តុលាការ​​ភ្នំពេញ​បន្ត​សវនាការ​​រឿង​​សកម្មជន​បក្ស​ប្រឆាំង ​​៤២​នាក់​ក្នុង​​បទ​​ញុះញង់ ​និង​​រួម​​គំនិត​​ក្បត់

0:00 / 0:00

ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការ​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​សកម្មជន​គណបក្ស​ប្រឆាំង ដោយ​បង្ហាញ​ភស្តុតាង​ជា​វីដេអូ ចំនួន ៧ឃ្លិប ដែល​ជន​ជាប់​ឃុំ​មាន​ទំនាក់ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ឆ្នាំ២០១៨។ សាច់ញាតិ​ជន​ជាប់​ឃុំ​ចាត់​ទុក​សវនាការ​បែប​នេះ​ថា ជា​ការ​សម្ដែង​ល្ខោន​លេងសើច ដើម្បី​ផ្គាប់ចិត្ត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

សវនាការ​នៅ​ថ្ងៃ​ទី៦ មករា ចៅក្រម រស់ ពិសិដ្ឋ មិន​បាន​សួរ​ដេញដោល​អ្វី​លើ​ជន​ជាប់​ឃុំ​នោះ​ទេ ដោយ​គ្រាន់​តែ​ចាក់​វីដេអូ​ចំនួន ៧ឃ្លិប ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​សាចុះ​សាឡើង​ប៉ុណ្ណោះ។

វីដេអូ​ឃ្លិប​នោះ​បង្ហាញ​ពី​កិច្ច​សម្ភាសន៍​របស់​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នក​ស្រី មួរ សុខហួរ ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ជន​ជាប់​ឃុំ។

ជន​ជាប់​ឃុំ​ចំនួន ១៣នាក់ ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​មាន​ជាអាទិ៍ លោក កែវ ថៃ លោក ស៊ុន ធន់ លោក យឹម សារ៉េត និង​សកម្មជន​មួយ​ចំនួន​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​ពី​ពន្ធនាគារ​ព្រៃស​ឱ្យ​ចូល​ស្ដាប់​នៅ​ក្នុង​បន្ទប់​សវនាការ​នេះ។

ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​អះអាង​នៅ​ក្នុង​បន្ទប់​សវនាការ​ថា ពួកគេ​រង​ភាព​អយុត្តិធម៌ ពីព្រោះ​ពួកគេ​មិន​ទំនាក់ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដូច ដែល​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ ឃ្លិប​ឡើយ។

ក្រោយ​ពី​តុលាការ​បាន​ចាក់​ឃ្លិប​វីដេអូ​ឱ្យ​ជន​ជាប់​ចោទ​មើល​ហើយ ចៅក្រម រស់ ពិសិដ្ឋ ក៏​បាន​បិទ​បញ្ចប់​សវនាការ​វិញ​នៅ​ម៉ោង​ជាង ១១ថ្ងៃ​ត្រង់ ហើយ​គ្រោង​នឹង​បន្ត​សវនាការ​លើ​សកម្មជន​ដទៃ​ទៀត​នៅ​ថ្ងៃ​ទី១៣ មករា​ខាង​មុខ។ សវនាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ​តុលាការ ក៏​គ្រោង​ដាក់​បង្ហាញ​ភស្តុតាង ដែល​នៅ​សេសសល់ និង​សួរដេញដោល​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត​ដែរ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​លោក សំ សុគង់ យល់​ថា ភស្តុតាង​ទាំង ៧វីដេអូ​ឃ្លិប​នេះ មិន​មាន​ទំនាក់ទំនង​រវាង​កូនក្ដី​របស់​លោក​ឡើយ ព្រោះ​ជា​កិច្ច​សម្ភាសន៍​ដែល​ជា​វោហារសាស្ត្រ​របស់​អ្នក​នយោបាយ ដូច្នេះ​មិន​អាច​ដាក់​បន្ទុក​លើ​កូន​ក្ដី​របស់​លោក​បាន​នោះ​ទេ។ លោក​ក៏​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​កូន​ក្ដី​ឱ្យ​មាន​សេរីភាព​វិញ៖ «ដោយសារ​ពួកគាត់​ម្នាក់ៗ ហ្នឹង​គឺ ត្រូវ​បាន​ឃុំ​ខ្លួន​ជិត ២ឆ្នាំ​ហើយ ដោយសារ​តែ​រង់ចាំ​សវនាការ​ពី​មួយ​អាទិត្យ​ទៅ​មួយ​អាទិត្យ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ គឺ​ការ​ចង់​សវនាការ​បន្ត​ហូរហែ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ជន​ជាប់​ចោទ »

