អាជ្ញាធររបបក្រុងភ្នំពេញដាក់ពង្រាយកងកម្លាំងជាច្រើននាក់ ដើម្បីទប់ស្កាត់ក្រុមស្ត្រីថ្ងៃសុក្រមិនឱ្យតាមដានឃ្លាំមើលសវនាការសំណុំរឿងប្ដីរបស់គាត់ និងសកម្មជនបក្សប្រឆាំងដទៃទៀតនោះទេ នៅព្រឹកថ្ងៃទី ៤កុម្ភៈ។ មន្ត្រីសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការរឹតត្បិតធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
កងសន្តិសុខខណ្ឌ ៧មករា ប្រមាណ ២០នាក់បានរុញច្រាន និងបណ្ដេញក្រុមស្ត្រី មិនឱ្យទៅឃ្លាំមើលសវនាការសំណុំរឿងប្ដីរបស់គាត់ និងមន្ត្រីបក្សប្រឆាំងដទៃទៀត នៅមុខសាលាដំបូងរាជធានីភ្នំពេញឡើយ។ ជាងនេះទៅទៀត អាជ្ញាធរបានឃាត់ខ្លួនមនុស្ស ៥នាក់ អស់ជាច្រើនម៉ោង មុននឹងដោះលែងពួកគេវិញនៅថ្ងៃដដែលនេះ។
ប្រពន្ធមន្ត្រីបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ធ្វើឱ្យពួកគាតឈឺចាប់ និងមានកំហឹងកាន់តែខ្លាំងជាមួយអាជ្ញាធររបបក្រុងភ្នំពេញ៖ «យើងធ្វើឱ្យរឹងមាំដើម្បីក្រុមគ្រួសាររបស់ពួកយើង មិនទន់ជ្រាយទេ ខ្ញុំដើរឆ្ពោះទៅមុខ ខ្ញុំអត់មានចុះញ៉មទេ ហើយខ្ញុំក៏មិនលក់ឧត្ដមគតិខ្ញុំដែរ។ ខ្ញុំមានមោទនភាពចំពោះគ្រួសារខ្ញុំដែលបានប្ដីជាអ្នកនយោបាយ។ ខ្ញុំជាប្រពន្ធគាត់ត្រូវដើរតាមឆន្ទៈរបស់គាត់អត់មានរាថយទេ គឺដើម្បីទាមទារឱ្យពិភពលោកគេដឹងថា វារងអំពើអយុត្តិធម៌សម្រាប់ស្ត្រីពួកខ្ញុំ ពីព្រោះធម្មតាអត់មានអ្នកណាអន្តរាគមន៍ឱ្យខ្ញុំហ្នឹង » ។
អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងចម្រុះប្រមាណ ១០០នាក់ យាមការពារតឹងតែងតាមផ្លូវជុំវិញតុលាការក្រុងភ្នំពេញ។
ទោះជាយ៉ាងនេះក្តី ក្រុមស្ត្រីថ្ងៃសុក្រប្រមាណ ១៥នាក់ បាននាំគ្នាឈរស្រែក តវ៉ាទាមទារឱ្យដោះលែងប្ដីរបស់ពួកគាត់នៅម្ខាងផ្លូវចម្ងាយប្រមាណ ២០០ម៉ែត្រពីតុលាការ។
ប៉ូលិសបានចាប់ខ្លួនអ្នកតវ៉ា ៤នាក់ និងបុរសរត់រម៉កកង់បីម្នាក់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ អាជ្ញាធរបានដោះលែងពួកគាត់ទាំង៥នាក់វិញនៅថ្ងៃដដែល បន្ទាប់ពីឱ្យពួកគាត់ធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ាទាមទារឱ្យមានយុត្តិធម៌សង្គមនៅថ្ងៃក្រោយទៀត។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បី សុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅរសៀលថ្ងៃទី៤ កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញរូបនេះធ្លាប់មានប្រសាសន៍ថា ការចាប់ខ្លួនក្រុមអ្នកតវ៉ាកន្លងទៅនោះ គឺដោយសារពួកគាត់ប្រមូលផ្ដុំគ្នាដោយពុំបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ។ លោកបន្ថែមថា អាជ្ញាធរដាក់កងកម្លាំងការពារសណ្ដាប់ ដើម្បីសម្រួលដល់ដំណើរការក្ដីរបស់តុលាការ។
