តុលាការរបបក្រុងភ្នំពេញ ចេញដីកាថ្មីទៀតកោះហៅថ្នាក់ដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិ ៥៩នាក់ដែលភាគច្រើនកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស ឲ្យចូលបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មេដឹកនាំបក្សប្រឆាំងអះអាងថា នឹងវិលចូលតតាំងក្តី ប្រសិនបើរបបក្រុងភ្នំពេញ ក្លាហានបើកផ្លូវឲ្យពួកគេវិលចូលកម្ពុជាវិញ។ រីឯអ្នកវិភាគ យល់ថា ករណីនេះ ជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចេញដីកាបង្គាប់ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១៣នាក់ និងសកម្មជនចំនួន ៤៦នាក់សរុបចំនួន ៥៩នាក់ ចូលរួមសវនាការជាកំហិត នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាសំណុំរឿងចាស់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ដីការបស់តុលាការនេះ ត្រូវបាននគរបាលរាជធានីភ្នំពេញជាច្រើននាក់ យកទៅបិទនៅមុខទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា។
ថ្នាក់ដឹកនាំសង្គ្រោះជាតិដែលតុលាការកោះហៅនោះ រួមមាន ប្រធានស្ដីទីគណបក្ស លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូម៉ួរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង រួមទាំងថ្នាក់ដឹកនាំ និងសកម្មជនជាច្រើននាក់ទៀត។
កាលពីថ្ងៃទី២០ ខែតុលា ថ្មីៗនេះ តុលាការក្រុងភ្នំពេញ ក៏ចេញដីកាបង្គាប់ឲ្យក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិចំនួន៩នាក់ ចូលបំភ្លឺ នៅថ្ងៃទី១១ វិច្ឆិកា ខាងមុខដែរ ពាក់ព័ន្ធនឹងអំពីបទចោទ "ឧបឃាត"។
ការចេញដីកាកោះហៅថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ជាថ្មីទៀតនេះ ក្រោយពីលោក សម រង្ស៊ី បានអំពីផែនវិលចូលស្រុកជាថ្មីម្តងទៀត ដើម្បីដឹកនាំកម្លាំងមហាជនតវ៉ាប្រឆាំងរដ្ឋាភិបាល លោក ហ៊ុន សែន។
តំណាងរាស្ត្រជាប់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា ការចេញដីការបស់តុលាការនេះ គឺបង្ហាញថា របបលោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោខ្លាចបាត់បង់អំណាចមិនអាចផ្ទេរទៅកូន ទើប ខំប្រឹងប្រើប្រាស់តុលាការឲ្យតាមធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងតាមទំនើងចិត្ត។ លោក បន្តថា ក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ នឹងវិលទៅតតាំងក្ដីភ្លាម ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន ក្លាហានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលទៅកម្ពុជាវិញ ផ្តល់សុពលភាពលើលិខិតឆ្លងដែនដែលក្រសួងការបរទេសបានលុបចោល និងសរសេរលិខិតទៅប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសថៃ ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអាចចេញចូលបាន៖ « តាមពិតលោក ហ៊ុន សែន កំសាកទេ ដោយឲ្យតុលាការរបស់គាត់កោះហៅពួកយើងទៅបំភ្លឺ ប៉ុន្តែបិទជើងហោះហើរសម្រាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យចូលទៅប្រទេសកម្ពុជា។ លោក ហ៊ុន សែន មិនហ៊ានបើកជើងហោះហើរទេ ព្រោះគាត់ខ្លាចមហាជន ជាពិសេស អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងសកម្មជន គណបក្សសង្គ្រោះជាតិ មកទទួលដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធាន សម សង្ស៊ី និងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិទៅ វាអាចធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់គាត់ » ។
លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនបានប្រព្រឹត្តអំពើខុសច្បាប់ដូចការចោទប្រកាន់ នោះទេ ប៉ុន្តែគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញដោយបំពានច្បាប់ឥតស្រាកស្រាន្តពីរបបលោក ហ៊ុន សែន ដោយសារតែខ្លាចចាញ់ឆ្នោត។
អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ជា អូន ដើម្បីឆ្លើយតបនឹងសំណើលើកបម្រាម ដើម្បីឲ្យមន្ត្រីបក្សប្រឆាំងចូលរួមដំណើរការតុលាការបានទេ នៅថ្ងៃទី៣ វិច្ឆិកានេះ។
រីឯប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល មិនដឹងឮរឿងនេះទេ ហើយក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រកមធ្យោបាយវិលចូលប្រទេសដោយខ្លួនឯង ដើម្បីតតាំងក្តីក្នុងតុលាការនេះ៖ « រឿងនេះ មិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលទេ ព្រោះជាការកោះហៅរបស់តុលាការ ឲ្យចូលទៅបង្ហាញមុខជាកំហិត ដូច្នេះបុគ្គលនិមួយៗ គេដឹងច្បាស់ហើយថា ត្រូវធ្វើយ៉ាងម៉េច។ ខ្ញុំក្នុងនាមរាជរដ្ឋាភិបាល យើងមិនលូកមាត់នៅក្នុងសាច់រឿងនេះទេ » ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី ពិនិត្យឃើញថា ករណីនេះ គឺជារឿងនយោបាយតាំងដើមមក ហើយការកោះហៅនៅដំណាក់កាលនេះ អាចជាល្បិចនយោបាយថ្មីមួយទៀតរបស់គណបក្សកាន់អំណាច ខណៈ ប្រព័ន្ធយុត្តិធម៌នេះ រងការចោទថា ជាឧបករណ៍មួយរបស់អ្នកកាន់អំណាចជាច្រើនឆ្នាំមកហើយ៖ « វាអាចទាំងពីរ ទី១ វាអាចការបន្តបង្ហាញនូវវិធានការច្បាប់មួយ ដែលរារាំងមិនឲ្យមេដឹកនាំគណបក្សប្រឆាំងវិលមកវិញ ប៉ុន្តែទី២ ទៀត ក៏ជាផ្នែកមួយបង្ហាញនូវ ខ្សែបណ្ដាញនៃរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ ដែលនៅក្នុងស្រុក នៅមានការភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ នៅក្នុងទិដ្ឋភាពនយោបាយ » ។
ចាប់តាំងពីលោក សម រង្ស៊ី បានប្រកាសវិលចូលកម្ពុជាសាជាថ្មីម្ដងទៀតមក គឺតុលាការស្ទើរគ្រប់រាជធានី ខេត្ត បានសើរើសំណុំរឿងចាស់ៗ និងកោះហៅពួកគេឱ្យចូលរួមក្នុងសវនាការជាបន្តបន្ទាប់។ ចាប់តាំងពីខែមករាមក អាជ្ញាធរបានចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាង ២០នាក់ ហើយដោយចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ជាតិ ញុះញង់ឱ្យយោធិនមិនស្ដាប់បង្គាប់ និងញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គម។ ក្រៅពីនេះ សកម្មជនជាច្រើននាក់ទៀតបានរងការវាយដំបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយគ្មានករណីណាមួយនាំជនល្មើសមកផ្ដន្ទាទោសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។