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​ពលរដ្ឋ​ជា​បន្ទាន់ ព្រោះ​ការ​ជួប​ជុំ​សម្ដែង​មតិ មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ តែ​ជា​សិទ្ធិ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។