ទោះជាយ៉ាងណាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា វិធានការរបស់អាជ្ញាធរនេះប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ពលរដ្ឋចូលរួមសម្ដែងមតិ និងតាមដានឃ្លាំមើលសវនាការ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖ «ហើយបើសិនជានៅបន្តអនុវត្តបែបនេះយើងឃើញហើយមានការលើកឡើង ជាបន្តបន្ទាប់មិនមែនតែខាងអង្គការជាតិយើងទេ គឺសហគមន៍អន្តរជាតិក៏ដាក់សម្ពាធជាបន្តបន្ទាប់មកហើយស្នើឱ្យមានការដោះស្រាយពីវិបត្តិការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហ្នឹងឡើងវិញ។បើសិនជានៅតែបន្តរបៀបនេះយើងឃើញហើយ ផលប៉ះពាល់ដូចជាបញ្ហាសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ជួបប្រទះការលំបាកជាច្រើន » ។
ដោយឡែកនៅក្នុងបន្ទប់សវនាការវិញ តុលាការក្រុងភ្នំពេញបានសួរដេញដោលជនជាប់ចោទ ៣នាក់ គឺប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក កែវ ថៃ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សប្រឆាំងលោក ស៊ុន ធន់ និងអនុប្រធានគណបក្សប្រឆាំងខេត្តសៀមរាបលោក ពៀត ម៉ាប់។ លោក ស៊ឹង សែនករុណា ដែលបានឃ្លាំមើលសវនាការនេះ អះអាងថា ចៅក្រមបានសួរដេញដោលអ្នកទាំង៣ ពីទំនាក់ទំនងជាមួយក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងអ្នកស្រី មូ សុខហួរ ដោយសំអាងលើកំណត់ហេតុរបស់ចៅក្រមស៊ើបសួរថា មានសំឡេងសន្ទនាតាមទូរស័ព្ទជាភស្តុតាងដាក់បន្ទុក។ ប៉ុន្តែអ្នកទាំង៣ បដិសេធ។
សវនាការលើកទី៣ នេះ មានមន្ត្រីស្ថានទូតប្រទេសលោកខាងលិច អង្គការសង្គមស៊ីវិល និងសាច់ញាតិជនជាប់ឃុំជាង ១០នាក់ បានចូលស្ដាប់ការសួរដេញដោល។ តុលាការគ្រោងជំនុំជម្រះសំណុំរឿងនេះបន្តទៀតនៅថ្ងៃទី១៨ មីនាខាងមុខ។
សំណុំរឿងមួយនេះ មានជនជាប់ចោទសរុប ២១នាក់ ក្នុងនោះក៏រួមទាំងថ្នាក់ដឹកនាំកំពូលមួយចំនួន ដូចជា លោក សម រង្ស៊ី និងភរិយា លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងអ្នកស្រី មូរ សុខហួរ ជាដើម។ តុលាការបានចោទប្រកាន់ពួកគេចំនួន ៣បទល្មើស គឺបទរួមគំនិតក្បត់ បទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់។
ក្រៅពីសំណុំរឿងមួយនេះ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងជាង ១០០នាក់ទៀត ក៏កំពុងជាប់ក្តីក្ដាំងនៅតុលាការក្នុងបទចោទដូចគ្នានេះដែរ គឺបទរួមគំនិតក្បត់ និងបទញុះញង់ ហើយមានខ្លះទៀតជាប់ចោទក្នុងសំណុំរឿងឧបឃាត។ តុលាការគ្រោងបើកសវនាការសំណុំរឿងទាំងនេះជាបន្តបន្ទាប់នៅក្នុងខែកុម្ភៈនេះ និងខែមីនាខាងមុខ។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍កម្ពុជាយល់ថា ការកាត់ក្ដីមនុស្សដ៏សម្បើមបែបនេះ របបក្រុងភ្នំពេញមានគោលដៅសំខាន់តែមួយប៉ុណ្ណោះ។ នោះគឺការកម្ទេចចោលទាំងស្រុងនូវកម្លាំងគណបក្សសង្គ្រោះជាតិដែលនៅសេសសល់ចុងក្រោយ និងបំបិទមាត់អ្នករិះគន់ទាំងអស់ ដែលនៅក្លាហានហ៊ានបញ្ចេញមតិ ប្រឆាំងនឹងការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។