សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅមិនទាន់កំណត់ថ្ងៃប្រកាសសាលក្រមសំណុំរឿងញុះញង់លើប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅឡើយទេ ខណៈលោក ស៊ុន ចន្ធី មិនបានមកចូលរួមសវនាការនេះឡើយដោយសារលោកមានការពិបាកធ្វើដំណើរផ្លូវឆ្ងាយដៃជាប់ខ្នោះដៃ។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការចោទប្រកាន់របស់តុលាការទៅលើលោក ស៊ុន ចន្ធី គឺពុំមានភស្តុតាងរឹងមាំ និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ឡើយ។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីលើមេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ក្នុងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលក្នុងការចែកប័ណ្ណក្រីក្រដោយមានការរើសអើង។
មេធាវីការពារក្ដីឱ្យលោក ស៊ុន ចន្ធី គឺលោក ជូង ជូងី ឱ្យវិទ្យុអាស៊ីសេរីដឹងក្រោយចប់សវនាការថា តុលាការបានចាក់បញ្ចាំងវីដេអូដែលលោក ស៊ុន ចន្ធី បានទៅជួបអ្នកគាំទ្ររបស់លោកនៅប្រទេសជប៉ុនកាលពីខែឧសភា ដោយតុលាការចោទសួរពីការនិយាយរបស់លោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងការប្រៀបធៀបការអភិវឌ្ឍស្ពានអាកាសនៅកម្ពុជា និងប្រទេសជប៉ុន ហើយនិងចែកប័ណ្ណក្រីក្រឱ្យពលរដ្ឋដើម្បីមកដាក់បន្ទុកកូនក្ដីរបស់លោក។ លោក ជូង ជូងី អះអាងថា ការលើកឡើងរបស់កូនក្ដីរបស់លោកមិនមែនជាការញុះញង់ទេ តែជាការនិយាយពិតពីស្ថានភាពសង្គមជាក់ស្ដែង។
លោក ជូង ជូងី៖«មានការកត់សម្គាល់ថា ពេលដែលខ្ញុំទៅជួបគាត់ហ្នឹងមានការត្អូញត្អែរខ្លាំងពីការធ្វើដំណើរគាត់ពិបាកណាស់ពីពន្ធនាគារម១ នៅខេត្តពោធិ៍សាត់ពេលត្រឡប់ទៅវិញវាខ្ទង់៥០០គីឡូជាង។ ហើយដាក់ខ្នោះគាត់ផងដូច្នេះធ្វើឱ្យគាត់ពិបាកអ៊ីចឹងគាត់បង្ហាញពីការភ័យខ្លាចក្នុងការដឹកនាំគាត់អ៊ីចឹងគាត់ឱ្យមេធាវីដំណើររឿងក្ដីដោយគ្មានវត្តមានគាត់»។
ទោះជាយ៉ាងណានៅក្នុងសវនាការជំនុំជម្រះនេះ លោក ស៊ុន ចន្ធី មិនបានមកចូលរួមនោះទេដោយលោកអះអាងប្រាប់មេធាវីការពារក្ដីលោកថា ដោយសារពេលធ្វើដំណើរពីពន្ធនាគារនៅខេត្តពោធិ៍សាត់ មករាជធានីភ្នំពេញប៉ូលិសបានដាក់ខ្នោះដៃដែលធ្វើលោកឈឺចុកចាប់ដែលលោកចាត់ទុកថា នេះហាក់ដូចជាការធ្វើដាក់ទារុណកម្មលើរូបលោក។ ដោយឡែកចៅក្រមជំនុំជម្រះលោក លិ សុខា ថា តុលាការនឹងជូនដំណឹងថ្ងៃប្រកាសសាលក្រមនៅពេលក្រោយ។
ប្រពន្ធរបស់លោក ស៊ុន ចន្ធី គឺលោកស្រី យាន ស្រីយ៉ាន ដែលបានចូលរួមស្ដាប់ក្នុងបន្ទប់សវនាការនោះ ថ្លែងថា តុលាការបានចាក់វីដេអូដែលប្ដីលោកស្រីទៅជួបអ្នកគាំទ្រនៅប្រទេសជប៉ុន ប៉ុន្តែនៅក្នុងវីដេអូឃ្លីបនោះ ដូច្នេះតុលាការបានកាត់ចោលនូវចំណុចមួយចំនួនដែលប្ដីលោកស្រីបាននិយាយ ដូច្នេះលោកស្រីយល់ថា តុលាការពុំមានភស្តុតាងរឹងមាំដើម្បីដាក់បន្ទុកលើប្ដីលោកស្រីឡើយ។ លោកស្រីបន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យមន្ត្រីគណបក្សប្រឆាំងនិយាយរិះគន់រដ្ឋាភិបាលដើម្បីស្ថាបនា។
លោកស្រី យាន ស្រីយ៉ាន៖«មកដល់ពេលនេះឃុំខ្លួនគាត់ជិត ៦ខែហើយទាំងដែលខ្ញុំជាគ្រួសាររបស់គាត់ទម្ងន់ទៀតហើយត្រូវសម្រាលកូននៅខែក្រោយទៀតអ៊ីចឹងសួរថា មេត្តា ករុណាបើកចិត្តទៅអ្នកនយោបាយគ្រាន់តែនិយាយរិះគន់វាអត់មានអីកំហុសខុសឆ្គងអីទេ។ ប្រសិនបើអ្នកនយោបាយគ្រាន់តែនិយាយរិះគន់ដើម្បីស្ថាបនានិយាយមិនបានផងអ៊ីចឹងឱ្យទៅដាំដំឡូងវិញទៅឱ្យមកធ្វើនយោបាយគណបក្សជំទាស់ធ្វើអី»។
ចំណែកនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញវិញ ក៏មានថ្នាក់ដឹកនាំ និងសកម្មជនគណបក្សកម្លាំងជាតិ ព្រមទាំងអ្នកគាំទ្រមកពីបណ្ដាខេត្តប្រមាណ ៣០នាក់ មកលើកទឹកចិត្តដល់លោក ស៊ុន ចន្ធី ខណៈអាជ្ញាធរ និងជនស្លៀកពាក់ស៊ីវិលប្រហែល ៣០នាក់តាមឃ្លាំមើលពួកគាត់នៅខាងមុខតុលាការផងដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថា តុលាការគួរតែដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញ ពីព្រោះលោកថា ការលើកឡើងរបស់លោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងការចែកប័ណ្ណក្រីក្រឱ្យពលរដ្ឋគឺធ្វើឡើងស្របតាមច្បាប់។
លោក រ៉ុង ឈុន៖«ករណីលោក ស៊ុន ចន្ធី គឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់អាហ្នឹងបើយើងមើលទៅ ប៉ុន្តែសវនាការនៅថ្ងៃនេះ ហើយនៅតែមិនទាន់ដាក់ពេលវេលាកំណត់ថា ប្រកាសថ្ងៃណានៅឡើយ។ ប៉ុន្តែបើយើងទៅឃើញតុលាការធ្វើវិនិច្ឆ័យផ្អែកទៅលើមូលដ្ឋានដោយត្រឹមត្រូវមិនលំអៀង ឈរនៅលើវិជ្ជាជីវៈឯករាជ្យពេលហ្នឹងលោក ស៊ុន ចន្ធី ទទួលបាននៅសេរីភាព»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា។
ទាក់ទិនបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខាប្រសាសន៍ថា លោកសោកស្ដាយដែលតុលាការបើកសវនាការដោយគ្មានវត្តមានរបស់ជនជាប់ឃុំ ពីព្រោះការបើកសវនាការនេះអាចប៉ះពាល់សិទ្ធិទទួលយុត្តិធម៌របស់ជនជាប់ឃុំ។ លោកបន្តថា ដោយសារលោក ស៊ុន ចន្ធី ត្រូវបានតុលាការឃុំនៅខេត្តឆ្ងាយ សមត្ថកិច្ចគួរជួយសម្រួលកុំឱ្យលោកមានការពិបាកពេកនៅពេលធ្វើដំណើរមកចូលរួមសវនាការនៅភ្នំពេញ។
លោក នី សុខា៖«ចំពោះបញ្ហានេះយ៉ាងហោចក៏តុលាការ ក៏ដូចជាសមត្ថកិច្ចដែលទទួលខុសត្រូវក្នុងរឿងហ្នឹងធ្វើយ៉ាងណាក្នុងការបង្កលក្ខណៈឱ្យជនជាប់ឃុំអាចមកចូលរួមក្នុងសវនាការបាននៅចំពោះតុលាការ ពីព្រោះនេះវាជាសិទ្ធិដែលទទួលបានយុត្តិធម៌ វាជាសិទ្ធិចាំចាច់នៅក្នុងការណ៍ដែលជនជាប់ចោទត្រូវតែមានឱកាសនៅក្នុងការតតាំងជាមួយតុលាការដើម្បីការពារនៅខ្លួនពួកគេដើម្បីរកយុត្តិធម៌»។
សមត្ថកិច្ចបានចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា បន្ទាប់ពីលោកវិលត្រឡប់មកពីជួបអ្នកគាំទ្រនៅប្រទេសជប៉ុនដោយចោទថា លោកបានផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមទម្លាក់កំហុសទៅលើរដ្ឋាភិបាល ទាក់ទងនឹងការចែកប័ណ្ណក្រីក្រជូនពលរដ្ឋមានភាពលម្អៀង និងរើសអើង។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងមើលឃើញថា ការចោទប្រកាន់របស់តុលាការគឺធ្វើឡើងក្រោមរូបភាពនយោបាយ និងមិនឯករាជ្យ។
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ការធ្វើទុក្ខបុកម្នេញទៅលើអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលមិនបានផ្ដល់ផលចំណេញអ្វីដល់កម្ពុជាឡើយ។ ផ្ទុយទៅវិញកម្ពុជានឹងបន្តជាប់ឈ្មោះជាប្រទេសពូកែខាងរំលោភច្បាប់ និងដើរបញ្ចៀសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលអាចនឹងប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋខ្មែរទាំងមូល។ ពួកគាត់អំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែបញ្ឈប់ការចាប់ចងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារបន្តទៅទៀត ហើយងាកមកគោរពសិទ្ធិមនុស្ស និងរួបរួមគ្នាស្ដារសេដ្ឋកិច្ចជាតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។