សវនាការ​លើក​ទី៧ នេះ មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​តំណាង​ទូត​ប្រទេស​លោក​សេរី​ជា​ច្រើន និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សាច់​ញាតិ​របស់​ជន​ជាប់​ចោទ​ជា​ច្រើន​នាក់។ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ​វិញ អាជ្ញាធរ​បាន​ពង្រាយ​កង​សន្តិសុខ​ជា​ច្រើន​នាក់ ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​ជាង ១០នាក់ រង់ចាំ​លើក​ទឹក​ចិត្ត​ជន​ជាប់​ចោទ ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ដូច​ពេល​មុនៗ នោះ​ទេ។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក យឹម សារ៉េត គឺ​ លោក​ស្រី អ៊ុក ចន្ធី ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​​ចប់​សវនាការ​ថា ​​តុលាការ​ចាប់​ប្ដី​លោក​ស្រី​ដាក់​ពន្ធនាគារ​ជិត​២​ឆ្នាំ​​មក​នេះ​ ដោយ​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​លោក​ស្រី​អះអាង​ថា ​ប្ដី​របស់​គាត់​មិន​បាន​ប្រព្រឹត្តិ ខុស​ច្បាប់​​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ លោក​ស្រី ចាត់​ទុក ​​សវនាការ​បែប​នេះ​ថា ជា​ការសម្ដែង​ល្ខោន​លេងសើច ​ដើម្បី​បោស​សំអាត​អ្នក​មាន​មតិផ្ទុយ ​និង​ធ្វើ​ឡើង​តាម​ការ​ចង់​​របស់​លោក​ហ៊ុន សែន​ប៉ុណ្ណោះ៖ «យក​គាត់​មក​ឃុំឃាំង​ទាំង​អយុត្តិធម៌​យ៉ាង​នេះ​ គឺ​តុលាការ​អត់​ឯករាជ្យ​ណា​មក​ធ្វើ​ចឹង​ទេ។​តុលាការ​នេះ​គឺ​គាត់​ស្ដាប់​តែ​បញ្ជា ហើយ​ខ្ញុំ​គិត​ថា​រឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ​មិន​មែន​ជា​រឿង​បទ​ឧក្រិដ្ឋ ដូច​ពាក្យ​គាត់​ចោទ​នោះ​ទេ ។​បើ​មាន​បទ​ឧក្រិដ្ឋ​ពិត​មែន គាត់​បង្ហាញ​ភស្តុតាង​មក ចំណុច​ត្រង់​ណា​ដែល​ថា ​ប្ដី​ខ្ញុំ​ជា​ជន​ឧក្រិដ្ឋ ដូច​លោក​ព្រះរាជអាជ្ញា គាត់​ចោទ​ប្រកាន់​ថា ពួកគាត់​ជា​ជន​ឧក្រិដ្ឋ​នោះ »

ជុំ​វិញ​រឿង​នេះ​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា សវនាការ​នេះ មិន​អាច​ដោះស្រាយ​រឿង​ក្ដី​ក្ដាំ​នេះ​បាន​ទេ ពីព្រោះ​លោក​មើល​ឃើញ​ថា ជា​សំណុំ​រឿង​នយោបាយ។ លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​បន្ត​សវនាការ​បែប​នេះ​ទៀត នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ៖ «ធ្វើ​សកម្មភាព​នយោបាយ​ឱ្យ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​អី​ទាំង​អស់​ហ្នឹង​ឡើង​វិញ​ទេ ដែល​ធ្វើ​កម្ពុជា​មាន​ស្ថានភាព​មួយ​រួច​ផុត​ពី​ការ​រិះគន់ រួច​ផុត​ពី​ការ​ដាក់​សម្ពាធ​នានា​ពី​ខាង​សហគមន៍​អន្តរជាតិ ហើយ​នឹង​បាន​ផល​ចំណេញ​ពាក់ព័ន្ធ​នឹង​ការ​ទំនាក់​ទំនង​​ការ​បរទេស​ឬ​ក៏​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​សង្គម​មាន​ភាព​ល្អ​ប្រសើរ​នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​បើក​ទូលំទូលាយ​ឡើង​វិញ »

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤២នាក់​នេះ ពី​បទ "រួមគំនិត​ក្បត់" និង "ញុះញង់" ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្សី កាល​ពី​ចុង​ឆ្នាំ ២០១៩។ ដោយសារ​សំណុំ​រឿង​នេះ​មាន​ជន​សង្ស័យ​ច្រើន​ពេក តុលាការ​បាន​បំបែក​​សំណុំ​រឿង​នេះ ជា ៧សវនាការ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សួរ​ដេញដោល​នៅ​ខែ​កុម្ភៈ​ខាង​មុខ។

កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​បាន​ចាត់​ទុក​រឿង​ក្ដីក្ដាំ​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់ ចោលការ​ចោទ​ប្រកាន់ និង​ដោះលែង​ជន​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។